ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ថា លោកស្រី​រំពឹង​ថា ​ក្នុង​រយៈពេល ២ សប្តាហ៍នេះ បើ​ប្រជាពលរដ្ឋ​ទាំង​អស់​ចូលរួម​ការពារ​ និង​បង្ហាញ​ពី​ភាព​ស្មោះត្រង់​នោះ ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នឹង​អាច​ឈាន​ដល់​បិទ​បញ្ចប់​បាន។

លោកស្រី​បាន​ថ្លែង​ដូច​នេះ​ក្នុង​សន្និសីទ​កាសែត​នាព្រឹក​ថ្ងៃចន្ទ ទី ១៥ ខែ មីនា ឆ្នាំ ២០២១ នេះ ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។

លោកស្រី ឱ វណ្ណឌីន បាន​មាន​ប្រសាសន៍​ថា៖ «ក្នុង​រយៈពេល ២ សប្តាហ៍​នេះ បើ​បងប្អូន​អនុវត្ត​ឱ្យ​បាន​ហ្មត់ចត់ កុំ​ចល័ត កុំ​ចេញ​ពី​ផ្ទះ និង​ត្រូវ​មាន​ភាព​ស្មោះត្រង់ នោះ​ខ្ញុំ​រំពឹង​ថា ករណី​ឆ្លង​នឹង​ថយចុះ ហើយ​យើង​អាច​នឹង​ឈាន​ដល់​ការ​បិទ​បញ្ចប់​នូវ​ការ​ចម្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍»។

អ្នក​នាំពាក្យ​រូបនេះ​បាន​បន្ត​ថា បើ​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​នេះ មិន​មាន​ភាព​ស្មោះត្រង់ នោះ​វា​នឹង​បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​ខ្លួន​ឯង គ្រួសារ និង​សង្គម​ជាតិ។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី ឱ វណ្ណឌីន ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា​ ក្រសួង​សុខាភិបាល​អាច​នឹង​បង្ហាញ​នូវ​អត្តសញ្ញាណ​របស់​បុគ្គល​នោះ ប្រសិន​បើ​អ្នក​នោះ​មិន​បាន​សហការ និង​បង្ហាញ​ពី​ភាព​ស្មោះត្រង់៕