ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល កាលពី​ម្សិលមិញ​បាន​ច្រាន​ចោល​របាយ​ការណ៍​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក World Justice Project (WJP) ភ្លាមៗ​ដោយ​ចាត់​ទុក​ថា​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត លម្អៀង​និង​មាន​ចរិត​នយោបាយ ដែល​មិន​មាន​លក្ខណ​វិទ្យាសាស្ត្រ​នៃ​ការ​ស្ទង់​ចំណាត់​ថ្នាក់។

ប្រតិកម្ម​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាមេរិក​កាល​ពី​ម្សិលមិញ​បាន​ចេញ​របាយ​ការណ៍​វាយ​តម្លៃ​ពី​នីតិរដ្ឋ​ដោយ​បាន​ស្ទង់​មើល ១២៦ ប្រទេស​នៅ​ក្នុង​ពិភពលោក ហើយ​បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ក្នុង​លំដាប់​លេខ ១២៥ បន្ទាប់​ពី​ប្រទេស​វ៉េណេស៊ុយ​អេឡា​ឈរ​នៅ​លេខ​រៀង​ទី ១២៦ ដែល​ជា​ចំណាត់​ថ្នាក់​ខ្សោយ​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​ក្នុង​ឆ្នាំ ២០១៩។

របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ការដាក់​ផ្តល់​ចំណាត់ថ្នាក់​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក គឺ​បាន​ផ្តោត​ទៅ​លើ​កត្តា​មួយ​ចំនួន រួម​មាន​ការ​ដាក់​កំហិត​លើ​អំណាច​រដ្ឋាភិបាល អវត្តមាន​នៃ​អំពើ​ពុក​រលួយ រដ្ឋាភិបាល​បើក​ទូលាយ សិទ្ធិ​មូលដ្ឋាន​ផ្សេងៗ សណ្តាប់​ធ្នាប់ និង​សន្តិសុខ ការ​អនុវត្ត​បទ​ប្បញ្ញត្តិ យុតិ្តធម៌​ស៊ីវិល និង​យុត្តិធម៌​ព្រហ្មទណ្ឌ។

របាយការណ៍​បាន​បន្ថែមថា ប្រទេស​កម្ពុជា​ទទួល​ចំណាត់​ថា្នក់ ១២៤ អំពី​ការ​ដាក់​កំហិត​លើ​អំណាច​រដ្ឋាភិបាល ចំណាត់​ថ្នាក់ ១២៥ អំពី​អវត្តមាន​នៃ​អំពើ​ពុក​រលួយ ចំណាត់​ថ្នាក់ ១២៤ ទាក់​ទង​នឹង​រដ្ឋាភិបាល​បើក​ទូលាយ ចំណាត់​ថ្នាក់ ១១៧ អំពី​សិទ្ធិ​មូលដ្ឋាន​ផ្សេង ចំណាត់​ថ្នាក់ ៨៧ អំពី​សណ្តាប់​ធ្នាប់ និង​សន្តិសុខ ចំណាត់​ថ្នាក់ ១២៤ អំពី​ការ​អនុវត្ត​បទ​ប្បញ្ញត្តិ ចំណាត់​ថ្នាក់ ១២៦ អំពី​យុតិ្តធម៌​ស៊ីវិល និង​ចំណាត់​ថ្នាក់ ១២៤ អំពី​យុត្តិធម៌​ព្រហ្មទណ្ឌ។

Elizabeth Andersen នាយក​ប្រតិបត្តិ​នៃ​គម្រោង​យុ​ត្តិធម៌​ពិភពលោក​បាន​ថ្លែង​នៅ​ក្នុង​របាយ​ការណ៍​ថា៖ «ការ​រអិល​ធ្លាក់​ចំណាត់​ថ្នាក់​នៃ​នីតិរដ្ឋ​ជា​ទូទៅ និង​ការ​រអិល​ធ្លាក់​ចុះ​នៃ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​អំណាច​រដ្ឋាភិបាល​ដោយ​ផ្ទាល់ គឺ​មាន​ភាព​ព្រួយបារម្ភ​ខ្លាំង»។

ទោះជា​យ៉ាងណាក៏ដោយ លោក ជិន ម៉ា​លិ​ន រដ្ឋ​លេខា​ធិការ និង​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា វា​ចម្លែក​មែន​ទែន​ទាក់ទង​នឹង​ការ​ដាក់​ពិន្ទុ​របស់ WJP ពាក់ព័ន្ធ ប្រជាធិប​តេយ្យ នីតិរដ្ឋ វិស័យយុត្តិធម៌ និង​ការ​អនុវត្ត​ច្បាប់ ខណៈ​ប្រទេស​ខ្លះ​មាន​គណបក្ស​តែ​មួយ គ្មាន​ការ​បោះ​ឆ្នោត ប្រជា​ពលរដ្ឋ​គ្មាន​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ហើយ​ខ្លះ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​យោធា​ទៀត។

លោក ម៉ា​លិ​ន ថ្លែងថា៖ «ការវាយតម្លៃ​នេះ​វា​មិនមាន​លក្ខណៈ​វិទ្យាសាស្ត្រ​ហើយ​វា​មិន​បាន​ឆ្លើយ​តប​ស្ថានភាព​ជាក់​ស្តែង នៃ​ការ​វិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បើ​ប្រៀបធៀប​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​បណ្តា​ប្រទេស​លើ សកល​លោក​មួយ​ចំនួន ដែល​យ៉ាប់​ជាង​ប្រទេស​កម្ពុជា​តែ​បែរ​ជា​ថា​ល្អ​ជាង​ប្រទេស​កម្ពុជា»។

លោក​បន្ថែមថា៖ «ការ​វាយតម្លៃ​របស់គាត់​មិន​ផ្អែកលើ​មូលដ្ឋាន​គ្រប់​ជ្រុង​ជ្រោយ​ទេ។ គាត់ ប្រហែល​ជា​ផ្អែក​ទៅ​លើ​មូលដ្ឋាន​តែ​មួយ​មុខ​ទេ​គឺ​ការ​វិវឌ្ឍ​នៃ​ស្ថានភាព​នយោបាយ គាត់​មិន​បាន​ផ្តោត​ទៅ​សិទ្ធិ​សេរីភាព​ជាទូទៅ ហើយ​និង​ស្ថាប័ន​ដែល​ធ្វើការ​ពាក់ព័ន្ធ​នីតិរដ្ឋ ប្រជា​ធិបតេយ្យ និង​ប្រព័ន្ធ​យុត្តិធម៌​ទេ ហើយ​មាន​ចេតនា​នយោបាយ​នៅ​ពី​ក្រោយ​ដោយ​ព្យាយាម​វាយ​ប្រហារ និង​បង្អាប់​ប្រទេស​កម្ពុជា​និង​ជួយ​គណបក្ស​ប្រឆាំង។ របាយការណ៍​នេះ​មាន​ចេតនា​ន​យោបាយ​នៅ​ពីក្រោយ​ដោយ​មាន​ចេតនា​បន្ទោស​បង្អាប់​មុខ​មាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ និង​ព្យាយាម​ជួយ​ក្រុម​ប្រឆាំង​ដែល​ខ្លួន​សន្មត​ជា​ក្រុម​របស់​ខ្លួន។ វា​មាន​ចរិត​នយោបាយ»។

លោក​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​បាន​អះអាង​ផង​ដែរ​ថា ការ​ស្ទង់​មើល​របស់ WJP គឺជា​ការ​ដាក់​ពិន្ទុ​មួយ ដែល​ខ្វាក់​ភ្នែក និង​ដែល​មិន​មាន​ភាព​យុត្តិធម៌ ខណៈ​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ដែល​មាន​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ រាប់​ពាន់​នាក់​ថា​តើ​គេ​ដាក់​ទៅ​លើ​អ្វី​វិញ​ដែរ?

លោក ភា បាន​ថ្លែងថា៖ «យើង​ឃើញ NGOs មួយចំនួន​ដែលមាន​ទីស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​មជ្ឈិម​ប្រទេស​មួយ​ចំនួន ពេល​ដែល​គេ​ចង់​ជាន់​ពន្លិច​ប្រទេស​ណាមួយ ឬ​ចាប់​កំហុស​ប្រទេស​ណាមួយ​គេ​ធ្វើ​របាយ​ការណ៍​ប្រហាក់​ប្រហែល​គ្នា​ដោយ​ឲ្យ​តម្លៃ និង​ពិន្ទុ​ទាបៗ​ដែល​មាន​លក្ខណៈ​រៀប​ជា​ប្រព័ន្ធ»។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​សមាជិក​ព្រឹទ្ធសភា បាន​ថ្លែង​ថា ការ​វាយ​តម្លៃ​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​មាន​ភាព​លម្អៀង ទៅ​រក​មជ្ឈិម​ប្រទេស​ហើយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជាក់​ស្តែង​នៅ​ក្នុង ប្រទេស​កម្ពុជា និង​ព្យាយាម​លាប​ពណ៌​មិន​ល្អ​ទៅ​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា។

លោក ឥសាន ថ្លែងថា៖ «ការវាយតម្លៃ​នេះ​វា​មិនបាន​ឆ្លុះបញ្ចាំង​ការពិត​ជាក់​ស្តែង​នៅ​កម្ពុជា​ទេ ហើយ​យើង​មិន​អាច​យក​ជា​ការ​បាន​ទេ​ពី​ការ​វាយ​តម្លៃ​របស់​អង្គការ​នោះ។ ការ​វាយ​តម្លៃ​ពី​ខាង​ក្រៅ​មក​មិន​បាន​ផ្សារភ្ជាប់ នឹង​តថភាព​សង្គម​កម្ពុជា​ពិត​ប្រាកដ​ទេ»។

លោក ផៃ ស៊ី​ផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​អះអាង​កាលពី​ម្សិលមិញ​ថា របាយ​ការណ៍​នេះ​មាន​និន្នាការ​នយោបាយ ដែល​ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ​ដើម្បី​វាយ​ប្រហារ​មក​លើ​រាជរដ្ឋាភិបាល​តាមរយៈ​ការ​ដាក់​កម្រិត​ប្រទេស​កម្ពុជា ហើយ​ប្រសិន​បើ​ច្បាប់ និង​នីតិរដ្ឋ​មិន​ល្អ វា​នឹង​បង្ក​ឲ្យ​មាន​ការ​បះបោរ​ឬ បដិវត្តន៍​អ្វីមួយ​ហើយ។

លោក ស៊ី​ផាន ថ្លែងថា៖ «យើង​កំពុងតែ​កសាង និង​លើកកម្ពស់​លទិ្ធ​ប្រជា​ធិបតេយ្យ​ជា​ជំហានៗ​ដោយ​ឈរ​លើ​នីតិរដ្ឋ និង​កំពុង ពង្រឹង​នីតិរដ្ឋ និង​យុត្តិធម៌​ក្នុង​សង្គម។ យើង​មិន​អាច​ទទួល​យក​របាយ​ការណ៍​នោះ​បាន​ទេ។ វា​គឺជា​ការ​ដាក់​ចំណាត់​ថ្នាក់​មួយ​ដោយ​មាន​ចេតនា​នយោបាយ​ដែល​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​មក​លើ​កម្ពុជា ខណៈ​ពេល​ដែល​កម្ពុជា​គ្រាន់​តែ​សុំ ប្រទេស​មួយ​ឯករាជ្យ និង​អធិបតេយ្យ​ភាព​ខ្លួន​តែ​ប៉ុណ្ណោះ»។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ថ្លែងថា៖ «តាម​ដែល​ខ្ញុំ​ដឹង គម្រោង​យុត្តិធម៌​ពិភពលោក​មាន​អ្នក​ត្រួត​ពិនិត្យ​របស់​គេ​នៅ​ក្នុង​ប្រទេស​ហើយ​នឹង​មាន​បណ្ដុំ​សូចនាករ និង​ការ​ធ្វើ​ចំណាត់​ថ្នាក់​សម្រាប់​ប្រទេស​ទាំង​អស់​ដែល​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​ទាំង​នោះ​កំពុង​តែ​ត្រូវ​បាន​តាម​ដាន និង​ត្រួត​ពិនិត្យ​ដោយ​កម្មវិធី​យុត្តិធម៌​ពិភពលោក។​ដូច្នេះ​វា​ពិត​ជា​មាន​កា​លំបាក​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​រក​ឃើញ និង​ចំណាត់​ថ្នាក់​នៅ​ក្នុង​បញ្ជី​ប្រទេស​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​នេះ​លុះ​ត្រា​តែ​ក្រសួង​យុត្តិធម៌​របស់​យើង​អាច​ប្រឈម​មុខ​នឹង​សូចនាករ​និង​ចំណាត់​របស់​គម្រោង​យុត្តិធម៌​ពិភពលោក មួយ​ម្ដង»។

WJP កាលពីឆ្នាំ ២០១៨ បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ដែរ​គឺ​លេខ ១១២ ក្នុង​ចំណោម​ប្រទេស​ចំនួន ១១៣៕