រតនគិរី: មន្ត្រីរដ្ឋបាលព្រៃឈើខេត្តរតនគិរីម្នាក់ត្រូវបានផ្លាស់ប្ដូរតំណែង ក្រោយពីមន្ត្រីថ្នាក់ក្រោមបានចោទប្រកាន់រឿងភាពមិនប្រក្រតីក្នុងការបែងចែកប្រាក់លើកទឹកចិត្តជាង ៣០០ លានរៀល ដល់មន្ត្រីក្រោមឱវាទ។
យោងតាមសេចក្ដីសម្រេចរបស់លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលភ្នំពេញប៉ុស្តិ៍ទទួលបាននាពេលថ្មីកន្លងមកនេះបានឲ្យដឹងថា លោក កែប កត់ ត្រូវបានផ្លាស់ចេញពីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ឲ្យទៅបម្រើការងារនៅមជ្ឈមណ្ឌលស្រាវជ្រាវ វាយតម្លៃធនធានធម្មជាតិ និងការប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាននៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើសត្វព្រៃ។
លោក កែវ អូម៉ាលីស្ស និងលោក កែប កត់ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីបានឲ្យដឹងថា ករណីនេះគឺជាការផ្ទេរតំណែងដោយស្ម័គ្រចិត្តពីសំណាក់សាមីខ្លួន ដោយលោក កែប កត់ ចង់ផ្លាស់ប្ដូរតួនាទីទៅបម្រើការងារនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើសត្វព្រៃដែលនៅក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក សូណា បានឲ្យដឹងថា លោក កែប កត់ មានបញ្ហាទាក់ទងជាមួយការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រីខ្លះគឺប្រាក់លើកទឹកចិត្តនេះសម្រាប់តែមន្ត្រីចូលរួមបង្ក្រាបបទល្មើសព្រៃឈើ ហើយមន្ត្រីខ្លះដែលអត់បានចុះបង្ក្រាបបទល្មើស គាត់ច្រណែន ឬមិនពេញចិត្តការបែងចែកប្រាក់នេះ ដូច្នេះមន្ត្រីទាំងនោះគាត់ក៏បានប្ដឹងទៅថ្នាក់លើ ហើយថ្នាក់លើបានចុះមកស្រាវជ្រាវដឹងការពិតហើយ។
យោងតាមលិខិតរបស់មន្ត្រីរដ្ឋបាលព្រៃឈើខេត្តរតនគិរីដែលមានស្នាមផ្ដិតមេដាយចំនួន ៥ នាក់ចុះថ្ងៃទី ២៦ ខែសីហា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីម្សិលមិញឲ្យដឹងថា ប្រាក់លើកទឹកចិត្តមន្ត្រី (ប្រាក់អប្បហារ) ដែលថ្នាក់ជាតិបានទម្លាក់មកឲ្យលោក កែប កត់ សម្រាប់បែងចែកដល់មន្ត្រីក្រោមឱវាទនោះ ត្រូវបានលោក កែប កត់ បែងចែកគ្មានគោលការណ៍ច្បាស់លាស់ គ្មានតម្លាភាព មានចិត្តចង្អៀតចង្អល់ជាមួយមន្ត្រីក្រោមឱវាទដោយប្រកាន់បក្ខពួកនិយម។
យោងតាមលិខិតដដែលនេះបានឲ្យដឹងថា៖ «យើងខ្ញុំសូមលើកយកករណីចែកប្រាក់រង្វាន់លើកទឹកចិត្ត គឺខណ្ឌរដ្ឋបាលព្រៃឈើទទួលបានប្រាក់ជាង ៣០០ លានរៀលពីថ្នាក់ជាតិ ដើម្បីលើកទឹកចិត្តមន្ត្រី ដោយលោក កែប កត់ ធ្វើការបែងចែកតាមទំនើងចិត្តរបស់ខ្លួនដោយមានមន្ត្រីខ្លះបានច្រើន ខ្លះបានតិច និងខ្លះមិនបានទទួលសោះ។
បើធ្វើការប៉ាន់ប្រមាណចំនួនប្រាក់ដែលបានបែងចែកដល់មន្ត្រីសរុបទាំងអស់ ២៤ នាក់ ចំណាយអស់មិនដល់ ១០០ លានរៀលទេ តើចំនួនប្រាក់ដែលនៅសល់ជាង ២០០ លានរៀលទៀតបាត់ទៅណា ឬលោក កែប កត់ រក្សាទុកជារបស់ខ្លួនម្នាក់ឯង?»។ លិខិតដដែលនេះក៏បានបង្ហាញនូវការមិនពេញចិត្ត និងមិនអាចទទួលយកការដឹកនាំ ក៏ដូចជាការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តរបៀបលោក កែប កត់ និងទាមទាររកយុត្តិធម៌ និងផ្ដល់ភាពកក់ក្ដៅដល់មន្ត្រីក្រោមឱវាទនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីទាំងអស់គ្នា៕