ភ្នំពេញៈ មន្ត្រីយោធាម្នាក់ឈ្មោះ លឿង ហុង អាយុ ៣០ ឆ្នាំ ដែលមានលំនៅឋានក្នុងសង្កាត់ផ្សារដេប៉ូ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបង្ហាញជំហរថានឹងឈប់ទិញរថយន្តគេចពន្ធប្រើ បន្ទាប់ពីរថយន្ត Lexus 570 ស៊េរីឆ្នាំ ២០១៥ របស់លោក ១ គ្រឿងដែលទើបទិញជិះបានជិត ១ ខែត្រូវសមត្ថកិច្ចគយ និងរដ្ឋាករចាប់ផាកពិន័យអស់ជាង ១០ ម៉ឺនដុល្លារ។
លោក លឿង ហុង កាលពីព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំនេះ បានបង្ហោះសារមួយអមដោយរូបភាពជាច្រើនសន្លឹកតាមហ្វេសប៊ុកលោកឈ្មោះ Hong Loeung ដោយរៀបរាប់ថា៖ «ខ្ញុំ លឿង ហុង សូមស្បថថា ថ្ងៃក្រោយនឹងឈប់ទិញឡានអត់ពន្ធ ជិះទៀតហើយឡាននេះ ២ ថ្ងៃទៀតគឺ ១ ឆ្នាំគត់ត្រូវចាប់។
(ឡាននេះ ជិះបានតែជិត ១ ខែត្រូវចាប់) ឥឡូវត្រូវបង់ពន្ធ 100% + ពិន័យ 10% = 102 303 $» ។
ជាមួយគ្នានេះលោក ហុង បានបកស្រាយក្នុងសារព័ត៌មានខេប៊ីអិន (KBN.News) ពីមូលហេតុដែលលោកបង្ហោះសារ និងរូបភាពទាំងនោះថា ធ្វើឡើងក្នុងបំណងចូលរួមដាស់តឿនក្រើនរំឭកដល់អ្នកផ្សេងទៀតកុំឲ្យត្រាប់តាមលោក។ លោកថា ត្រូវទិញ ឬជិះរថយន្ដដែលមានពន្ធត្រឹមត្រូវទើបមិនត្រូវរងការចាប់ផាកពិន័យដែលនាំឲ្យខាតបង់លុយកាក់។
តាមរយៈសារព័ត៌មានខេប៊ីអិន រថយន្ដនោះគាត់ [លឿង ហុង] បានទិញក្នុងតម្លៃជាង ៦ ម៉ឺនដុល្លារ ប៉ុន្ដែពេលសមត្ថកិច្ចគយ និងរដ្ឋាករ ត្រួតពិនិត្យរកឃើញថារថយន្តនោះគ្មានលិខិតបង់ពន្ធនាំចូលក៏ផាកពិន័យជាង ១០ ម៉ឺនដុល្លារបន្ថែមទៀតទើបត្រឹមត្រូវតាមច្បាប់ ដូច្នេះរថយន្ដ ១ គ្រឿងនេះឡើងតម្លៃរហូតដល់ជាង ១៦ ម៉ឺនដុល្លារ។
នៅព្រឹកម្សិលមិញ ភ្នំពេញប៉ុស្តិ៍បានទាក់ទងផ្ទាល់ទៅលោក លឿង ហុង ដើម្បីស្នើសុំការបំភ្លឺជុំវិញប្រភពដើមនៃរថយន្តដែលលោកបានទិញមកប្រើនេះ ប៉ុន្តែលោកបានបដិសេធសុំមិនធ្វើអត្ថាធិប្បាយ។ ទោះយ៉ាងណាលោកបានថ្លែងថា ពេលនេះលោកបានលុបសារ និងរូបភាពដែលបានបង្ហោះពីព្រឹកថ្ងៃទី ២១ កក្កដា ចេញពីបណ្ដាញសង្គមនោះអស់ហើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រកាសជូនដំណឹង និងអញ្ជើញជាលើកចុងក្រោយដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាបឲ្យចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
តាមរយៈសេចក្ដីជូនដំណឹងនោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានទុករយៈពេល ៦០ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងដូចខាងលើនេះ ដើម្បីឲ្យម្ចាស់រថយន្ត និងទំនិញគេចពន្ធចូលខ្លួនទៅដោះស្រាយ។ ប្រសិនបើម្ចាស់មិនចូលខ្លួនដោះស្រាយតាមកាលកំណត់ទេនោះ រថយន្ត និងទំនិញគេចពន្ធដែលត្រូវបានរឹបអូសទាំងនោះនឹងត្រូវប្រកាសដាក់លក់ដេញថ្លៃជាសាធារណៈតាមនីតិវិធីជាធរមាន ដើម្បីប្រមូលចំណូលចូលថវិកាជាតិ។
បើតាមការបញ្ជាក់មន្ត្រីផ្នែកទំនាក់ទំនង និងសម្របសម្រួលកិច្ចការសាធារណៈម្នាក់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រថយន្តអត់ពន្ធនាំចូលដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ក្រាបចាប់បាននាពេលកន្លងមកនេះមានចំនួន ៨៤៦ គ្រឿង។
មន្ត្រីរូបនោះបានឲ្យដឹងថា ម្ចាស់រថយន្ដអត់ពន្ធនាំចូលដែលត្រូវមន្ដ្រីគយចាប់ក្នុងពេលកន្លងទៅត្រូវអគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញលិខិតអញ្ជើញដាច់ដោយឡែកពីគ្នា ដើម្បីឲ្យចូលខ្លួនមកបង់ពន្ធនាំចូល និងប្រាក់ពិន័យ ១០ ភាគរយទើបបំពេញភាពស្របច្បាប់ត្រឹមត្រូវ។
ក្រោយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញសេចក្ដីជូនដំណឹងចុងក្រោយដោយទុកពេលឲ្យ ៦០ ថ្ងៃនោះមានម្ចាស់រថយន្តអត់ពន្ធនាំចូលមួយចំនួនបានចូលខ្លួនមកបំពេញកាតព្វកិច្ចបង់ពន្ធអាករ និងបានបង់ប្រាក់ពិន័យតាមនីតិវិធីច្បាប់ ដើម្បីទទួលបានរថយន្តរបស់ពួកគេត្រឡប់ទៅប្រើប្រាស់ដែលមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់វិញផងដែរ៕