ត្បូងឃ្មុំៈ មន្ត្រី​យោធា​ម្នាក់​យាម​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក ត្រូវ​បាន​បុរស​ជា​អ្នកជំងឺ​កូវីដ ​១៩ ដែល​ញៀន​ថ្នាំញៀន​ម្នាក់​វាយ​សម្លាប់​កាលពី​ល្ងាច​ថ្ងៃទី​ ២៥ ឧសភា ក្នុង​គោលបំណង​ ដើម្បី​រត់​ចេញពី​មន្ទីរពេទ្យ ខណៈ​មន្ត្រី​យោធា​រូបនោះ​កំពុង​អង្គុយ​យាម​។ ជនសង្ស័យ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​។

លោក​ លី សុភាលីន​ អភិបាលស្រុក​ពញាក្រែក បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ជនសង្ស័យ​បាន​បម្រុង​រត់ចេញ​ពី​កន្លែង​ព្យាបាល ហើយ​បាន​ប៉ះ​ជាមួយ​មន្ត្រី​យោធា ដែល​កំពុង​អង្គុយ​យាម​ក៏​បាន​វាយ​ទៅលើ​ជនរងគ្រោះ ដោយ​ប្រើ​ដំបង និង​ចប​បណ្តាល​ឱ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ​។

លោក​បាន​ថ្លែងថា​៖ «​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ភ្លាមៗ បន្ទាប់ពី​រូបគេ​បាន​វាយ​សម្លាប់​មន្ត្រី​យោធា ហើយ​ពេលនេះ​សមត្ថកិច្ច​នគរបាល​កំពុង​តែ​ធ្វើការ​តាម​នីតិវិធី​»​។

លោក ថាញ់ សុខវ៉ាត អធិការនគរបាល​ស្រុក​ពញាក្រែក​បានឱ្យ​ដឹងថា អ្នកជំងឺ​កូវីដ​ ១៩ ​បាន​សម្លាប់​មន្ត្រី​យោធា​កាលពី​ល្ងាច​ថ្ងៃទី​ ២៥ ខែឧសភា ខណៈ​រូបគេ​បម្រុង​រត់គេច​ចេញពី​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ដែល​ដាក់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ពេល​ដឹង​រឿង​ភ្លាម ខ្ញុំ​បានឱ្យ​កម្លាំង​ចុះទៅ​អន្តរាគមន៍​ហើយ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ភ្លាម​នៅក្បែរ​កន្លែងកើតហេតុ​។ ករណីនេះ​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាមច្បាប់​»​។

លោក ម៉ុន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា លោក​នឹង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​នៅក្រោយពេល​ព្យាបាល​ជនសង្ស័យ​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ពេលនេះ​យើង​ឃុំខ្លួន​គាត់​នៅ​បន្ទប់​សុវត្ថិភាព​មួយ​ក្នុង​មន្ទីរពេទ្យបង្អែក ដែល​គាត់​កំពុង​សម្រាក​ព្យាបាល​ហ្នឹង​។ អ៊ីចឹង​នៅពេល​គាត់​បានជា​សះស្បើយ​វិញ យើង​នឹង​អនុវត្ត​ទៅតាម​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​។ ចំណែក​សាកសព​ជនរងគ្រោះ​យើង​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​»​។

របាយការណ៍​របស់​កងរាជអាវុធហត្ថ​ស្រុក​ពញាក្រែក​បានឱ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ មាន វ៉ៃ អាយុ ២៩ ​ឆ្នាំ ​រស់នៅ​ភូមិ​ហួចកើត ឃុំ​ក្រែក ស្រុក​ពញាក្រែក ជា​មន្ត្រី​យោធា​ផ្នែក​សឹករង ស្រុក​ពញាក្រែក​។ ចំណែក​ជនសង្ស័យ ឈ្មោះ មឿន ម៉ឺន អាយុ​ ៣៨ ​ឆ្នាំ មាន​លំនៅ​ភូមិ​ក្រពើសារ ឃុំ​ដំរិល ស្រុក​អូររាំងឪ ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​៕