ភ្នំពេញៈ មន្ត្រី​យោធា​ម្នាក់​ឈ្មោះ លន់ ជីវ័ន្ត អាយុ​ ២៧ ​ឆ្នាំ​ ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ខេត្ត​កោះកុង ក្រោយពី​ប្រើ​អាវុធ​អាកា​បាញ់​ឡើងលើ​ចំនួន​ ៦ ​គ្រាប់​ គំរាម​ទៅលើ​នារី​ម៉ាស្សា​ម្នាក់​ ក្រោយពី​រួមភេទ​ហើយ​មាន​ជម្លោះ​រឿង​លុយកាក់ ហើយ​បាន​គេច​ខ្លួន​ពី​រាជធានី​ភ្នំពេញ​។

លោក សើន កែវវណ្ណធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍សែនជ័យ ប្រាប់​ពី​ម្សិលមិញ​ថា​ជនសង្ស័យ​ឈ្មោះ លន់ ជីវ័ន្ត​ ២៧ ​ឆ្នាំ​ជា​មន្ត្រី​យោធា​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​ប្រគល់​ឲ្យ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។

លោក កែវវណ្ណធី ថ្លែង​ថា​៖ «​ករណីនេះ​ខាង​សមត្ថកិច្ច​របស់ខ្ញុំ​បាន​បំពេញ​នីតិវិធី​ចប់​ហើយ​ហើយ​ទាក់ទង​ព័ត៌មាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​យ៉ាងណា​នោះ​ទាល់តែ​សួរ​ខាង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បន្ត​»​។

លោក​ ម៉ាំង សុខឡុច នាយការិយាល័យ​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោក អេង ហ៊ី អ្នកនាំពាក្យ កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​ម្សិលមិញ​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន ដោយ​បាន​រុញ​ដាក់គ្នា​ពីមួយ​ទៅមួយ​។

លោក ភា ប្រុស នាយនគរបាន​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់ កាកាប​ ២ ប្រាប់​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​ ៣១ ខែ​មករា ឆ្នាំ​ ២០២០ ថា មាន​បុរស​ម្នាក់​បាន​ចូល​ទីតាំង​ម៉ាស្សា​ ១ ​កន្លែង​ដែលមាន​យីហោ ឈ្មោះ​ «​លីលី​» នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ស្ថិត​ក្នុងភូមិ​ចម្ការឪឡឹក​ទី ​១ សង្កាត់​កាកាប​ ២ ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​បាន​ហៅ​នារីម៉ាស្សា​ម្នាក់​ជា​ភេទ​ទី​ ៣ (​កែភេទ​ជា​ស្រី​) ចូលក្នុង​បន្ទប់​ដោយ​និយាយ​ស្រុះស្រួល​គ្នា​ជាមួយ​នារី​កែ​ភេទ​នោះ​ក្នុង​តម្លៃ​ ២៥ ​ដុល្លារ​។ ក្រោយពី​បាន​រួមភេទ​ហើយ​ជនសង្ស័យ​ម្នាក់​នោះ​បាន​ចេញពី​បន្ទប់​វិញ ប៉ុន្តែ​មិន​បាន​ឲ្យ​លុយ​ថ្លៃ​សេវា​រួមភេទ​ទេ​។

លោក​បន្តថា ដោយសារ​ឃើញ​ជនសង្ស័យ​មិន​ឲ្យ​លុយ​បែប​នេះ​នារី​រងគ្រោះ​បាន​ទារលុយ​ពី​ជនសង្ស័យ​ហើយ​ត្រូវ​ជនសង្ស័យ​ប្រវាយប្រតប់​ជាមួយ​នារី​រងគ្រោះ​រហូត​ដល់​មាន​ដាច់​អាវ​របស់​ជនសង្ស័យ​ទៀតផង ហើយ​នារី​រងគ្រោះ​លូក​ក្នុង​ហោប៉ៅ​អាវ​របស់​ជនសង្ស័យ​ឃើញ​មាន​លុយ​តែ​ជាង​ ១ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ​

ពេល​នោះ​ជនសង្ស័យ​នៅតែ​មិន​ព្រម​ឲ្យ​លុយ​ហើយ​រត់​ចេញពី​កន្លែង​កើតហេតុ​បាត់ ចំណែកឯ​នារី​រងគ្រោះ​បាន​អូស​យក​ម៉ូតូ​របស់​ជនសង្ស័យ​ ១ ​គ្រឿង​ទុក​។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជនសង្ស័យ​រូបនោះ​កាន់​កាំភ្លើង​អាកា​ ១ ​ដើម​ទៅ​ឈរ​នៅមុខ​ផ្ទះ​ម៉ាស្សា​នោះ​ហើយ​បាញ់​ឡើងលើ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​ភ័យ​ស្លន់ស្លោ រីឯ​នារី​ម៉ាស្សា​ក៏​នាំគ្នា​រត់​ពួន​អស់​ព្រោះ​ខ្លាច​ជនសង្ស័យ​បាញ់​សម្លាប់​។ ​បន្ទាប់ពី​បាញ់​ហើយ​ជនសង្ស័យ​បាន​ចូល​យក​ម៉ូតូ​របស់​គេ​ហើយ​ជិះ​គេច​ខ្លួន​បាត់​។

លោក ប្រុស ប្រាប់ថា​៖ «​ការបាញ់​នោះ​មិន​មាន​នរណាម្នាក់​ត្រូវរបួស​ទេ​។ ​ខ្ញុំ​បានដឹង​តាម​នារី​រងគ្រោះ​ប្រាប់​ខ្ញុំ​ថា​ជន​ម្នាក់​នោះ​ជា​យោធា​តែ​មិន​ដឹង​នៅ​អង្គភាព​ណា​។ ខ្ញុំ​ឃើញ​គ្រាប់​កាទូស​ ៦ ​គ្រាប់​បន្សល់​នៅ​កន្លែងកើតហេតុ​»​។

ដោយឡែក​លោក​ កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ពី​ម្សិលមិញ​ថា បុរស​ខ្មែរ​ម្នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​ពាក់ព័ន្ធ​នាំ​នារីៗ​ខ្មែរ​ទៅ​រួមភេទ​ជាមួយ​ភ្ញៀវ​នៅផ្ទះ​សំណាក់​។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​ ៦ កុម្ភៈ​។

ករណីនេះ​ធ្វើឡើង​ ២ ​គោលដៅ​ដែល​ទី​១. នៅ​ចំណុច​ភោជនីយដ្ឋាន ម្លប់​ស្បូវ​មាន​លាភ ផ្លូវ​លេខ​ ១០០៣ កែង​ផ្លូវ​លេខ​ ១៩៥៦ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កេត រតនៈ ហៅ អាហ្សា ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ និង​ជនរងគ្រោះ​ចំនួន ២ ​នាក់ ស្រី (​នីតិជន​)​។ ទី​២. នៅ​ចំណុច​ផ្ទះសំណាក់​មួយទៀត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ជនរងគ្រោះ​ចំនួន​ ៤ ​នាក់ ស្រី (​អនីតិជន ០២ ​នាក់​)​។ នារី​រងគ្រោះ​ទាំង​ ៦ ​នាក់​នោះ​បាន​ប្រគល់​ទៅជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ហើយ​»៕