ពោធិ៍សាត់: សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ពី​ម្សិលមិញ​បាន​សម្រេច​ឃុំខ្លួន​មន្ត្រី​យោធា​ម្នាក់​ក្រោម​បទចោទ​ «​ឃាតកម្ម​គិតទុក​ជាមុន​» ​តាម​មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ការបាញ់សម្លាប់​បុរស​ម្នាក់​នៅក្នុង​វង់​ផឹកស៊ី​ជាមួយ​គ្នា​កាលពី​ថ្ងៃទី​ ១៨ ខែ​កញ្ញា​ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ត្នោតជុំ ស្រុក​ក្រគរ​។

លោក ហេង ដូនីន អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ថ្លែងថា ជនសង្ស័យ​ឈ្មោះ ប្រាក់ សុផល អាយុ​ ៥៧ ​ឆ្នាំ​ ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ «​បទចោទ​ឃាតកម្ម​គិតទុក​ជាមុន​តាម​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​។ ខ្ញុំ​មិនទាន់​ដឹងថា ត្រូវ​បើក​សវនាកា​ពេលណា​ទេ​»​។

លោក ស ថេង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​សាកសួរ​ចប់ ហើយ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​តុលាការ​គេ​សម្រេច​បែបណា​ទេ​»​។

លោក ឃុន រី នាយរង​ផ្នែក​សន្ដិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ថ្លែង​ពីថ្ងៃ​ទី ២០ ​ខែ​កញ្ញា​ថា ជនសង្ស័យ​ជា​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ត្រី​មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ហ្វឹកហ្វឺន​កងពល​តូច​អន្តរាគមន៍​លេខ​ ១៤ ​ស្រុក​ក្រគរ​។

លោក​បន្តថា ការឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ជនសង្ស័យ​បាន​បាញ់​ត្រូវ​បុរស​ឈ្មោះ នួន ទូច អាយុ​ ៣៥ ​ឆ្នាំ​ ស្លាប់​នៅ​ភូមិ-ឃុំ​ខាងលើ​។ ករណីនេះ​កើតឡើង ខណៈ​ជនសង្ស័យ​ផឹកស្រា​ស្រវឹង ហើយ​ទាស់សម្ដី​ជាមួយ​ជនរងគ្រោះ​ក៏​ឈានដល់​ការផ្ទុះអាវុធ​ ១ ​គ្រាប់​ត្រូវ​ចំ​ក្រោម​ឆ្អឹងជំនីរ​ខាងឆ្វេង​ជនរងគ្រោះ​ធ្លាយ​មក​ឆ្អឹងជំនីរ​ស្តាំ​ស្លាប់​ភ្លាមៗ​នៅក្នុង​វង់​ផឹកស៊ី​ជាមួយ​គ្នា​។ ​«​ក្រោយ​កើតហេតុ​ភា្លម​ហ្នឹង​សមត្ថកិច្ច​ជំនាញ​យើង​បាន​សហការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ​ចុះ​ធ្វើ​អន្តរាគមន៍​ហើយ​យើង​បានធ្វើ​កោសល្យវិច័យ និង​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​រសៀល​ថ្ងៃទី​ ១៨ ​កញ្ញា​ ជា​ថ្ងៃ​កើតហេតុ​ខណៈ​ជនសង្ស័យ​បាន​រត់​ទៅ​លាក់ខ្លួន​នៅផ្ទះ​ពលរដ្ឋ​ជិត​នោះ​»​។

ភ្នំពេញ ​ប៉ុស្តិ៍​ មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការ​បញ្ជាក់បន្ថែម​ពី​ក្រុមគ្រួសារ និង​សាច់ញាតិ​ជនរងគ្រោះ​បាន​ទេ​កាលពី​ម្សិលមិញ​។

តាម​មាត្រា​ ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​ឃាតកម្ម​គិតទុក​ជាមុន​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។ ចំណែកឯ​អំពើ​ណាមួយ​ដែល​បង្ក​ឡើង​ដោយ​បុគ្គល​ណា​ម្នាក់ តែ​ដោយ​អចេតនា​គឺ​ត្រូវ​ចាត់​ចូល​ក្នុង​មាត្រា ២០៧ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​បើ​តាម​មាត្រា​នេះ បទ​មនុស្សឃាត​ដោយ​អចេតនា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ​ឆ្នាំ​ទៅ​ ២ ​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ពី​ ២ ​លាន​រៀល​ទៅ​ ៦ ​លាន​រៀល​៕