The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រីយោធា​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​ ទទួល​ពិន័យ​រដ្ឋបាល




មន្ត្រីយោធា​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​ ទទួល​ពិន័យ​រដ្ឋបាល

Content image - Phnom Penh Post
មន្ត្រី​យោធា​ស័ក្តិ ២​ ម្នាក់ ​ដែល​បាន​ប្រើ​ហិង្សា​ទៅលើ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ស្ថិត​ក្នុង​​ស្រុក​ព្រៃនប់ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការពិន័យ​ផ្នែក​រដ្ឋ​បាល ​តាមច្បាប់​យោធា។ សហការី

មន្ត្រីយោធា​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​ ទទួល​ពិន័យ​រដ្ឋបាល

ព្រះសីហនុៈ មន្ត្រី​យោធា​ស័ក្តិ ២​ ម្នាក់ ​ដែល​បាន​ប្រើ​ហិង្សា​ទៅលើ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ស្ថិត​ក្នុង​​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​ កាលពី​ខែមករា ​ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការពិន័យ​ផ្នែក​រដ្ឋ​បាល ​តាមច្បាប់​យោធា ​ដោយ​ពុំទាន់​ទទួលទោស​ទណ្ឌ​ផ្នែក​ព្រហ្មទណ្ឌ​ណា​មួយ​ឡើយ ​ដោយ​រង់ចាំ​ការស៊ើប​អង្កេត​បន្ថែម ​ខណៈ​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បង្កើត​ដើម្បី​ស៊ើប​ករណី​នេះ ​នៅ​មិន​ទាន់​បាន​បិទ​បញ្ចប់។

មេបញ្ជាការរង​យោធភូមិភាគ ៣ ​និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ ​លោក ​សា​វិន វិបុល ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​មន្ត្រី​យោធា​ស័ក្តិ ២​ មានឈ្មោះ​ចាន់ ម៉ៅ ​អាយុ​ជាង ៤០ ឆ្នាំ ​ត្រូវបាន​ព្យួ​រ​ការងារ​​ឲ្យ​ស្ថិត​នៅ​ក្នុង​បន្ទាយដើម្បី​ទទួល​ទណ្ឌ​កម្ម​ផ្នែក​យោធា ​ក្រោយ​រក​ឃើញថា​ រូបគេ​បានធ្វើ​ខុស​នឹង​បទបញ្ជា ​ដោយបាន​ប្រើ​ហិង្សា​ទៅលើ​ពលរដ្ឋ ​ស្របពេល​មន្ត្រី​រូបនោះ​ ក៏​យល់ព្រម​ទទួល​កំហុស​របស់​ខ្លួន​ដែរ។

លោក​បន្តថា​៖ «គាត់​ធ្វើ​ត្រូវ​បទបញ្ជា​ហើយ ​តែ​ខុស​ត្រង់​ថា​ គាត់​ប្រើ​ហិង្សា​លើ​ពលរដ្ឋ ​ដែល​ខ្ញុំ​អត់​បាន​បញ្ជា ​ហើយ​ពេល​គាត់​ចុះទៅ​ហ្នឹង​គាត់​នៅក្រោយ ​តែ​ប្រជាជន​គប់​ត្រូវចំ​ឆ្អឹង​ជំនីរ​គាត់ ​ដល់​អ៊ឹ​ចឹ​ង​ទៅ​គាត់​ចេញពី​ក្រោយ​មក​ គាត់​ឃើញ​ជនរងគ្រោះ​ក៏​លើក​កាំភ្លើង​វាយ​ទៅ ​ដាក់​តែ​បន្តិច​ទេ​តែ​មើលទៅ​ដូច​ធ្ងន់។

មេបញ្ជាការរង​រូបនេះបន្តទៀតថា​៖ «យើង​ដាក់ទោស​ផ្នែក​រដ្ឋបាល​សិន​ រង់ចាំ​បញ្ជា​ពីលើ ​ព្រោះ​គាត់​មន្ត្រី​ស័ក្តិ ២ អ៊ីចឹង​យើង​មិន​អាចធ្វើ​អី​គាត់​បានទេ ​ទាល់តែ​ថ្នាក់លើ​បញ្ជា ​ព្រោះ​តាមច្បាប់​ បើ​គាត់​ជា​យុទ្ធជន ​នោះ​ខ្ញុំ​អាច​សម្រេច​បាន។ ម្យ៉ាងទៀត ​បើ​ថ្នាក់លើ​ថា ​បញ្ជូន​ឲ្យ​ខាងណាៗ​ អី​ទៅ ​គឺ​យើងបញ្ជូន​តាម​ហើយ​ តែ​នេះ​មិនទាន់មាន​បញ្ជា​ទេ»។

កាលពីដើម​ខែកុម្ភៈ​ ក្រោយ​ហេតុ​ការប៉ះទង្គិច​អាជ្ញាធរ​បាន​អះអាងថា​ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ម្នាក់ ​ក៏ត្រូវ​បាន​ផ្អាក​ការងារ​បណ្តោះ​អាសន្ន​ឲ្យ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ផង​ដែរ។

វីដេអូ​ខ្លី​ជាច្រើន​ឃ្លីប​ ដែលត្រូ​វ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​បង្ហាញ​ពី​មន្ត្រី​យោធា​ខេត្ត​ព្រះសីហនុ​ម្នាក់​បាន​វាយ​ជនរង​គ្រោះ​នឹង​កាំភ្លើង AK ​និង​មាន​មន្ត្រី​ម្នាក់ទៀត ​ក្នុង​ឯកសណ្ឋាន​ជា​មន្ត្រីកងរាជអាវុធហត្ថ ​បាន​យក​ជើង​ជាន់​ពីលើ​ជន​រង​គ្រោះ​ដែល​កំពុង​ដេក​ដួល​នឹង​ដី ​ខណៈ​ដៃ​របស់​គាត់​កំពុង​ជាប់​ចំណង​ចង​ទៅ​ក្រោយ។

ដើម្បី​ស្វែងរក​ការពិត​ពី​ការបង្ក្រាប​ដោយ​ហិ​ង្សា​នេះ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​​កិច្ចមួយ ​កាលពី​ថ្ងៃ​ទី ២៨ ​ខែមករា ​ឆ្នាំ ២០១៩ ​ដើម្បីស៊ើប​អង្កេត​ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​ មាន​រយៈពេល​ជាង ២០ ថ្ងៃ​ហើយ​ ដែល​គណៈកម្មការ​នោះមិនទាន់បាន​បិទបញ្ចប់​ការស៊ើបអង្កេត​របស់​ខ្លួន។

លោក ​អេង ហ៊ី ​អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​មិនបាន​ប្រាប់លម្អិត​អំពី​រឿង​វិវឌ្ឍយ៉ាងណា​នោះទេ ​ដោយ​គ្រាន់តែ​បញ្ជាក់ថា​ រហូត​មកដល់​ពេលនេះ ​គណៈកម្មការ​មិនទាន់​បិទ​បញ្ចប់​ការស៊ើបអង្កេត​ក្នុង​ករណីនេះ​ទេ។ លោក​បន្ថែម​ថា ​ក្នុងករណី​បិទ​បញ្ចប់​រឿងនោះ ​គណៈ​កម្មការ​នឹងធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពី​លទ្ធផល​ដែល​ខ្លួន​បាន​រក​ឃើញ។

​ចំពោះ​ដំណើរការ ​និង​នីតិវិធី​ក្នុង​ការដាក់​ទោសទណ្ឌ​ ក្រៅតែពី​ការ​ពិន័យ​​ទៅតាម​ផ្នែក​រដ្ឋបាល​ចំពោះ​មន្ត្រី​ទាំងនោះ ​ឬក៏​បង្ហាញពីលទ្ធ​ផល​ប​ណ្តោះអាសន្ន​ដែល​ខ្លួន​បាន​រកឃើញ​​យ៉ាងណា​នោះ ​លោក​ អេង ហ៊ី ​នៅតែ​មិនអាច​បញ្ជាក់​ប្រាប់ ​ដោយ​លោក​​គ្រាន់តែ​អះអាង​ខ្លីថា ​«តែ​ចប់​គេ​នឹង​បង្ហាញ​នៅក្នុង​ស​ន្និសីទ​កាសែត​ហ្នឹង​ហើយ»។

កាលពី​ថ្ងៃទី ២៤ ​ខែមករា ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ​ជាង ២០០ នាក់​បាន​ចុះ​អនុវត្ត​សាលដីកា​របស់​តុលា​ការ​កំពូល​ ដើម្បី​វាស់វែង​ដី​ជូន​ពលរដ្ឋ​ដែ​ល​ឈ្នះក្តី​ចំនួន ៩ គ្រួសារ ​ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រមាណ ​៣០០ នាក់អះ​អាង​ថា​ ជា​ដី​របស់​ខ្លួន ​ហើយបាន​តវ៉ា​ប្រឆាំងនឹង​ការ​ចុះ​អនុវត្ត​នោះ ​ដោយ​នាំគ្នា​ដុត​កង់​ឡាន​បិទផ្លូវ ​និងគប់​ដប​សាំង​រហូត​ផ្ទុះ​អំពើហិង្សាដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ជា​កម្មករ​សំណង់បាន​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ត្រង់​ស្មា​ពី​ខាងឆ្វេង​បៀម​ជាប់​ឆ្អឹងខ្នង ​ហើយ​ពលរដ្ឋ ៦ នាក់​ផ្សេងទៀត ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន ​ហើយ​ដោះលែង​វិញ​នៅ​យប់​ថ្ងៃ​ដដែល៕

អត្ថបទគួរចាប់អារម្មណ៍