ភ្នំពេញៈ មន្ត្រី​យោធា​ម្នាក់​បាន​ចូល​សារភាព​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ក្រោយពី​គ្រាប់​កាំភ្លើងខ្លី​មួយ​គ្រាប់​បាន​ផ្ទុះឡើង ខណៈ​ពេល​មាន​ជម្លោះ​ក្នុងពេល​កំពុង​បើកបរ ដោយហេតុ​រឿង​ប្រចណ្ឌ បណ្ដាល​ឲ្យ​ប្រពន្ធ​ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ត​។

មន្ត្រី​អាវុធហត្ថ​ម្នាក់​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា​៖ «​មូលហេតុ​នៃ​ការផ្ទុះ​នេះ​ដោយសារ​មន្ត្រី​យោធា​នោះ​ប្រចណ្ឌ​ប្រពន្ធ​របស់​គាត់​ជាមួយ​នឹង​បុរស​ផ្សេង​ហើយ​ពេល​ប្រតាយប្រតប់​នោះ​ធ្វើឲ្យ​កាំភ្លើង​ K59 ​ដែល​នៅក្នុង​ដៃ​របស់គាត់​រាលកៃ​ត្រូវចំ​ក្រោម​ចង្កា​តែ​ ១ ​គ្រាប់​ទេ​»​។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​មន្ត្រី​ជំនាញ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​កំពុង​បន្ត​សាកសួរ​បុរស​រូបនោះ​ដែល​មាន​ឈ្មោះ ភឹម សារី អាយុ​ ៥៨ ​ឆ្នាំ ​ជា​យោធា​នៃ​ក្រសួង​ការពារជាតិ​មុន​ទៅ​សាលាដំបូង​រាជធានី​​ភ្នំពេញ​។

លោក អេង ហ៊ី ថ្លែងថា​៖ «​ខ្ញុំ​មិនទាន់​ដឹង​ប្រាកដ​ថា​បញ្ជូន​គាត់​ទៅ​តុលាការ​ពេលណា​ទេ ចាំ​ឲ្យ​គេ​ធ្វើការ​សិន​»​។

មន្ត្រី​អាវុធហត្ថ​ដែល​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនោះ​បាន​ឲ្យ​ដឹងថា មន្ត្រី​យោធា​ដែល​បាន​បង្កហេតុ​បណ្ដាល​ឲ្យ​ប្រពន្ធ​ស្លាប់​នោះ​កំពុង​ស្ថិតនៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ព្រោះ​សមត្ថកិច្ច​​ជំនាញ​កំពុង​សាកសួរ​គាត់​មុននឹង​បញ្ជូន​គាត់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

មន្ត្រី​ដដែល​នោះបាន​អះអាង​ដោយ​យោង​តាម​ចម្លើយ​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​រូបនោះ​ជា​យោធា​ថ្នាក់​វរសេនីយ៍ត្រី​បម្រើការ​នៅ​ក្រសួង​ការពារជាតិ​មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង​។ រីឯ​ស្ត្រី​ជា​ជនរងគ្រោះ ស្លាប់​ឈ្មោះ សោម សារៀប អាយុ​ ៥០ ​ឆ្នាំ ​មាន​ស្រុកកំណើត​ខេត្ត​បន្ទាយមានជ័យ​។

ក្រោយពី​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​មក មន្ត្រី​យោធា​នោះ​បាន​ដឹក​សព​ប្រពន្ធ​ទៅ​ភូមិ​ព្រែករុន ឃុំ​ព្រែកគយ ស្រុក​ស្អាង ខេត្តកណ្តាល រួច​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ឲ្យ​នគរបាល​ប៉ុស្តិ៍​ឃុំ​ព្រែកគយ មកឃាត់​ខ្លួន​តែម្តង​។

លោក ទូច អ៊ីណាន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ដែរ​ថា មន្ត្រី​យោធា​រូបនោះ​បាន​ជិះ​រថយន្ត​ ១ ​គ្រឿង​ ជាមួយ​ប្រពន្ធ​របស់គាត់​នៅតាម​ផ្លូវ​ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​ស្រាប់តែ​មាន​ការឈ្លោះប្រកែក​គ្នា​បង្ក​ឲ្យ​ទៅជា​គ្រោះថ្នាក់​៕