ភ្នំពេញ: មន្ត្រីកងរាជអាវុធហត្ថខណ្ឌទួលគោកកាលពីម្សិលមិញបានបញ្ជូនមន្ត្រីយោធាម្នាក់ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរតាមនីតិវិធីច្បាប់បន្ទាប់ពីបានបាញ់ចំនួន ៤ គ្រាប់ ទៅលើហាងផឹកស៊ីមួយកន្លែង នៅសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក ដោយមន្ត្រីរូបនេះមិនបញ្ជាក់ពីមូលហេតុ។
លោក ឡុង វិចិត្រា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោកបានថ្លែងពីម្សិលមិញថា ខ្មាន់កាំភ្លើងដែលបាញ់រះចំនួន ៤ គ្រាប់នៅខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី ២ ខែកញ្ញា ត្រូវកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវចាប់ខ្លួនបាននៅខណ្ឌច្បារអំពៅនាល្ងាចថ្ងៃដដែល។
លោកបញ្ជាក់ថា៖ «យើងបានបញ្ជូនខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីច្បាប់រួចរាល់ហើយនៅថ្ងៃទី ៣ ខែកញ្ញា។ ការបាញ់នេះមិនបង្កឲ្យមានរបួសស្នាមទេ។ ករណីនេះហួសពីដែនសមត្ថកិច្ចខ្ញុំហើយ ខ្ញុំមិនអាចនិយាយអ្វីច្រើនជាងនេះទេ»។
លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបដិសេធធ្វើអត្ថាធិប្បាយ ជុំវិញករណីនេះដោយលោកបានបង្វែរសំណួរឲ្យទៅសួរលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ប៉ុន្ដែលោក អេង ហ៊ី មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេកាលពីម្សិលមិញដោយទូរស័ព្ទលោកមិនអាចទាក់ទងបាន។
បើតាម Fresh News រាយការណ៍ពីម្សិលមិញថា ខ្មាន់កាំភ្លើងត្រូវអាវុធហត្ថខណ្ឌទួលគោកចាប់ខ្លួនបាននៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅដែលមានឈ្មោះ វណ្ណៈ ជាមន្ដ្រីយោធានៅក្រសួងការពារជាតិ។ ក្នុងនោះសមត្ថកិច្ចដកហូតបានអាវុធខ្លីមួយដើមម៉ាក Glock និងរថយន្ដ ១ គ្រឿង របស់ជនសង្ស័យផងដែរ។
មិនអាចសុំការបញ្ជាក់ពីលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិជុំវិញករណីនេះបានទេកាលពីម្សិលមិញដោយទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។
លោក លីម សុខលី បុគ្គលិករដ្ឋបាលប្រចាំហាងយីហោ ស៊ីកនេតឈ័រ (SINGATURE) នៅសង្កាត់បឹងកក់ទី ១ បានថ្លែងពីម្សិលមិញថា ហេតុការណ៍ផ្ទុះអាវុធនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២០ នៅមុខហាងរបស់លោក។
លោកបន្តថា មុនពេលកើតហេតុបុរសខាងលើនេះបានទៅចូលផឹកស៊ីនៅហាងរបស់លោកតាមធម្មតា ប៉ុន្ដែលោកមិនបានដឹងថា មានរឿងអ្វីនោះទេ ស្រាប់តែបុរសនោះដកកាំភ្លើងពីចង្កេះហើយអាម៉េបញ្ចូលគ្រាប់រួចដាក់លើតុ។ ពេលឃើញបែបនេះ មេការហាងលោកបានដើរទៅសួរនាំ និងបានស្នើសុំឲ្យបុរសរូបនោះយកកាំភ្លើងទុកវិញ ព្រោះការធ្វើបែបនេះធ្វើឲ្យភ្ញៀវដទៃមានការភ័យខ្លាច។
លោកបញ្ជាក់ថា៖ «ក្រោយមកបុរសនោះបានឲ្យបុគ្គលិកហាងគិតលុយ រួចចាកចេញពីហាងខ្ញុំ បានមួយសន្ទុះក្រោយមកស្រាប់តែគាត់ជិះម៉ូតូត្រឡប់មកវិញ និងបានដកកាំភ្លើងបាញ់ទៅលើផ្ទាំងយីហោ នៅខាងមុខហាងចំនួន ៤ គ្រាប់តែម្ដង ទើបជិះគេចខ្លួនបាត់ ប៉ុន្ដែមិនបង្កឲ្យមានអ្នករបួសទេ»។
លោកបានបញ្ជាក់ថា៖ «ខ្ញុំអត់ដឹងគាត់មានរឿងអ្វីជាមួយនរណាទេ ព្រោះនៅក្នុងហាងមិនមានទំនាស់ជាមួយនរណាទេ ខ្ញុំគិតថាប្រហែលគាត់ខឹងនរណាមកពីណា ហើយស្រវឹងផង ក៏បាញ់បែបនេះតែម្ដង»៕