ភ្នំពេញៈ មន្រ្តី​យោធា​ម្នាក់ និង​ជនជាតិ​ចិន​ប្រុស ២​នាក់ ស្រី ១​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​ផាក​ពិន័យ​ក្នុង​ម្នាក់ៗ ២​លាន​៥សែនរៀល ព្រោះ​តែ​ពួកគេ​ល្មើស​បម្រាម​បិទ​ខ្ទប់ ដោយ​ជិះ​រថយន្ត​ទំនើប​ម៉ាក​រ៉លរ៉យ​ឆ្លង​កាត់​តំបន់​បិទ​ខ្ទប់​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ​ទី​២៧ មេសា។

លោក​វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍នៅ​ថ្ងៃ​ទី ២៨ មេសា ថា ករណី​អ្នក​បើក​រថយន្ត និង​ជនជាតិ​ចិន ៣ នាក់​ទៀត​ត្រូវ​បាន​ផាក ពិន័យ​ក្នុង​ម្នាក់ ២ លាន ៥ សែន​រៀល​ដូចៗ​គ្នា។

លោក សុខសីហា ថ្លែង​ថា៖«ពួកគាត់​ទាំង ៤ នាក់​គឺ​យើង​គ្រាន់​តែ​ពិន័យ​អន្តរការណ៍ និង​ដោះ​លែង​ពួកគាត់​វិញ។ យើង​ឱ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា និង​អប់រំ​គាត់»។

ពាក់ព័ន្ធ​ករណីនេះ​ដែរ​នៅ​ថ្ងៃទី​២៨ មេសា​ ភ្នំពេញ ប៉ុស្តិ៍ បាន​ទាក់​ទង​ទៅ​លោក វរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការ​នគរបាល​ខណ្ឌ ដូនពេញ ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​ដំណើរ​រឿង​នេះ តែ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

ទោះ​យ៉ាង​ណា បើ​តាម​កំណត់​ហេតុ​របស់​សមត្ថកិច្ច​បង្ហាញ​ថា អ្នក​បើក​រថយន្ត​ដែល​ល្មើស​នឹង​បម្រាម​បិទ​ខ្ទប់​នោះ​ឈ្មោះ មឿង សាម៉ន មានឋានន្តរស័ក្តិជា​អនុសេនីយ៍​ឯក នៅ​កង​អង្គភាព​បញ្ជាការដ្ឋាន​ការពារ​អាកាស​កងទ័ព​ជើង​គោក។

ចំណែក​ឯ​បុរស ២នាក់ និងស្រ្តីម្នាក់ជា ជនជាតិចិន​នោះ​មិន​ត្រូវ​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ទេ។

មន្រ្តី​នគរបាល​ខណ្ឌ ដូនពេញ ម្នាក់​ដែល​ស្នើ​មិន​ប្រាប់​ឈ្មោះ​រៀបរាប់​ថា កាល​ពី​វេលា​ម៉ោង ២ រសៀល​ថ្ងៃ​ទី​ ២៧ ខែ​មេសា នៅ​ចំណុចគោល​ដៅ​គល់​ស្ពាន​ជ្រោយ​ចង្វារ​ត្រើយ​ខាង​លិច ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​សង្កាត់​ស្រះចក ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ មាន​រថយន្ត​ម៉ាក រ៉លរ៉យ ពណ៌​ខ្មៅ​លាយ​ស ពាក់​ស្លាក​លេខ​ពិសេស (កម្ពុជា BRS.7377) បាន​បើក​ឆ្លង​កាត់​គោល​ដៅ​បិទខ្ទប់។

បើ​តាម​សម្តី​យោធា​ជា​អ្នក​បើក រថយន្ត​នោះ​ថា មុន​មក​ដល់​គោលដៅ​បិទ​ខ្ទប់​គឺ​គាត់​បាន​បើក​រថយន្ត​ចេញ​ពី ម្ដុំ​ផ្សារ​អ៊ីអន​២ ដើម្បី​ទៅ​ដឹក​ជនជាតិ​ចិន ៣​នាក់ នៅ​ក្លិប​ស្កាយបា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ហើយ​បន្ត​ដំណើរ​ទៅ​អូតែល​សុខា ដោយនឹង​ត្រូវ​ឆ្លង​កាត់​ស្ពាន​ជ្រោយ​ចង្វារ។ តែ​ដល់​រង្វង់​មូលគួច​កាណុង​ក៏​ត្រូវ​សមត្ថកិច្ច​ប្រចាំ​ការ​យាម​គោលដៅ​ឃាត់​រថយន្ត​គាត់​តែ​ម្តងទៅ។

មន្រ្តី​នគរបាល​រូប​នោះ​បញ្ជាក់​ថា៖ «ករណីនេះ សមត្ថកិច្ច​គ្រាន់​តែ​អនុវត្ត​បទ​បញ្ជា​ទេ រីឯ​ការ​សម្រេច​គឺជា​សមត្ថកិច្ច​ថ្នាក់​លើ។ ដូច្នេះ​ហើយទើប​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ»៕