បន្ទាយមានជ័យៈ បុរស​ជាម​ន្ត្រី​យោធា​ម្នាក់​ត្រូវបាន​បុរស​ម្នាក់ទៀត​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ កាប់​ប្រហារ ជាច្រើន​កាំបិត​រហូត​ដល់​ស្លាប់​នៅនឹង​កន្លែង​កាលពី​ព្រឹក​ម្សិលមិញ ប៉ុន្តែ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​។

លោក​ នង សំរាំង នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរបីជាន់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ថា ជនសង្ស័យ​ឈ្មោះ​ ភាព សុភ័ក្ត្រ អាយុ​ ២៦ ​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ចំណែក​ជនរងគ្រោះ​មាន​ឈ្មោះ​ កែវ ពេជ្ររស្មី អាយុ​ ២៩ ​ឆ្នាំ​ជា​មន្ត្រី​យោធា​មាន​ឋានៈ​ជា​មេបញ្ជាការរង​កងអនុសេនាតូច​ល្បាត​ទី​ ២ នៃ​វរសេនា​តូច​ការពារ​ព្រំដែន​លេខ​ ៥០៣​។

លោក​បាន​ថ្លែងថា នៅវេលា​ម៉ោង​ ៦:៣០ ​នាទី​ព្រឹក​ថ្ងៃទី ២ តុលា ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ទូរស័ព្ទ​មក​រាយការណ៍​ថា មាន​អំពើ​ឃាតកម្ម​មួយ​កើតឡើង​នៅលើ​ដង​ផ្លូវលំ​ក្នុង​ភូមិ​ព្រៃចាន់​។ បន្ទាប់មក​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះទៅ​កន្លែងកើតហេតុ ប៉ុន្តែ​មិន​ប្រទះឃើញ​ជនសង្ស័យ​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅ​កន្លែង​កើតហេតុ យើង​បាន​ប្រទះ​ឃើញ​ជនរងគ្រោះ​ស្លាប់​នៅលើ​ដងផ្លូវ​ក្បែរ​ម៉ូតូ​ ១ ​គ្រឿង និង មាន​ក្មេងស្រី​តូច​ម្នាក់​អាយុប្រមាណ​ ១ ​ខួប​កំពុង​ស្រែកយំ​នៅ​ក្បែរ​សព​ជនរងគ្រោះ​។ សព​ជនរងគ្រោះ​ត្រូវ​បាន​គេ​កាប់​ជាច្រើន​កាំបិត​ចំក្បាល និង ក​»​។

លោក​ សំរាំង បន្តថា​តាមរយៈ​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នៃ​អំពើ​ឃាតកម្ម​ខាងលើ​នេះ​ក្រុម​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ និង​ដាក់ពង្រាយ​កម្លាំង​គ្រប់​ច្រកចេញចូល​ក្នុងភូមិ ហើយ​ក៏​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​រួម​ជាមួយ​វត្ថុតាង កាំបិត​ខ្វែវ​មួយ​ដើម​។ ក្រោយ​ចាប់ខ្លួន ជនសង្ស័យ និង​វត្ថុតាង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ ដើម្បី​សាកសួរ​ចម្លើយ និង​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​។

លោក​ ខឹម សាវុធ អធិការរង​ស្រុក​អូរជ្រៅ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ ថា​យោងតាម​ចម្លើយ​របស់​ជនសង្ស័យ ករណី​ឃាតកម្ម​ខាងលើ​នេះ​ផ្ដើម​ចេញ​ពី​រឿង​ទំនាស់​ពាក្យសម្ដី​ក្នុង​វង់​ផឹកស៊ី​កាលពី​កន្លះ​ខែ​មុន​។ ក្នុង​អំឡុង​ពេលនោះ ជនរងគ្រោះ​ពេល​ស្រវឹងស្រា​បាន​យក​កាំភ្លើង​មក​គំរាម​បាញ់​បំបែក​ក្បាល​ជនសង្ស័យ​។ ដោយមាន​កំហឹង​ និង​គំនុំ​លើ​ជនរងគ្រោះ ជនសង្ស័យ​បាន​លួច​កត់សម្គាល់​សកម្មភាព​របស់​ជនរងគ្រោះ ហើយ​ឈាន​ដល់​ការ​លួច​កាប់​ប្រហារ​ជនរងគ្រោះ​រហូត​ដល់​ស្លាប់​កាលពី​ព្រឹក​ម្សិលមិញ​នេះ​។

លោក​ សាវុធ បាន​បញ្ជាក់ថា​៖ «​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​យើង​បានសម្រេច​កសាង​សំណុំរឿង​ចោទប្រកាន់​ជនសង្ស័យ​ពីបទ ឃាតកម្ម​គិតទុក​ជាមុន និង​ត្រៀម​បញ្ជូន​ជនសង្ស័យ​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

បងថ្លៃ​ស្រី​ជនរងគ្រោះ​គឺ អ្នកស្រី ប៊ុន ណាវ័ន្ត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា អ្វី​ដែល​ជនសង្ស័យ​បាន​ឆ្លើយ​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​នោះ​គឺ​ជា​រឿង​ «​ប្រឌិត​» ដើម្បី​ឲ្យ​សមត្ថកិច្ច​សម្រាល​ទោស​ចំពោះ​បទឧក្រិដ្ឋ​ដែល​គេ​បាន​ប្រព្រឹត្ត​មកលើ​ជនរងគ្រោះ​គឺ​លោក ​កែវ ពេជ្ររស្មី តែប៉ុណ្ណោះ​។

អ្នកស្រី​ប្រាប់ថា​៖ «​សូម​សមត្ថកិច្ច​ចុះ​សួរ​អ្នកភូមិ​ដោយ​ផ្ទាល់​។ នៅពេល​នេះ​ខ្ញុំ​មិន​ត្រូវការ​សំណង​អី​ទេ ខ្ញុំ​ត្រូវ​ការ​ឱ្យ​សមត្ថកិច្ច​ដាក់ទោស​លើ​ជនដៃដល់​នេះ​អស់​មួយ​ជីវិត​»៕