ភ្នំពេញៈ មន្ត្រី​រាជរដ្ឋាភិបាល​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (HRW) ដោយ​ថ្លែង​ថា អង្គការ​នេះ​បាន​ប្រឌិត​រឿង ដើម្បី​វាយប្រហារ​បំពាន​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​លោក​ សៅ សុខា និង​មិន​គួរ​យក​របៀបវារៈ​នយោបាយ​មក​ពាក់ព័ន្ធ​នឹង​កីឡា​ឡើយ​។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ​ស៊ីផាន ចុះ​ថ្ងៃទី ​២១ ខែ​ធ្នូ ឆ្នាំ ២០១៨ សរសេរ​ថា​រាជរដ្ឋាភិបាល​សម្ដែង​នូវ​ក្ដី​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​បុគ្គល​ដែល​តាំង​ខ្លួន​ឯង​ជា​តម្រួត​អន្ដរជាតិ និង​មាន​និន្នាការ​នយោបាយ​ចក្រពត្ដិ​ទាក់ទង​ទៅ​នឹង​សិទ្ធិមនុស្ស​។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា​៖ «HRW បាន​លើក​ឡើង​បែប​ជា​ការ​ប្រឌិត វាយប្រហារ និង​ប្រមាថ​បំពាន​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​ជា​ស្ថាបនិក​ស្ម័គ្រចិត្ដ​...»​។

ប្រតិកម្ម​របស់​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី HRW កាលពី​ថ្ងៃទី ៣ ខែ​ធ្នូ ឆ្នាំ ២០១៨ បាន​ថ្លែង​នៅក្នុង​លិខិត​មួយ​ដែល​ផ្ញើ​ទៅកាន់​លោក Keisuke Honda ថា កិច្ចសន្យា​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​របស់​តារា​បាល់ទាត់​អន្តរជាតិ​របស់​លោក​បាន​ធ្វើឲ្យ​លោក​ជាប់​ទាក់ទង​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​កម្ពុ​ជា​ម្នាក់​ដែល​ត្រូវ​បាន​គេ​ដឹងថា បាន​ជាប់​ទាក់ទង​នឹង​ការសម្លាប់ និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​»​។

លោក ប្រែត អាដាម ប្រធាន​ HRW នៅ​តំបន់​អាស៊ី​បាន​ថ្លែង​ថា​៖ «​នៅពេល​ដែល​លោក​បាន​ឃើញ​រូបថត​របស់​លោក Keisuke Honda ដែល​ថត​ជាមួយ​នឹង​បុគ្គល​រំលោភ​សិទ្ធិមនុស្ស​ដ៏ល្បីល្បាញ​ដូចជា លោក សុខា កាលពី​សន្និសីទ​សារព័ត៌មាន​កាលពី​ខែ​សីហា​នោះ​បាន​ធ្វើឲ្យ​លោក​មាន​អារម្មណ៍​រន្ធត់​ជាខ្លាំង​»​។

ប៉ុន្តែ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​លោក ផៃ ស៊ីផាន បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​នៅ​តែ​វាយតម្លៃ​ស​ខ្ពស់ ចំពោះ​វីរភាព​ជាមួយ​នឹង​ការគាំទ្រ​ឥត​រាថយ​របស់​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ក្នុង​ការជួយ​ទំនុក​បម្រុង​យុវជន និង​កីឡា ដើម្បី​លើក​តម្កើង​ពួកគេ​ក្នុង​ការ​រក្សា​បាន​នូវ​ទស្សន​វិជ្ជមាន​របស់​យុវជន​ថាមពល​របស់​ពួកគេ​ក្នុង​ការ​ចូលរួម​ពង្រឹង​សុវត្ថិភាព​សង្គម​ព្រម​ទាំង​ចាប់​យក​ឱកាស​ដើម្បី​បង្កើន​ការរីកចម្រើន​ដល់​សង្គម និង​ក្រុម​គ្រួសារ​របស់​ពួកគេ​នីមួយៗ​។

លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា លោក​មិន​មាន​ការឆ្លើយតប​អ្វី​ចំពោះ​ការលើកឡើង​របស់​អង្គការ HRW នោះ​ទេ​ព្រោះ​អ្វីៗ​ទាំងអស់ អង្គការ​នេះ​ជា​អ្នក​លើកឡើង​តែ​ខ្លួនឯង​តែ​ម្ខាង​ប៉ុណ្ណោះ​។ លោក​បន្ដ​ថា​៖ «​សុំ​សួរ​ទៅ​លោក ប្រែត អាដាម ហ្នឹង​ទៅ​ព្រោះ​គាត់​អ្នក​និយាយ​»​។

ទោះ​យ៉ាង​ណា​លោក សៅ សុខា បាន​ប្រៀបធៀប​ការលើក​ឡើង​របស់​លោក ប្រែត អាដាម ក៏ដូចជា​អង្គការ HRW ថា មិន​ចេះ​មើល​កីឡា ប៉ុន្ដែ​បែរ​ជា​មក​វាយតម្លៃ​កីឡាករ​ទៅ​វិញ​។

មន្ត្រី​រដ្ឋាភិបាល និង​អ្នក​គាំទ្រ​វិស័យ​កីឡា​ក៏​បាន​សម្តែង​ការមិន​ពេញ​ចិត្ត​ផង​ដែរ ចំពោះ​លោក ប្រែត អាដាម ដោយ​រិះគន់​ថា​ប្រធាន​អង្គការ​រូប​នេះ​មិន​គួរ​យក​រឿង​នយោបាយ​ចូល​មក​ពាក់ព័ន្ធ​នឹង​រឿង​កីឡា​ឡើយ​។

លោក ឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​ថា​ចំពោះ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ធ្វើការ​ទាក់ទង​សហការ​យ៉ាង​ស្អិតល្មួត​ជាមួយ​កងរាជ​អាវុធហត្ថ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ទាក់ទង​នឹង​រ៉ែ​នេះ «​ហើយ​មេបញ្ជាការ​អាវុធហត្ថ ឯកឧត្តម សៅ សុខា ហ្នឹង​គឺជា​មនុស្ស​ដែល​ម៉ឺងម៉ាត់ ធ្វើការ​ហ្មត់ចត់​ច្បាស់លាស់​»​។ លោក​បាន​បញ្ជាក់​ថា​៖ «​គាត់​គឺជា​អ្នក​ជួយ​លើក​កម្ពស់​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​នឹង​ខ្លាំង​ណាស់​ដែរ យើង​យល់​ថា (HRW) មិន​គួរ​នឹង​ភ្ជាប់​របៀបវារៈ​នយោបាយ​ជាមួយ​នឹង​កីឡា​ឡើយ​»​។

លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រែត អាដាម មិន​គួរ​យក​បញ្ហា​កីឡា​មក​លាយឡំ​នឹង​របៀបវារៈ​នយោបាយ​ «​ដ៏អាក្រក់​របស់​ខ្លួន​ទេ​»​។

លោក​ថ្លែង​ថា​៖ «​នេះ​មិនមែន​ជា​រឿង​ចម្លែក​ឡើយ​ព្រោះ ប្រេដ អាដាំ និង​អង្គការ​របស់​ខ្លួន​តែងតែ​មាន​របៀបវារៈ​នយោបាយ​ក្នុង​នាម​ជា​អ្នក​ប្រឆាំង​គ្មាន​ហេតុផល ចំពោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជានិច្ច​»​។

​«​ក្នុង​នាម​ជា​អ្នក​ឈ្នានីស និង​តាម​បំផ្លាញ​កម្ពុជា ប្រេដ អាដាំ មិន​សប្បាយ​ចិត្ត​ឡើយ​ដែល​ឃើញ​កម្ពុជា​មាន​សុខសន្តិភាព​ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ និង​វិស័យ​កីឡា​កម្ពុជា​រីកចម្រើន​»​។

លោក​លើក​ឡើង​ថា​លោក សុខា គឺជា​អ្នក​ជួយ​ជំរុញ​ឱ្យ​វិស័យ​កីឡា​កម្ពុជា ជាពិសេស​កីឡា​បាល់ទាត់​រីកចម្រើន និង​ស្វះស្វែងរក​ការជួយ​ជ្រោមជ្រែង​ពី​មិត្តភក្តិ​នានា​ក្នុង​នោះ​មាន​កីឡាករ​ហុងដា​របស់​ជប៉ុន​ជាដើម​ដែល​ស្ម័គ្រចិត្ត​ជួយ​បណ្តុះបណ្តាល​កីឡាករ​កម្ពុជា​ឱ្យ​មាន​សមត្ថភាព និង​បទពិសោធ​ក្នុង​អាជីព​របស់​ខ្លួន​ហើយ​លើស​ពី​នេះ​លោក សុខា ក៏​ជា​អ្នក​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ម្នាក់​ផង​ដែរ​ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នាពេល​កន្លង​ទៅ​។

ចំណែក​លោក សុខ គន្ធា ដែល​ជា​អ្នកគាំទ្រ​វិស័យ​កីឡា​បាល់ទាត់​បាន​លើក​ឡើង​ថា HRW មិន​គួរ​លើក​ករណី​កីឡា​ទៅ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះទេ​។ «​បើ​អង្គការ HRW មើល​ឃើញ​ពី​កំហុស​ណា​មួយ​របស់​លោក សៅ សុខា ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​កម្ពុជា​គាត់​គួរតែ​ផ្ញើ​លិខិត​ទៅ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក (FIFA) ដើម្បី​ឲ្យ​គេ​ដោះស្រាយ ព្រោះ​យើង​មិន​គួរ​យក​វិស័យ​កីឡា​មក​ប្រឡូក​ចូល​ជាមួយ​រឿង​នយោបាយ​ទេ ត្រូវ​ចែក​ឲ្យ​ដាច់​ពី​គ្នា​»៕