ភ្នំពេញៈ ក្រសួង​មុខងារ​សាធារណៈ​សម្រេច​រំកិល​អាយុ​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​ចំនួន​ ២ ឲ្យ​មាន​អាយុ​ចូលនិវត្តន៍​ក្នុង​អាយុ​ ៦០ ​ឆ្នាំ​ដូចគ្នា​ នៅក្នុង​ក្របខ័ណ្ឌ​ទាំង​ ៣ ​របស់​មន្ត្រីរាជការ​សាធារណៈ ខណៈ​មន្ត្រី​ជិត​ ២ ០០០ ​នាក់​ ដែល​ត្រៀម​នឹង​ចូលនិវត្តន៍​នៅ​ចុងឆ្នាំ​នេះ​នឹង​ត្រឡប់​មក​ធ្វើការ​តាម​ធម្មតា​។

តាម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល និង​លក្ខន្តិកៈ​ដោយឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​ចែងថា ប្រភេទ​ក្របខ័ណ្ឌ​របស់​មន្ត្រីរាជការ​មាន​ ៣ ប្រភេទ ដែល​ក្របខ័ណ្ឌ «​ក​» មាន​អាយុ​ចូលនិវត្តន៍​ ៦០ ​ឆ្នាំ ចំពោះ​ក្របខ័ណ្ឌ «​ខ​» មាន​អាយុ​ចូលនិវត្តន៍​ ៥៨​ ​ឆ្នាំ និង​ក្របខ័ណ្ឌ «​គ​» មាន​អាយុ​ចូលនិវត្តន៍​ ៥៥ ​ឆ្នាំ​។

ក្រសួង​មុខងារ​សាធារណៈ​បាន​លើក​ឡើង​នៅក្នុង​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​ ២១ វិច្ឆិកា ដែល​ផ្ញើជូន​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងអស់​ទូទាំង​ប្រទេស​ថា ដោយ​អនុលោម​តាម​មាត្រា​ ២៦ នៃ​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម មន្ត្រីរាជការ​ស៊ីវិល​ដែល​ស្ថិតក្រោម​បញ្ញត្តិ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​កម្ពុជា ទោះបី​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ណាមួយ​ក៏ដោយ ត្រូវ​បម្រើ​ការងារ​រហូត​ដល់​អាយុ​ ៦០ ​ឆ្នាំ​ទើប​រៀបចំ​ដាក់​ឲ្យ​ចូលនិវត្តន៍​តាម​នីតិវិធី​ជា​ធរមាន​។

លិខិត​នោះ​បាន​បន្តថា​៖ «​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ​នេះ​តទៅ​ក្រសួង​មុខងារ​សាធារណៈ​នឹង​រក្សាទុក​មន្ត្រី​រាជការ​ស៊ីវិល​ដែល​មាន​ប្រភេទ​ក្របខ័ណ្ឌ ខ និង​គ ឱ្យ​បម្រើ​ការងារ​បន្តទៀត​រហូត​ដល់​អាយុ​ ៦០ ​ឆ្នាំ​»​។

លោក​ ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​បាន​បញ្ជាក់​បន្ថែម​នៅក្នុង​លិខិត​នោះ​ថា ដោយឡែក​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល​ប្រភេទ​ក្របខ័ណ្ឌ ខ និង​គ ដែល​បាន​រៀបចំ​ដាក់​ឱ្យ​ចូលនិវត្តន៍​ក្នុង​ខែវិច្ឆិកា​កន្លង​មក​ទទួល​បាន​ការផ្តល់ជូន​ប្រាក់​ឧបត្ថម្ភ​លើកដំបូង​ម្តងគត់​មុនពេល​ចូលនិវត្តន៍​ចំនួន​ ៨ ​ខែ​នៃ​បៀវត្សរ៍​មូលដ្ឋាន​ចុងក្រោយ​រួចរាល់​ហើយ​នោះ​។ ក្រសួង​ស្នើឱ្យ​សាមីខ្លួន​បង្វែរ​ថវិកា​ទាំងនោះ​ចូល​ថវិការដ្ឋ​វិញ និង​នៅ​បន្ត​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​របស់ខ្លួន​រហូត​ដល់​អាយុ​ ៦០ ​ឆ្នាំ​។

លោក​ ជុត មន្នី រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បើ​យោងតាម​ការសម្រេច​ថ្មី​នេះ​គឺ​មាន​មន្ត្រី​ស៊ីវិល​ប្រមាណ​ជិត​ ២០០០ ​នាក់​ដែល​បាននិង​កំពុង​ត្រៀម​ចូលនិវត្តន៍​នៅក្នុង​អំឡុង​ខែ​វិច្ឆិកា និង​ខែធ្នូ​ចុង​ឆ្នាំ​នេះ​នឹង​ត្រូវ​ត្រឡប់​ចូល​ធ្វើការ និង​បំពេញ​តួនាទី​របស់​ខ្លួន​ដូចដើម​ជាធម្មតា​វិញ​។

លោក​បន្ថែមថា​៖ «​មាន​ន័យថា​ជាធម្មតា ប្រាក់បៀវត្សរ៍​យើង​បើក​នៅ​ពាក់​កណ្តាលខែ និង​ចុងខែ​។ អ៊ីចឹង​ជាធម្មតា​ពេល​បែបនេះ​យើង​ធ្វើ​ (​ការរៀបចំ​) ​ប្រាក់បៀវត្សរ៍​ទុក​មុន​ ១ ​ខែ និង​បញ្ចូល​ក្នុង​គណនី​គាត់​រួចហើយ ដើម្បីឱ្យ​គាត់​ចូលនិវត្តន៍​ទៅ​គាត់​មាន​ប្រាក់​សោធន​ភ្លាម​។ ប៉ុន្តែ​ច្បាប់​នេះ​មិនមាន​អានុភាព​ធាក់​ថយក្រោយ​ទេ គឺ​អនុវត្ត​សម្រាប់​មន្ត្រី​ដែល​ត្រៀម​ចូលនិវត្តន៍​ចាប់ពី​ខែ​នេះ​ប៉ុណ្ណោះ​។ សម្រាប់​អ្នក​ចូលនិវត្តន៍​ហើយ​ក្នុង​ខែ​​ ១០ ​គឺ​មិន​អនុវត្ត​ទេ​»​។

យ៉ាងណា​ក៏ដោយ​លោក ជុត មន្នី បាន​អះអាងថា សម្រាប់​មន្ត្រីរាជការ​ដែល​ស្ថិតក្នុង​ក្របខ័ណ្ឌ ខ និង​គ មាន​ប្រមាណ​ជា​ ១ ​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ដូច្នេះ​នៅពេល​ដែល​មាន​ការកែប្រែ​បែបនេះ មន្ត្រី​ទាំងនោះ​នឹង​បន្ត​ធ្វើការ​ក្នុង​តួនាទី​របស់​ពួកគេ​ដល់​អាយុ​ ៦០ ​ឆ្នាំ​ដូច​ទៅ​ហ្នឹង​មន្ត្រីរាជការ​ស៊ីវិល​ក្នុង​ក្របខ័ណ្ឌ​ដទៃទៀត​ដែរ​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​លើកឡើង​ថា វា​ជា​ការប្រសើរ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ការកែប្រែ​លក្ខន្តិកៈ​ដើម្បី​ឱ្យ​មន្ត្រី​ទាំងអស់​បាន​ចូលនិវត្តន៍​ត្រឹម​អាយុ​ស្មើគ្នា ឱ្យស្រប​ទៅ​នឹង​ច្បាប់​ថ្មី​ដែល​ទើបតែ​បង្កើតឡើង​នេះ​។

ជាមួយ​នឹង​ការកំណត់​អាយុ​ចូលនិវត្តន៍​នេះ​លោក​ មឿន តុលា ស្នើឱ្យ​រដ្ឋាភិបាល​គួរតែ​បែងចែក​ឲ្យ​បាន​ល្អ​សម្រាប់​អាយុ​ធ្វើការ​របស់​មន្ត្រី​ ឬ​បុគ្គលិក​ការងារ​ដែល​ធ្វើការ​ដោយ​ប្រើ​កម្លាំង​បញ្ញា និង​កម្លាំងកាយ​។

លោក​ថ្លែង​ថា​៖ «​ប្រភេទ​ការងារ​ដែល​ប្រើប្រាស់​កម្លាំង​កាយ គួរតែ​ត្រូវ​បាន​ទទួល​ឱកាស​ក្នុង​ការឈប់ ឬ​ចូលនិវត្តន៍​មុន​ប្រភេទ​ការងារ​ដែល​ប្រើប្រាស់​កម្លាំង​បញ្ញា​។ ព្រោះ​អ្នក​ប្រើ​កម្លាំង​បញ្ញា​មិនសូវ​ទទួល​នូវ​ការ​ហត់នឿយ​អាច​អនុវត្ត​បាន និង​លក្ខណៈ​នៅ​ល្អប្រសើរ​នឹង​អាច​ប្រកប​ការងារ​ទាំងនេះ​បាន​រយៈពេល​យូរ​ជាង​»៕