The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​យោធា​ឲ្យ​អាជ្ញាធរ​អនុវត្តតាម​ច្បាប់​ ចំពោះ​នាយទាហាន​ ២ ​នាក់ ​បំភ័យ​យក​ដី​ពលរដ្ឋ




មន្ត្រី​យោធា​ឲ្យ​អាជ្ញាធរ​អនុវត្តតាម​ច្បាប់​ ចំពោះ​នាយទាហាន​ ២ ​នាក់ ​បំភ័យ​យក​ដី​ពលរដ្ឋ

Content image - Phnom Penh Post
ប្លង់បង្ហាញទីតាំងដី ដែលត្រូវទាហានបន្លំឯកសាររំលោភយក។ សហការី

មន្ត្រី​យោធា​ឲ្យ​អាជ្ញាធរ​អនុវត្តតាម​ច្បាប់​ ចំពោះ​នាយទាហាន​ ២ ​នាក់ ​បំភ័យ​យក​ដី​ពលរដ្ឋ

កំពង់ឆ្នាំងៈ លោកពូ សាប៊ុតឌី មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធ​ភូមិភាគ​ពិសេស​បាន​ស្នើឱ្យ​អាជ្ញាធរ​អនុវត្ត​ទៅ​តាម​ច្បាប់ ចំពោះ​នាយទាហាន​ចំនួន ២ ​នាក់​ ​ដែល​បាន​បំភ័យ​ប្រជាពលរដ្ឋ​យក​ដីស្រែ​ចំនួន​ ៣០០ ​ហិកតា​ នៅ​ខេត្ត​កំពង់ឆ្នាំង​ជា​ដី​ដែល​ពលរដ្ឋ​បាន​អះអាង​ថា សុទ្ធ​តែ​មាន​លិខិត​កាន់កាប់​បណ្ដោះអាសន្ន​។

នៅក្នុង​លិខិត​បដិសេធ​ធ្វើឡើង​នៅ​ថ្ងៃទី​ ១០ ខែ​តុលា​លោក ពូ សាប៊ុតឌី បាន​ឲ្យ​ដឹងថា ទាហាន​នៅ​តំបន់​អភិវឌ្ឍន៍​យោធភូមិភាគ​ពិសេស ២ ​នាក់​បាន​ឃុបឃិត​ជាមួយ​ជន​ស៊ីវិល​ម្នាក់​បាន​យក​ឯកសារ​របស់​ទាហាន​ទៅ​បន្លំ​បំពាន​យក​ដី​ពលរដ្ឋ​ចំនួន​ ៣០០ ​ហិកតា​ធ្វើ​ជា​កម្មសិទ្ធិ​កាន់កាប់​របស់​យោធិន​ទៅវិញ​។

លិខិត​បន្តថា ជនល្មើស​ទាំង​ ៣ ​នាក់​​ ថែម​ទាំង​បានដាក់​ពាក្យ​ប្ដឹង​ពលរដ្ឋ​ចំនួន ៣ ​នាក់ ​ទៅ​តុលាការខេត្ត​កំពង់ឆ្នាំង​ពី​បទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​ដែល​ផ្ទុយ​ពី​ការពិត និង​ក្នុង​គោលបំណង​ដើម្បី​បំភ័យ និង​គំរាមកំហែង​ទាំង​បំពាន​ដើម្បី​បញ្ឈប់​ការតវ៉ា​លើដី​កម្មសិទ្ធិ​របស់​ពលរដ្ឋ​។

លិខិត​បន្តថា​៖ «​ប្រសិនបើ​មាន​បុគ្គល​ណា ក្រុម​អង្គភាព​ណា ទៅ​អះអាង គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដូច​ករណី​ខាងលើ ទុក​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ព្រមទាំង​ស្ថាប័ន​អង្គភាព​មាន​សមត្ថកិច្ច​អនុវត្ត ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន​»​។

លោក​ ឡុង ស៊ឺន ពលរដ្ឋ​រស់​នៅក្នុង​ភូមិ​ចំបក់​ប្រាសាទ ឃុំ-ក្រាំង​ស្ដារ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា លោក និង​ពលរដ្ឋ​ ២ ​នាក់​ទៀត​ដែល​មាន​ឈ្មោះ​ សៀ ឃៀង និង​ឈ្មោះ អ៊ឹម សៅ ត្រូវ​បាន​ទាហាន​ភូមិភាគ​ពិសេស​ឈ្មោះ ហែម សុផារី និង​ឈ្មោះ​ គង់ សារិន ប្ដឹងទៅ​តុលាការ​កាលពី​អំឡុង​ខែ​ កក្កដា ឆ្នាំ​ ២០១៩ ពីបទ​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​ទាំង​ដែល​ពួកលោក​គ្រាន់តែ​ភ្ជួរ​រាស់​លើដី​របស់​ពួកលោក​សម្រាប់​ធ្វើស្រែ​ដូច​រាល់ដង​។

លោក​បន្តថា ក្រោយពី​ត្រូវ​​ទទួលរង​ពាក្យបណ្ដឹង​ពី​មន្ត្រី​យោធា​ទាំង​​ ២ ​រូបនេះ ពួកលោក​ក៏​បាន​នាំគ្នា​ដាក់ពាក្យ​ប្ដឹង​យោធា​ទាំង​ ២ ​នាក់​នោះ​វិញ​ពី​បទ​ក្លែងបន្លំ​ឯកសារ​ទៅកាន់​បញ្ជាការ​យោធ​ភូមិភាគ​ពិសេស​កាលពី​ខែ​កញ្ញា ដើម្បី​សុំឱ្យ​លោក ពូ សាប៊ុតឌី មេបញ្ជាការ​យោធភូមិភាគ​ពិសេស​ចុះ​ពិនិត្យ​ទីតាំង​ដី​ផ្ទាល់​និង​ធ្វើការ​ដោះស្រាយ ហើយ​ទើប​នៅ​ថ្ងៃ​ ១៥ ខែ​តុលា​ លោក​បាន​ទទួល​លិខិត​ឆ្លើយតប​ពី​លោក ពូ សាប៊ុតឌី វិញ​ថា យោធា និង​គ្រួសារ​យោធិន​មិនមាន​ដី​ដូច​ការអះអាង​របស់​យោធា​ទាំង​ ២ ​រូប​នោះ​ឡើយ​។

លោក​ថា​៖ «​ពួកគាត់​ (​ទាហាន​ទាំង​ ២) ​បាន​យក​ឯកសារ​ក្លែងបន្លំ​ថា ដី​ទាហាន​ហ្នឹង នៅ​ខាងលើ​ព្រែក​។ ប៉ុន្តែ​ដី​ពួកគាត់​ហ្នឹង គឺ​សុទ្ធតែ​នៅ​ខាង​ក្រោម​ព្រែក ហើយ​ដី​ប្រជាពលរដ្ឋ​គឺ​នៅ​ខាងលើ​ព្រែក ។ ដី​ខាងក្រោម​ព្រែក​ហ្នឹង​ទាហាន​គេ​ដាំ​ស្វាយ​ល្វឹងល្វើយ​អស់​ហើយ ប៉ុន្តែ​គាត់​យក​ឯកសារ​ហ្នឹង​មក​ប្ដឹង​យក​ដី​ពលរដ្ឋ​នេះ​នៅ​ខាងលើ​ឯណោះ​ទៀត​»​។

យោង​តាម​ពាក្យបណ្ដឹង​របស់​ពលរដ្ឋ​ឱ្យដឹងថា ដី​ទាំង​ ៣០០ ​ហិកតា​ ត្រូវបាន​កាន់កាប់​ធ្វើស្រែ​ចម្ការ​ដោយ​ប្រជាពលរដ្ឋ​ចំនួន​ ៣៦ ​គ្រួសារ​ តាំងពី​ឆ្នាំ ១៩៩១ ហើយ​នៅក្នុង​ឆ្នាំ​ ១៩៩៣ ​ដី​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ និង​ភូមិ​ចេញ​លិខិត​កាន់កាប់​បណ្ដោះអាសន្ន​ជូន​ពលរដ្ឋ​ទាំងនោះ​។

អ្នកស្រី យង់ លន មេភូមិ​ចំបក់​ប្រាសាទ​បាន​លើក​ឡើង​ដែរ​ថា ដី​ដែល​ទាហាន​ទាំង​ ២ ​នាក់​ អះអាង​ថា ជា​របស់​ពួកគេ​គឺ​តាម​ពិតជា​ដី​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លិខិតបញ្ជាក់​អំពី​ការកាន់កាប់​បណ្ដោះអាសន្ន​ពិតប្រាកដ​មែន​។

អ្នកស្រី​ថា​៖ «​ដី​តំបន់​ហ្នឹង​អត់​ទាន់​ចុះ​វាស់វែង​ចេញ​ប្លង់រឹង​អី​នៅ​ឡើយ​ទេ​អូន ប៉ុន្តែ​ដី​ទាំង​ហ្នឹង​មាន​លិខិតបញ្ជាក់​អំពី​ការកាន់កាប់​បណ្ដោះអាសន្ន​របស់​ប្រជាពលរដ្ឋ​អ៊ីចឹង​ណា​»​។

លោក ពូ សាប៊ុតឌី មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បន្ថែម​បាន​ទេ ហើយ​ភ្នំពេញ​ប៉ុស្តិ៍ ក៏​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​ទៅ​លោក ហែម សុផារី និង​លោក គង់ សារិន ដែល​រង​ការ​ចោទប្រកាន់​បានដែរ​កាលពី​ម្សិលមិញ​។

ប៉ុន្តែ​លោក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​បាន​បញ្ជាក់​ថា​លោក​មិន​បានឃើញ​លិខិត​ថា មាន​ទាហាន​យោធភូមិភាគ​ចំនួន​ ២ ​នាក់ ​រំលោភ​យក​ដី​ពលរដ្ឋ​នោះទេ ប៉ុន្តែ​លោក​ថា អ្នកណា​ក៏ដោយ មិន​ថា​ទាហាន​នោះ​ទេ​គឺ​ត្រូវតែ​គោរព​ទៅ​តាម​ច្បាប់​របស់​ប្រទេសជាតិ​។

លោក​ថា​៖ «​សម្ដេច​តេជោ​ក្ដី សម្ដេច​ពិជ័យ​សេនា​ក្ដី អត់​ឱ្យ​ទៅ​ធ្វើ​អំពើ​ណា​រំលោភបំពាន​ដោយ​ខុសច្បាប់​លើ​ប្រជាពលរដ្ឋ​នោះ​ទេ​ហើយ​បុគ្គល​ណា​ធ្វើ​ខុស​គឺ​ត្រូវ​អនុវត្ត​តាម​ទោសពៃរ៍​របស់​ខ្លួន​»​។

លោក​ សំ ច័ន្ទគា អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង យល់​ឃើញ​ថា ការបំពាន​យក​ដី​របស់​ប្រជាពលរដ្ឋ​គឺជា​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ហើយ​ក្នុង​នាម​ជា​ស្ថាប័ន​មួយ​ដែល​មាន​ការចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ ទាហាន​ទាំងនោះ​គួរ​ត្រូវបាន​បណ្ដេញចេញ​ពី​កងយោធពល​ខេមរភូមិន្ទ ។

លោក​ថា​៖ «​អង្គភាព​គួរតែ​បណ្ដេញ​ជន​ហ្នឹង​ចេញ​ពី​ជួរ​ខេមរភូមិន្ទ​ហើយ​ចាប់បញ្ជូន​មក​ឱ្យ​ខាង​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ អាហ្នឹង​បាន​ជា​អង្គភាព​មួយ​គំរូ​»៕

អត្ថបទគួរចាប់អារម្មណ៍