ភ្នំពេញៈ បើតាម​ប្រមុខ​ការពារជាតិ​គឺ​មាន​មន្ត្រី​យោធា​ ២៤ ​នាក់​ បាន​ស្ម័គ្រចិត្ត​បោះបង់​តួនាទី​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់អាវុធ ដើម្បី​បន្ត​យក​ងារ​ជា​ឧកញ៉ា និង​មាន​មន្ត្រី​​ ៧៥ ​នាក់​ទៀត​ បាន​ស្ម័គ្រចិត្ត​បោះបង់​ងារ​ជា​ឧកញ៉ា ដើម្បី​បន្ត​តួនាទី​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​ស្រប​ពេលដែល​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ក៏បាន​ដាក់សំណើ​ទៅ​ប្រមុខ​រដ្ឋស្តីទី​លោក​ សាយ ឈុំ ស្នើសុំ​បញ្ចប់​ងារ​ជា​ឧកញ៉ា​របស់​ពួកគេ​។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក ទៀ បាញ់ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រសួង​ការពារជាតិ​បានបញ្ចប់​មុខងារ​មន្ត្រី​ ២៤ ​នាក់​ ដែល​បាន​ស្ម័គ្រចិត្ត​បោះបង់​តួនាទី​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់អាវុធ​ដើម្បី​បន្ត​យក​ងារ​ជា​ឧកញ៉ា​។ ជាមួយ​គ្នា​នេះ​លោក​ថា​មន្ត្រី​ ៧៥ ​នាក់​ សម្រេច​បន្ត​តួនាទី​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់អាវុធ​ដោយ​បាន​ស្ម័គ្រចិត្ត​បោះបង់​ងារ​ជា​ឧកញ៉ា​។

លោក​បញ្ជាក់​ថា​៖ «​កិច្ចការងារ​នេះ​បាន​ដំណើរការ​តាម​នីតិវិធី​ហើយ​។ ​(​លោក​សាយ ឈុំ ប្រមុខ រដ្ឋស្តីទី​) ​នឹង​យល់ព្រម និង​អនុវត្តតាម​ការស្នើសុំ​របស់​មន្ត្រី​ (៧៥ ​នាក់​) ​ដែល​បាន​សម្រេច​ជ្រើស​បញ្ចប់​ងារ​ជា​ឧកញ៉ា​។ យើង​ត្រូវតែ ធ្វើ​តាម​នីតិវិធី ដើម្បី​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា​។ (២៤​ នាក់​) ​គាត់​បានសម្រេច​ជ្រើសរើស​បន្ត​ងារ​ជា​ឧកញ៉ា ហើយ​យើង​បានរៀបចំ​នីតិវិធី​ចប់សព្វគ្រប់​ហើយ គេ​បាន​ទៅ​យក​ការងារ​គេ​ជា​ឧកញ៉ា​រួចទៅហើយ​» ។

យោងតាម​សំណើ​របស់​លោក ​ទៀ បាញ់ ផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​ ៩ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ដែល​ភ្នំពេញ-ប៉ុស្តិ៍​ទើប​ទទួល​បាន​ពី​ម្សិលមិញ ហើយ​ដែល​លោក ហ៊ុន សែន ​ផ្ញើ​បន្ត​ជូន​ទៅ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ដែល​កំពុង​ទទួល​រាជានុសិទ្ធិ​ជា​ប្រមុខ​រដ្ឋស្តីទី​គឺ​សំណើ​នោះ​ស្នើសុំ​ឲ្យ​បញ្ចប់​ងារ​ជា​ឧកញ៉ា​ពី​ឈ្មោះ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​ ៧៥ ​នាក់​។

សំណើ​បញ្ជាក់ថា​៖ «​យោងតាម​សំណើ​របស់​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ចុះ​ថ្ងៃ​ចន្ទ​ទី​ ៩ ខែ​កញ្ញា​ស្តីពី​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​សេចក្តី​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ សុំ​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា​នាយទាហាន​នៃ​កងយោពល​ខេមរភូមិន្ទ​ចំនួន​ ៧៥ ​រូប​»​។

វិធានការ​នេះ​កើតឡើង​បន្ទាប់ពី​លោក​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ២២ ខែ​សីហា ឆ្នាំ​ ២០១៩ ​បាន​ដាក់​បទបញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​រួមមាន​ទាហាន នគរបាល និង​កងរាជអាវុធហត្ថ​ត្រូវ​ជ្រើសរើស​ជាបន្ទាន់​ថា​តើ​ត្រូវ​យក​ងារ ឧកញ៉ា ឬ​យក​តួនាទី​របស់ខ្លួន​។

ក្នុងចំណោម​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​ ៧៥ ​នាក់​ដែល​យល់ព្រម​បោះបង់​ងារ​ជា​ឧកញ៉ា​មាន​ចាប់​តាំងពី​នាយឧត្តមសេនីយ៍ រហូតដល់​វរសេនីយ៍ទោ​ដែល​ក្នុង​នោះ​មាន​លោក​នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ នាយ​ឧត្តមសេនីយ៍ ឃុន វុធ នាយ​ឧត្តមសេនីយ៍ ចៅ ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ នាយឧត្តមសេនីយ៍ អ៊ុយ សារិន អគ្គមេបញ្ជាការ​រង​នៃ​កង​យោពល​ខេមរភូមិន្ទ នាយឧត្តមសេនីយ៍​ ចៅ ភិរុណ អគ្គនាយក​អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស និង​នាយទាហាន​នៃ​កងយោពល​ខេមរភូមិន្ទ​ចំនួន​ ៧០ ​រូប​ផ្សេងទៀត​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ស្វាគមន៍​ចំពោះ​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី​។ លោក​ចាត់ទុក​ថា​ការសម្រេច​បែបនេះ​នឹង​ជួយ​កាត់បន្ថយ​នូវ​ជម្លោះ​ផលប្រយោជន៍​ដោយសារ​តែ​កន្លង​ទៅ​មាន​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​ខ្លះ​មាន​ងារ​ជា «​ឧកញ៉ា​» បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ទៅរក​ស៊ី​។

លោក​បញ្ជាក់​ថា​៖ «​ធ្វើឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​របស់​យើង​ហ្នឹង​កាន់តែ​ទទួល​បាន​នូវ​ទំនុកចិត្ត ពីព្រោះ​កាលណា​ប្រសិន​ជា​គាត់​មាន​ងារ​ជា​ឧកញ៉ា ហើយ​ជា​ឧត្តមសេនីយ៍​យោធា​ផង នោះ​វា​នាំ​ឲ្យ​មាន​ការ​យល់ច្រឡំ​ពី​មហាជន​ថា​ពួកគេ​យក​តួនាទី​របស់​កងកម្លាំង​ដើម្បី​រកស៊ី​។ ខ្ញុំ​យល់ថា​វិធានការ​នេះ​គឺជា​រឿង​ល្អ​ហើយ​យើង​អបអរសាទរ​»​។

លោក​ ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​)​ពី​ម្សិលមិញ​ក៏​បាន​ស្វាគមន៍​នូវ​វិធានការ​ខាងលើ​ដែរ ប៉ុន្តែ​លោក​ថា​វិធានការ​នេះ គឺ​មាន​ភាពយឺតយ៉ាវ​ដោយសារ​កន្លងមក​មាន​កម្លាំង​ប្រដាប់​អាវុធ​មានងារ​ជា​ឧកញ៉ា​មួយ​ចំនួន​ធំ​បាន​ប្រើប្រាស់​ឈ្មោះ​ក្នុង​កម្លាំង​ប្រដាប់អាវុធ​ដើម្បី​ការពារ​មុខរបរ និង​ផលប្រយោជន៍​របស់ខ្លួន​។

លោក​ថ្លែងថា​៖ «​កន្លងមក​យើង​ឃើញ​ថា មាន​មន្ត្រី​ជាច្រើន​ដែល​មាន​មុខងារ​ជាច្រើន​នៅតាម​ស្ថាប័ន​ផ្សេងៗ រួមទាំង​មាន​ងារ​ជា​ឧកញ៉ា​។ រដ្ឋាភិបាល​គួរតែ​ពិនិត្យ​មើល​ករណីនេះ មិនមែន​តែ​ក្នុង​ស្ថាប័ន​កងទ័ព​ទេ​។ យើង​ចង់​ឲ្យ​ពិនិត្យ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​ដែរ​។ ពេល​ពួកគេ​មាន​មុខងារ​ពួកគេ​មិន​ប្រើ​មុខងារ​ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គមជាតិ​ទេ​តែ​យក​ងារ​ទៅ​រកស៊ី​អំពើ​ខុសច្បាប់​ឬ ​យក​ទៅ​បម្រើ​ផលប្រយោជន៍​ខ្លួន​ទៅវិញ​»​។

ប៉ុន្តែ​លោក ទៀ បាញ់ បដិសេធ​ការចោទប្រកាន់​នេះ​ដោយ​លោក​និយាយថា​មាន​មន្ត្រី​ដែល​មាន​ងារ​ជា​ «​ឧកញ៉ា​» ​តិចតួច​បំផុត​ដែល​បង្ក​ឲ្យ​មាន​បាតុភាព​ដល់​សង្គម​។ លោក​អះអាង​ថា​ផ្ទុយ​ទៅ​វិញ​ភាគច្រើន​មន្ត្រី​ទាំងនោះ​បាន​ជួយ​ក្នុង​ការកសាង​ប្រទេសជាតិ​តាមរយៈ​ការបរិច្ចាគ​ថវិកា​ជួយ​ប្រជាពលរដ្ឋ​មានទុក្ខ​លំបាក​។

លោក​បាន​បញ្ជាក់​ថា​៖ «​វា​អាច​មាន​ដែរ​គឺ​មាន​ ១ ​នាក់​ ឬ​ ២ ​នាក់​ទេ​។ វា​មិនមែន​ជាទូទៅ​ទេ ហើយ​ភាគច្រើន​ពួកគេ​បាន​រួម​ចំណែក​ស្ថាបនា​ប្រទេស​។ ការជួយ​គាំទ្រ​កិច្ចការ​មនុស្សធម៌​ច្រើន​ដែល​ធ្វើឲ្យ​ពួកគេ​ទទួល​បាន​ងារ​ជា​ឧកញ៉ា ហើយ​វា​មិន​ធម្មតា​ទេ​ពួក​អា​អ្នក​ដែល​និយាយ​ចោទប្រកាន់​ចេះតែ​និយាយ​ហើយ​។ នេះ​គឺជា​ការកែទម្រង់​របស់​រដ្ឋាភិបាល​ដើម្បី​កុំ​ឲ្យ​វា​មាន​ងារ​ច្រើន​ពេក​»៕