ភ្នំ​ពេញៈ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ ចេញ​លិខិត​សរសើរ​ដល់​មន្ត្រី​កម្ពុជា​ពីរ​រូប ​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុងការ​ចូលរួម​រឹត​​​ចំណង​មិត្តភាព​រវាង​ប្រទេស ​ជប៉ុន និង​ កម្ពុជា តាម​រយៈ​ការ​ជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​ ការ​គាំទ្រ​ដល់​ប្រជាជន​ជប៉ុន ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​១ ធ្នូ។

មន្ត្រីកម្ពុជា​​ដែលទទួល​បាន​លិខិត​សរសើរ​នេះ រួម​មាន​លោក​ ម៉ី កល្យាណ ទី​ប្រឹក្សា​ជាន់​ខ្ពស់​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ ​​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ និង លោក​ ​ហួត សុធី ស្នងការ​នគរ​បាល​ខេត្ត​ឧត្តរ​មាន​ជ័យ​។

បើ​តាម​ស្ថាន​ទូត​ជប៉ុន លោក​ ម៉ី កល្យាល បាន​​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​រវាង​ជប៉ុន​និង​កម្ពុជា ចំណែក​លោក ហួត​ សុធី បាន​ចូល​រួម​ចំណែក​គាំទ្រ​ជន​ជាតិ​ជប៉ុន​ដែល​ត្រូវ​ការ​ជំនួយ​នៅ​ប្រទេស​កម្ពុជា។

ស្ថាន​ទូត​ជប៉ុន​បញ្ចាក់​ថា លិខិត​សរសើ​រនេះ​ចេញ​ដោយ​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន ​ចំពោះ​បុគ្គល ​ឬ​ ក្រុម​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​លើ​វិស័យ​អន្តរជាតិ ​ដើម្បី​ជា​ការ​ទទួល​ស្គាល់​នូវ​ការ​រួម​ចំណែក​របស់​ពួក​គាត់​ លើ​ការ​ជំរុញ​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ជប៉ុន និង ​បណ្តា​ប្រទេស​នានា។ ពិធី​ប្រគល់​លិខិត​សរសើរ​នេះ​នឹងធ្វើ​ឡើង​នា​ពេលឆាប់ៗ​នេះ។

លោក​ ហួត សុធី បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថា លោក​បាន​ចូល​បម្រើ​ជា​នគរ​បាល​នៅ​ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ ២០០៦​ បន្ទាប់​ពី​លោក​បាន​ធ្វើ​ជា​មគ្គុទេសន៍​ភាសាជប៉ុន។ លោក​ធ្លាប់​បាន​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​ និង​សម្រួល​ការ​ងារ​ដល់​ភ្ញៀវទេសចរ​ និង​អ្នក​វិនិយោគ​ជប៉ុន ដែល​មក​កម្ពុជា ជា​ពិសេស​នៅ​ខេត្ត​សៀម​រាប។ ការងារ​ដែល​លោក​បាន​ជួយ​សម្រួល​មាន​ច្រើនរហូត​ដល់​លោក​មិន​អាច​ចាំ​អស់ ចាប់​តាំង​ពី​លោក​នៅ​ជា​ថ្នាក់​ទាប​រហូត​ដល់​ក្លាយ​ជា​ស្នង​ការ​រង​ខេត្ត​សៀមរាប។

លោក​មាន​ប្រសាសន៍​ថា៖ «ក្នុង​នាម​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ក្នុង​នាម​មន្ត្រី​ក្រោម​ឱវាទ​ និង​ក្រុម​គ្រួសារ​ ខ្ញុំ​ពិត​ជា​មាន​ក្ដី​សប្បាយ​រីក​រាយ​ក្រៃ​លែង​ដែល​បាន​ក្រសួង​ការបរទេស​ជប៉ុន​ផ្ដល់​លិខិត​សរសើរ​លើ​វិស័យ​អន្តរជាតិ​នេះ។ ក្នុង​នាម​ខ្មែរ​ម្នាក់​​ខ្ញុំ​មាន​សេចក្ដី​សប្បាយ​រីក​រាយ ក្នុង​ការ​​ចូលរួម​ចំណែក​ក្នុង​ការបន្ត​មិត្តភាព​ជាមួយ​ប្រទេស​ជប៉ុន។ ខ្ញុំ​និង​គ្រួសារ​មាន​កិត្តិយស ហើយ​នេះ​​ក៏​ជា​ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​បន្ត​ខិត​ខំ​ត​ទៅមុខ​ទៀត​ក្នុង​ការ​លើកកម្ពស់​ស្មារតី​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន»។

លោក សុធី បញ្ជាក់​ថា លោក​ក៏​ធ្លាប់​បាន​ទាក់ទាញ​សប្បុរសជន​ជប៉ុន​មក​ជួយ​​អភិវឌ្ឍ​ខេត្ត​សៀម​រាប​ផង​ដែរ រួម​មាន​ជួយ​ឧបត្ថម្ភ​ដល់​​ក្មេងៗ រួម​ចំណែក​សាង​សង់​សាលា​រៀន និង​មន្ទីរ​ពេទ្យ ​មណ្ឌល​បណ្ដុះ​បណ្ដាល និង​កសាង​អណ្ដូង​ទឹក។ ដោយ​សារ​លោក​ចេះ​ភាសា​ជប៉ុន លោក​ក៏​ជួយ​បក​ប្រែ​ និង​បាន​ដឹកនាំ​និស្សិត​កម្ពុជា​ទៅ​ធ្វើ​ទស្សនកិច្ច​ប្រទេស​ជប៉ុន។

ដោយ​ឡែកលោក​ ម៉ី កល្យាណ មាន​ប្រសាសន៍​ថា លិខិត​សរសើរ​នេះ​គឺ​ជា​កិត្តិយស​សម្រាប់​លោក​ដើម្បី​ប្រាប់​ដល់​មិត្ត​ភ័ក្រថា ​នេះ​ជា​ថាមពល​មួយ​ដែល​​​ជំរុញ​ទឹក​ចិត្ត​ឲ្យ​លោក​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​ទៀត ទោះ​បី​ជា​លោក​មាន​អាយុ ៦៧ ឆ្នាំ​ ដែល​មិន​សូវ​មាន​កម្លាំង​កាយ​​​ក៏​ដោយ។

លោក​​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​មែនទែន ហើយ​ក៏មាន​អ្នក​សរសើរ​មក​ខ្ញុំ​ នេះ​ជា​មោទនភាព​ជាតិ និង​សូម​អប​អរ​សាទរ ហើយ​អ្នក​ខ្លះ​គេ​ថា​ខ្ញុំ​បាន​ជួយ​ស្រុក​ច្រើន​ណាស់។ ខ្ញុំ​សប្បាយ​ចិត្ត​ ហើយ​ពេល​ខ្លះ​ក៏​យើង​ជោ​តាមគេ​ទៅ ជា​ផ្លូវ​ចិត្ត»។

លោក​រៀបរាប់​ថា ទំនាក់​ទំនង​របស់​លោក​ជាមួយ​ប្រទេស​ជប៉ុន​ មាន​រយៈ​ពេល​ជា​យូរ​មក​ហើយ ចាប់​តាំង​ពី​លោក​បាន​ទៅ​រៀន​នៅប្រទេស​ជប៉ុន ​កាល​ពី​ឆ្នាំ ១៩៧៤ មុន​សម័យ​ខ្មែរ​ក្រហម។ នៅ​ទី​នោះ​ លោកទទួល​បាន​ការ​ថែ​រក្សា​ និង​ផ្ដល់​ការ​សិក្សា​អស់​រយៈពេល​១៥​ឆ្នាំ ក្នុង​នាម​ជា​ក្មេង​កំព្រា រហូត​ដល់​លោក​សិក្សា​ចប់​ថា្នក់​បណ្ឌិត​ផ្នែក​​​សេដ្ឋកិច្ច​ដើម្បី​អភិវឌ្ឍន៍។

បន្ទាប់​មក​លោក​បាន​ធ្វើ​ការ​ជាមួយ​ជប៉ុន​រយៈ​ពេល ៥ ឆ្នាំ ក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្មមួយ។ ក្នុង​រយៈ​ពេល​លោក​ស្នាក់​នៅ​ប្រទេស​ជប៉ុន លោក​​បាន​​យល់​ដឹង​ពី​វប្បធម៌ និង​សង្គម។ ក៏ប៉ុន្តែ​ក្រៅ​ពីប្រទេស​​ជប៉ុន លោក​ក៏​ធ្លាប់​បាន​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​និង​អ៊ីតាលី សរុប​រយៈ​ពេល​២០​ ឆ្នាំ។

លោក​មានប្រសាសន៍​​ថា៖ «​ប្រទេស​ជប៉ុន ​ជា​ប្រទេស​សំខាន់​មួយ​សម្រាប់​ខ្មែរ​យើង។​ ពីដើម​ខ្ញុំ​គិត​ថា ទាល់​តែ​ចាប់​យក​អា​ប្រទេស​កំពូល​បាន​អស់​ចិត្ត។ តែ​មិន​អ៊ីចឹង​ទេ ក្នុង​ជីវិត​របស់​យើង គឺ​យើង​រាប់​អាន​ទាំង​អស់»។

បច្ចុប្បន្ន​នេះ លោក​ ម៉ី កល្យាន​គឺជា​ប្រធានសមាគមន៍​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-ជប៉ុន ហៅ កាត់​ថា CJBI។ សមាគមន៍​នេះ​ជា​វេទិកា​សម្រាប់​ឲ្យ​សហគ្រាស​ធុន​តូច និង​ធម្យម​អាច​ជួប​គ្នា ពិភាក្សា​គ្នា។ ក្រៅ​ពី នេះ​លោក​ក៏​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ដល់​ក្រុម​អ្នក​ដែល​រៀប​ចំ​ពី​ប្រទេស​ជប៉ុន ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ជប៉ុន៕

លោកថ្លែង​ថា៖ «តាម​ពិត​ទៅ​យើង​ចង់​អភិវឌ្ឍ​ប្រទេស​យើងទេ ប៉ុន្តែ​យើង​ត្រូវ​ចេះ​ទំនាក់​ទំនង​ជាមួយ​គេ​របៀប​ម៉េច ឲ្យ​គេ​ជួយ​យើង​កន្លែង​ណា។ តែ​បេះ​ដូង​យើង​គឺអភិវឌ្ឍ​ប្រទេស​ជាតិ។ ខ្ញុំ​ខ្នះ​ខ្នែង​រឿង​សេដ្ឋកិច្ច រឿង​វិនិយោគ​ ដោយ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​គេ រឿង​អប់រំ និង​វិទ្យាសាស្ត្រ​បច្ចេក​ទេស កសិកម្ម និង​ការ​ស្រាវ​ជ្រាវ»៕