
មន្ត្រីរាជការ និងពលរដ្ឋរាប់បាត្រក្នុងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំមុន។ ហុង មិនា
ភ្នំពេញៈ មន្ត្រីរាជការមានក្របខ័ណ្ឌគ្រប់ប្រភេទ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធដូចជានគរបាល និងទាហាន រួមទាំងមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកបណ្ដែត និងមន្ត្រីចូលនិវត្តន៍នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥ ម៉ឺនរៀលក្នុងម្នាក់នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមអនុក្រឹត្យស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរបស់រដ្ឋាភិបាលធ្វើឡើងនៅថ្ងៃទី ១៥ ខែសីហា។
ការផ្ដល់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ ហើយក្នុងមន្ត្រីម្នាក់ទទួលបានប្រាក់ឧបត្ថម្ភតែ ១ លើក និង ១ កន្លែងប៉ុណ្ណោះ។
អនុក្រឹត្យបញ្ជាក់ថា៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នសាមីត្រូវសហការ និងចាត់ចែងរៀបចំការបើកផ្ដល់ជាបុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឱ្យបានដល់សាមីជនម្នាក់ៗក្នុងការបើកបៀវត្សរ៍លើកទី ១ នៃខែកញ្ញាឆ្នាំ ២០១៩»។
លោក ជុត មន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា តាមតួលេខគឺបច្ចុប្បន្ននេះកម្ពុជាមានមន្ត្រីរាជការស៊ីវិលជាង ២០ ម៉ឺននាក់ ប៉ុន្តែលោកមិនបានដឹងអំពីទំហំទឹកប្រាក់ដែលត្រូវចំណាយសរុបសម្រាប់ឧបត្ថម្ភដល់មន្ត្រីរាជការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះទេ។ លោកបន្តថា៖ «ខាងខ្ញុំគ្រប់គ្រងតែមន្ត្រីរាជការស៊ីវិលទេ ហើយមិនមែនមន្ត្រីនគរបាល និងយោធាទេ»។
កាលពីថ្ងៃម្សិលមិញលោក អេង ទូច អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថាលោកមិនទាន់ដឹងច្បាស់អំពីការចំណាយថវិកាសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការនេះទេ។ លោកថា៖ «ខ្ញុំសូមពេលទាក់ទងទៅខាងជំនាញ ដើម្បីបញ្ជាក់អំពីតួលេខចំណាយនេះសិន។ បន្ទាប់មកចាំខ្ញុំផ្ដល់តួលេខជូនតាមក្រោយ»។
អស់រយៈពេលប្រហែល ៦ ឆ្នាំហើយដែលរដ្ឋាភិបាលបានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ ៥ ម៉ឺនរៀលដោយក្នុង ១ ឆ្នាំទទួលបាន ២ ដងគឺពិធីបុណ្យចូលឆ្នាំខ្មែរម្ដង និងពិធីបុណ្យភ្ជុំបិណ្ឌម្ដង។ នេះបើតាមលោក ជុត មន្នី។
លោក ឡេង វន្នី គ្រូបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យហ៊ុនសែនពាមជីលាំងក្នុងខេត្តត្បូងឃ្មុំបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា លោកបានឃើញគេបង្ហោះតាមហ្វេសប៊ុកថា ប្រាក់ឧបត្ថម្ភចំនួន ៥ ម៉ឺនរៀលនេះគឺអាចបើកបាននៅក្នុងសប្ដាហ៍ទី ២ នៃខែកញ្ញា ប៉ុន្តែលោកហាក់មិនភ្ញាក់ផ្អើលចំពោះការឧបត្ថម្ភនេះឡើយ។
លោកថ្លែងថា៖ «បើយើងគិតទៅថាវាតិចក៏បាន ព្រោះ ៥ ម៉ឺនធ្វើអីចេញ មិនបាច់ជូនពីណាទេ ទិញតែទឹកក្រូចម៉ាកេះអស់ហើយ ហើយគ្រូខ្លះនៅឆ្ងាយពីផ្ទះ គ្រាន់តែជិះឡានទៅស្រុកអស់បាត់ហើយ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងដែរថា អស់រយៈពេល ៥ ឆ្នាំហើយ ដែលក្រសួងអប់រំបានខិតខំយកចិត្តទុកដាក់ដើម្បីលើកកម្ពស់ជីវភាពរបស់គ្រូបង្រៀន ហើយការផ្ដល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការនេះគឺជាការលើកទឹកចិត្ត និងជួយសម្រួលជីវភាពរបស់គ្រូបង្រៀននៅទូទាំងប្រទេស។ លោកថា៖ «ក្រៅពីការផ្ដល់ប្រាក់ឧបត្ថម្ភនេះ ក្រសួងអប់រំក៏កំពុងបន្តយកចិត្តទុកដាក់ដើម្បីបន្ថែមប្រាក់បៀវត្សរ៍បន្ថែមទៀត»។
កម្ពុជាមានគ្រូបង្រៀនចាប់ពីថ្នាក់មតេយ្យសិក្សារហូតដល់មធ្យមសិក្សាទុតិយភូមិចំនួន ៩៣៧៣ នាក់ដោយគ្រូបឋមទទួលបានប្រាក់ខែចំនួន ១ លាន ២០ ម៉ឺនរៀល គ្រូអនុវិទ្យាល័យចំនួន ១ លាន ៣០ ម៉ឺនរៀល និងគ្រូវិទ្យាល័យទទួលបានចំនួន ១ លាន ៤០ ម៉ឺនរៀល។
លោក រស់ សុវាចា អះអាងថាតាមសេចក្ដីប្រកាសមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺចាប់ពីឆ្នាំ ២០២០ ទៅមន្ត្រីរាជការទាំងអស់នឹងទទួលបានការបន្ថែមប្រាក់បៀវត្សរ៍ចំនួន ៧% ក្នុង ១ ឆ្នាំ៕