រតនគិរី: មន្ត្រី​ជំនាញ​ខេត្ត​រតនគិរី​ពី​ម្សិលមិញ​កំពុង​សាកសួរ​ជនសង្ស័យ​ចំនួន ២ ​នាក់​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពាក់ព័ន្ធ​លួចលាក់​ទុក​ឈើ​លេខ​ ១ ​ជាង ៥ ​ម៉ែត្រគុប បន្ទាប់ពី​សមត្ថកិច្ច​ចុះបង្ក្រាប​កាលពី​ថ្ងៃទី​ ៣០ ខែ​កក្កដា នៅ​ភូមិ​ ៤ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូនមុំ​ ខេត្តរតនគិរី ដោយបាន​ចាប់ខ្លួន​​ស្ដ្រី​ជា​ម្ចាស់​ឈើ​ម្នាក់ និង​បុរស​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់​។

លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​កំពុង​សាកសួរ​ជនសង្ស័យ​ចំនួន​ ២ ​នាក់​ (​មិន​បង្ហាញ​ឈ្មោះ​) ​ដោយ​មាន​ស្ត្រី​ម្នាក់​ជា​​ម្ចាស់​ឈើ និង​បុរស​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ម្នាក់​។ ការសួរ​នេះ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ពេល​ចុះបង្ក្រាប​កន្លែង​លួចលាក់​​រក្សាទុក និង​ជួញដូរ​ឈើ​ប្រភេទ​​លេខ​ ១ (​សុក្រំ និង​ស្រឡៅ​) ​ចំនួន​ជាង​ ៥ ​ម៉ែត្រគុប​។

ក៏ប៉ុន្តែ​លោក​ថា មិនទាន់​ដឹង​ពី​ពេលវេលា​ដែល​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​រតនគិរី​នៅឡើយ​ដោយសារ​សមត្ថកិច្ច​កំពុង​បន្ត​សាកសួរ​។ ជាពិសេស​សមត្ថកិច្ច​ជំនាញ​នៅ​បន្ត​ស្រាវជ្រាវ​បន្ថែម ព្រោះ​សង្ស័យ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ច្រើន​នាក់​ទៀត​។

លោក​ កែប កត់ បញ្ជាក់ថា​៖ «​យើង​មិនទាន់​បាន​បញ្ជូន​ទៅកាន់​តុលាការ​នៅឡើយ​ទេ ហើយ​ខ្ញុំ​ក៏​មិនដឹង​បញ្ជូន​ទៅ​នៅពេលណា​ដែរ ឥឡូវ​នេះ​មន្ត្រី​ជំនាញ​យើង​កំពុង​សាកសួរ ហើយ​នៅ​ស្រាវជ្រាវ​រក​អ្នកផ្សេង​ទៀត​។ សមត្ថកិច្ច​ជំនាញ​យើង​កំពុង​ធ្វើការ​លើ​រឿង​ហ្នឹង​យ៉ាង​យកចិត្ត​ទុកដាក់​»​។

លោក​ នូវ ដារ៉ា ស្នងការរង​នគរបាល​ខេត្តរតនគិរី​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ចំនួន ២ ​នាក់​ត្រូវបាន​មន្ត្រីនគរបាល​លោក​ឃាត់ខ្លួន ប្រគល់​ជូន​មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ករណី​លួចលាក់​ និង​ជួញដូរ​ឈើ​ប្រណីត​ប្រភេទ​សុក្រំ និង​ស្រឡៅ​។ ​សំណុំ​រឿង​នេះ​ផុតដៃ​លោក​ហើយ ដោយ​មិន​បានដឹង​ពី​ចំណាត់ការ​បន្តទៀត​ទេ​។

លោក​បន្តថា ប្រតិបត្តិការ​នេះ​អនុវត្តតាម​ការបញ្ជា​ពី​លោក ថង សាវុន អភិបាល​ខេត្ត​រតនគិរី​ដោយ​មាន​ការសម្របសម្រួល​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្តរតនគិរី ហើយ​លោក​ជា​អ្នកដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ផ្ទាល់​នៅ​ទីតាំង​ខាង​លើ​នេះ​។

លោក​បញ្ជាក់ថា​៖ «​កម្លាំង​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ស្ត្រី​ម្ចាស់​ឈើ​ម្នាក់ អាយុ​ជាង​ ៤០ ​ឆ្នាំ និង​បុរស​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ម្នាក់​អាយុ​ ៣៨ ​ឆ្នាំ​យក​ទៅ​សាកសួរ និង​យក​រថយន្ត​បម្រើ​ឲ្យ​ការដឹកឈើ និង​ម៉ាស៊ីន​ច្រៀក​ឈើ​ធ្វើ​អាជីវកម្ម ឈើ និង​វត្ថុតាង​ដែល​បម្រើ​ឲ្យ​អាជីវកម្ម​ជួញដូរ​ឈើ​មួយ​ចំនួន​ទៀត​។ ខ្ញុំ​អត់​ចាំ​ឈ្មោះ​ជនសង្ស័យ​ទេ គឺ​ខ្ញុំ​បាន​ប្រគល់​​វត្ថុតាង និង​ជនសង្ស័យ​ទៅ​ឲ្យ​​រដ្ឋបាល​ព្រៃឈើ​ចាត់ចែង​អស់ហើយ​»​។

លោក​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​បាន​ប្រកបមុខរបរ​ជួញដូរ​ឈើ និង​បម្រើសេវា​អារច្រៀក​ឈើ​ថែមទៀត​ដែល​មាន​កម្មករ​មួយចំនួន ប៉ុន្ដែ​ពួកគេ​បាន​រត់គេចខ្លួន​។ ស្ដ្រី​ជា​ម្ចាស់​ទីតាំង​បាន​ទិញ​ឈើ​ពី​អ្នកភូមិ និង​ឈ្មួញ​ខិលខូច​មួយចំនួន​ក្នុង​ខេត្តរតនគិរី​ដើម្បី​បម្រើ​ឲ្យ​អាជីវកម្ម​ឈើ​របស់ខ្លួន​ដំណើរការ​ល្អ​។ ទោះជា​យ៉ាងណា សមត្ថកិច្ច​បាន​រឹបអូស​សម្ភារ និង​ឃាត់ខ្លួន​ម្ចាស់​ក៏ដូចជា​បិទ​ទីតាំង​នេះ​រួចរាល់​ហើយ​។

លោក សេក ហៃ អភិបាលស្រុក​កូន​មុំ​កាលពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ដោយ​លោក​បាន​អះអាង​ថា កំពុង​រវល់​ខ្លាំង​៕