កំពង់ធំ: មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​ចំនួន​ ៣ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​ពលរដ្ឋ​ចំនួន​ ៥០ ​នាក់​ ទៅ​សាលាដំបូង​ខេត្ត​កំពង់ធំ​ពាក់ព័ន្ធ​នឹង​ករណី​ប៉ះទង្គិច​គ្នា​មួយ​កាលពី​សប្ដាហ៍​មុន​នៅលើ​ទីតាំង​ទំនាស់​ដីធ្លី​ក្នុង​តំបន់​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​អន្លង់ថ្ម​ក្នុង​ភូមិ​អូរគគីរ ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។

លោក សូ រ៉ាត់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាំងក្រសាំង​នៃ​ស្រុក​សន្ទុក​ដែល​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ ៣ ​នាក់​ បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៧ ​កក្កដា​ថា លោក និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ២ ​នាក់​ទៀត​បាន​សរសេរ​ពាក្យបណ្ដឹង​ ១ ប្ដឹង​មនុស្ស​ចំនួន​ ៥០ ​នាក់​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​កាលពី​ថ្ងៃទី​ ២០ ​ខែកក្កដា រួចរាល់​ហើយ​។

លោក​បាន​បន្តថា ការដាក់​ពាក្យ​ប្ដឹង​ជនសង្ស័យ​ ៥០ ​នាក់​ ក្នុង​ចំណោម​ ១០០ ​នាក់​នេះ ​គឺ​បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​តវ៉ា និង​ប្រើ​ដំបងកាំបិត ពូថៅ គប់​មកលើ​មន្ត្រី​ចំនួន​ ៣០ ​នាក់​ ក្នុង​ពេល​កំពុង​ដាំ​កូនឈើ​ជាង​ ២ ​ពាន់​ដើម​កាលពី​ថ្ងៃទី​ ១៦ ខែ​កក្កដា​។ ក្នុងនោះ​មាន​រូបលោក​បាន​រងរបួស​ធ្ងន់ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ២ ​នាក់​ទៀត​ក៏​រងរបួស​ដែរ​។

លោក សូ រ៉ាត់ បញ្ជាក់​ថា​៖ «​យើងខ្ញុំ​ស្នើឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាត់​វិធានការ​លើ​ក្រុម​ជនសង្ស័យ​ទៅ​តាម​ផ្លូវច្បាប់ ព្រោះ​ពួកគាត់​បាន​ប្រើ​ហិង្សា​មកលើ​ពួកខ្ញុំ​យ៉ាង​កំរោល​។ ក្នុង​ហេតុការណ៍​ហ្នឹង​គឺ​មាន​តែ​ខ្ញុំ​ទេ ដែល​របួសធ្ងន់​ជាងគេ​គឺ​ត្រូវ​ ១ ​ពូថៅ​ចំ​ពីក្រោយ​ខ្នង​។ រីឯ​មន្ត្រី​ ២ ​នាក់​ទៀត​គាត់​ត្រូវចំ​ដៃ ជើង និង​ខ្លួន​ដែរ តែ​មិន​ធ្ងន់​ដូច​ខ្ញុំ​ទេ អ៊ីចឹង​ខ្ញុំ​ទាមទារ​រក​យុត្តិធម៌​»​។

លោក​ ឌួង សារ៉ន អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា តុលាការ​បាន​ទទួល​សំណុំ​រឿងនេះ​រួចហើយ​ដោយ​ខាង​អយ្យការ​កំពុង​ពិនិត្យ​ពី​ករណី​នេះ ប៉ុន្តែ​មិនទាន់​ចាត់វិធានការ​នៅឡើយ​ទេ​។

ចំណែក​លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ទេ​កាលពី​ម្សិលមិញ បន្ទាប់ពី​លោក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពី​ករណី​នេះ​កាលពី​ថ្ងៃទី​ ២៧ កក្កដា ដោយ​អះអាង​ថា កំពុង​ជាប់រវល់​ប្រជុំ ។

លោក តឹប ញាតា នាយរង​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ធំ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៧ កក្កដា ថា​ លោក​បានដឹង​ពី​ការដាក់​ពាក្យ​ប្ដឹង​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ទាំង​ ៣ ​នាក់​នេះ​។ ប៉ុន្ដែ​លោក​មិនបាន​ដឹង​ពី​ចំនួន​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​សំណុំ​រឿងនេះ​ទេ​។

លោក​ថា​៖ «​ខ្ញុំ​គិតថា បើ​តាម​សកម្មភាព​ដែល​យើង​សង្កេត​កន្លង​មក​នេះ គឺ​ពួកគាត់​មិនមែន​ជា​ពលរដ្ឋ​ខ្វះខាត​ត្រូវការ​ដី​ទេ គឺ​ពួកគាត់​ជា​អ្នកកាង​ដី​ឲ្យ​ក្រុម​ឈ្មួញ​ ១ ​ក្រុម​ទៀត ប៉ុន្ដែ​យើង​កំពុង​ស្រាវជ្រាវ ហើយ​ក្រុម​ឈ្មួញ​ទាំងនេះ មិន​គួរ​យក​ពលរដ្ឋ​មក​ធ្វើ​ជា​ឧបករណ៍​កាង​ដី​ឲ្យ​ពួកខ្លួន​បែបនេះ​ទេ​។

បើ​ពួកគាត់​ជា​អ្នក​គ្មាន​ដី​មែន គឺ​យើង​នឹង​គិតគូរ​កាត់​ឆ្វៀល​ដី​នេះ​ជូនទៅ​គាត់​ហើយ ប៉ុន្ដែ​គាត់​យក​ដី​ហ្នឹង​ទៅ​លក់​ឲ្យ​គេ​ផ្សេងទៀត​»​។

លោក​បាន​ឲ្យ​ដឹងថា មន្ត្រី​ឈ្មោះ អាំង ប៊ុនថា របួស​ជើង​ខាងស្ដាំ​ដោយសារ​ត្រូវ​ដំបង​ពលរដ្ឋ​គប់​។ រីឯ​លោក​ សូ រ៉ាត់ រងរបួស​ខ្នង​ធ្ងន់​ដោយ​ត្រូវ​នឹង​ពូថៅ​ដែល​គេ​គប់ ខណៈ​លោក​កំពុង​នៅក្នុង​រថយន្ត និង​ម្នាក់ទៀត មិន​ចាំ​ឈ្មោះ​ត្រូវ​ដៃ​ខាងឆ្វេង ប៉ុន្ដែ​មិន​ធ្ងន់ធ្ងរ​ទេ​។

លោក ឈិត ឃឿន មេឃុំ​បឹងល្វា​បាន​ឲ្យ​ដឹងថា ក្រុម​ពលរដ្ឋ​បាន​នាំគ្នា​មក​រស់នៅ​លើដី​នេះ​ចាប់តាំងពី​ឆ្នាំ​ ២០១៦ ប៉ុន្ដែ​លោក​មិនទាន់​ដឹងថា តើ​ដី​នេះ​ជា​របស់​រដ្ឋ ឬ​ដី​របស់​ពលរដ្ឋ​ទេ​? ​ព្រោះ​នៅទីនេះ​មិនទាន់​មាន​ការចុះបញ្ជី​ដី ឬ​បណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​ពួកគាត់​រស់នៅ​សព្វថ្ងៃ​នេះ​មិន​ទាន់​មាន​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​ទេ តែ​ពួកគាត់​រស់នៅ​យូរ​ឆ្នាំ​ដែរ​ហើយ​។ ខ្ញុំ​ក៏​មិនសូវ​ដឹង​ច្បាស់​ពី​សាវតារ​ដី​ហ្នឹង​ដែរ​។ ឥឡូវនេះ​អាជ្ញាធរ​ជំនាញ​កំពុង​ស្រាវជ្រាវ​សិន តែ​មិនទាន់​ដឹង​លទ្ធផល​ទេ​»​។

យ៉ាងណាក្ដី ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​ស្វែងរក​ប្រភព ដើម្បី​ទាក់ទង​ពលរដ្ឋ​ដែល​រង​ការប្ដឹង​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។

គួររំឭក​ថា កាលពី​ថ្ងៃទី​ ១៦ ខែ​ កក្កដា ឆ្នាំ​ ២០២០ ​នេះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចំនួន​ ៣ ​នាក់​ បាន​រងរបួស​​ធ្ងន់ និង​ស្រាល​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ចំនួន​ជាង​ ១០០ ​នាក់ ​នៅ​តំបន់​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​អន្លង់​ថ្ម​។ ​ករណី​នេះ​កើតឡើង​ក្នុង​ពេល​ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចំនួន​ ៣០ ​នាក់ ​កំពុង​ចុះទៅ​ដាំ​កូនឈើ ប៉ុន្ដែ​ពលរដ្ឋ​បាន​តវ៉ា​ដោយ​អះអាង​ថា ជា​ដី​របស់​ពួកគាត់​៕