ក្រចេះ/ស្ទឹងត្រែងៈ ក្រុម​អ្នកស្រាវជ្រាវ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​បាន​សម្ដែង​ក្ដី​រីករាយ ក្រោយ​ប្រទះឃើញ​កូនផ្សោត​ ១ ​ក្បាល​ថ្មី​ទៀត​បង្ហាញខ្លួន​នៅ​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​ដែលជា​កូន​ផ្សោត​ទី​ ២ ​ត្រូវបាន​រកឃើញ និង​កត់ត្រា​ទុក​នៅ​​ដើមឆ្នាំ​នេះ ខណៈ​កូន​ឆ្មា​ដាវ​ ២ ​ក្បាល ​ត្រូវ​បាន​សង្គ្រោះ​នៅ​ខេត្ត​​ស្ទឹងត្រែង​។ នេះ​បើតាម​សំណេរ​​លើ Facebook របស់​ WWF-Cambodia ។

បើតាម​រយៈ​សំណេរ​នោះ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​រដ្ឋបាល​ជលផល និង​ WWF-Cambodia បាន​ប្រទះឃើញ​កូន​សត្វ​ផ្សោត​ថ្មី​នេះ​កាលពី​ល្ងាច​ថ្ងៃទី​ ៥ ខែមីនា ខណៈ​វា​កំពុង​ហែល​ទឹក​លេង​ជាមួយនឹង​សត្វ​ផ្សោត​ពេញវ័យ​ចំនួន​ ៤ ​ក្បាល​ផ្សេងទៀត​ នៅឯ​ទីជម្រក​ធម្មជាតិ​កាំ​ពី​នៃ​ខេត្តក្រចេះ​។ ​កាលពី​ ១ ​សប្ដាហ៍​មុន ក្រុម​អ្នក​​ស្រាវជ្រាវ និង​អភិរក្ស​នៃ​ស្ថាប័ន​ទាំង​ ២ ​នេះ​ក៏​ធ្លាប់បាន​ប្រទះឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​ ១ ​ក្បាល​ផងដែរ នៅឯ​ទីជម្រក​ធម្មជាតិ​ក្នុង​ខេត្តស្ទឹងត្រែង​។

WWF-Cambodia ​បាន​គូសបញ្ជាក់​លើ Facebook ​នោះ​ថា​៖ «​ព្រឹត្តិការណ៍​ទាំង​ ២ ​នេះ​ [​កូន​ផ្សោត​កើត​ថ្មី​ទាំង​ ២ ​នេះ​] ​គឺជា​ការ​លើកទឹកចិត្ត​ខ្លាំង​បំផុត​មួយ​ដល់​ក្រុម​អ្នកស្រាវជ្រាវ​ក្នុង​ការបន្ដ​តាមដាន​ស្ថានភាព និង​កំណត់​អត្តសញ្ញាណ​សត្វ​ផ្សោត​ក្នុង​តំបន់​ទេសភាព​មេគង្គ​»​។

លោក ទេព អស្នារិទ្ធ ប្រធាន​កិច្ចការ​សាធារណៈ​របស់​ WWF-Cambodia ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ ៧ ​មីនា​ថា សត្វផ្សោត​ទន្លេមេគង្គ​ត្រូវ​បាន​សហភាព​អន្តរជាតិ​សម្រាប់​​ការអភិរក្ស​ធម្មជាតិ​ (IUCN) ​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​រងគ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​បំផុត (critically endangered) ដូច្នេះ​កំណើត​កូន​វា​ ១ ​ក្បាលៗ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការរស់រាន និង​ការបន្ត​ពូជ​ដែលមាន​តម្លៃ​ជា​សកល​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏​​ដូចជា អង្គការ​ WWF មាន​ក្តីរំភើប​ខ្លាំងណាស់​ចំពោះ​កំណត់ត្រា​នៃ​កូន​សត្វ​ផ្សោត​ថ្មី​ចំនួន​ ២ ​ក្បាល​ សម្រាប់​ឆ្នាំ​ ២០២១ ​នេះ​»​។

បើតាម​លោក អស្នារិទ្ធ ការរស់រាន​របស់​សត្វ​ផ្សោត​ក្នុង​ទន្លេមេគង្គ​បង្ហាញថា ប្រព័ន្ធ​ទន្លេមេគង្គ និង​ធនធាន​ជីវចម្រុះ​ក្នុង​ទន្លេ​នេះ​មាន​គុណភាព​ល្អ​ដែល​គាំទ្រ​ដល់​ជីវិត​មនុស្ស​សត្វ និង​រុក្ខជាតិ​ដែល​ពឹង​អាស្រ័យ​លើ​ប្រព័ន្ធ​អេកូឡូស៊ី​ទន្លេ​នេះ​។

យោងតាម​ទិន្នន័យ​របស់​អង្គការ​ WWF-Cambodia នៅ​ឆ្នាំ​ ២០២០ ក្រុម​ស្រាវជ្រាវ​បាន​កត់ត្រា​កូន​សត្វ​ផ្សោត​ចំនួន​ ៩ ក្បាល​ដែល​បានកើត​ថ្មី ខណៈ​កូន​សត្វ​ផ្សោត​ចំនួន​ ១៣ ​ក្បាល ​ត្រូវបាន​កត់ត្រា​ក្នុង​ឆ្នាំ​ ២០១៩​។

ដោយឡែក​កូនឆ្មា​ដាវ​ (LeopardCat) ​ចំនួន​ ២ ​ក្បាល​ដែល​​ជា​ប្រភេទ​សត្វ​កម្រ និង​ងាយ​រងគ្រោះ​ដែរនោះ​ត្រូវបាន​ក្រុម​​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​ប្រគល់ជូន​ក្រុមមន្ត្រី​ជំនាញ​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ (Birdlife international) ​ដែលជា​ដៃគូ​យកទៅ​ថែរក្សា​ស្ដារ​កាយ​នីតិសម្បទា​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ទទួល​បាន​ពី​មន្ត្រី​នគរបាល​ម្នាក់​កាលពី​ថ្ងៃទី​ ៦ ខែ មីនា ឆ្នាំ​ ២០២១​។

លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា កូនឆ្មា​ដាវ​ទាំង​ ២ ​ក្បាល​នោះ​ត្រូវ​បាន​លោក និន ណា នាយប៉ុស្តិ៍​នគរបាល​វរការពារ​ព្រំដែន​គោក​ ៦២៣ ប្រចាំ​តំបន់​អូរសេដ្ឋី ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​តាំងជិ ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស​ចាប់បាន​នៅក្បែរ​ដីចម្ការ​របស់គាត់​កាលពី​ថ្ងៃទី​ ៥ ខែមីនា ហើយ​បាន​យកមក​ប្រគល់​​ជូន​មន្ត្រី​ឧទ្យានុរក្ស ដើម្បី​ថែរក្សា​ការពារ និង​អភិរក្ស បន្ទាប់ពី​មេ​របស់​វា​បាន​រត់គេច​ពី​ការដេញ​ដោយ​សត្វ​ឆ្កែ​អ្នកភូមិ​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​ក្រុមការងារ​យើង​មិនមាន​ជំនាញ​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ការថែទាំ​កូន​សត្វព្រៃ​ទាំងនេះ​ទេ​​ទើបបាន​ប្រគល់​វា​ទៅឱ្យ​អង្គការ​ជា​ដៃគូ នាំយក​ទៅ​ថែទាំ​ស្ដារ​កាយ​នីតិសម្បទា​របស់​វា ជា​បណ្ដោះអាសន្ន​»​។

លោក ប៊ូ វរសក្ស នាយក​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​ប្រាប់​​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ពេលនេះ​ពួកវា​ត្រូវបាន​ក្រុមការងារ​របស់​លោក​នាំយកមក​ថែរក្សា​ជា​បណ្ដោះអាសន្ន​នៅ​ទីស្នាក់ការ​សាខា​ខេត្តរតនគិរី​។

លោក​ថា​៖ «​យើង​នឹង​បញ្ជូន​ពួកវា​ទៅកាន់​មជ្ឈមណ្ឌល​អភិរក្ស​ជីវចម្រុះ​អង្គរ ដើម្បី​ថែរក្សា​ពួកវា​ហើយ​នៅពេល​ពួកវា​ធំធាត់ និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការស្វែងរក​ចំណី​ដោយ​ខ្លួនឯង យើង​នឹង​លែង​ពួកវា​ចូលទៅក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​វិញ​»៕