ភ្នំពេញៈ មន្ត្រី​រំពឹងថា​កម្ពុជា​នឹង​អាច​សម្រេចបាន​ទៅ​តាម​ផែនការ​គ្រោងទុក ក្នុង​ការអភិវឌ្ឍ​ដែល​នឹង​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​និរន្តរភាព ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​មាន​ផាសុកភាព ដោយ​មាន​ការរៀបចំ​អភិវឌ្ឍ​ឲ្យ​មាន​លម្ហ​បៃតង កន្លែង​សម្រាក ឬ​កន្លែង​ហាត់​កីឡា និង​ការអភិវឌ្ឍ​លើ​វិស័យ​ដឹកជញ្ជូន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ខណៈ​ដែល​គម្រោង​នេះ​បាន​ចាប់ផ្តើម​អនុវត្ត​ចាប់​តាំងពី​ឆ្នាំ​ ២០១៨ ​មក​។

លោក តាំង ម៉េងអៀង ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតង​នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា ត្រួតពិនិត្យ​លទ្ធផល​ការងារ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ឆ្នាំ​ ២០១៩ ​និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន​កាលពី​ម្សិលមិញ​ថា ឯកសារ​គោលនយោបាយ​អំពី​ផែនការ​អនុវត្ត​ទីក្រុង​និរន្តរភាព​សម្រាប់​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០១៨-២០៣០ គឺ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​រួចហើយ​ដែល​គោលនយោបាយ​នោះ​មាន​ខ្លឹម​សារសំខាន់ៗ​ជាច្រើន​ដូចជា​ការអភិវឌ្ឍ​លើ​វិស័យ​ដឹកជញ្ជូន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ការបង្កើត​លម្ហ​បៃតង និង​ការអភិរក្ស​ទីតាំង​បេតិកភណ្ឌ​នានា​។

លោក​ថា​៖ «​ទីក្រុង​និរន្តរភាព​បាន​ន័យ​ថា ទីក្រុង​មួយ​ដែល​អាចឱ្យ​ប្រជាជន​ក្នុង​ទីក្រុង​រស់នៅ​ដោយមាន​ផាសុកភាព​។ បានន័យថា​នៅពេល​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅណា​ដោយ​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ សម្រាប់​ផ្ដោតលើ​ផាសុកភាព​គឺ​យើង​ផ្ដល់នូវ​លំហ​បៃតង​កន្លែង​សម្រាក​ ឬ​កន្លែង​ហាត់​កីឡា​»​។

លោក​បញ្ជាក់ថា បញ្ហា​សំរាម​ក៏​ជា​បញ្ហា​គោល​សំខាន់​ផងដែរ ដែល​ផ្ដោតលើ​ការរៀបចំ​គោលនយោបាយ​តាំងពី​លើកកម្ពស់​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​តាំងពី​ការប្រើប្រាស់​វត្ថុធាតុដើម​មិន​ងាយ​រលាយ​ទៅវិញ ការគ្រប់គ្រង​នូវ​ការចោល​សំរាម ការ​ទុកដាក់​សំរាម និង​រហូត​ដល់​ការដឹកជញ្ជូន និង​ឈាន​ទៅ​ដល់​ការកែច្នៃ​សំរាម​ទៅ​ជា​ប្រភព​ដែល​អាច​ប្រើប្រាស់​បាន​ដូច​ថាមពល ឬ​ឧស្ម័ន​។

លោក​បន្តថា​ តាំងពី​ឆ្នាំ​ ២០១៨ ​មក​គឺមាន​គម្រោង​មួយ​ចំនួន​ហើយ​ដែល​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​បាន​សហការ​ជាមួយ​រដ្ឋបាល​រាជធានីភ្នំពេញ​បាន​អនុវត្ត ដូចជា​ការរៀបចំ​ឱ្យមាន​រថយន្ត​ក្រុង​សាធារណៈ​ដែល​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​ទីក្រុង​និរន្តរភាព​នេះ​។

លោក​ថា ​នៅក្នុង​ដំណាក់កាល​ទី​ ២ រដ្ឋាភិបាល​នឹង​ផ្ដោតលើ​ការអភិវឌ្ឍ​ទីក្រុង​និរន្តរភាព​ចំនួន​ ៧ ​ផ្សេង​ទៀត​ដែល​ជា​ទីក្រុង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ក្នុង​នោះ​ក៏មាន​ទីក្រុង​សៀមរាប ទីក្រុង​ព្រះសីហនុ និង​ទីក្រុង​ស្វាយរៀង​ផងដែរ​។

ចំណែក​លោក​ ម៉េត មាសភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ផែនការ​អនុវត្ត​ប្រែក្លាយ​ទីក្រុង​ភ្នំពេញ​ទៅជា​ទីក្រុង​និរន្តរភាព​ក្នុង​ឆ្នាំ ២០៣០ នឹង​ប្រាកដ​ជា​អនុវត្តបាន​ជោគជ័យ​។

លោក​បន្តថា ផែនការ​អប់រំ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​ការ​វេចខ្ចប់​ និង​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​នេះ​គឺ​ត្រូវការ​ចំណាយពេល​យូរ​។ ប៉ុន្តែ​ដំណាល​នឹង​ការអនុវត្ត​ផែនការ​នេះ​ឱ្យ​បាន​ជោគជ័យ​គឺ​ចំពោះ​បញ្ហា​ប្រឈមមុខ​ដែល​កើតឡើង​រៀងរាល់ថ្ងៃ ដូចជា​ការបោះចោល​សំរាម​ពាសវាល​ពាសកាល ឬ​បោះចោល​សំរាម​នៅ​ក្រៅ​ធុងសំរាម​ជាដើម​គឺ​អាជ្ញាធរ​នៅតែ​ចាត់​វិធានការ​ផាកពិន័យ និង​បោសសម្អាត កើប​យក​ទៅ​ចាក់ចោល​នៅ​ទីតាំង​សំរាម​ដដែល​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ទីក្រុង​មាន​ភាពស្រស់​បំព្រង​ជា​បណ្ដោះអាសន្ន​សិន​។

លោក​ថា​៖ «​ទន្ទឹមនឹងនេះ​យើង​ក៏ត្រូវ​ធ្វើ​អាណា​ដែល​ត្រូវ​ចំណាយ​ពេល​យូរ ដូចជា អប់រំ​ផ្សព្វផ្សាយ​អ៊ីចឹង​ទៅ​»​។

លោក សាន ដារ៉ាវិត ស្ថាបនិក​នៃ​ក្រុមយុវជន​សំរាម​បាន​លើក​ឡើង​ដែរ​ថា កាលពី​ពេល​កន្លងទៅ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ប្រាប់​យុវជន​សំរាម​អំពី​ផែនការ​អភិវឌ្ឍ​ទីក្រុង​និរន្តរភាព​នេះដែរ​ដូចជា​ការសាងសង់​ផ្លូវ​ក្រោម​ដី និង​ធ្វើ​ស្ពាន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។

យុវជន​រូបនេះ​បន្តថា ចំពោះ​បញ្ហា​សំរាម អភិបាលក្រុង​ភ្នំពេញ​ក៏​អះអាង​អំពី​ការសហការ​ដោយ​ផ្ដល់​កម្លាំង​ឱ្យ​មក​ចូលរួម​ជាមួយ​យុវជន​សំរាម​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តាម​បណ្ដា​ខណ្ឌ​នីមួយៗ គ្មាន​សំរាម​ដោយ​កិច្ចការងារ​នេះ​ត្រូវ​ចាប់ផ្ដើម​ធ្វើ​ពី​ខណ្ឌចំការមន​ដំបូង​គេ ដើម្បី​យក​ធ្វើ​ជា​ខណ្ឌ​គំរូ​ទៅ​ដល់​ខណ្ឌ​ឯទៀត​។

លោក​បន្ថែមថា ការចូលរួម​សហការ​របស់​សាលា​រាជធានី​ភ្នំពេញ​ជាមួយ​ក្រុមយុវជន​សំរាម នៅពេល​នេះ​គឺ​ប្រៀប​ដូចជា​ការបើកទ្វារ​ទទួល​យក​ការគិត និង​ការ​ផ្ដល់យោបល់​ផ្សេងៗ​របស់​យុវជន​ក្នុង​ការដោះស្រាយ​បញ្ហា​សំរាម​ដែល​យុវជន​សំរាម​រំពឹងថា ការអភិវឌ្ឍ​ទីក្រុង​និរន្តរភាព​នឹង​ទទួលបាន​ជោគជ័យ​តាម​ផែនការ​ចង់បាន​របស់​រដ្ឋាភិបាល​។

លោក​បន្តថា​៖ «​ខ្ញុំ​គិតថា ចាប់ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ ២០៣០ គឺ​មាន​រយៈពេល ១០ ​ឆ្នាំ​ទៀត​ ហើយ​ដោយសារ​បច្ចុប្បន្ន​ប្រទេស​កំពុងអភិវឌ្ឍន៍​សំណង់​ផ្សេង អ៊ីចឹង​វា​រាង​មាន​សំរាម​ដំបូង​បន្តិច​។ អ៊ីចឹង​! នៅពេល​សំណង់​ហើយ​រួចរាល់​អស់​។ ខ្ញុំ​ថា វា​អាច​កែប្រែ​បាន​ច្រើន ឬ​អាច​មុន​ឆ្នាំ​ ២០៣០ ក៏​ថា​បាន​»​។

គម្រោង​ដើម្បី​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ​ឱ្យក្លាយ​ជា​ទីក្រុង​និរន្តរភាព​ក្នុង​ឆ្នាំ​ ២០៣០ ខាងមុខ​គឺ​មាន​ចំនួន​ ៤៨ ​គម្រោង​ ដូចជា គម្រោង​បង្កើត​ឱ្យ​មាន​សួនច្បារ​សាធារណៈ​ពហុ​បំណង​សម្រាប់​ហាត់ប្រាណ ជិះ​ស្គី​ និង​លំហែ​អារម្មណ៍​ហើយ​ទីធ្លា​សាធារណៈ​បន្ថែម​ដោយ​គម្រប​ព្រៃឈើ​ដើម្បី​ជា​ម្លប់ ដាំ​បន្លែ និង​ចុល្លព្រឹក្ស​បន្ថែម​ដើម្បី​រក្សា​ទឹក​ទុក​។ តំបន់​បៃតង​នឹង​អាចមាន​ផ្លូវ​ដើរ​ធម្មជាតិ​សម្រាប់​ជា​ការកម្សាន្ត​ការរត់​យឺតៗ និង​ផ្លូវ​ជិះ​កង់​ជាដើម ហើយ​ក៏​បង្កើន​ជីវចម្រុះ​តំបន់​ក្រុង​ និង​ការទាក់ទាញ​ប្រភេទ​បក្សី​មក​តំបន់​ទីក្រុង​វិញ​។

គម្រោង​ស្ដារឡើង​វិញ​នូវ​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​ដែល​នឹង​ជ្រើសរើស​អគារ​សម័យ​អាណានិគម​បារាំង​ ឬ​អគារ​ស្ថាបត្យកម្ម​ខ្មែរ​សម័យថ្មី​ដែល​ទំនេរ ដើម្បី​បង្ហាញ​ហើយ​នឹង​ត្រូវបាន​កែប្រែ​លម្អ​លើ​រចនាសម្ព័ន្ធ​ដើម្បី​ប្រើប្រាស់​ និង​ទេសចរណ៍​រួមទាំង​គម្រោង​បង្កើត​ជា​សេចក្ដី​ព្រាង​បទប្បញ្ញត្តិ​ស្ដីពី​ការហាម​ឃាត់​ការប្រើប្រាស់​ថង់ប្លាស្ទិក​ប្រើ​តែ​ ១ ​ដង​ជាដើម​៕