ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលដែលទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លីកាលពីថ្ងៃម្សិលមិញបានអះអាងថាប្រទេសកម្ពុជានឹងមិនអាចមានបដិវត្តន៍ដីធ្លីជាដាច់ខាតព្រោះប្រជាពលរដ្ឋខ្មែរមានសិទ្ធិកាន់កាប់ដីធ្លីដោយខ្លួនឯងសម្រាប់ធ្វើស្រែចម្ការមិនដូចបណ្តាប្រទេសមួយចំនួនដែលពលរដ្ឋគេពុំមានសិទ្ធិកាន់កាប់ដីធ្លីឡើយ។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៥ និងទិសដៅឆ្នាំ ២០១៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីលោក ប៊ិន ឈិន បានថ្លែងថាបច្ចុប្បន្នរាជរដ្ឋាភិបាលសម្រេចបាននូវលទ្ធផលវិជ្ជមានច្រើនក្នុងការដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋបើទោះជាបញ្ហានេះនៅតែកើតមានក៏ដោយហើយថាកម្ពុជាមិនអាចមានបដិវត្តន៍ដីធ្លីដូចការលើកឡើងរបស់មនុស្សមួយចំនួនទេខណៈដែលពួកគេនៅពុំទាន់ដឹងថាអ្វីទៅជាបដិវត្តន៍ដីធ្លីនោះ។
លោកថា «បដិវត្តន៍ដីធ្លីដែលគេនិយាយថាប្រជាជន ៨០ ភាគរយកាន់កាប់ដីត្រឹម ១០-២០ ភាគរយប៉ុណ្ណោះខ្ញុំគិតថាកម្ពុជាអត់មានស្ថានភាពបែបនេះទេខុសពីស្ថានភាពនៅហ្វីលីពីន»។
លោកបានរៀបរាប់ពីបទពិសោធនៅពេលទៅលេងខេត្តមួយក្នុងប្រទេសហ្វីលីពីនថានៅក្នុងខេត្តនោះមានផ្ទៃដីរាប់រយហិកតាតែម្ចាស់ដីមានតែបីនាក់គត់ហើយបើប្រៀបធៀបជាមួយកម្ពុជាមានភាពផ្ទុយស្រឡះពោលគឺពលរដ្ឋកម្ពុជាភាគច្រើនមានសិទ្ធិកាន់កាប់ដីធ្លីសម្រាប់រស់នៅ និងធ្វើស្រែចម្ការ។
លោកបានបន្តថា «ខុសពីយើងប្រជាកសិករមានដីធ្លីរបស់គាត់នៅហ្វីលីពីនកសិករទៅជួលដីអត់មានដីជាកម្មសិទ្ធិដូចយើងទេប៉ុន្តែគេមិនដែលគិតថានឹងធ្វើបដិវត្តន៍ដីធ្លីឡើយព្រោះដោយសារផ្នត់គំនិតរបស់ពួកគេ»។
លោក ប៊ិន ឈិន ក៏បានអំពាវនាវដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋរួមទាំងការផ្តល់ប័ណ្ណកម្មសិទ្ធិ និងការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់ពលរដ្ឋដែលខ្វះខាតដីធ្លី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានថ្លែងថារដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនជាង ២ លានហិកតាតែឥឡូវរដ្ឋាភិបាលបានសម្រេចដកហូតដីជិត ១ លានហិកតាមកវិញសម្រាប់ទុកធ្វើសម្បទានជូនពលរដ្ឋដែលខ្វះខាតដីប្រើប្រាស់។
របាយការណ៍របស់ក្រសួងរៀបចំដែនដីដែលចេញផ្សាយកាលពីម្សិលមិញឲ្យដឹងថាក្នុងឆ្នាំ ២០១៥ គណៈកម្មការសុរិយោដីបានសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីចំនួន ៦៣៧ ករណីក្នុងនោះដោះស្រាយបានជោគជ័យចំនួន ៣៧៦ ករណីច្រានចោល ១៩២ ករណី និងភាគីវិវាទសុំដកពាក្យបណ្តឹងចំនួន ៦៩ ករណី។ ចំណែកការចុះបញ្ជីដីធ្លីបានជិត ៣១ ម៉ឺនប័ណ្ណក្នុងទំហំដីប្រមាណ ៤,១៤ លានក្បាលដីស្មើនឹង ៥៩ ភាគរយនៃក្បាលដីសរុបទូទាំងប្រទេស ៧ លានក្បាលដី។ ការចុះបញ្ជីលើការផ្ទេរកម្មសិទ្ធិដីធ្លីប្រមូលបានពន្ធប្រថាប់ត្រាប្រមាណ ៧២ លានដុល្លារ។
ប្រធានផ្នែកដីធ្លីនៃសមាគមអាដហុកលោក ឡាត់ គី សង្កេតឃើញថាវិវាទដីធ្លីក្នុងឆ្នាំ ២០១៥ មានការកើនឡើងបើធៀបទៅនឹងឆ្នាំចាស់ហើយមូលហេតុដែលបណ្តាលឱ្យមានទំនាស់ដីធ្លីមកពីការគ្រប់គ្រងផ្នែកដីធ្លីរបស់រដ្ឋនៅពុំទាន់មានភាពល្អប្រសើរសមត្ថភាពរបស់មន្ត្រីផ្នែកដីធ្លីនៅមានកម្រិត ប្រព័ន្ធចុះបញ្ជីដីធ្លីមានភាពយឺតយ៉ាវខណៈដែលអ្នកមានអំណាចមួយចំនួនបានទន្ទ្រានយកដីរបស់ពលរដ្ឋ។ តែលោកមិនអាចទស្សន៍ទាយបានទេថាអាចកើតមាន ឬមិនកើតមានបដិវត្តន៍ដីធ្លីនោះព្រោះអាស្រ័យទៅលើទំហំនៃការឈឺចាប់របស់ពលរដ្ឋដែលរងនូវភាពអយុត្តិធម៌។
លោកថ្លែងថា «ទាក់ទិននឹងបញ្ហាដីធ្លីនេះតែងតែមានការបណ្តែតបណ្តោយហូរហែហាក់បីដូចជាមិនមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយអ៊ីចឹងវាធ្វើឱ្យឲ្យមានភាពអយុត្តិធម៌សម្រាប់ពលរដ្ឋក្រីក្រកាន់តែកើនឡើងទាំងនេះសុទ្ធតែជាចំណុចមួយដែលគួរឱ្យព្រួយបារម្ភដែលរដ្ឋាភិបាលត្រូវដោះស្រាយ»៕