ភ្នំពេញៈ ក្រុមមន្ត្រីរដ្ឋាភិបាលបានលើកអំណះអំណាងការពារសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលថា ស្របតាមច្បាប់ជាតិ អន្តរជាតិ និងគោលការណ៍នីតិរដ្ឋ មិនមែនជាការរឹតត្បិតសេរីភាពមូលដ្ឋានឡើយតែក៏ទទួលស្គាល់នូវការរិះគន់លើសេចក្តីព្រាងច្បាប់នេះដោយសន្យានឹងលើកយកមាត្រាមួយចំនួនទៅពិចារណាដើម្បីកែសម្រួល និងតាក់តែងឲ្យបានច្បាស់លាស់ជាងនេះ។
ការអះអាងនេះធ្វើឡើងក្នុងបទបង្ហាញដែលជាការបកស្រាយ និងឆ្លើយបំភ្លឺតបទៅនឹងក្តីបារម្ភរបស់ភាគីពាក់ព័ន្ធទៅនឹង «សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល» ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិមួយក្នុងមន្ទីររដ្ឋសភាកាលពីម្សិលមិញដោយមានការចូលរួមបញ្ចេញមតិ និងមានការចោទសួរពីតំណាងអង្គទូត អង្គការសង្គមស៊ីវិល សមាគម សហគមន៍ដីធ្លី និងនិស្សិតផងដែរប៉ុន្តែតាមការកត់សម្គាល់ការលើកជាយោបល់ និងសំណួរ គឺមានរយៈពេលត្រឹមតែ ២ ទៅ ៣ នាទីប៉ុណ្ណោះ។
ក្នុងវគ្គឆ្លើយសំណួរ លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថាដំណាក់កាលតាក់តែងសេចក្តីព្រាងច្បាប់នេះក្រុមការងាររបស់រដ្ឋាភិបាលធ្លាប់បានបន្ធូរបន្ថយ និងកាត់ចោលមាត្រាមួយចំនួនដើម្បីសម្រួលដល់លក្ខខណ្ឌបង្កើតអង្គការមិនមែនរដ្ឋាភិបាល និងសមាគមតែយ៉ាងណាក៏ដោយ លោក ស្វាគមន៍នូវសំណើ និងការរិះគន់ជាថ្មីនេះដើម្បីលើកទៅគណៈកម្មការសភាពិចារណាកែសម្រួល។
លោកថា៖ «ខ្ញុំសុំលើកយកមាត្រា ៥, ៦ និង ៨ សម្រាប់មាត្រា ៥ ស្តីពីស្ថាបនិកបង្កើតអង្គការ សមាគម ចំណុចនេះក្រុមការងារបានពិគ្រោះហើយនិងលើកយកទៅពិចារណាក៏មានមាត្រា ៦ ទីស្នាក់ការកណ្តាល និងមាត្រា ៨ រឿងក្រសួងមហាផ្ទៃអាចស្នើបដិសេធចុះបញ្ជីសមាគម និងអង្គការដែលមានបង្កនូវផលប៉ះពាល់សង្គម»។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ បានឲ្យដឹងថាក្នុងចំណោមមតិយោបល់ចម្រុះដែលមានការគាំទ្រ ការមិនគាំទ្រ និងការទាមទារពន្យល់បន្ថែមលើសេចក្តីព្រាងច្បាប់នេះលោកគិតថាអ្នករាល់គ្នាសុទ្ធតែចង់ឲ្យកម្ពុជាគោរពតាមគោលការណ៍នីតិរដ្ឋដើម្បីធានាការពារសិទ្ធិមនុស្សគ្រប់រូបហេតុដូច្នេះ នេះជាពេលវេលាសមស្របមួយដែលគួរតែមានច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។
លោកក៏បានចោទសួរក្នុងសិក្ខាសាលាវិញថា៖ «តើដល់ពេលត្រូវមានច្បាប់ឬនៅ? ហេតុអ្វីបានជាច្បាប់នេះមិនមានយូរមកហើយរហូតដល់ឥឡូវ? តើក្នុងពិភពលោកនេះប្រទេសណាដែលមានច្បាប់នេះប្រហែលជាកម្ពុជាស្ថិតក្នុងចំណោមប្រទេសភាគតិចដែលគ្មានច្បាប់នេះ។ អ្វីដែលជាក្តីបារម្ភគឺក្រុមការងារបានតាមដាន និងពិចារណាជានិច្ចយើងពិនិត្យឃើញថាការតម្រូវឲ្យមានច្បាប់គឺសំខាន់តែអ្វីដែលចាំបាច់ គឺខ្លឹមសារនៃច្បាប់»។
ជាមួយគ្នានេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឆ្លើយតបនឹងក្តីបារម្ភរបស់សហគមន៍មូលដ្ឋានដោយគូសបញ្ជាក់ថាច្បាប់ថ្មីនេះមិនមានវិសាលភាពគ្របដណ្តប់លើសហគមន៍មូលដ្ឋាននោះទេ។
លោកថា៖ «ច្បាប់របស់យើងមិនតឹងរ៉ឹងនោះទេបើសហគមន៍ណាគ្រាន់តែចងក្រងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងការធ្វើសកម្មភាពគឺច្បាប់មិនគ្របដណ្តប់ទេខ្ញុំសូមអំពាវនាវដល់សហគមន៍មូលដ្ឋានកុំព្រួយបារម្ភលើរឿងនេះតែបើសហគមន៍ចង់មានឋានៈផ្លូវច្បាប់គាត់អាចរៀបចំបែបបទចុះបញ្ជីដើម្បីទទួលបានការការពារដោយច្បាប់នេះផងដែរ»។
ទាក់ទិននឹងរឿងដែលតម្រូវឲ្យអង្គការ សមាគម ត្រូវផ្តល់ជូនក្រសួងលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងដែរថាគឺគ្រាន់តែជាព័ត៌មានទូទៅដែលមិនមានអ្វីអាថ៌កំបាំងនោះទេ ហើយការធ្វើបែបនេះគឺដើម្បីធានាបង្ការនូវហានិភ័យនានានៅថ្ងៃខាងមុខ។
លោកស្រីបន្តថា៖ «យើងអត់ត្រូវការលេខសម្ងាត់ ឬសាច់ប្រាក់ចេញចូលប្រចាំថ្ងៃទេយើងអត់ទាមទារតែយើងត្រូវការព័ត៌មាន ឈ្មោះបុគ្គលត្រឹមត្រូវដើម្បីទទួលខុសត្រូវក្នុងសមាគមនេះកន្លងមក យើងអត់ដឹងឈ្មោះអីទេក្នុងការងារនេះ»។
ថ្លែងក្នុងសន្នីសីទសារព័ត៌មានប្រធានគណៈកម្មការទី ៥ របស់រដ្ឋសភា លោក ឈាង វុន បានសន្និដ្ឋានថាសេចក្តីព្រាងច្បាប់នេះគឺមិនមានចំណុចលំបាក ឬប៉ះពាល់ខ្លាំងនោះទេក្រៅពីរឿងកំណត់ស្ថាបនិកដែលចង់បង្កើតអង្គការប៉ុណ្ណោះ។
លោកថា៖ «រឿងអ្នកបង្កើតអង្គការខ្ញុំនឹងពិភាក្សាជាមួយតំណាងរដ្ឋាភិបាល ខ្ញុំសុំកែតែម្តងជាពិសេសឲ្យបញ្ជាក់រឿងយុវជនកាកបាទក្រហម អាយុ ១៤ ទៅ ១៧ ឆ្នាំ កុំឲ្យពួកគាត់មានការលំបាកក្នុងការចូលរួមកិច្ចការងារសង្គម ចំណុចមួយទៀតនៃការព្រួយបារម្ភរឿងកុំឲ្យពាក់ព័ន្ធនឹងគណបក្សនយោបាយ»។
ក្រោយបិទបញ្ចប់សិក្ខាសាលានេះក្រុមអង្គការសង្គមស៊ីវិលមួយចំនួនក៏បានរៀបចំសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយ និងបានរិះគន់ពីភាពតូចចង្អៀតនៃសិក្ខាសាលាថ្នាក់ជាតិរបស់រដ្ឋសភាពាក់ព័ន្ធនឹងការរើសអើងមិនបានអនុញ្ញាតឲ្យអង្គការសកម្មមួយចំនួនចូលរួម និងការឆ្លើយសំណួរផងដែរ។
នាយកប្រតិបត្តិអង្គការ CCC លោក សឿង សារឿន បានឲ្យដឹងថាសង្គមស៊ីវិលនៅតែទទូចឲ្យរដ្ឋាភិបាល និងសភាទម្លាក់ចោលនូវសេចក្តីព្រាងច្បាប់នេះ។ លោកថា៖ «ច្បាប់នេះមានចរិតគំរាមកំហែងដល់ការប្រមូលផ្តុំបញ្ចេញមតិ និងសិទ្ធិមូលដ្ឋានផ្សេងទៀតខ្ញុំគិតថាទោះបីជាបើកឲ្យមានសិក្ខាសាលាពិគ្រោះយោបល់ក្តីតែនេះមិនគ្រប់គ្រាន់នោះទេគួរតែមានការពន្យារពេល»។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាដែលមិនត្រូវបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានោះបានហៅការរៀបចំសិក្ខាសាលានេះគ្រាន់តែជាការបង្គ្រប់កិច្ចមិនមានការបើកទូលាយ ឬបើកទទួលយកនូវមតិយោបល់របស់ភាគីពាក់ព័ន្ធនោះទេ។
មិនខុសពីគ្នាប្រធានអង្គការផ្សេងៗទៀតដែលមានវត្តមានក្នុងសន្និសីទសារព័ត៌មាននេះរួមមានលោកស្រី ចក់ សុភាព លោក តឹក វណ្ណារ៉ា និងលោក សួន ប៊ុនសក្តិ ក៏បានលើកឡើងស្រដៀងគ្នាពីកង្វះពេលវេលា និងភាពមិនបើកទូលាយនៃកិច្ចពិភាក្សានេះដោយស្នើឲ្យមានកិច្ចពិភាក្សាច្រើនជាងនេះមុននឹងសម្រេចបញ្ជូនទៅសភាអនុម័ត។
ក្រោយកិច្ចប្រជុំរវាងតំណាងរដ្ឋាភិបាល និងគណៈកម្មការពាក់ព័ន្ធចំនួនបីរបស់រដ្ឋសភាកាលពីម្សិលមិញនេះដែរលោក អ៊ូ ច័ន្ទឫទ្ធិ អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌បានឲ្យដឹងថារដ្ឋាភិបាលបានពន្យារពេលកិច្ចប្រជុំសភាអនុម័តលើសេចក្តីព្រាងច្បាប់នេះដើម្បីពិចារណាកែសម្រួលមាត្រាមួយចំនួន។
លោកថា សម្រាប់មាត្រាដែលទាមទារឲ្យសង្គមស៊ីវិលត្រូវតែអព្យាក្រឹតហើយតួលេខនៃស្ថាបនិកបង្កើតអង្គការក៏ដូចជាលក្ខខណ្ឌនៃការបង្កើតអង្គការទៅលើអនីតិជនជាដើមនឹងត្រូវវាយតម្លៃជាថ្មី។
លោកបន្តថា៖ «ភាគីរដ្ឋាភិបាលបានបង្ហាញសញ្ញាវិជ្ជមានចំពោះការកាត់បន្ថយចំនួនស្ថាបនិកបង្កើតអង្គការ សមាគមពី ៥ នាក់មកត្រឹម ៣ នាក់វិញហើយទម្លាក់ចោលនូវលក្ខខណ្ឌដែលហាមឃាត់អតីតប្រធានអង្គការក្នុងការចុះឈ្មោះបង្កើតថ្មីផងដែរ»៕
រាយការណ៍បន្ថែមដោយ Shaun Turton