ភ្នំពេញៈ ក្រុមការងារច្បាប់របស់រដ្ឋាភិបាលកំពុងពិនិត្យលើនីតិវិធី និងអនុសញ្ញាអន្តរជាតិនានាពាក់ព័ន្ធនឹងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីឆ្លើយតបសំណើរបស់អង្គការសង្គមស៊ីវិលដែលបានស្នើសុំធ្វើវិសោធនកម្មច្បាប់នេះចំនួន ១៤ មាត្រា ខណៈសំណើទាំងនេះក្រុមការងារពិនិត្យឃើញថា មួយចំនួនមិនសមហេតុផល។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលស្តីអំពីការដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិលក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ៣០ សីហាថា ការសុំធ្វើវិសោធនកម្មច្បាប់ទាំង ១៤ មាត្រារបស់សង្គមស៊ីវិលនេះមានមាត្រាមួយចំនួនពាក់ព័ន្ធនឹងក្រសួងស្ថាប័នផ្សេងៗដែលទាមទារឱ្យមានការផ្ដល់យោបល់បន្ថែម។
លោកថ្លែងថា៖ «ឆ្លងកាត់កិច្ចប្រជុំរួមជាមួយអន្តរក្រសួងកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះក្រុមការងាររដ្ឋាភិបាលត្រូវការសិក្សាស្រាវជ្រាវបន្ថែមទៀតលើច្បាប់ជាតិ និងអន្តរជាតិដើម្បីដាក់របាយការណ៍ជូនរដ្ឋាភិបាល។ សំណើរបស់អង្គការសង្គមស៊ីវិលទាំងនេះមានចំណុចមួយចំនួនមិនសមហេតុផលទៅនឹងបញ្ហាដែលសង្គមស៊ីវិលលើកឡើងជាទឡ្ហីករណ៍»។
លោកឱ្យដឹងថា បច្ចុប្បន្នគ្រប់ក្រសួង ស្ថាប័ន បានទទួលសំណើរបស់សង្គមស៊ីវិលដែលស្នើសុំធ្វើវិសោធនកម្មទាំង ១៤ មាត្រានោះហើយ។ ក្រសួងស្ថាប័ននីមួយៗស្នើសិក្សាស្រាវជ្រាវបន្ថែមទៅលើសំណើទាំងនោះ ព្រោះមាត្រាដែលស្នើសុំកែនោះពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងស្ថាប័នទាំងអស់ ដែលបាននិងកំពុងអនុវត្ដកន្លងមក។
លោក ប៊ុន ហុន ថ្លែងថា៖ «សម្រាប់ខ្ញុំជាប្រធានក្រុមការងារនេះខ្ញុំបានស្នើឱ្យក្រសួងស្ថាប័នដែលជាសមាជិកក្រុមការងារ ពិនិត្យស្រាវជ្រាវឱ្យបានល្អិតល្អន់ ដើម្បីជាមូលដ្ឋានដាក់របាយការណ៍ទៅប្រមុខរាជរដ្ឋាភិបាល»។ លោកថា កិច្ចការងារនេះត្រូវធ្វើឡើងដោយមានមូលដ្ឋានច្បាស់លាស់។ បើការធ្វើវិសោធនកម្មលើមាត្រាមួយណា គឺត្រូវពិនិត្យលើច្បាប់ បទដ្ឋានអន្តរជាតិ និងអនុសញ្ញាអន្តរជាតិ ថាតើចំណុចណាមួយដែលចែងទើបត្រូវធ្វើវិសោធនកម្ម។
លោកថា៖ «កម្ពុជាយើងតែងតែពង្រឹងទៅលើការអនុវត្ដច្បាប់រួមជាមួយនឹងការធានាបាននូវសុខសន្ដិភាពរបស់បុគ្គល។ ដូច្នេះយើងត្រូវធានាឱ្យបានច្បាស់លាស់លើបញ្ហានេះ។ ខ្ញុំចង់បញ្ជាក់ថា ក្រុមការងារមិនអាចចេះតែសម្រេចដោយគ្មានហេតុផល ឬក៏លើករបាយការណ៍ជូនទៅរាជរដ្ឋាភិបាលដោយគ្មានហេតុផលនោះទេ គឺត្រូវមានមូលដ្ឋានជាក់លាក់ថា អង្គការសង្គមស៊ីវិលស្នើសុំធ្វើវិសោធនកម្មនោះមានមូលហេតុបែបណាខ្លះ»។
កាលពីថ្ងៃទី ៦ ខែកក្កដា ក្រុមការងាររបស់រាជរដ្ឋាភិបាលបានបញ្ចប់កិច្ចប្រជុំលើកចុងក្រោយជាមួយក្រុមអង្គការសង្គមស៊ីវិលជាតិ ក្រោយពីប្រជុំជាមួយគ្នាចំនួន ៦ លើកចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០។ ក្រោយបញ្ចប់កិច្ចប្រជុំនេះ សង្គមស៊ីវិលបានស្នើសុំធ្វើវិសោធនកម្មលើមាត្រាចំនួន ១៤ នៃច្បាប់ស្ដីពីសមាគម និងអង្គការនេះ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងថា៖ «មាត្រាទាំង ១៤ ដែលអង្គការសមាគមបានលើកឡើងទៅក្រុមការងាររបស់រដ្ឋាភិបាលនាពេលកន្លងមកនោះ គឺវាប៉ះពាល់នឹងជាបន្ទុកធ្ងន់ធ្ងរទៅដល់លម្ហសិទ្ធិសេរីភាពនៃការបង្កើតសមាគម និងអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាការអនុវត្ដសកម្មភាព និងប្រតិបត្ដិការក្នុងកិច្ចការងារលើកកម្ពស់ដំណើរការប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គមជាដើម»។
លោក ចន្ទរឿន បន្តថា ដូច្នេះអ្វីដែលអង្គការសង្គមស៊ីវិលលើកសំណើនេះ ដើម្បីជួយសម្រួលកុំឱ្យច្បាប់នេះក្លាយទៅជាបន្ទុកដែលដាក់សម្ពាធទៅលើអង្គការសង្គមស៊ីវិល មិនអាចមានសិទ្ធិសេរីភាព គ្រប់គ្រាន់ក្នុងការអនុវត្ដកិច្ចការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពប្រសិទ្ធផលមានស្វ័យភាព និងឯករាជភាពរបស់ខ្លួនបាន។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ និងជាសមាជិកក្រុមការងារអន្តរក្រសួងដែលបានប្រជុំពិភាក្សាលើមាត្រាទាំង ១៤ ថ្លែងថា សំណើធ្វើវិសោធនកម្មច្បាប់របស់អង្គការសង្គមស៊ីវិលនេះ គឺផ្ដោតទៅលើផលប្រយោជន៍ សេរីភាព សិទ្ធិ ឯករាជភាព និងស្វ័យភាពរបស់ក្រុមខ្លួនជាធំ។
លោកថ្លែងថា៖ «ប៉ុន្ដែចំពោះការទទួលខុសត្រូវគឺពួកគាត់មិនចង់បានទេ។ ពួកគាត់ចង់បានតែសិទ្ធិសេរីភាព ឯករាជភាព។ ក្នុងនោះពួកគាត់ចង់ធ្វើអ្វីស្រេចតែចិត្ដដោយគ្មានការត្រួតពិនិត្យ និងមិនមានការទទួលខុសត្រូវអ្វីទាំងអស់។ ក្នុងនោះមានដូចជា តម្លាភាពផ្នែកហិរញ្ញវត្ថុ តម្លាភាពផ្នែកសកម្មភាពដែលពួកគាត់ត្រូវធ្វើរបាយការណ៍ជូនរដ្ឋាភិបាល ដោយសុំមិនធ្វើការងារទាំងនេះ»៕