តាកែវ: មន្ត្រី​ជំនាញ​ផ្នែក​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង បង្ក្រាប​ការ​ក្លែងបន្លំ​ (​ក.ប.ប.) ​ប្រចាំ​ខេត្តតាកែវ​កំពុង​រៀបចំ​សំណុំរឿង​ប្ដឹង​ម្ចាស់​ស្ថានីយ​ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​ ៥ ​ទីតាំង​នៅ​ក្រុង​ដូនកែវ ខេត្តតាកែវ ទៅ​កាន់​សាលាដំបូង​ខេត្ត បន្ទាប់ពី​បាន​រកឃើញ​​មាន​ភាពមិនប្រក្រតី​ករណី​លក់​ប្រេង​គ្មាន​គុណភាព និង​មិន​គ្រប់​បរិមាណ​។

លោក​ ប៉ោ លាងគង់ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង បង្ក្រាប​ការ​ក្លែងបន្លំ (​ក.ប.ប.) ​ខេត្តតាកែវ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា​មន្ត្រី​ ក.ប.ប. ខេត្ត​តាកែវ​កំពុង​កសាង​សំណុំរឿង​ប្ដឹង​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ទាំង​ ៥ ទីតាំង​នេះ​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​មាន​វិធានការ​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល ទំនិញ និង​សេវា​តម្លៃ​លក់រាយ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​កំពុង​រៀបចំ​សំណុំរឿង​ប្ដឹង​ម្ចាស់​ទីតាំង​ទាំង​ហ្នឹង ប្រហែល​នៅ​ថ្ងៃទី​ ១៥ ឬ​ ១៦ ​ខែ​កក្កដា ​នេះ ​ខ្ញុំ​នឹង​បញ្ជូន​ទៅ​តុលាការ​តែម្ដង​។ ​យើង​ធ្លាប់​បាន​អប់រំ​ណែនាំ និង​ប្រកាស​ឲ្យ​គោរព​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​លើក​ហើយ ប៉ុន្ដែ​ពួកគាត់​មិន​ព្រមស្ដាប់​ទេ​។ អ៊ីចឹង​មានតែ​បញ្ជូន​ទៅ​តុលាការ ហើយ​ការងារ​ប្ដឹង​ហ្នឹង​​យើង​នៅតែ​ធ្វើ​បន្ត​នៅ​ទីតាំង​ផ្សេងទៀត ប្រសិន​បើ​រកឃើញ​មាន​មិន​ប្រក្រតី​»​។

លោក​បន្តថា ការប្ដឹង​នេះ​បន្ទាប់ពី​ពលរដ្ឋ​បង្ហាញ​ក្ដីកង្វល់​អំពី​តម្លៃ បរិមាណ និង​គុណភាព​ប្រេង​នៅ​ស្ថានីយ និង​ដេប៉ូ​ទាំងអស់​នេះ​។ ​ដូច្នេះហើយ​ទើប​នៅ​ថ្ងៃទី​ ១៣ កក្កដា មន្ត្រី ក.ប.ប. ខេត្តតាកែវ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី យក​រថយន្ត​ពិសោធន៍​ប្រេង​ចល័ត​ទៅ​ពិនិត្យ​នៅ​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​សរុប​ចំនួន​ ៨ ​ទីតាំង​។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួត​ប្រជែង បង្ក្រាប​ការក្លែងបន្លំ​ (CCF) ​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ១៣ ខែ​កក្កដា​ថា ការត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​វិភាគ​លើ​កម្រិត​​សន្ទស្សន៍​អុកតាន​នៃ​ប្រេងសាំង សេតាន​លើ​ប្រេងម៉ាស៊ូត និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់​នៅ​ទីតាំង​ទាំង​ ៨ ​នោះ​។

របាយការណ៍​បន្តថា បន្ទាប់ពី​ត្រួតពិនិត្យ មន្ត្រី​បាន​រកឃើញ​ស្ថានីយ​ដេប៉ូ​ ៣ ​ទីតាំង​មាន​អនុលោមភាព​ទាំង​គុណភាព និង​បរិមាណ​ត្រឹមត្រូវ​។ ប៉ុន្ដែ​ស្ថានីយ​ដេប៉ូ​ ៣ ​ទីតាំង មិនមាន​អនុលោមភាព​ផ្នែក​បរិមាណ ខណៈ​ស្ថានីយ​ដេប៉ូ​ ២ ​ទីតាំង​ទៀត មិន​មាន​អនុលោមភាព​ទាំង​គុណភាព និង​បរិមាណ​។ ដូច្នេះ​សរុប​ ៥ ​ទីតាំង​នេះ​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​។

យ៉ាងណាក្ដី​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ដែល​ប្រឈម​​នឹង​បណ្ដឹង​ទាំង​ ៥ ​ទីតាំង​ខាងលើ​នេះ​​ មិន​អាច​ស្វែងរក​ប្រភព​ដើម្បី​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណី​នេះ​បានទេ កាលពី​ម្សិលមិញ​។

លោក ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​គាំទ្រ​ចំណាត់ការ​របស់​មន្ត្រី​ជំនាញ​ខេត្ត​តាកែវ​ដែល​ចេញមុខ​ប្ដឹង​បុគ្គល​ខិលខូច​ដែល​ក្លែងបន្លំ​គុណភាព និង​បរិមាណ​ប្រេងឥន្ធនៈ​ទាំងនេះ​។ ប្រសិន​បើ​មន្ត្រី​ជំនាញ​មិន​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ទេ​នឹង​ធ្វើឲ្យ​ខាតបង់​ប្រយោជន៍​អ្នកទិញ ឬ​អ្នកប្រើប្រាស់​ក៏ដូចជា ខូច​កិត្តិយស​​ម្ចាស់​ស្ថានីយ​ផ្សេងទៀត​ដែល​រកស៊ី​ត្រឹមត្រូវ​តាម​ច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គាំទ្រ​ឲ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​គ្រប់​ទំនិញ​ទាំងអស់ មិន​ត្រឹមតែ​ចំពោះ​ប្រេងសាំង​ ១ ​មុខ​ទេ​។ ​ជាពិសេស​អ្នក​លក់ដូរ​តាម​ហាង​ទំនិញ​ផ្សេងៗ​គឺ​មាន​មួយចំនួន គាត់​លក់ដូរ ប្រើល្បិច ក្លែងបន្លំ​ទាំង​ម៉ាកសញ្ញា​ទាំង​គុណភាព និង​បរិមាណ​ជាដើម ប៉ុន្ដែ​បើ​យើង​មិនដឹង​យើង​ចេះតែ​ទិញៗ​ទៅ ហើយ​យក​មក​ប្រើ​គឺ​ខូច​​សុខភាព​»៕

វីដេអូ៖