ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល និង​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​ឆ្លើយតប​ថា ការទាមទារ​របស់​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ និង​មន្ត្រី​ទូត​មួយ​ចំនួន​ឱ្យ​ទម្លាក់​បទចោទប្រកាន់​លើ លោក កឹម សុខា គឺជា​ការជ្រៀតជ្រែក​ចូល​ក្នុង​ប្រព័ន្ធយុត្តិធម៌​របស់​កម្ពុជា ខណៈ​ដែល​កាលពី​ម្សិលមិញ​មន្ត្រី​ទូត​មួយ​ចំនួន​បន្ត​ចូលជួប​មេបក្ស​អតីត​បក្សប្រឆាំង​រូបនេះ​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី ១១ ខែ​វិច្ឆិកា​ ថា លោក កឹម សុខា ដែល​កំពុង​ជាប់ចោទ​ពី​បទ​ក្បត់ជាតិ និង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបសួរ​របស់​តុលាការ​នៅឡើយ តែ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​គឺ​ច្បាប់​អនុញ្ញាត​ឱ្យ​តុលាការ​អាច​ធ្វើការ​កម្រិត​នូវ​សិទ្ធិ​សេរីភាព​មួយ​ចំនួន​រួមទាំង​សិទ្ធិ​នយោបាយ​របស់​ប្រធាន​អតីត​បក្សប្រឆាំង​រូបនេះ ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​ស៊ើបសួរ​។

លោក​បន្តថា​ក្នុង​ដំណាក់កាល​ស៊ើបសួរ និង​ដាក់ឱ្យ​នៅ​ក្រៅ​ឃុំ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ដោយ​តុលាការ​នេះ គឺ​ច្បាប់​មិន​បាន​កំណត់​អំពី​ពេលវេលា​ឡើយ​ ប៉ុន្តែ​អាស្រ័យ​លើ​ចៅក្រម​ស៊ើបសួរ​ប៉ុណ្ណោះ ដែល​ជា​អ្នក​កំណត់​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការស៊ើបអង្កេត​។

លោក​បាន​បញ្ជាក់​ថា​៖ «​ផ្អែកលើ​បញ្ញត្តិ​នីតិវិធី​ច្បាប់​ជាតិ​របស់​កម្ពុជា​ដែល​មាន​ជា​ធរមាន ការសម្រេច​ទម្លាក់​ចោល​បទ​ចោទ ឬ​មិន​ទម្លាក់​ជា​សិទ្ធិ​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ហើយ​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​លទ្ធផល​នៃ​ការស៊ើបអង្កេត​ដោយ​មិនត្រូវ​ទទួលរង​សម្ពាធ និង​ការបង្គាប់បញ្ជា​របស់​ភាគី​ណាមួយ​ឡើយ​រួមទាំង​ស្ថាប័ន​អន្តរជាតិ​ និង​អង្គទូត​ផងដែរ​»​។

លោក​ ម៉ាលីន បញ្ជាក់​ទៀត​ថា​ការអនុលោម​តាម​បញ្ញត្តិ​ច្បាប់​កម្ពុជា​បែបនេះ គឺ​ដើម្បី​ចៀសវាង​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ​កម្ពុជា ដែល​ច្បាប់​អន្តរជាតិ​បាន​ហាមប្រាម​។

ជាមួយ​គ្នា​នេះ​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​នៅ​ថ្ងៃទី​ ១១ ខែវិច្ឆិកា ក៏​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ដើម្បី​ឆ្លើយតប​ទៅ​លោកស្រី រ៉ូណា ស្ម៊ីត ផង​ដែរ​ដោយ​បាន​ហៅ​ការទាមទារ​របស់​លោកស្រី​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​លោក​ កឹម សុខា ថា​ ជា​ការរំខាន​មួយ​ និង​ជាការ​ជ្រៀតជ្រែក​ចូល​ក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​។

ស្ថាន​បេសកកម្ម​ចាត់ទុក​ថា​ការទាមទារ​បែបនេះ​មិនបាន​រួមចំណែក​ដល់​ការពង្រឹង​នីតិរដ្ឋ និង​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​ឡើយ និង​បាន​បញ្ជាក់ថា ការកែសម្រួល​លក្ខខណ្ឌ​មួយ​ចំនួន​របស់​តុលាការ​ចំពោះ​លោក កឹម សុខា គឺ​ឈរលើ​មូលដ្ឋាន​មនុស្សធម៌​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សុខភាព​របស់​ប្រធាន​អតីត​បក្សប្រឆាំង​រូបនេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​សរសេរ​ថា​៖​ «​សេចក្ដី​ថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​នៅតែ​បន្ត​ធ្វើឱ្យ​មាន​ការភាន់ច្រឡំ​ពី​ត្រូវ​មក​ខុស​»​។ ស្ថាន​បេសកកម្ម បាន​រំឭក​ឱ្យ​លោកស្រី រ៉ូណា ស្ម៊ីត​ បំពេញ​អាណត្តិ​របស់​ខ្លួន​ដោយ​គោលការណ៍​អព្យាក្រឹត​ដោយ​បញ្ជាក់ថា លោកស្រីមិនមែន​ជា​ចៅក្រម​ដែល​មាន​អំណាច​កាត់​សេចក្ដី​ឱ្យ​ដោះលែង​ជនណាម្នាក់​ឡើយ​។

ប្រតិកម្ម​ពី​ភាគី​រដ្ឋាភិបាល​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោកស្រី រ៉ូណា ស្ម៊ីត និង​អង្គទូត​ប្រទេស​មួយ​ចំនួន​បានចាត់ទុក​ការសម្រេច​របស់​តុលាការ​ឱ្យ​លោក កឹម សុខា អាច​ដើរហើរ​ក្នុង​ប្រទេស​តែ​មិនមាន​សិទ្ធិ​ធ្វើ​នយោបាយ និង​មិនអាច​ដើរហើ​ចេញ​ទៅ​ក្រៅប្រទេស​ថា ជា​ការវិវត្ត​វិជ្ជមាន​មួយ និង​បាន​ទាមទារ​ឱ្យ​កម្ពុជា​ផ្តល់​សិទ្ធិសេរីភាព​ពេញលេញ​ឡើងវិញ​ដល់​រូបលោក និង​មន្ត្រី​អតីត​គណបក្សប្រឆាំង​ទាំងអស់​ឡើងវិញ​។

លោកស្រី រ៉ូណា ស្ម៊ីត បាន​ស្វាគមន៍​ចំពោះ​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​មួយចំនួន​តាមផ្លូវ​តុលាការ​លើ​លោក កឹម សុខា ប៉ុន្តែ​លោកស្រី​លើកឡើង​ថា តុលាការ​បាន​បញ្ជា​លោក កឹម សុខា មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​ផ្សេងៗ និង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ហើយ​បាន​តម្រូវ​ឱ្យ​បង្ហាញខ្លួន​តាម​ការកោះហៅ​របស់​សមត្ថកិច្ច​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​ការសោកស្ដាយ​ដែល​តុលាការ​បន្ត​កំណត់​សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​ពលរដ្ឋ​របស់គាត់​ (​កឹម សុខា​) ​ជាពិសេស​គឺ​សេរីភាព​នៃ​ការ​ដើរហើរ និង​ការជួបជុំ​របស់​ពួកគាត់​។ ខ្ញុំ​សូម​អំពាវនាវ​ម្ដងទៀត​ឱ្យ​បញ្ចប់​ការ​ស៊ើបអង្កេត​ទាំងស្រុង​លើ​ករណី​របស់​លោក​ សុខា ឬក៏​ទម្លាក់​បទ​ចោទប្រកាន់​លើ​គាត់​ទាំងអស់​»​។

មន្ត្រី​សិទ្ធិមនុស្ស UN រូបនេះ​ក៏​បង្ហាញ​ក្ដី​ព្រួយបារម្ភ ជុំវិញ​ជោគវាសនា​របស់​មនុស្ស​ចំនួន ៨៥ ​នាក់​ ដែល​ត្រូវបាន​ចាប់​ឃុំឃាំង​ដោយ​អាជ្ញាធរ​ដោយសារ​រឿង​នយោបាយ​។ លោកស្រី​ក៏​ចង់​ឱ្យ​រដ្ឋាភិបាល និង​គណបក្ស​ទាំងអស់​បន្ថយ​ការបង្កើន​នូវ​ភាពតានតឹង និង​ស្វះស្វែងរក​ការចរចា​ផ្សះផ្សា​គ្នា​នៅក្នុង​បរិយាកាស​ដោយ​សន្ដិភាព​ជាមួយ​គ្នា​។

នៅក្រោយ​ពី​តុលាការ​សម្រេច​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៅក្រៅ​ឃុំ​ឱ្យ​លោក កឹម សុខា តាំងពី​ថ្ងៃទី​ ១០ ​ខែវិច្ឆិកា​មក​ដល់​ថ្ងៃ​ម្សិលមិញ​មាន​មន្ត្រី​ទូត​ពី​ប្រទេស​សំខាន់ៗ​ចំនួន​ ៦ ​រូប​ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ជួបពិភាក្សា​ និង​សួរសុខទុក្ខ​លោក កឹម សុខា ជា​បន្តបន្ទាប់​ដោយ​ផ្ទាល់​នៅ​លំនៅឋាន​របស់​លោក​ក្នុង​ខណ្ឌទួលគោក​។

មន្ត្រី​ទូត​ទាំងនោះ​រួមមាន​លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំង លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ លោកស្រី Angela Corcora ឯកអគ្គរដ្ឋទូត​អូស្ដ្រាលី​លោក មិកាមិ ម៉ាសាហ្ស៊ី ឯកអគ្គរាជទូត​ជប៉ុន និង​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​លើកឡើង​កាលពី​ម្សិលមិញ​ថា ការបន្ធូរបន្ថយ​លក្ខខណ្ឌ​ការឱ្យ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា នៅពេល​នេះ​គឺ​បង្ហាញ​អំពី​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ការដោះស្រាយ​បញ្ហា​នយោបាយ​នាពេល​បច្ចុប្បន្ន​។ លោក​យល់​ឃើញ​ថា សញ្ញា​វិជ្ជមាន​នឹង​អាចមាន​ជា​បន្តទៀត នៅពេល​លោក កឹម សុខា ត្រូវបាន​តុលាការ​ជំនុំជម្រះ​ចប់​ជា​ស្ថាពរ​នាពេល​ខាងមុខ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិតថា រឿង​បញ្ហា​នយោបាយ​ត្រូវ​តែ​មាន​ (​ដំណោះស្រាយ​) ​ហើយ​។ ព្រោះ​គាត់​ (​កឹម សុខា​) ជាប់ពិរុទ្ធ​ព្រហ្មទណ្ឌ ដោយសារ​គាត់​ធ្វើ​នយោបាយ​។ អ៊ីចឹង​! វា​មាន​ភាពប្រទាក់ក្រឡា​គ្នា ហើយ​ការផ្លាស់ប្ដូរ​ក្នុង​បរិបទ​នយោបាយ វា​លឿន​ណាស់ យើង​មិន​អាច​ប៉ាន់ស្មាន​បាន​ទេ​»៕