ភ្នំពេញៈ ស្ថាន​បេសកម្ម​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​ និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ​កាលពី​ម្សិលមិញ​បាន​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​លោកស្រី រ៉ូណា ស្ម៊ីត ដែល​បាន​លើកឡើង​ពី​ក្ដីកង្វល់​របស់​លោកស្រី​អំពី​ការចាប់ខ្លួន​សកម្មជន​បរិស្ថាន និង​បុគ្គល​មួយចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​បទ​ «​ញុះញង់​»​។

ប្រតិកម្ម​នេះ​កើតមានឡើង បន្ទាប់ពី​លោកស្រី​ ស្ម៊ីត ​អ្នករាយការណ៍​ពិសេស​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ៨ ខែកញ្ញា បានបង្ហាញ​ក្ដីកង្វល់​ចំពោះ​ការចាប់ខ្លួន​ «​សកម្មជន​បរិស្ថាន​» ៣ ​រូប​ ពី​បទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បង្កើត​ភាពវឹកវរ​នៅក្នុង​សង្គម និង​បុគ្គល​មួយចំនួន​ទៀត រាប់ទាំង​ព្រះសង្ឃ​ ១ ​អង្គ​ផង​។

លោកស្រី ស្ម៊ីត និយាយ​ថា លោកស្រី​ក៏បាន​តាមដាន​យ៉ាង​ដិតដល់​នូវ​របាយការណ៍​ដែលថា អង្គការ​សង្គមស៊ីវិល​ចំនួន​ ៧ ​ផ្សេង​គ្នា​ត្រូវ​បាន​សមត្ថកិច្ច​ឆែកឆេរ និង​ជូនដំណឹង​អំពី​ការផ្អាក​មិន​ឲ្យ​អ្នក​ផ្សេង​ចូល​ទៅក្នុង​អង្គការ​ទាំងនោះ​ចាប់​តាំងពី​សប្តាហ៍​មុន​។

លោកស្រី​ថ្លែង​ដូច្នេះ​ថា​៖ «​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញមតិ បង្កើត​សមាគម និង​ការជួបជុំ​ដោយ​សន្តិវិធី​ត្រូវ​បាន​ការពារ​ដោយ​និយាម​ និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ក៏​ដូចជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផងដែរ​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា ធានា​ថា​សិទ្ធិ​ទាំងនេះ​ត្រូវ​បាន​គោរព និង​ការពារ ហើយ​បង្កើត​បរិយាកាស​មួយ​ដែល​បុគ្គល​ម្នាក់ៗ​អាច​អនុវត្ត​សិទ្ធិ​ទាំងនេះ​»​។ «​ខ្ញុំ​សូម​ជំរុញ​ឲ្យ​បញ្ជូន​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនោះ​ទៅ​តុលាការ ហើយ​ត្រូវគោរព​ឲ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​ទទួល​បាន​នីតិវិធី​ត្រឹមត្រូវ​របស់​ពួកគេ​។ ខ្ញុំ​កំពុង​តាមដាន​ព្រឹត្តិការណ៍​ទាំងនេះ​យ៉ាង​ដិតដល់​នៅក្នុង​ប្រទេស​កម្ពុជា​»​។

ប៉ុន្តែ​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ដោយ​ជំរុញ​ឲ្យ​លោកស្រី ស្ម៊ីត គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រម​សីលធម៌ និង​សៀវភៅ​ណែនាំ​ស្ដីអំពី​ប្រតិបត្តិការ​របស់​អ្នក​កាន់​អាណត្តិ​នៃ​នីតិវិធី​ពិសេស​នេះ​។

ស្ថាន​បេសកកម្ម​កម្ពុជា​លើកឡើង​ថា ខ្លួន​ត្រូវបាន​រំខាន​ដោយ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​លោកស្រី ស្ម៊ីត​។ កម្ពុជា​គោរព និង​ផ្ដល់​តម្លៃ​ចំពោះ​សេរីភាព​បញ្ចេញមតិ បង្កើត​សមាគម និង​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ដែល​ស្របតាម​ច្បាប់ ហើយ​យល់ដឹង​ច្បាស់​ថា ពហុយោបល់ រួមទាំង​ទស្សនៈ​រិះគន់ គឺ​មាន​សារៈសំខាន់​ចំពោះ​ដំណើរការ​អភិវឌ្ឍ​ប្រទេស​។ ប៉ុន្តែ​សេរីភាព​នេះ​ក៏​មិន​ត្រូវ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​អ្នកដទៃ​ឡើយ​។ ស្ថាន​បេសកកម្ម​បន្តថា ជា​ការកត់សម្គាល់ លោកស្រី​ស្ម៊ីត មិន​ធ្លាប់​បាន​សង្កត់ធ្ងន់​ឲ្យ​បាន​គ្រប់គ្រាន់​ថា ការអនុវត្ត​សេរីភាព​បញ្ចេញមតិ​បង្កើត​សមាគម និង​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ត្រូវ​មាន​ករណីយកិច្ច និង​ការទទួល​ខុសត្រូវ​។ «​ការខកខាន​មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ដោយ​ចេតនា មិន​ត្រឹមតែ​បង្ក​ឲ្យ​សាធារណជន មាន​ការភាន់ច្រឡំ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ក្រុមខ្លះ​ដែល​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការកេងចំណេញ​ពី​ស្ថានភាព​​បែប​នេះ សម្រាប់​របៀបវារៈ​លាក់​បាំង​របស់​ពួកគេ​»​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែងថា វា​ជា​រឿង​ធម្មតា​ដែល​លោកស្រី ស្ម៊ីត លើកឡើង​ពី​ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រោះ​វា​ជា​កាតព្វកិច្ច និង​អាណត្តិ​របស់​លោកស្រី​ក្នុង​នាម​ជា​អ្នក​រាយការណ៍​ពិសេស​របស់ UN ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

លោក​បន្តថា សារ​របស់​លោកស្រី​មិន​បាន​ចោទប្រកាន់​វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​ថា ជា​ការរំលោភបំពាន​សិទ្ធិមនុស្ស​នោះ​ទេ គឺ​គ្រាន់តែ​លើក​ពី​គោលការណ៍​ទូទៅ​នៃ​សិទ្ធិមនុស្ស ដែល​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​គោរព​ការពារ និង​បំពេញ ដើម្បី​ធានា​ថា ពលរដ្ឋ​អាចអនុវត្ត​សិទ្ធិ​របស់ខ្លួន​បាន​ដោយ​សេរី និង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​។ «​ការដែល​លោកស្រី​ជំរុញ​ឲ្យ​សមត្ថកិច្ច​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​សរបញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា លោកស្រី​គាំទ្រ និង​យល់ច្បាស់​នូវ​វិធានការ​ច្បាប់​របស់​រដ្ឋាភិបាល​ចំពោះ​អ្នក​ដែល​អនុវត្ត​សិទ្ធិ​ដោយ​បំពាន និង​ឈាន​ទៅ​ការប្រព្រឹត្ត​បទល្មើស ដែល​ជន​ជាប់ចោទ​ត្រូវ​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់ និង​ត្រូវ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​តុលាការ​ដើម្បី​ការពារ​ខ្លួន​តតាំង​ជាមួយ​សមត្ថកិច្ច​ដែលមាន​មូលដ្ឋាន​ច្បាប់​រឹងមាំ​ក្នុង​ការចោទប្រកាន់​»​។

លោក​ថា ការចូលរួម​ក្នុង​នីតិវិធី​របស់​តុលាការ​ជា​មធ្យោបាយ​ស្របច្បាប់​តែ​ ១ ​គត់​ក្នុង​ការការពារ​ជនជាប់ចោទ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ នីតិរដ្ឋ ជា​ជាង​ការជួបជុំ​តវ៉ា​បែប​អនាធិបតេយ្យ ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ឲ្យ​ធ្វើការ​ដោះលែង​ ឬ​ទម្លាក់ចោល​បទចោទ​ទាំង​បំពាន​ច្បាប់រដ្ឋធម្មនុញ្ញ គោលការណ៍​ប្រជាធិបតេយ្យ​នីតិរដ្ឋ​។

គិត​ចាប់ពី​ចុង​ខែ​កក្កដា​មក​មាន​ការប្រមូល​ផ្ដុំគ្នា​ជា​បន្តបន្ទាប់ នៅមុខ​តុលាការ​ភ្នំពេញ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ញុះញង់​ពាក់ព័ន្ធ​នឹង​ការអត្ថាធិប្បាយ​រឿង​ព្រំដែន​ថា​កម្ពុជា​បាត់​ដី​ទៅ​វៀតណាម​ដោយសារ​ការបោះបង្គោល​ព្រំដែន​។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថ្លែង​ពី​ម្សិលមិញ​ថា មនុស្ស​សរុប​ ១៤ ​នាក់​បូករួម​ទាំង​លោក រ៉ុង ឈុន ផង ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការញុះញង់ ហើយ​មនុស្ស​ ៦ ​នាក់​ផ្សេងទៀត​ត្រូវ​បាន​អប់រំ និង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ក្រៅពីនេះ​មាន​ ២ ​នាក់​ទៀត​ដែល​ត្រូវ​ចាប់ខ្លួន និង​ចលនា​ប្រឆាំង​គឺ​ឈ្មោះ គា សុគន្ធ ដែល​បាន​និពន្ធ​ចម្រៀង​ជេរប្រមាថ​រដ្ឋាភិបាល និង​នារី​ម្នាក់​ឈ្មោះ ប៉ែន មុំ ដែល​ជាប់ចោទ​បទរួមគំនិត​ក្បត់​។ ប៉ែន មុំ ត្រូវ​បាន​តុលាការ​ខេត្តកំពត​ចេញ​ដីកា​ចាប់ខ្លួន និង​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ ៥ ​ឆ្នាំ​ពី​ម្សិលមិញ​។ នេះ​បើ​តាម​លោក គឹមខឿន៕

វីដេអូ៖