ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួងយុត្តិធម៌ បានចេញ​សេចក្តី​ប្រកាស​អន្តរក្រសួង​សម្រេច​ផ្តល់​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​ដល់​មន្ត្រី​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចំនួន ៣៦១ រូប ​ដើម្បី​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​ច្បាប់​ស្តីពី​សំណង់ ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​បទប្បញ្ញត្តិ​ជាធរ​មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

យោង​ប្រកាស​អន្តរក្រសួង​លេខ ០៥៤ កយ.ដនស.ប្រក/២១ ដែល​ចុះហត្ថលេខា​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ​ ឱ្យ​ដឹងថា មន្ត្រី​ទាំង ៣៦១ រូបនោះ​មកពី​អគ្គនាយកដ្ឋាន​សំណង់ នាយកដ្ឋាន​ស្រាវជ្រាវ​បច្ចេកទេស​សំណង់ នាយកដ្ឋាន​សិក្សា​គម្រោង​ប្លង់ នាយកដ្ឋាន​រៀបចំ​ដែនដី និង​នគរូបនីយកម្ម សំណង់ នាយដ្ឋាន​ស្រាវជ្រាវ​នីតិប្បញ្ញត្តិ នាយកដ្ឋាន​នគរូបនីយកម្ម នាយកដ្ឋាន​រៀបចំ​ដែនដី អគ្គនាយក​លំនៅឋាន និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​។

ប្រការ​ ២ នៃ​ប្រកាស​អន្តរក្រសួង​ចែង​ថា មុន​នឹង​បំពេញ​មុខងារ មន្ត្រី​ដែល​ទទួល​បាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​ដូច​មានចែង​ក្នុង​ប្រការ​ ១ ​ខាងលើ​ដែល​មិនទាន់​បាន​បំពេញ​នីតិវិធី​ស្បថ​ត្រូវ​ធ្វើ​សម្បថ នៅ​ចំពោះមុខ​សាលាដំបូង​ស្រប​តាម​បញ្ញត្តិ​មាត្រា ៨២ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។

ប្រការ ៣ ចែង​ថា មន្ត្រី​ដែល​ទទួល​បាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​ដូច​មានកំណត់​ក្នុង​មាត្រា​ ១ ខាងលើ​មាន​សមត្ថកិច្ច​ដែនដី​នៅលើ​វិសាលភាព​នៃ​មណ្ឌលរដ្ឋបាល​ដែល​មន្ត្រី​នោះ​ត្រូវ​បាន​ចាត់តាំង​ឱ្យទៅ​បម្រើ​ការងារ ហើយ​ត្រូវអនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​ច្បាប់​ស្តីពី​សំណង់ ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​បទប្បញ្ញាត្តិ​ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូនីយកម្ម និង​សំណង់​មិនអាច​ទាក់ទង​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ ដោយ​ទូរស័ព្ទ​លោក​មិនមាន​អ្នកទទួល​។

ទោះជា​យ៉ាងណា​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុតិ្តធម៌​ថ្លែង​ពី​ម្សិលមិញ​ថា​ការប្រកាស​អន្តរក្រសួង​នេះ​គឺ​យោងតាម​ច្បាប់​ដែល​បានកំណត់ ដែល​បាន​ចែង​ថា អ្នក​ដែល​អាច​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​លុះត្រាតែ​ជា​មន្ត្រីនគរបាល​យុត្តិធម៌​។ «​អ៊ីចឹង​ស្ថាប័ន​ជំនាញ​ដែល​ត្រូវ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ពិសេស​នៅក្នុង​វិស័យ​របស់​ខ្លួន​ត្រូវ​តែ​ស្នើសុំ​នីតិសម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌​ពី​ក្រសួង​យុត្តិធម៌​»​។

បើតាម​លោក​ ជិន ម៉ាលីន ក្រសួងយុត្តិធម៌ កន្លងមក​បាន​ផ្តល់ជូន​ដល់​មន្ត្រី​អង្គភាព​មួយចំនួន​ដែល​ត្រូវមាន​សមត្ថកិច្ច​​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ពិសេស​នៅក្នុង​វិស័យ​របស់ខ្លួន​រួមមាន​ក្រសួង​សុខាភិបាល ក្រសួង​ការងារ​បណ្តុះ​បណ្តុះបណ្តាល​វិជ្ជាជីវៈ រដ្ឋបាល​ព្រៃឈើ រដ្ឋបាល​ជលផល និង​នេសាទ និង​វិស័យ​ជំនាញ​ផ្សេងៗ​ក៏មានដែរ​។

មកទល់​ពេល​នេះ​តាម​ច្បាប់​ស្តីពី​វិស័យ​សំណង់​មន្ត្រី​មួយចំនួន​នៅក្នុង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ក៏​ត្រូវមាន​នីតិសម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ពិសេស​នៅក្នុង​វិស័យ​សំណង់​។

លោក ជិន ម៉ាលីន បញ្ជាក់ថា មន្ត្រី​ដែល​ទទួលបាន​នីតិសម្បទា​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​នេះ​តម្រូវ​ឱ្យ​មាន​ការចូល​ស្បថ​ទៅតាម​នីតិវិធី​ដោយ​ច្បាប់ ដើម្បី​បង្ហាញ​នូវ​ឆន្ទៈ​នៃ​ការគោរព និង​អនុវត្ត​ទៅតាម​បទប្បញ្ញត្តិ​ច្បាប់​ដែលមាន និង​តម្កល់​ផលប្រយោជន៍​ជាតិ សន្តិសុខ​សង្គម និង​សាធារណៈ​ជាធំ​នៅក្នុង​វិស័យ​របស់ខ្លួន​។

លោក ឃាង ពុទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​សម្តែង​ការគាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​ជាពិសេស​ក្រសួង​ពាក់ព័ន្ធ​ដែល​បានចេញ​ប្រកាស​អន្តរក្រសួង​ក្នុង​ការរឹតបន្តឹង​នូវ​ការត្រួតពិនិត្យ​លើ​បទដ្ឋាន និង​លក្ខណៈ​បច្ចេកទេស​ចំពោះ​ការសាងសង់​សំណង់ និង​គុណភាព​សំណង់​នៅក្នុង​ប្រទេស​។

លោក ឃាង ពុទ្ធី ​ថ្លែង​ថា កន្លងមកនេះ​មាន​បាតុភាព​មិនល្អ​មួយចំនួន​ពាក់ព័ន្ធ​ការរលំ​បាក់​អគារ​នៅក្នុង​ក្រុងព្រះសីហនុ និង​ក្រុងកែប ហើយ​នេះ​គឺ​ការ​ល្អ​មួយ​របស់​រដ្ឋាភិបាល​តាមរយៈ​អន្តរក្រសួង​ក្នុង​ការរឹតបន្តឹង ដែល​វា​នឹង​ធ្វើឱ្យ​គុណភាព​អគារ​សំណង់​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​មាន​គុណភាព និង​កាន់តែ​មាន​គុណភាព​ព្រមទាំង​កាន់តែ​មាន​ទំនុកចិត្ត​ខ្ពស់​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​ខាងមុខ វា​កាន់តែ​មាន​អគារ​ខ្ពស់ៗ​កាន់តែ​ច្រើន ដែល​ទាមទារ​ឱ្យមាន​ការត្រួតពិនិត្យ​ឱ្យបាន​ដិតដល់ ហើយ​នឹង​ដាក់​ទោសទណ្ឌ​ដល់​បុគ្គល​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់ ឬ​អ្នក​អភិវឌ្ឍន៍​មួយចំនួន​លួច​កេងចំណេញ​ដែល​ធ្វើឱ្យ​គុណភាព​សំណង់​មិនល្អ និង​មិន​ប្រើប្រាស់​បានយូរ​អង្វែង​»​។

ច្បាប់​ស្តីពី​សំណង់​ត្រូវ​បាន​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម/១១១៩/១៩ ចុះ​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ក្នុង​គោលបំណង​កំណត់​គោលការណ៍ បទបញ្ជា​បច្ចេកទេស​សាងសង់​វិធានការ នីតិវិធី​សម្រាប់​ការគ្រប់គ្រង​វិស័យ​សំណង់​នៅ​កម្ពុជា​។ អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែលជា​អ្នកគ្រប់គ្រង​វិស័យ​សំណង់​នៅ​កម្ពុជា គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC)៕