ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​ក្របខ័ណ្ឌ​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ចំនួន ៤៥ រូប ​ក្នុង​ចំណោម ​៦១ រូប​ បាន​សម្រេច​ចិត្ត​បោះបង់​ងារ​ជា «​ឧកញ៉ា​» ដើម្បី​រក្សា​ឋានន្តរស័កិ្ត ​ឬ​តួនាទី​ជា​មន្ត្រី​ប្រដាប់​អាវុធ​ក្នុង​ក្របខ័ណ្ឌ​នេះ​ដដែល​ ខណៈ ១៦ រូប​ទៀត ​បាន​ងាក​ទៅ​ចាប់​យក​ងារ​ជា «​ឧកញ៉ា»​ ដោយ​សុខ​ចិត្ត​លាលែង​ពី​ក្របខ័ណ្ឌ​យោធា។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​យោធា។

ការ​សម្រេច​ចិត្ត​ជ្រើស​មុខងារ​មួយ​ក្នុង​ចំណោម​មុខងារ​ទាំង ​២ ​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា ​បាន​បញ្ជា​ឲ្យ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ណា​ ដែល​មាន​ងារ​ជា ​«​ឧកញ៉ា​» ត្រូវ​ធ្វើ​ការ​ជ្រើសរើស​ជា​បន្ទាន់ ​ថា​តើ​ត្រូវ​ជ្រើស​យក​ងារ «​ឧកញ៉ា​» ឬ​យក​តួនាទី​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ខ្លួន​កំពុង​បំពេញ​ការងារ​ត​ទៅ​ទៀត​។

លោក ​ថោង សូលីម៉ូ ​អ្នក​នាំពាក្យ​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​ក្រសួង​ការពារ​ជាតិ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ​ក្រោយ​ការ​ប្រកាស​នេះ ​មន្ត្រី​យោធា​ដែល​មាន​ងារ​ជា ​«​ឧកញ៉ា​» ផង និង​ជា​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ផង ​ដូចជា​ទ័ព​ជើង​ទឹក​ ជើង​គោក ​ជើង​អាកាស និង​កង​រាជ​អាវុធហត្ថ​ទាំង ​៦១ រូប ​បាន​សម្រេច​ជ្រើសរើស​ងារ​តែ ​១ ​ក្នុង​ងារ​ទាំង ២ ​នេះ។ ​

លោក​ថ្លែង​ថា ​តួលេខ​ដែល​មាន​ទាំង​នេះ ​មិន​រាប់​បញ្ចូល ​ក្នុង​ក្រប​ខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ​ទាំង​មូល​នោះ​ទេ ​គឺ​គិត​ត្រឹម​តែ​ថ្នាក់​អនុប្រធាន​នាយកដ្ឋាន​ចុះ​ក្រោម​ក្នុង​ក្របខ័ណ្ឌ​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​ក៏​បាន​បដិសេធ​ប្រាប់​រាល់​ឈ្មោះ​នៃ​មន្ត្រី​ទាំង ​៦១ រូប​នោះ​ផង​ដែរ។

លោក​បញ្ជាក់​ថា​៖ «ការ​ដែល​គាត់​មាន​ងារ​ជា «​ឧកញ៉ា​» ព្រោះ​តែ​ពួក​គាត់​មាន​ធនធាន​របស់​គាត់​ផ្ទាល់​ខ្លួន ​ប៉ុន្តែ​នៅ​ពេល​រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​គាត់​ត្រូវ​តែ​លាលែង​មួយ​អ៊ីចឹង ​គាត់​ត្រូវ​តែ​មាន​សិទ្ធិ​ជ្រើសរើស​របស់​គាត់​ហើយ។ ម្យ៉ាង​ទៀត​ជួន​កាល​គាត់​គិត​ថា ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​ហ្នឹង ​អ៊ីចឹង​គាត់​ត្រូវ​តែ​លា​ឈប់ ​ទៅ​ធ្វើ​ការងារ ​មុខ​របរ​ក្រុមហ៊ុន​របស់​គាត់ ​ព្រោះ​តែ​ក្របខ័ណ្ឌ​ក្នុង​ជួរ​កងទ័ព​របស់​គាត់​យូរ​ហើយ»។

ទោះ​យ៉ាង​ណា ​លោក​ថោង សូលីម៉ូ ​ឲ្យ​ដឹង​ថា ​តួលេខ​ទាំង​នេះ ​ នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ដើម្បី​សម្រេច​បញ្ចប់​មុខងារ​ណា​មួយ ​ដែល​ពួក​គេ​បាន​ជ្រើសរើស។ ប៉ុន្តែ​ការ​បញ្ជូន​ទៅ ​នៅ​ពេល​ណា​នោះ ​លោក​មិន​អាច​បញ្ជាក់​បាន​ទេ ​ដោយ​រង់ចាំ​ការ​សម្រេច​ជា​លក្ខណៈ​ផ្ទៃ​ក្នុង ​និង​រង់ចាំ​ការ​សរុប​តួលេខ​នៃ​មន្ត្រី ​ដែល​មាន​ងារ ២ ​ក្នុង​ក្រសួង​ការពារ​ជាតិ​ទាំង​មូល​សិន។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​បញ្ជាក់​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃទី​ ២៣ ​ខែ​សីហា ​បន្ថែម​ថា​៖ «ហាម​មិន​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​មាន​ដូចជា​ទាហាន ​នគរបាល ​និង​កងរាជ​អាវុធហត្ថ​មាន​ងារ​ជា «​ឧកញ៉ា​» តទៅ​ទៀត​ឡើយ​ដែល​កន្លង​មក​មាន​មួយ​ចំនួន​បាន​យក​តួនាទី​ទាំង​នេះ​ទៅ​ប្រកប​ការងារ​ផ្សេងៗ​ខុស​ច្បាប់​»។

លោក ​ទៀ បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​តួលេខ​ទាំង​នេះ​ ជា​ជំហាន​ដំបូង​ក្នុង​ការ​ធ្វើ​ការងារ​របស់​ក្រសួង​ការពារ​ជាតិ ​ដើម្បី​ពិនិត្យ​មើល​លើ​តួនាទី ​ឬ​ងារ​ជា «​ឧកញ៉ា​»នេះ។

លោក​បន្តថា ​ដោយសារ​តែ​ងារ​ជា «​ឧកញ៉ា​» របស់​មន្ត្រី​មួយ​ចំនួន​ក្នុង​ជួរ​កង​ទ័ព ​ទទួល​បាន​តាមរយៈ​ការ​ធ្វើ​អំណោយ​ចូល​រដ្ឋ​ ដែល​ទទួល​បាន​ពី​ព្រះមហាក្សត្រ ​ហើយ​មួយ​ចំនួន​នៃ​ពួក​គេ ​ហាក់​នៅ​មាន​ការ​លាក់​បាំង​នៅ​ឡើយ​នោះ ​ដូច្នេះ​ក្រសួង​ត្រូវ​ការ​ពេល​វេលា​មួយ​រយៈ ​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ។

លោក​បញ្ជាក់​ថា​៖ «គេ​កំពុង​តែ​ធ្វើ​ហើយ ​ព្រោះ​កន្លែង​ខ្លះ ​គេ​មាន​ងារ​របស់​គេ​ដែរ ​ដែល​គេ​មិន​បញ្ចេញ​ទេ ​អ៊ីចឹង​ទេ ​យើង​ត្រូវ​តែ​ធ្វើ​ដោយ​ហ្មត់​ចត់។ ងារ​ជា «​ឧកញ៉ា» និង​ឋានន្តរស័ក្តិ ​(មន្ត្រី​ក្រប​ខ័ណ្ឌ) ​ហ្នឹង​វា​ខុសគ្នា ​ដោយ​ងារ​ជា «​ឧកញ៉ា​» នេះ​ទៅ​តាម​ច្រក​​មួយ​ដែល​ព្រះមហាក្សត្រ​ចេញ​ងារ​ឲ្យ។ ចំណែក​ឋានន្តរស័ក្តិ​នេះ ​ទទួល​បាន​ពី​ថ្នាក់​តូច​រហូត​ដល់​ធំ​ តាមរយៈ​ផ្នែក​កង​ទ័ព​នេះ។ ដូច្នេះ​លក្ខខណ្ឌ​ក៏​ខុស​គ្នា​ដែរ ​ដែល​យើង​ត្រូវ​ជួប​ទាំង​អ្នក​មាន​ងារ​ជា​ឧកញ៉ា ​ដើម្បី​ឲ្យ​គេ​សម្រេច​ជ្រើសរើស​ខ្លួន​គេ»។

ទោះ​យ៉ាង​ណា ​លោក​ទៀ បាញ់ ​បញ្ជាក់​ថា ​រហូត​មក​ដល់​ពេល​នេះ ​នៅ​មិន​ទាន់​មាន​តួលេខ​សរុប​ ច្បាស់លាស់​ សម្រាប់​មន្ត្រី​ក្នុង​ជួរ​កង​ទ័ព ​ដែល​មាន​ងារ​ជា «​ឧកញ៉ា​» នោះ​ទេ។

ភ្នំពេញ​ប៉ុស្តិ៍ ​នៅ​មិនទាន់​ស្វែងរក​ប្រភព​ណា​មួយ​បញ្ជាក់​ពី​ឈ្មោះ​នៃ​ចំនួន​ឧកញ៉ា​ទាំង​នោះ​បាន​នៅ​ឡើយ​ទេ ​ពី​ម្សិលមិញ។

យោង​តាម​តួលេខ​​ចេញ​ផ្សាយ​ជា​សាធារណៈ​នា​ពេល​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា ​​ចាប់​ពី​ឆ្នាំ ​១៩៩៤ ​រហូត​មក​ត្រឹម​ ខែ ​កុម្ភៈ​ ឆ្នាំ ​២០១៤ ​កម្ពុជា​មាន​ឧកញ៉ា​ចំនួន ៧០៤ ​នាក់​។ តាម​ច្បាប់​ថ្មី ​អ្នក​ដែល​ទទួល​បាន​ងារ​ជា​ឧកញ៉ា ​គឺ​រាល់​សប្បុរស​ជន​ណា​ដែល​បាន​ធ្វើ​អំណោយ​ដល់​រដ្ឋ​លើស​ពី ​៥០ ម៉ឺន​​ដុល្លារ ​ឡើង​ទៅ ​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ស្នើ​ទៅ​កាន់​ព្រះមហាក្សត្រ​ឲ្យ​ព្រះរាជទាន​ងារ​ជា​ឧកញ៉ា។

លោក ​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ម្សិលមិញ​ ជុំវិញ​ការ​បញ្ចប់​ងារ​ជា​ឧកញ៉ា​របស់​មន្ត្រី​ក្នុង​ក្រប​ខ័ណ្ឌ​ក្រសួង​មហាផ្ទៃ។ ប៉ុន្តែ​ កន្លង​ទៅ​ លោក​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា​ ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​តាម​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ស្រប​ពេល​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​នេះ​ អ្នក​មាន​ងារ​ជា «​ឧកញ៉ា​» ​មាន​តែ ​៤ ទៅ ​៥ នាក់​ប៉ុណ្ណោះ។

លោក​បន្ត​ថា​៖ «គេ​បាន​ងារ​ឧកញ៉ា​ដោយ​ផ្លូវ​ច្បាប់​យើង​មិន​អាច​បដិសេធ​បាន​ទេ​ តែ​បើ​អ្នក​ឯង​ជា​ឧកញ៉ា​ហើយ ​អ្នក​ឯង​មិន​អាច​យក​ឈ្មោះ​ឧត្តមសេនីយ៍​បាន​​ទេ ​ហើយ​បើ​អ្នក​ឯង​ជា​ឧត្តមសេនីយ៍​មិន​អាច​យក​ឈ្មោះ​ជា​ឧកញ៉ា​បាន​ទេ​»។

លោក ​សន ជ័យ ​ប្រធាន​អង្គការ​គណនេយ្យភាព​សង្គម​កម្ពុជា​និយាយ​ថា ​ការ​បញ្ចប់​មុខងារ​ជាឧកញ៉ា​របស់​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​មាន​ដូចជា​ទាហាន ​នគរបាល ​និង​កងរាជ​អាវុធហត្ថ​នេះ​ គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្តើម​ដែល​កុំ​ឱ្យ​មាន​ភាព​ច្របូក​ច្របល់ ​ឬ​ខូច​មុខ​មាត់​រដ្ឋាភិបាល ​នៅ​ពេល​ពួក​គេ​ប្រព្រឹត្ត​ខុស​តែ​ប៉ុណ្ណោះ។ លោក​យល់​ថា​ ទាំង​នេះ​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​នោះ​ទេ ​ព្រោះ​ពួក​គេ​នៅ​តែ​អាច​ប្រកប​មុខរបរ ​ឬ​យក​អំណាច​របស់​ខ្លួន​ទៅ​ប្រើប្រាស់​ បើ​ទោះ​គ្មាន​ងារ​ជា​ឧកញ៉ា​ក៏​ដោយ។

លោក​បញ្ជាក់​ថា​៖ «គឺ​មាន​តែ​ការ​ត្រួត​ពិនិត្យ ​និង​ការ​អនុវត្ត​ច្បាប់​ ឲ្យ​បាន​ត្រឹមត្រូវ ​មិន​ខ្លាច​ញញើត​ជាមួយ​នឹង​ឋានៈ​បុណ្យ​ស័ក្តិ​ប៉ុណ្ណោះ​ ព្រោះ​មិន​មាន​ច្បាប់​ណា ​ហាម​ប្រាម​មន្ត្រី​មាន​បុណ្យ​ស័ក្តិ ​អំណាច​ក្នុងជួរ​យោធា​ ឬ​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​ក្តី ​ទៅ​រក​ស៊ី​នោះ​ទេ។ ដូច្នេះ​ហើយ ​រឿង​ដែល​សំខាន់​ គឺ​មន្ត្រី​អាជ្ញាធរ ​ឬ​តុលាការ​ហ្នឹង​ គឺ​មិន​ត្រូវ​មាន​ការ​ខ្លាច​ញញើត​ អ្នក​មាន​តួនាទី​ហ្នឹង ​គឺ​ត្រូវ​ឲ្យ​អ្នក​មាន​ងារ​ទាំង​អស់​ហ្នឹង ​ស្ថិត​នៅ​ក្រោម​ច្បាប់​ទាំង​អស់»៕

វីដេអូ៖