សៀមរាបៈ កុលា​ល​ភាជន៍ ​(ភាជន៍​ដី​ ចាន​ ​ឆ្នាំង​ឬ​ក្អ​ម​ដែល​ធ្វើ​ដោយ​​ដី) ​ដ៏​មាន​វ័យ​ចំណាស់​មួយ​ ត្រូវ​បាន​ក្រុម​មន្ត្រី​នាយក​ដ្ឋាន​គ្រប់​គ្រង​ព្រៃ​ឈើ​នៃ​អាជ្ញា​ធរ​អប្ស​រា ​ប្រទះ​ឃើញ​និងជីក​គាស់​​វា ​ចេញ​ពី​ក្នុង​ដី​នៃ​បរិ​វេណ​​ស្ថានី​យបណ្ដុះ​កូន​ឈើ​ប្រាសាទ​តាកែវ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​រហាល ​ឃុំ​នគរ​ធំ​ ក្រុង​-​ខេត្ត​សៀម​រាប​ យក​ទៅ​ប្រគល់​ឲ្យ​ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​បុរាណ​វត្ថុ​ នៃ​អាជ្ញា​ធរ​អប្សរា​ ​ដើម្បី​រៀប​ចំ​លាង​សម្អាត ​និង​ជួសជុល​​វា​តាម​បច្ចេក​ទេស​បុរា​ណ​វិទ្យា​ មុន​នឹង​​ប្រគល់​វា​បន្ត​ទៅ​ឲ្យ​ខាង​សារ​មន្ទីរ​​ព្រះ​នរោត្តម​ សីហនុ​អង្គរ​រក្សា​ទុក។

​លោក​ ឡុង​ កុសល ​អ្នក​នាំ​ពាក្យ​អាជ្ញា​ធរ​អប្សរា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិល​មិញ​ថា​ កុលា​ល​ភាជន៍​នោះ​ នៅ​មាន​រូបរាង​​ឬ​ទ្រង់​ទ្រាយ​ល្អ​ប្រសើរ​នៅ​ឡើយ​ លើក​លែង​តែ​ផ្នែក​មាត់​ខាង​លើរ​បស់​វា​ បាន​បែក​បាក់​ដោយ​សារ​ត្រូវ​នឹង​ផ្លែ​ចប​នៅ​​ពេល​ជីក​ដីប៉ះ​ចំវា​។​ ស្រទាប់​រលោង​ពណ៌​ត្នោត​ និង​ គំនូស​ឆ្នូត​ជា​គូៗ ​រួម​ទាំង​ផ្កា​ភ្ញី ​ដែល​ត្រូវ​បាន​គេ​រចនា​​ល​ម្អឡើង​នៅ​លើ​កុលាល​ភាជន៍​នោះ​ បាន​បង្ហាញ​អំពី​អត្ត​សញ្ញាណ​និ​ង​ទម្រង់​នៃ​សិល្បៈ​ខ្មែរ​ដ៏​រស់​រ​វើក​នា​សម័យ​បុរាណ។

​លោក​បាន​បញ្ជាក់​ថា​៖ ​«​កុលា​ល​ភាជន៍​នោះ ​មាន​កម្ពស់ ​១៥ ​សង់​ទី​ម៉ែត្រ​និង​ទំហំ​ ១​៦ ​សង់​​​ទីម៉ែ​ត្រ​។​ តាម​ទម្រង់​នៃ​ក្បាច់​រចនា​នៅ​លើ​កុលា​ល​ភាជន៍​នោះ​ មន្ត្រី​ជំនាញ​យើង​បាន​អះអាង​ថា​ វា​ជា​កុលា​ល​ភាជ​ន៍​ខ្មែរ​ ​ដែល​មាន​ប្រភព​ដើម​មក​ពី​ឡ​ទ័ព​ជ័យ ​និង​ ត្រូវ​បាន​ផលិត​ឡើង​​នៅ​ចន្លោះ​ស​.​វ​ទី​១១ ​ដល់​ទី១៣ ​ក្នុង​សម័យ​អង្គរ»។

​លោក​ កុសល ​បាន​បន្ត​ថា​ នៅ​ពេល​នេះ​ ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​បុរាណ​វត្ថុ​ នៃ​អាជ្ញា​ធរ​អប្សរា​ កំពុង​រៀប​ចំ​លាង​សម្អាត​ ដើម្បី​ដក​ហូត​ជាតិ​អំបិល​ និង ​សម្លាប់​មេរោគ​មួយ​ចំនួន​ ចេញ​ពី​កុលាល​ភាជន៍​នោះ ​និង​គ្រោង​ប្រគល់​វា​ទៅ​ឲ្យ​ខាង​សារ​មន្ទីរ​​​ព្រះ​នរោត្តម​ សីហនុ​ អង្គរ​ ​រក្សា​ទុក​សម្រាប់​តាំង​បង្ហាញ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​ បាន​ទស្ស​នា​កម្សាន្ត ​និង​ស្រាវជ្រាវ​ពី​ស្នា​ដៃ​សិល្បៈ​របស់​បុព្វ​បុរ​ស​ខែ្មរ​នា​សម័យ​កាល​បុរាណ។​

​យោង​តាម​របាយ​ការណ៍​ព័ត៌​​មាន​របស់​អាជ្ញា​ធរ​អប្សរា ​កុលាលភាជន៍​ខាង​លើ​នេះ​ ត្រូ​វ​បាន​លោក​ ហៃ ​ហ៊ត ​និង​កញ្ញា ​ឆេង វុច​នា ​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​នាយ​ក​ដ្ឋាន​គ្រប់គ្រង​​ព្រៃ​ឈើ​នៃ​អា​ជ្ញា​ធរ​ជាតិ​អប្សរា​ ប្រគល់​ជូន​ទៅ​ឲ្យ ​​អ្នក​ស្រី ​សឹង ​ស្រី​ទូច បុគ្គ​លិក​មជ្ឈម​ណ្ឌល​អន្តរ​ជាតិ​ស្រាវ​ជ្រាវ​និង​តម្កល់​ឯក​សារ​អង្គរជំនាញ​ផ្នែក​កុលា​​ល​ភាជន៍​ នៅ​ថ្ងៃ​ទី ​៦​ ខែ​មក​រា​ ឆ្នាំ​ ២០១៩ ដើ​ម្បី​យក​ទៅ​រក្សា​ទុក ​បន្ទាប់​ពី​មន្ត្រី​ទាំង​ ២ ​នោះ​ រួម​ទាំង​ក្រុម​ការងារ​របស់​គាត់​មួយ​ចំនួន​ទៀត​ បាន​ប្រទះឃើញ​វា​ក្រោយ​ពី​បាន​ជីក​​កាយ​ស្រទាប់​ដី​លើៗ​នៅ​ក្នុង​បរិវេណ​ស្ថានី​យបណ្ដុះ​កូន​ឈើ​ប្រាសាទ​តាកែវ​ ដើម្បី​​រៀប​ចំ​ជា​ថ្នា​ល​សម្រាប់​បណ្ដុះ​កូន​ឈើ ​ហើយ​​បាន​ប៉ះ​ចំ​កុលា​ល​ភាជន៍​នោះ។

​របាយ​ការណ៍​បាន​បន្ត​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​​ប្រជា​​ពល​រដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​អំពី​តម្លៃ​នៃ​កេរ​ម​រ​ត​ក​ដូន​តា ​ដែល​បាន​​រក​ឃើញ​ដោយ​ចៃដន្យ​ ហើយ​តែង​យក​វត្ថុ​បុរាណ​ទាំង​នោះ ​​មក​ប្រគល់​ជូន​អាជ្ញា​​​ធរ​ជាតិ​អប្សរា​ ដើម្បី​អភិរក្ស​ និង​រក្សា​ទុក៕