ភ្នំពេញ: មន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិលដែលធ្វើការលើការងារ និងសុវត្ថិភាពកម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើងបាននិងកំពុងសិក្សាធ្វើឲ្យមធ្យោបាយដឹកជញ្ជូនកម្មករកាន់តែប្រសើរឡើង ខណៈពួកគេព្រួយបារម្ភបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងទៅលើកម្មករមានកំណើនគួរឲ្យកត់សម្គាល់ ប៉ុន្ដែតំណាងអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករអះអាងថា ត្រូវសិក្សាឲ្យលម្អិត និងធ្វើជាដំណាក់កាល។
លោក អ៊ឹម ពិសិដ្ឋ ប្រធានគ្រប់គ្រងគម្រោងនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានថ្លែងក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «ធ្វើឲ្យប្រសើរនូវមធ្យោបាយដឹកជញ្ជូនកម្មកររោងចក្រឲ្យមានសុវត្ថិភាព» កាលពីម្សិលមិញថា អង្គការ AIP គឺជាស្ថាប័នកំពុងធ្វើការលើសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងកំពុងធ្វើការលើការដឹកជញ្ជូនកម្មករឲ្យមានសុវត្ថិភាព និងមានផាសុកភាពដែរ។
លោកបន្តថាគណៈកម្មការសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករបាននិងកំពុងចូលរួមពិភាក្សា ដើម្បីជំរុញឲ្យអ្នកប្រកបរបរបើករថយន្តដឹកកម្មករងាកមកប្រើប្រាស់រថយន្តដឹកមនុស្សវិញ ខណៈកន្លងមកពួកគាត់បានប្រើប្រាស់រថយន្តដឹកទំនិញ ប៉ុន្ដែយកមកដឹកកម្មករ ដែលធ្វើឲ្យមានបញ្ហាច្រើនចំពោះសុវត្ថិភាព និងផាសុកភាពដល់កម្មករ។
លោកបញ្ជាក់ថា៖ «ការជំរុញឲ្យឈប់ប្រើប្រាស់ឡានដឹកទំនិញយកមកដឹកកម្មករ ហើយប្រាប់ឲ្យអ្នកបើកបរទិញរថយន្តក្រុង ឬរថយន្តដឹកមនុស្សយកទៅដឹកកម្មករវិញ ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនពួកគាត់ក៏ដូចជាផាសុកភាពអំឡុងពេលធ្វើដំណើរ»។
លោក ប៉ែន នរៈវុធ នាយករងបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈបានថ្លែងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងគួរឲ្យព្រួយបារម្ភ និងជាក្ដីកង្វល់របស់រាជរដ្ឋាភិបាល។ គ្រោះថ្នាក់ចរាចរណ៍គឺជាឃាតករលាក់មុខដែលធ្វើឲ្យមនុស្សស្លាប់ របួស និងពិការដោយបានបន្សល់ទុកនូវសោកនាដកម្មយ៉ាងច្រើនដែលធ្វើឲ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលបានលើកទឹកចិត្តឲ្យស្ថាប័នគ្រប់ភាគីចូលរួមទាំងអស់គ្នា ដើម្បីជជែកគ្នាលើបញ្ហាកែប្រែទម្លាប់ការប្រើប្រាស់រថយន្ត ក្នុងនោះក្រុមការងារដែលជាស្ថាប័នជំនាញនាំគ្នាជំរុញការផ្សព្វផ្សាយពីច្បាប់ និងធ្វើការអប់រំបន្ថែមទៀតតាមដែលអាចធ្វើទៅបាន»។
លោក Eliot Tang ប្រធានគ្រប់គ្រងទូទៅរោងចក្រ Carlington នៅខេត្តកំពង់ចាមបានថ្លែងថាកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ អ្នកដឹកជញ្ជូនកម្មករនៅរោងចក្ររបស់លោកមិនទាន់មានការយល់ដឹងច្រើននៅឡើយពីបញ្ហានានាទាក់ទងសុវត្ថិភាពកម្មករ ប៉ុន្ដែរហូតមកដល់ឆ្នាំ ២០១៩ នេះពួកគាត់មានការយល់ដឹងច្រើនដោយបានប្រុងប្រយ័ត្នខ្ពស់ជាងមុនទាំងការចតរថយន្ត ការបើកបរ និងការកែច្នៃរថយន្តដឹកកម្មករ។
លោកបន្តថាសព្វថ្ងៃនេះរថយន្តដែលដឹកកម្មករនៅក្នុងរោងចក្ររបស់លោកសុទ្ធតែធ្វើតាមស្ដង់ដាដោយពួកគាត់បានប្រើប្រាស់រថយន្តក្រុងសម្រាប់ដឹកជញ្ជូន ហើយពួកគាត់ត្រូវបានមន្ត្រីជំនាញរោងចក្រ និងអង្គការ AIP ចុះទៅបង្ហាត់បង្រៀនពីច្បាប់ និងក្រមសីលធម៌នៃការបើកបរ។
លោកថា៖ «កាលពីដំបូងៗឡើយគឺយើងពិតជាមានការខ្វះចន្លោះមែន ប៉ុន្ដែរហូតមកដល់ពេលនេះយើងបានធ្វើកែទម្រង់ច្រើនទៅលើសុវត្ថិភាពចរាចរណ៍របស់កម្មករយើង»។
លោក នាក់ ហេង ប្រធានសមាគមដឹកជញ្ជូនកម្មករ និងការងារក្រៅប្រព័ន្ធបានថ្លែងថា ការតម្រូវឲ្យម្ចាស់យានយន្តដែលដឹកជញ្ជូនកម្មករទៅធ្វើការរាល់ថ្ងៃប្រើប្រាស់រថយន្តថ្មី ឬរថយន្តដែលមានផាសុកភាពដូចជារថយន្តក្រុងនេះ គឺម្ចាស់យានយន្តភាគច្រើននឹងមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញរថយន្តថ្មីតាមការចង់បានរបស់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីសង្គមស៊ីវិលលើកឡើងទេ។
លោកបន្តថា ពួកគាត់ត្រូវការពេលវេលាសន្សំលុយកាក់សម្រាប់ទិញ ព្រោះការទទួលប្រាក់ឈ្នួលដឹកជញ្ជូនពីកម្មករមិនទាន់គ្រប់គ្រាន់ទេ។ ម្ចាស់រថយន្តទទួលបានចន្លោះពី ៥ ដុល្លារ ដល់ ១៥ ដុល្លារម្នាក់ក្នុង ១ ខែ ដោយចំនួននេះសម្រាប់តែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ដោយមិនអាចទិញរថយន្តថ្មីភ្លាមៗបានទេ។
លោកបញ្ជាក់ថា៖ «បញ្ហាដែលកំពុងប្រឈមរបស់អ្នកបើកបរដឹកជញ្ជូនកម្មករ គឺមានច្រើនដូចជា ម្ចាស់ឡានមិនទាន់ផ្លាស់ប្ដូរឡានចាស់ទិញឡានថ្មីភ្លាមៗបានទេ គឺត្រូវធ្វើតាមដំណាក់កាល បើមិនដូច្នេះ រដ្ឋាភិបាលគួរជួយសម្រួលពួកគាត់ដូចជា ផ្ដល់ប្រាក់កម្ចីតម្លៃថោក។
លោកបន្ថែមថា៖ «ក្នុងនោះផ្លូវនៅតាមភូមិ ឬទីជនបទមួយចំនួនពិបាកឲ្យឡានក្រុងចូលទៅដឹកកម្មករ គឺតូចចង្អៀត និងជាប់ផុង។ ជម្រើសចុងក្រោយ គឺពួកគាត់ត្រូវតែដាក់មនុស្សឲ្យបានច្រើន ដោយសារប្រាក់កម្រៃដែលទទួលបានពីកម្មករតិចពេក ដោយមិនអាចចំណាយរួចថ្លៃសាំង ប្រេងម៉ាស៊ីន និងការហូបចុកផ្ទាល់ខ្លួនគ្រប់គ្រាន់»។
លោក លុយ ឈីន អនុប្រធាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិបានថ្លែងថា ការកែច្នៃរថយន្តដឹកកម្មករនាពេលបច្ចុប្បន្ននេះ គឺពិតជាខុសច្បាប់ច្រើនណាស់ សូម្បីតែយករថយន្តទៅឈៀកក៏មន្ត្រីមិនអាចឈៀកឲ្យបានដែរ ព្រោះពួកគាត់បានកែច្នៃរថយន្តដឹកទំនិញ ហើយយកមកដឹកមនុស្ស គឺពិតជាមិនត្រឹមត្រូវតាមច្បាប់ទេ។
លោកបន្តថាគណៈកម្មការបានប្រជុំដាក់ចេញជារូបមន្តមួយ ទោះបីជាពួកគាត់ប្រើរថយន្តដឹកទំនិញយកមកដឹកកម្មករក៏ដោយត្រូវតម្រូវឲ្យគាត់យកទៅដាក់កែច្នៃដាក់កៅអីឲ្យកម្មករងាយស្រួលអង្គុយឲ្យបានគ្រប់គ្នា ចៀសវាងការជិះឈរចម្រុះគ្នា។
លោកបញ្ជាក់ថា៖ «យើងបានតម្រូវឲ្យអ្នកបើកបរ គឺបើគាត់មានលទ្ធភាពត្រូវឲ្យគាត់ទិញរថយន្តសម្រាប់ដឹកមនុស្សតែម្ដង ប៉ុន្ដែបើគាត់មិនទាន់មានលទ្ធភាពទេ គឺតម្រូវឲ្យគាត់ដឹកតាមស្ដង់ដាច្បាប់ ដោយដាក់កៅអីសម្រាប់ងាយស្រួលឲ្យកម្មករអង្គុយ ដោយមិនអនុញ្ញាតឲ្យពួកគាត់ជិះឈរដូចកាលពីមុនទេ ដើម្បីចៀសវាងការមានគ្រោះថ្នាក់ណាមួយជាយថាហេតុ»។
តាមរបាយការណ៍បេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) ចេញផ្សាយកាលពីខែកក្កដាឲ្យដឹងថា នៅក្នុងឆមាសទី ១ ឆ្នាំ ២០១៩ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៧៦៦ លើក គ្រោះថ្នាក់ដោយសាររថយន្តចំនួន ២០ លើក (ក្នុងនោះមាន ៧ លើក រថយន្តដឹកកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង) ម៉ូតូចំនួន ៧០៥ លើក ម៉ូតូសណ្ដោងរ៉ឺម៉កចំនួន ៦ លើក កង់ចំនួន ៦ លើក និងថ្មើរជើងចំនួន ២៩ លើក ដែលមានជនរងគ្រោះសរុបចំនួន ៩៤៤ នាក់។ ក្នុងនោះស្លាប់ ២៤ នាក់ របួសធ្ងន់ ១៥៩ នាក់ និងស្រាល ៧៦១ នាក់៕