ភ្នំពេញៈ អ្នកវិភាគ និង​ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ លោក ដៀប សុផល ថ្លែងថា ការផ្អាក ២០ ​ភាគរយ​នៃ EBA ដោយ​សហភាព​អឺរ៉ុប​បាន​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ផ្លូវចិត្ត តែ​ប៉ះពាល់​តិចតួច​ដល់​សេដ្ឋកិច្ច​កម្ពុជា ខណៈ​មន្ត្រី​រដ្ឋាភិបាល​ថ្លែងថា កម្ពុជា​បាន​ត្រៀមខ្លួន​សម្រាប់​ការបាត់បង់ EBA រហូតដល់ ១០០ ​ភាគរយ​។

លោក ដៀប សុផល សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​ថ្លែង​កាលពី​ថ្ងៃទី​ ២៨ ​សីហា​ថា ការផ្អាក​ EBA ២០ ​ភាគរយ​ដោយ​សហភាព​អឺរ៉ុប ប៉ះពាល់​តិចតួច​លើ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​លោក​យល់ថា ការផ្អាក​នេះ​គឺជា​រឿង​ឈឺចាប់ និង​ប៉ះពាល់​ខ្លាំង​ដល់​ផ្លូវចិត្ត​។ ប្រតិកម្ម​របស់លោក​ធ្វើឡើង​បន្ទាប់ពី​ការផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ​ដោយ​សហភាព​អឺរ៉ុប​បាន​ចូល​ជាធរមាន កាលពី​ថ្ងៃទី​ ១២ សីហា​ កន្លងទៅ​ដែល​ធ្វើ​ឲ្យ​ការនាំ​ទំនិញ​ពី​កម្ពុជា​ចូល​ទីផ្សារ​អឺរ៉ុប​ចំនួន ៤០ មុខ មាន​ទឹកប្រាក់​ជាង ១ ០០០ ​លាន​អឺរ៉ូ​ ក្នុង​ ១ ​ឆ្នាំ​ត្រូវ​បង់ពន្ធ​។

លោក​បាន​ថ្លែង​ក្នុង​កម្មវិធី​តុមូល​រៀបចំ​ដោយ​រាជបណ្ឌិត្យ​សភា​កម្ពុជា​កាលពី​ថ្ងៃទី​ ២៨ ​សីហា​ ថា​៖ «​រឿង​មួយ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហាក់ដូចជា​ឈឺចាប់ រឿង​កាត់ EBA នេះ វា​គ្មាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប៉ុន្មាន​ទេ ២០ ​ភាគរយ​ហ្នឹង បើសិន​ជា​គិតពី​ទំហំ​សេដ្ឋកិច្ច​របស់​យើង​សព្វថ្ងៃ ក៏ប៉ុន្តែ​ប៉ះពាល់​ផ្លូវចិត្ត​។ ប៉ះពាល់​ផ្លូវចិត្ត​យ៉ាងម៉េច​? កាត់ EBA ២០ ​ភាគរយ​ ដោយសារ​តែ​គេ​ចង់​ឲ្យ​យើង​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ​មួយ​ដែល​គេ​បាន​ផ្ដល់​អនុសាសន៍​»​។

លោក​បន្តថា​៖ «​ប៉ុន្តែ​យើង​មិន​ឱនក្បាល​ទេ ហើយ​អ្នកណា​គេ​ដែល​ទាមទារ​ឲ្យ​កាត់ EBA នេះ​គឺ​ពួក​អតីត​គណបក្សប្រឆាំង ទាមទារ​ឲ្យ​កាត់ ហើយ​ពួក​ហ្នឹង​បានធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​ក្នុង​លក្ខណៈ​មួយ​ធ្វើឲ្យ​សង្គម​អនាធិបតេយ្យ​។ បាតុកម្ម​ឆ្នាំ​ ២០១៣ ធ្វើឲ្យ​សង្គម​ឡើង​វ៉ល់ ហើយ​ទីបំផុត​ឈាន​ទៅ​ការរំលាយ​គណបក្ស​ហ្នឹង​ចោល​»​។

លោក សុផល ថ្លែង​ថា​អំពើ​ល្អ​របស់​កម្ពុជា​ហាក់ដូចជា​មិនត្រូវ​បាន​សហភាព​អឺរ៉ុប​មើលឃើញ ដូចជា​ការអនុញ្ញាត​ឲ្យ​នាវា Westerdam ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ​បន្ទាប់ពី​ប្រទេស​ជាច្រើន​បាន​បដិសេធ និង​ការបញ្ជូន​ទាហាន​មួក​ខៀវ​ទៅ​ចូលរួម​រក្សា​សន្តិភាព​នៅ​ប្រទេស​ដែល​កំពុងមាន​សង្គ្រាម​។ កម្ពុជា​បាន​បំពេញ​តួនាទី​អន្តរជាតិ​ច្រើន​រួមមាន​ការបញ្ជូន​កងទ័ព​ជិត ១ ម៉ឺន​នាក់​ ទៅ​ចូលរួម​រក្សា​សន្តិភាព​នៅក្នុង​ប្រទេស​ដែល​កំពុង​ច្បាំង​គ្នា​ដែល​ក្នុង​បេសកកម្ម​នោះ ទាហាន​កម្ពុជា​សរុប​ជិត ២០ ​នាក់​បាន​បាត់បង់​ជីវិត​។

លោក​បាន​ថ្លែងថា​៖ «​ម៉េច​ក៏​មើលមិនឃើញ​សន្ដាន​ចិត្ត​របស់​ខ្មែរ​? អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​ចេះតែ​នឹក​ឃើញថា អាច្បាប់​សិទ្ធិមនុស្ស​ជា​ច្បាប់​ការពារ​ជនឧក្រិដ្ឋ ឬ​មួយ​ច្បាប់​ការពារ​មនុស្ស​ទូទៅ​? បើ​វា​ធ្វើអំពើ​មួយ​ឧក្រិដ្ឋ​ធ្វើ​ឲ្យ​សង្គម​ចលាចល​ហើយ យក​រឿង​ហ្នឹង​ទៅ​ការពារ តើ​មាន​ន័យថា​ម៉េច​? នេះ​ជា​រឿង​មួយ​»​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ពី​​ថ្ងៃអាទិត្យ​ថា តាមពិត​ការផ្អាក​ត្រឹម​ ២០ ​ភាគរយ​នេះ ប្រហែល​ជា​មាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា បើសិន​ជា​គ្មាន​បញ្ហា​កូវីដ​១៩​ទេនោះ​។ ផលប៉ះពាល់​នេះ​បាន​បាត់​ទៅវិញ ព្រោះ​ថា ពលរដ្ឋ​នៅ​អឺរ៉ុប​ផ្អាក​ទិញ​សម្លៀកបំពាក់ និង​ស្បែកជើង​ថ្មី​ដោយសារ​តែ​ភាគច្រើន​ពួកគេ​សម្រាក​នៅផ្ទះ​។ លោក​យល់ថា ការផ្អាក​នេះ គឺជា​ការតថ្លៃ​ផ្នែក​នយោបាយ​ដែល​សហភាព​អឺរ៉ុប​ចង់បាន​ប៉ុណ្ណោះ​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែងថា រដ្ឋាភិបាល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធ​នានា បានចេញ​គោលនយោបាយ និង​អនុវត្ត​គោលនយោបាយ​ដែល​បាន​ដាក់ចេញ​ទាំងនោះ​។ គោលការណ៍​សំខាន់​គឺ​ការធ្វើកំណែទម្រង់​តាម​វិស័យ​នានា​។

លោក​មានប្រសាសន៍​ថា​៖ «​យើង​កាត់បន្ថយ​នូវ​របាំង​ផ្សេងៗ លម្អ​បរិស្ថាន​វិនិយោគ​ជាដើម ដើម្បី​ជួយ​ធ្វើយ៉ាងណា​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ និង​ផ្ដល់​ភាពអនុគ្រោះ និង​ការធ្វើ​ពិពិធកម្ម​ដល់​មុខ​ទំនិញ​ផ្សេងៗ​ទៀត មិន​សំដៅ​លើ​តែ​វិស័យ​កាត់ដេរ​ប៉ុណ្ណោះ​ទេ​»​។

លោកស្រី Cindy Cao អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​អឺរ៉ុប​សម្រាប់​ការសិក្សា​អាស៊ី យល់ឃើញ​ថា ការផ្អាក ២០ ​ភាគរយ​នៃ EBA នេះ គឺជា​ការដាក់​ទណ្ឌ​កម្ពុជា​ដែល​បាន​រំលោភ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ លោកស្រី​ថា សារ​របស់ EU គឺ​ចង់​ប្រាប់​ដល់​ពិភពលោក​ថា កម្ពុជា​បាន​រំលោភ​បទដ្ឋាន​អន្តរជាតិ​ហើយ​វា​ក៏​ជា​សារ​មួយ​ប្រាប់​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា សហភាព​អឺរ៉ុប​មិន​អត់ឱន​ដល់​អាកប្បកិរិយា​របស់​រដ្ឋាភិបាល​ទេ​។

លោកស្រី​យល់ឃើញ​ថា ការផ្អាក EBA ២០ ​ភាគរយ​នេះ បង្កើតបាន​នូវ​បណ្ដុំ​គំនិត​មួយ​ដែល​រិះគន់​ដល់​ការអនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​។ លោកស្រី​បាន​ថ្លែងថា​៖ «​មនុស្ស​ជាច្រើន​យល់ស្រប​ថា​រដ្ឋាភិបាល​បាន​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ​។ កេរ្តិ៍ឈ្មោះ​អវិជ្ជមាន​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​នឹង​បន្ត​មាន​រហូត​ដល់​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ការរីកចម្រើន​ដែល​អាច​វាស់វែង និង​អាច​មើលឃើញ​។ បើសិន​ជា​មាន​ការរឹតត្បិត​កាន់តែខ្លាំង វា​នឹង​កាន់តែ​អាក្រក់​ជាង​មុន​»​។

ប៉ុន្ដែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​បាន​ត្រៀមខ្លួន​ប្រឈម​នឹង​ផលប៉ះពាល់​នៃ​ការផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង​មិន​ត្រឹមតែ​ ២០ ​ភាគរយ​នេះ​ទេ​។ ការបាត់បង់ EBA នេះ​ដោយសារ​តែ​ប្រាក់ចំណូល​របស់​ពលរដ្ឋ​កម្ពុជា​មាន​កំណើន​ដល់​ជាង​ ១ ៥០០ ​ដុល្លារ​ ក្នុង​មនុស្ស​ម្នាក់​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​អ្វី​ជា​ការរំពឹងទុក​របស់​កម្ពុជា​គឺ​បាត់បង់​ទាំងស្រុង មិនមែន​បាត់បង់​តែ​ ២០ ​ភាគរយ​ទេ ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​របស់​យើង​ដែល​យើង​បាន​ត្រៀមលក្ខណៈ​រួចស្រេច ហើយ​ការបាត់បង់ EBA នេះ​ជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា​។ ២០ ​ភាគរយ​នេះ​គឺជា​ការរៀបចំ​ខ្លួន​ធ្វើ​យ៉ាងម៉េច ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ពាណិជ្ជកម្ម​របស់​ខ្លួន​។ នេះ​ជា​ការរៀបចំខ្លួន​មួយ​ដែល​ខ្លួន​ទីពឹង​ខ្លួន​»​។

លោក​បាន​បន្តថា​៖ «​យើង​ត្រូវ​ពិចារណា​រឿង​មួយ មនុស្ស​ខ្លះ​ច្រើនតែ​ប្រទេចផ្ដាសា​រដ្ឋាភិបាល​អំពី​ជំនួយ​ពី​បរទេស​។ អាស្រ័យ​ហេតុដូច្នេះ ការអនុគ្រោះ​ពី​បរទេស​ត្រូវ​បាន​បញ្ចប់ យើង​មាន​សេចក្ដី​រីករាយ​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​របស់​យើង​នូវ​កម្លាំង បញ្ញា ពុទ្ធិ របស់​យើង ដើម្បី​រក្សា​អ្វី​ដែលជា​មុខមាត់ ក៏ដូចជា​អធិបតេយ្យភាព​របស់​យើង ដែល​យើង​មិនត្រូវ​ទោរទន់​យក​អធិបតេយ្យភាព​របស់​យើង​ទៅ​ដូរ​ដាច់ខាត​»៕