កំពង់ធំៈ មន្ត្រី​ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​កំពង់ធំ​បាននិង​កំពុង​ចុះ​សិក្សា​ស្រាវជ្រាវ​ និង​កំណត់​តំបន់​ព្រៃឈើ​សក្ដានុពល​សម្រាប់​វិស័យ​ទេសចរណ៍​ធម្មជាតិ​ក្នុង​តំបន់​សហគមន៍​ព្រៃឈើ​ព្រៃក្បាលបី​ស្ថិត​នៅ​ភូមិ​ក្បាលបី ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្ដ​កំពង់ធំ​។

លោក ប៊ុន សុទ្ធី នាយក​ស្ដីទី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា សហគមន៍​ព្រៃឈើ ព្រៃ​ក្បាលបី មាន​សក្តានុពល​សម្រាប់​វិស័យ​ទេសចរណ៍ ដោយសារ​មាន​វត្តមាន​សត្វស្លាប​ទឹក​ច្រើន​ប្រភេទ​កំពុង​ហិចហើរ​រស់នៅ និង​រក​ចំណី​ក្នុង​តំបន់​នេះ​។

លោក​បាន​ឲ្យ​ដឹងថា តំបន់​នេះ​ក៏មាន​ទូក​ម៉ាស៊ីន​សម្រាប់​ទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ចូល​ក្នុង​ព្រៃ​សហគមន៍ ដើម្បី​មើល​វត្តមាន​សត្វព្រៃ និង​អនុផល​ព្រៃឈើ​ច្រើន​ប្រភេទ​មាន​ក្យូស​សម្រាកលម្ហែ និង​ទទួលទាន​អាហារ​បែប​ធម្មជាតិ​មាន​ផ្លូវលំ​ដែល​អាច​ឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ចរាចរ​បាន​ទាំង​ប្រាំង និង​វស្សា​។

លោក សុទ្ធី បាន​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​យើង​មាន​រៀបចំ​ជា​ក្យូស​មួយ​ចំនួន​ហើយ សម្រាប់​ទេសចរ​សម្រាក​លម្ហែ និង​ទទួលទាន​អាហារ​បែប​ធម្មជាតិ​នៅតាម​មាត់ទឹក​។ ប៉ុន្ដែ​សហគមន៍​យើង​ចង់​ពង្រឹង​លើ​វិស័យ​អេកូទេសចរណ៍​នៅក្នុង​តំបន់​នេះ​បន្ថែមទៀត​»​។

លោក​បានឱ្យ​ដឹងថា បច្ចុប្បន្ន​នេះ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​កំពង់ធំ និង​សហគមន៍​កំពុង​កៀរគរ ការគាំទ្រ​បន្ថែម​ពី​រាជរដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ពង្រឹង​លើ​ផ្នែក​អេកូ​ទេសចរណ៍​បន្ថែមទៀត​ដូចជា​ដាំ​ដើមឈើ និង​ជួយ​ដល់​ប្រជាសហគមន៍​ឱ្យ​អាច​ធ្វើ​កសិកម្ម​បែប​ធម្មជាតិ​នៅ​សហគមន៍​ផ្ទាល់ ដូចជា​ការចិញ្ចឹម​មាន់ ត្រី និង​ឃ្មុំ​ជាដើម​។

លោក សុទ្ធី បាន​ឲ្យ​ដឹងថា​តំបន់​សហគមន៍​ព្រៃឈើ ព្រៃក្បាលបី​ដែល​កំពុង​ប្រែក្លាយ​ទៅជា​សហគមន៍​ទេសចរណ៍​នេះ​មាន​ផ្ទៃដី​ជាង ៨០០ ​ហិកតា​។ ទេសចរ​អាចមាន​ជម្រើស​ទៅ​ទស្សនា​តំបន់​កម្សាន្ត​តំបន់​នេះ​រហូត​ទៅដល់​ទំនប់ទឹក​បង្ហៀរ​ទំនប់ ១ ​មករា និង ៦ ​មករា​ដែលមាន​រៀបចំ​សម្ភារ​សម្រាប់​ហែល​ទឹក ហើយ​ជា​តំបន់​មួយ​ដែល​ស្ថិតនៅ​ជិត​ទីប្រជុំជន​។

លោក ចាន់ ហេង អ្នក​នាំពាក្យ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​រឿងនេះ​។ ខណៈ​លោក កែវ អូម៉ាលីស្ស អ្នកនាំពាក្យ​ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ​មិន​អាច​ទាក់ទង​បាន​កាលពី​ម្សិលមិញ​។

លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ដ​កំពង់ធំ​បាន​ថ្លែងថា គោលនយោ​របស់​ក្រសួង និង​មន្ទីរ​គឺ​គាំទ្រ​ឱ្យមាន​ការបង្កើត​តំបន់​ទេសចរណ៍​សហគមន៍​នៅតាម​មូលដ្ឋាន​បែបនេះ ហើយ​ក្នុង​ខេត្ដ​កំពង់ធំ​ក៏មាន​តំបន់​​ទេសចរណ៍​សហគមន៍​ជាច្រើន​កន្លែង​ទៀតផង​ដែរ​។

លោក​ថ្លែងថា​៖ «​យើង​តែងតែ​គាំទ្រ​ចំពោះ​ការអភិរក្ស និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍​នេះ​គឺ​យើង​ចង់ឱ្យ​ប្រជាសហគមន៍​រួមគ្នា​ធ្វើ​សកម្មភាព​បែបនេះ​ជា​បន្តទៀត​»​។

លោក ទូច នរ៉ា ប្រធាន​អង្គការ​ការពារ​ព្រៃឈើ សត្វព្រៃ និង​ធនធានធម្មជាតិ បាន​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋបាល​ព្រៃឈើ និង​សហគមន៍​ដែល​បាន​រួមគ្នា​អភិរក្ស និង​អភិវឌ្ឍ​តំបន់​សហគមន៍​ព្រៃឈើ ព្រៃក្បាលបី​ជា​តំបន់​អេកូទេសចរណ៍​។ សកម្មភាព​នេះ​គឺជា​សកម្មភាព​មួយ​ដ៏ល្អ​ក្នុង​ការជួយ​លើកកម្ពស់​ដល់​ជីវភាព​ពលរដ្ឋ​នៅ​សហគមន៍ និង​កាត់បន្ថយ​ការ​ទៅធ្វើ​ការងារ​ចំណាកស្រុក​។

លោក​បាន​បន្តថា​៖ «​សម័យនេះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាននាំ​គ្នា​ធ្វើ​ចំណាកស្រុក ហើយ​ការងារ​ស្រុក​នេះ​មិន​សូវ​បាន​ថវិកា​ច្រើន​ទេ ប៉ុន្ដែ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ទៅវិញ​។ សព្វថ្ងៃនេះ​ពលរដ្ឋ​មួយចំនួន​ទុកដាក់​កូនចៅ​នៅ​ជីដូន​ជីតា ហើយ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការងារ​ ឬ​បាត់​ដំណឹង​តែម្ដង​ក៏មានដែរ​។ ដូច្នេះ​ការបង្កើត​ការងារ​ដូចជា​សក្ដានុពល​ទេសចរណ៍​នេះ គឺ​ពិតជា​ការប្រសើរ​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​»៕