ព្រះវិហារៈ ប្រធាន​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះ​​វិហារ​ឈ្មោះ គឹម ចេ​ត​ថា​វីត បាន​រត់គេចខ្លួន​ បន្ទាប់​ពី​​​បើកប​រ​​រថយន្ត​ក្នុង​ស្ថាន​​ភាព​ស្រវឹង ហើ​​យ​បាន​​បុក​សិស្សសាលា​ ៣ នាក់​ស្លាប់ ​កាលពី​រសៀល​ថ្ងៃទី ២៣ មិថុនា។ នេះ​បើតាម​មន្ត្រី​ប៉ូលិស​ស្រុក​ជាំក្សាន្ត។

លោក ម៉ៃ ពុត អធិការរង​ស្រុក​ជាំ​ក្សាន្ត​បាន​ប្រាប់​ភ្នំពេ​ញ​​ប៉ុស្ដិ៍​​កាល​ពី​ម្សិលមិញ​ថាករ​ណី​​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយ​​​​ន្ត​និង​ម៉ូតូ​នេះ បានកើត​ឡើង​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​ ៦៩ B ភូមិ​​​ស្រអែម​ត្បួុង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។​ បន្ទាប់​ពី​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​បុក​​សិស្សសាលា​ចំនួន ៣ នាក់​ស្លាប់​ ជនបង្ក​ដែល​អាជ្ញាធរ​ស៊ើ​ប​​ដឹងថា ​មានឈ្មោះ គឹម ចេ​ត​ថា​វីត នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ ​ស្រុក​ជាំ​ក្សាន្ត បាន​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​ ដោយ​មិន​បាន​នៅ​រង់ចាំ​ទទួល​ខុសត្រូវ​​ឡើយ។

លោក​​​ថា៖ «គា​ត់​​​អត់​ទាន់​បាន​បង្ហាញមុខ​ ចំពោះមុខ​ច្បាប់ ប៉ុន្តែ​ឈ្មោះ​ស្អី​ និង​ធ្វើការ​នៅ​ឯណា គេ​ស្គាល់​អស់ហើយ។ ការ​គេចខ្លួន​ហ្នឹង យើង​មិន​ទាន់​បាន​​កោះហៅ​អី​នៅឡើយ​ទេ ប៉ុន្តែ​រថយន្ត​ និង​ម៉ូតូ​ហ្នឹងយើង​យក​ទុក​នៅ​អធិការដ្ឋាន​ហើយ»។

លោក​បានបន្តថា ក្នុងចំណោម​សិស្សសាលា​ទាំង ៣ នាក់ ​ដែល​ស្លាប់​នេះ គឺ ២ នាក់​ស្លាប់​ នៅ​កន្លែងកើតហេតុ​ និង​ម្នាក់ទៀត​ស្លាប់​នៅពេល​បញ្ជូន​​ទៅ​ដល់​​មន្ទីរពេទ្យ ដែលមាន​ឈ្មោះ ចំរើន ណា​រុង អាយុ ១៧ ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​ទឹក​ក្រហម ឈ្មោះ កែវ​ ណារ៉ាត់ អាយុ ១៧ ឆ្នាំ រស់​នៅ​ក្នុងឃុំ​ជាំក្សាន្ត ឈ្មោះ ជូ ណាក់ អាយុ ១៦ ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​កន្ទួត។

លោក​ឲ្យ​ដឹង​ថា នៅមុន​​ពេល​កើតហេតុ ក្មេង​រង​គ្រោះ​​ទាំង ៣ ​នាក់​នេះបាន​ជិះ​ម៉ូតូ ​១​ គ្រឿ​ង​ម៉ាក Honda Dream ស៊េរី ២០១៨ ពណ៌​ខ្មៅ ស្លាក​លេខ​ព្រះវិហារ ១C-៧៥៥៥ ដឹក​​គ្នា បន្ទាប់ពី​បញ្ចប់​ការធ្វើ​ពលកម្ម​នៅ​សាលា​ ដោយ​ធ្វើ​ដំណើរ​ទៅ​ទិញ​ខោអាវ​កីឡា​នៅ​​​ផ្សារនិង​នៅពេល​ជិះ​ត្រឡ​ប់​​ពី​ផ្សារ​មក​ផ្ទះ​វិញ ក៏ត្រូវ​បាន​រថយន្ត​ម៉ាក Ford Ranger ពាក់​ស្លាកលេខ​ភ្នំពេញ ២ AY​-៩៥៩៥ បើក​បុក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា នៅពេល​រថយន្ត​នេះបើក​បត់​ឆ្លងផ្លូវ​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន ហើយ​បើតាម​មន្ត្រី​ជំនាញ​ចុះទៅ​វាស់វែង​នៅ​កន្លែង​កើតហេតុ អ្នក​បើកបរ​រថយន្ត​គឺមាន​ប្រើប្រាស់​គ្រឿង​ស្រវឹង។

លោក ឈឹម មេធា ប្រធាន​ផ្នែក​ចរាចរណ៍​ ​អធិការ​ដ្ឋាន​ស្រុក​ជាំ​ក្សាន្ត​​ថ្លែង​​ថា ភាគី​រថយន្ត​ជា​អ្នក​ខុស ព្រោះ​មុន​បើក​បត់​ឆ្វេង គឺ​ត្រូវ​រង់ចាំ​អ្នកបើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​គឺ​ភាគី​ខាង​ម៉ូតូ​បើក​ចេញ​ទៅឱ្យ​ផុត​មុន​សិន ទើប​អាច​បត់​បាន។

លោក​ថា៖ «ខ្ញុំ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ប៉ុន្តែ​មកដល់ពេល​នេះ គ្រួសារ​ជន​រងគ្រោះ​កំពុង​ធ្វើបុណ្យ​នៅ​ឡើយ ហើយ​ចាំមើល​ចប់​បុណ្យ ចាំ​ឱ្យ​ពួកគាត់​មក​រៀបចំ​ពាក្យ​បណ្ដឹង​ទៅ​តុលាការ»។

ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាច​​រណ៍​បុក​រត់​នេះ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះ​វិហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ​ទេ ប៉ុន្តែ​លោក​ថា នឹង​កោះហៅ​លោក គឹម ចេត​ថា​វីត​ដើម្បី​សាកសួរ​អំពី​រឿង​នេះ។

លោកបន្ត​​ថា៖ «ព្រោះ​សម្រា​ក​​ម្សិល​​មិញ​ អត់​ធ្វើការ ចាំមើល​ប្រជុំ​ធ្វើការ​នេះ​សិន ព្រោះ​ឥឡូវ​ក្ដាប់​អត់​ទាន់​បាន »។

លោក ឡោ ចាន់ មន្ត្រី​សម្រ​ប​សម្រួល​សមាគម​អាដ​ហុក​ខេ​ត្ត​ព្រះវិហារ​ ​ថ្លែង​​ថា ការ​បើកបរ​ដោយ​ស្រវឹង​ឬ​ដោយ​ការ​ធ្វេស​ប្រហែស​បណ្ដាលឱ្យមាន​អ្នក​ស្លាប់​គឺជា​បទល្មើស​មួយហើ​យ​​នៅពេល​រត់គេចខ្លួន​ពី​ការ​ទទួ​ល​ខុសត្រូវ គឺជាបទល្មើស​មួយ​ទៀត ដែល​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ​កាន់​តែ​ធ្ងន់ធ្ងរ។

លោ​ក​បញ្ជាក់​​ថា៖ «ពីព្រោះ​នៅពេល​គាត់​បើកបរ​បណ្ដាល​ឱ្យ​​អ្នកដទៃ​ស្លាប់ គាត់​ជាម​ន្ត្រី​រាជរដ្ឋាភិបាល គាត់​គួរណា​តែ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បា​ប់ ហើយ​មិន​គួរណា​រត់​គេច​ខ្លួន​បែប​នេះ​ទេ»៕