ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់ថា នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​ពី​ការសម្រេច​ជា​ផ្លូវការ​របស់​សហភាព​អឺរ៉ុប​ជុំវិញ​ការដក​ ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅឡើយ​ទេ​ ខណៈ​ដែលមាន​របាយការណ៍​មួយ​អះអាង​ថា សហភាព​អឺរ៉ុប​បាន​សម្រេច​មិន​ដក​ទាំងស្រុង​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះទេ ប៉ុន្តែ​បាន​សម្រេច​ដក​លើ​មុខ​ទំនិញ​មួយចំនួន​ដែល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​។

កាលពី​ថ្ងៃទី​ ៥ ខែ​កុម្ភៈ លោក Danilo Oscar Lancini សមាជិក​សភា​សហភាព​អឺរ៉ុប និង​ជា​សមាជិក​គណៈកម្មាធិការ​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ដាក់​របាយការណ៍​មួយ​ចូល​ទៅក្នុង​វេបសាយ​របស់​សភា​សហភាព​អឺរ៉ុប​ដោយ​បាន​បញ្ជាក់ថា គណៈកម្មការ​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA លើ​មុខទំនិញ​មួយ​ចំនួន​របស់​កម្ពុជា ប៉ុន្តែ​មិន​បាន​បញ្ជាក់ថា មានមុខ​ទំនិញ​អ្វីខ្លះ​នោះឡើយ​។

របាយការណ៍​នោះ​ «​គូសបញ្ជាក់ថា បន្ទាប់ពី​ការពិចារណា​នូវ​លទ្ធផល​ដែល​ទទួល​បាន​នៅក្នុង​អំឡុងពេល​ស៊ើបអង្កេត​មួយ គណៈកម្មការ​តាមរយៈ​សកម្មភាព​ដែល​បាន​ផ្ទេរសិទ្ធិ​មួយ​បាន​សម្រេច​ដក ​EBA លើ​ទំនិញ​មួយចំនួន​របស់​ប្រទេស​កម្ពុជា​នេះ​គឺជា​ការព្រួយបារម្ភ​យ៉ាង​ពិសេស​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្ករ​មិន​ត្រូវ​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​ផលិតផល​ទាំងនោះ​ទេ​»​។ របាយការណ៍​មាន​ចំនួន​ ៧ ​ទំព័រ ប៉ុន្តែ​និយាយ​លម្អិត​អំពី​សេចក្ដី​សន្និដ្ឋាន​ជុំវិញ​សេចក្ដីសម្រេច​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប​ជាមួយ​ប្រទេស​វៀតណាម​។

តាម​គម្រោង​ការប្រកាស​ដក​ ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «​អ្វី​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ​ (EBA)» ​ពី​ប្រទេស​កម្ពុជា ដោយ​សហភាព​អឺរ៉ុប​គឺ​នឹង​ចេញផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ទី​ ១២ ខែ​កុម្ភៈ ស្អែក បន្ទាប់ពី​សហភាព​អឺរ៉ុប​បានចាប់ផ្ដើម​នីតិវិធី​ដក​តាំងពី​ថ្ងៃទី ១១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩​។ ស្ថាប័ន​អន្តរជាតិ​ដែល​បណ្តុំ​ទៅ​ដោយ​ប្រទេស​ចំនួន​ ២៨ នេះ​បាន​លើកឡើង​ថា លទ្ធផល​នៃ​ការដក​ ឬ​មិន​ដក EBA គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ប្រសើរឡើង​នៃ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល និង​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា មិនទាន់​បាន​ឃើញ​របាយការណ៍​ផ្លូវការ​ណាមួយ​ពី​សហភាព​អឺរ៉ុប​ជុំវិញ​ការសម្រេច​ជា​ផ្លូវការ​ចុងក្រោយ​នៃ​ការដក​ ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅឡើយ​ទេ​។

លោក​ទាំង​ ២ បានបញ្ជាក់​យ៉ាងខ្លី​បែបនេះ​ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ខណៈដែល​លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏​បញ្ជាក់​ដូចគ្នា​ដែរ​ថា លោក​ក៏​មិនទាន់​ឃើញ​របាយការណ៍​ផ្លូវការ​ពី​សហភាព​អឺរ៉ុប​នៅឡើយ​ដែរ​។ ទោះយ៉ាងណា លោក ហេង សួរ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ត្រៀម​វិធានការ​មួយចំនួន​ហើយ​ដើម្បី​បន្ត​ជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា ប៉ុន្តែ​លោក​បដិសេធ​បកស្រាយ​បន្ថែម​លើ​វិធានការ​ទាំងនោះ​។

លោក​ថ្លែងថា​៖ «​យើង​មិន​បានដឹង​នោះទេ​។ ប៉ុន្តែ​ទោះជា EU សម្រេច​យ៉ាងដូចម្តេច​ក៏​កម្ពុជា​បាន​ត្រៀម​បត់បែន និង​ដាក់ចេញ​នូវ​វិធានការ​សម្រាប់​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​រួចហើយ​ដែរ​»​។

លោក ហេង សួរ ទើបបាន​លើកឡើង​ថ្មីៗ​នេះ​ថា​នៅក្នុង​អំឡុង​ខែ​មីនា​ខាងមុខ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួយ​ចំនួន​នៅ​កម្ពុជា​នឹង​អាច​ត្រូវ​ផ្អាក​ដំណើរការ​ហើយ​ព្យួរការងារ​កម្មករ​មួយចំនួន ប៉ុន្តែ​លោក​អះអាង​ថា​នោះ​មិនមែន​ដោយសារ​រឿង EBA នោះទេ​។

លោក​បញ្ជាក់ថា ការផ្អាក​ដំណើរការ​រោងចក្រ​ហើយ​ព្យួរការងារ​កម្មករ​នេះ​គឺ​ដោយសារ​ខ្វះ​ក្រណាត់​ដែល​ជា​វត្ថុធាតុដើម ដែល​មិន​បាន​បញ្ជូន​មកពី​រោងចក្រ​នៅក្នុង​ប្រទេស​ចិន បន្ទាប់ពី​រោងចក្រ​ក្នុង​ប្រទេស​នេះ​បាន​បិទទ្វារ​តាំងពី​មុន​បុណ្យចូលឆ្នាំ​ចិន ហើយ​មិនទាន់​ដឹងថា ពេលណា​ដំណើរការ​វិញ ដោយសារ​តែ​ផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (​ស៊ីខៅឌូ​) បាន​លើកឡើង​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​គឺ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​សំខាន់ៗ​របស់​កម្ពុជា​នឹង​ត្រូវ​ដក​ជា​បណ្ដោះអាសន្ន ឬ​ដក​ជា​ភាគរយ ប៉ុន្តែ​លោក​ថា​ថ្វីដ្បិត​ការសម្រេច​ផ្លូវការ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ១២ ​កុម្ភៈ​ស្អែក​នេះ​ក្ដី គឺ​ខាង​សហភាព​អឺរ៉ុប​នឹង​អាច​ទុកពេល​បន្ថែម​ទៀត ដើម្បីឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​។

លោក​បន្តថា សហភាព​អឺរ៉ុប​គឺជា​អ្នក​នាំចូល​ដ៏សំខាន់​នូវ​ផលិតផល​ពី​វិស័យ​កាត់ដេរ​របស់​កម្ពុជា ហើយ​វិស័យ​នេះ​ប្រាកដ​ជា​រងផលប៉ះពាល់​យ៉ាងពិត​ប្រាកដ ប្រសិន​បើ​មាន​ការសម្រេច​ដក EBA ពី​សហភាព​អឺរ៉ុប​មែន​នោះ​។ លោក​បន្ថែម​ថា ការនាំចេញ​វិស័យ​កាត់ដេរ​របស់​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប ដែល​មាន​តម្លៃ​ជិត ១០ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​គឺ​ក្នុង​នោះ​កម្ពុជា ទទួល​បានតែ​ប្រហែល ៤ ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​តាមរយៈ​កម្លាំង​ពលកម្ម និង​ការរួច​ពន្ធ ខណៈ​ទឹកប្រាក់​ដែល​សេសសល់​គឺ​បាន​ទៅ​លើ​ភាគី​ចិន​ដែល​ជា​អ្នក​បញ្ជូន​វត្ថុធាតុដើម​មក​ដេរ​នៅ​កម្ពុជា​សម្រាប់​នាំចេញ​។

លោក​ថា​៖ «​នៅពេល​យើង​ជួប​ជាមួយ​សមាគម​និយោជក ឬ​អ្នកបញ្ជា​ទិញ​គឺ​គេ​ចាំមើល​លើ​សេចក្ដី​សម្រេច​នេះ តើ​គេ​ដក​ ឬ​មិន​ដក​ (EBA) គេ​ចាំមើល​សេចក្ដី​សម្រេច​ហ្នឹង​សិន ហើយ​ចាំ​ធ្វើ​ផែនការ​វិនិយោគ​របស់​គេ​បន្តទៀត​។ រោងចក្រ​ភាគច្រើន​គឺ​ចាំមើល​ការសម្រេច​ហ្នឹង ហើយ​ចំពោះ​រោងចក្រ​ដែល​នៅតែ​បន្ត​ប្រឈម​នឹង​ការដក EBA គឺ​មាន​តិចតួច​ប្រហែល​ ១០%»​។

ចំណែក​អ្នកវិភាគ​សេដ្ឋកិច្ច​លោក ហុង វណ្ណៈ មើលឃើញ​ថា រដ្ឋាភិបាល​ហាក់​បាន​ត្រៀម​វិធានការ​មួយចំនួនធំ​សម្រាប់​បំពេញ​បន្ថែម​នូវ​ប្រភព​ថវិកា​បាត់បង់ ប្រសិនបើ​មាន​ការដក EBA​។ លោក​បន្តថា កន្លង​មក​រដ្ឋាភិបាល​ចាប់ផ្ដើម​ធ្វើកំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​តាមរយៈ​ការប្រមូល​ពន្ធ​ជាដើម ការ​រឹតបន្តឹង​ការចាយវាយ​ខ្ជះខ្ជាយ​នៅ​តាម​ស្ថាប័នរដ្ឋ​សាធារណៈ ការបង្កើត​សេវា​ដើម្បី​ស្វែងរក​ថវិកា​ដូចជា​ការលក់​ស្លាក​លេខ​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន និង​ការប្រកាស​ចាប់ផ្ដើម​ដំណើរការ​រ៉ែ​ប្រេង នៅពេល​ខាង​មុខ ដើម្បី​ស្វែងរក​ចំណូល​បន្ថែម​ជាដើម​។

លោក​ថា​៖ «​ចំណុច​មួយទៀត​ប្រសិន​ក្រសួង​ទេសចរណ៍​មាន​ការរៀបចំ​សេវា​ល្អ យើង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​បន្ថែម​អ៊ីចឹង​ថវិកា​យើង​មិន​ថមថយ​រហូត​ស្ដារ​មិនកើត​ទេ អាហ្នឹង​ខ្ញុំ​គិតថា វា​អាច​ទប់ទល់​សភាពការណ៍ នៅពេល​បាត់បង់​ EBA»​។ លោក​បន្ថែមថា ការបាត់បង់ EBA អាច​ធ្វើឱ្យ​រោងចក្រ​មួយចំនួន​ត្រូវ​បិទទ្វារ និង​ធ្វើឱ្យ​កម្មករ​ត្រូវ​បាត់បង់​ការងារ ប៉ុន្តែ​លោក​ថា​ទំហំ​នៃ​ការប៉ះពាល់​ដោយសារ EBA នេះ​ប៉ុន្មាន គឺ​រង់ចាំ​មើល​ស្ថានភាព​ជាក់ស្ដែង​នៅពេល​ខាងមុខ​។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​ទាក់ទង​លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។ តំណាង​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ក៏​មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បានដែរ​៕

វីដេអូ៖