ភ្នំពេញៈ ក្រសួង​យុត្តិធម៌​ព្រមាន​ថា មន្ត្រីរាជការ​ណា​ដែល​ចូលរួម​ធ្វើជា​មេដឹកនាំ​ក្នុងការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​ហៅថា​ «​រដ្ឋប្រហារ​» ​ជាមួយ​លោក​ សម រង្ស៊ី នឹង​ត្រូវ​ជាប់គុក​អស់​មួយជីវិត ខណៈ​រាល់​បុគ្គល​ទាំងឡាយ​ដែល​ចូលរួម​ក្នុង​គម្រោងការ​នេះ​នឹង​ត្រូវ​ដាក់​ពន្ធនាគារ​ពី ៥ ​ឆ្នាំ​ទៅ ១០ ​ឆ្នាំ​។

ការព្រមាន​របស់​ក្រសួង​យុត្តិធម៌​ធ្វើឡើង បន្ទាប់ពី​លោក​ សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​បាន​អំពាវនាវ​ប៉ុន្មាន​ថ្ងៃមុន​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ទៅ​កងកម្លាំង និង​ពលរដ្ឋ​ឲ្យ​ចូលរួម​គាំទ្រ​ដំណើរ​វិលត្រឡប់​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា​ខាងមុខនេះ​។

លោក​ រង្ស៊ី ហៅ​ការវិលត្រឡប់​របស់​ខ្លួន​ថា ដើម្បី​ប្តូរ​មេដឹកនាំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សង្គ្រោះ​ប្រជាធិបតេយ្យ ហើយ​ថា​អតីត​បក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ត្រៀម​ថវិកា សម្រាប់​ទុកឱ្យ​កងទ័ព​ដែល​ផ្តាច់ខ្លួន​ចាំ​ជួយ​ការពារ​ពលរដ្ឋ​ខ្មែរ នៅពេល​ដែល​លោក​វិល​ត្រឡប់​ទៅ​កម្ពុជា​។

លោក​ សម រង្ស៊ី ថ្លែងថា​៖ «​ផ្តាច់ខ្លួន​ពី​របប​ផ្តាច់ការ និង​ក្បត់ជាតិ ហ៊ុន សែន ដើម្បី​ទៅ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ដែល​នឹង​ងើបឈរ​ជា​ធ្លុង​មួយ​ទាមទារ​សេរីភាព យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ ក្រោម​ការដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ពី​ថ្ងៃ ៩ វិច្ឆិកា ២០១៩ ទៅ​»​។

យោង​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងយុត្តិធម៌ ពិនិត្យ​ឃើញ​ថា​៖ «​ទី​១ ​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​បទឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ផ្តន្ទាទោស​ក្រោម «​បទល្មើស​ឧបឃាត​» តាម​បញ្ញត្តិ​មាត្រា​ ៤៥១ និង​មាត្រា​ ៤៥២ នៃ​ក្រមព្រហ្មទណ្ឌ​ដោយ​ដាក់​ពន្ធនាគារ​ពី​ ១៥ ​ឆ្នាំ​​ ទៅ​ ៣០ ​ឆ្នាំ​ ហើយ​ប្រសិន​បើ​ជនល្មើស​ជា​អ្នករាជការ​សាធារណៈ ទោស​សម្រាប់​ «​បទល្មើស​ឧបឃាត​» ​នេះ​ត្រូវ​ដាក់​ពន្ធនាគារ​អស់​ ១ ​ជីវិត​»​។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន បាន​បញ្ជាក់​ពី​ម្សិលមិញ​ថា ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ​នេះ​គឺ​សម្រាប់​អនុវត្ត​សម្រាប់​បុគ្គល ឬ​អ្នក​រាជការ​សាធារណៈ​ដែល​ជា​ថ្នាក់ដឹកនាំ​ចូលរួម​រៀបចំ​ផែនការ​ក្នុង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​បទល្មើស​ឧបឃាត​នេះ​គឺ​អនុវត្ត​សម្រាប់​ថ្នាក់ដឹកនាំ​ដែល​រៀបចំ​ផែនការ​ទាំង​ហ្នឹង​។ ផែនការ​ដែល​គាត់​រៀបចំ​ដូច​សេចក្តី​ថ្លែងការណ៍​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៥ ខែ​កញ្ញា​ហ្នឹង វា​លើស​ពី​ការប្រឆាំង​ទៅ​នឹង​សាលដីកា​របស់​តុលាការ​កំពូល​ហើយ​ដោយ​ឆ្លង​បន្ទាត់​ក្រហម ហើយ​ឈាន​ទៅ​បទឧក្រិដ្ឋកម្ម និង​វិទ្ធង្សនា​ក្នុង​ការរៀបចំ​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​បន្ថែម​ថា​៖ «​ទី​២ ​ចំពោះ​រាល់​បុគ្គល​ទាំងឡាយ​ដែល​ចូលរួម​នៅក្នុង​គម្រោងការ​នេះ ត្រូវ​ជាប់ទោស​ពី​ «​បទល្មើស​រួមគំនិត​ក្បត់​» ​ដែល​ជា​បទឧក្រិដ្ឋ​មានចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​ ៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ដោយ​ដាក់​ពន្ធនាគារ​ពី​ ៥ ឆ្នាំ ទៅ​ ១០ ​ឆ្នាំ​។ ទោស​នេះ​ត្រូវ​បន្ថែម​ទម្ងន់​ដាក់​ពន្ធនាគារ​ពី​ ១០ ទៅ​ ២០ ​ឆ្នាំ ប្រសិន​បើ​ជនល្មើស​គឺជា​អ្នករាជការ​សាធារណៈ​»​។

ពាក់ព័ន្ធ​នឹង​បទល្មើស​ទី​ ២ អ្នក​នាំពាក្យ​រូបនេះ​លើក​ឡើង​ថា​សំដៅ​ទៅលើ​អ្នក​ដែល​ចូលរួម​គាំទ្រ​តាម​គ្រប់​រូបភាព​ដូចជា​ការសម្តែងមតិ ការជួបជុំ និង​ការចូលរួម​គាំទ្រ​ផែន​ការវិល​ត្រឡប់មក​វិញ​ក្នុងការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល តាមរយៈ​រដ្ឋប្រហារ និង​បដិវត្តន៍​ហិង្សា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អាច​អត់ឱន​ឲ្យ​បាន​។

សេចក្តី​ប្រកាស​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​បុគ្គល​ណា​ដែល​បាន​ចូលរួម​ក្នុង​អំពើ​រួមគំនិត​ក្បត់​ខាងលើ ហើយ​បុគ្គល​នោះ​បាន​សារភាព​ចំពោះមុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​សហការ​បង្ក្រាប​បទល្មើស​នេះ​នឹង​ត្រូវ​ទទួល​បាន​ការលើកលែង​ឲ្យ​រួចផុត​ពី​ការទទួល​ទោស​ដោយ​អនុលោម​តាម​បញ្ញត្តិ​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ទន្ទឹម​នឹង​នេះ​ក្រសួង​យុត្តិធម៌​ក៏​អំពាវនាវ​ដល់​ជនរួមជាតិ កុំ​ចាញ់​ឧបាយកល​បោក​បញ្ឆោត​របស់​ឧក្រិដ្ឋជន​ដែល​អាច​នាំ​ឲ្យ​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រួមគំនិត​ក្បត់​ដែល​ត្រូវ​មានទោស​ធ្ងន់ធ្ងរ​តាម​ច្បាប់​។

ក្រសួង​អំពាវនាវ​ឱ្យ​ជនរួមជាតិ ចូលរួម​ប្រឆាំង​ឧក្រិដ្ឋកម្ម​បំផ្លិចបំផ្លាញ​ជាតិ​ខាង​លើ​នេះ​ដោយ​សហការ​រាយការណ៍​អំពី​ផែនការ​ក្បត់​ខាង​លើ និង​មុខសញ្ញា​ពាក់ព័ន្ធ​ជូន​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ឈាន​ទៅ​ចាត់វិធានការ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា សារ​របស់​ក្រសួង​យុត្តិធម៌​គឺជា​ការ​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ​កុំ​ឲ្យ​មាន​ការពាក់ព័ន្ធ​នឹង​ចលនា​ក្បត់ជាតិ ហើយ​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​បុគ្គល​ ឬ​មន្ត្រី​រាជការ​ណា​មួយ​ដែល​ប៉ុនប៉ង​ធ្វើ​ផែនការ​រដ្ឋប្រហារ​ប្រឆាំង​រដ្ឋាភិបាល​ស្រប​ច្បាប់​ដោយសារ​តែ​វា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។

លោក​បញ្ជាក់​ថា​៖ «​ហើយ​ពន្យល់​ពី​ផលលំបាក​ដែល​អាច​កើតមាន នៅពេល​ដែល​មន្ត្រី​ណាមួយ​ ឬ​បុគ្គល​ណាមួយ​ដែល​ចូលរួម​ផែនការ​ក្បត់​របស់​លោក​ សម រង្ស៊ី​។ ពេល​ដែល​ខ្លួន​ចូលរួម​ក្នុង​បដិវត្តន៍​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​អាច​ប្រឈមមុខ​ទោសទណ្ឌ​រហូត​មួយជីវិត​»​។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​លោក​ ស៊ឹង ​សែនករុណា ចាត់ទុក​ការប្រកាស​របស់​ក្រសួង​យុត្តិធម៌​ថា ជាការ​បំភិតបំភ័យ និង​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយសារ​តែ​ការប្រកាស​នេះ​នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ក្នុង​ការបញ្ចេញមតិ​របស់​ពួកគេ​។

លោក​បញ្ជាក់ថា​៖ «​យើង​ចាត់ទុក​ថា​ជន​ណា​មានទោស​ដរាប​ណា​ជន​នោះ​បាន​ត្រូវ​តុលាការ​កាត់ទោស​តាម​នីតិវិធី​ផ្លូវច្បាប់​ជាមុន​សិន​ដូច្នេះ​ហើយ​យើង​មិន​អាច​កំណត់​ជននេះ​មានទោស​ឬ​អត់​ទោស​បានទេ​។ ការព្រមាន​ទាំងឡាយ​ណា​ដែល​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មិនអាច​ទទួល​យក​បាន​»​។

លោក​ក៏បាន​ចាត់ទុក​ការ​ចោទប្រកាន់​របស់​តុលាការ​កម្ពុជា ចំពោះ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៦ ​នាក់​ ក្នុង​បទ​ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ​» ​ថា​ជា​ការ​ចោទ​គ្មាន​មូលដ្ឋាន ច្បាស់លាស់​ដែល​មិនមាន​យុត្តិធម៌​។

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ថ្លែង​ថា​៖ «​នេះ​ជា​វិធានការ​មួយ​ទៀត​ដើម្បី​ពង្រឹង​ឯកភាព​ក្នុង​ជួរ​បុគ្គលិក​រដ្ឋ​សម្រាប់​កម្ទេច​ការប៉ុនប៉ង​កៀរគរ "​អំណាច​ប្រជាពលរដ្ឋ​" ដើម្បី​រំលំ​រដ្ឋាភិបាល​នៅពេល​គាត់​ (​សម រង្ស៊ី​) ​ត្រឡប់​ចូល​មក​ប្រទេស​វិញ​»​។

ជាមួយ​នឹង​ការអំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ទទួល​ដំណើរ​និវត្តន៍​របស់​ខ្លួន​លោក​ សម រង្ស៊ី ក៏បាន​ស្នើឱ្យ​សហរដ្ឋអាមេរិក​ផ្ដល់​កិច្ចការពារ​សុវត្ថិភាព​ចំពោះ​លោក ពេល​លោក​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ដើម​ខែ​វិច្ឆិកា​៕

វីដេអូ៖