ពោធិ៍សាត់: ​សត្វ​ភេ​ខ្លួន​រលោង​​ចំនួន​ ៥ ​ក្បាល ស្វា​ព្រាម ៦ ​ក្បាល​ និង​ប្រវឹក​ចំនួន​ ២៥០ ​ក្បាល​ដែល​បង្ក្រាប​បាន​ពី​ឈ្មួញ ត្រូវបាន​ក្រុម​ការងារ​ឧទ្យាន​សួនសត្វ​​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ខេត្ត​​ពោធិ៍សាត់ យក​ទៅ​លែង​ក្នុង​ជម្រក​ធម្មជាតិ​វិញ នៅ​ភូមិ​កោះក្អែក ឃុំ​រាំងទិស ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់​។

លោក​ ញ៉ឹក រតនៈពេជ្រ ប្រធាន​នាយកដ្ឋាន​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សត្វ​ទាំងនេះ​ត្រូវបាន​ក្រុមការងារ​របស់​លោក​​សហការ​ជាមួយ​រដ្ឋបាល​ជលផល​មូលដ្ឋាន​ខេត្តពោធិ៍សាត់​ និង​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំ​ស្នាក់ការ​ស្រុក​កណ្តៀង​យក​ទៅ​លែង​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ដើម្បី​ឲ្យ​ចូលទៅ​រស់នៅក្នុង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​លេខ​ ៦ ​ក្នុង​​ភូមិ​កោះក្អែក ឃុំ​រាំងទិល​ ស្រុក​កណ្តៀង​ខេត្ត​ពោធិ៍សាត់​។

លោក​បន្តថា ការសម្រេច​លែង​សត្វ​នៅ​ទីនោះ​ដោយសារ​ជា​កន្លែង​អភិរក្ស​ជលផល​ធំជាងគេ​ក្នុង​ខេត្តពោធិ៍សាត់ និង​ជា​ទីតាំង​អំណោយផល​ល្អ​​សម្រាប់​សត្វ​ប្រភេទ​ទាំងនេះ​រស់នៅ​ ឬ​រក​ចំណី​។ ​ម្យ៉ាង​ទៀត​អតីត​ឡូត៍​លេខ​ ៦ ​នេះ​សម្បូរ​​សត្វព្រៃ​ស្ទើរ​គ្រប់​ប្រភេទ​រស់នៅ​ចម្រុះ ដូចជា សត្វភេ សត្វស្វា អម្បូរ​សត្វ​ស្លាប​គ្រប់​ប្រភេទ និង​សត្វព្រៃ​កម្រៗ​ច្រើន​ទៀត​។

លោក​ ញ៉ឹក រតនៈពេជ្រ បញ្ជាក់ថា​៖ «​សត្វព្រៃ​ដែល​យើង​បាន​យក​ទៅ​លែង​នេះ​គឺ​សមត្ថកិច្ច​បាន​បង្ក្រាប​ពី​ក្រុម​ឈ្មួញ​កាលពី​ ៣ ​ខែ​មុន ដែល​ពួកគេ​ជួញដូរ​វា​តាំងពី​សត្វ​ទាំងអស់​ហ្នឹង​នៅ​តូចៗ​ម្ល៉េះ​បើ​ប្រវឹក​គឺ​នៅ​មិនទាន់​​ដុះស្លាប​នៅឡើយ​»​។

ក្រោយមក​យើង​បាន​បង្ក្រាប​ និង​យក​វា​មក​ថែរក្សា​នៅ​សួនសត្វ​ភ្នំ​តាម៉ៅ​រយៈពេល​ ៣ ​ខែ​​ទើប​ពួកវា​ចេះ​ហើរ​អាច​រក​ចំណី​បាន ដូច្នេះ​យើង​ដោះលែង​វា​ឲ្យ​រស់នៅ​តាម​ធម្មជាតិ​វិញ​»​។

លោក​ ភុំ វិមល នាយ​ខណ្ឌរដ្ឋបាល​ជលផល​ខេត្ត​ពោធិ៍សាត់​បាន​ថ្លែង​ពី​ម្សិលមិញ​ថា តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​លេខ​ ៦ ​នេះ​ គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ការរស់នៅ​របស់​សត្វព្រៃ​ប្រភេទ​នេះ ព្រោះ​ទីនោះ​សម្បូរ​​ចំណី ហើយ​ក៏​ធានា​សុវត្ថិភាព​ខ្ពស់​ក្នុង​ការរស់នៅ​ផងដែរ​។

លោក​បន្តថា ការលែង​សត្វ​នេះ​គឺជា​លើក​ទី​ ២ ​ហើយ ដែល​មន្ត្រី​ប្រចាំការ​សួនសត្វ​ភ្នំ​តាម៉ៅ​បាន​សហការ​ជាមួយ​ឧទ្យានុរក្ស​​ប្រចាំ​ស្នាក់ការ​ស្រុក​កណ្តៀង​។

លោក​ថា មុនពេល​យក​ទៅ​លែង​​គឺ​សមត្ថកិច្ច​បាន​គិត​ពី​ភូមិសាស្ត្រ​​ថា​តើ​ទីតាំង​នោះ​សត្វ​អាច​រក​ចំណី​ចិញ្ចឹម​ខ្លួន​វា​បាន​ដែរ​ឬទេ​?

ហើយ​ធានា​លើ​សុវត្ថិភាព​របស់​​វា​កម្រិត​ណា​? ​ដោយសារ​ទីនោះ​មាន​ចំណុច​ល្អ​ច្រើន ទើប​អ្នកជំនាញ​សួនសត្វ​សម្រេច​លែង​នៅ​តំបន់​នោះ​ជា​បន្ដបន្ទាប់​។

លោក​ ភុំ វិមល បញ្ជាក់ថា​៖ «​នៅពេល​យើង​លែង​សត្វព្រៃ​ទាំងនេះ​ហើយ គឺ​នៅ​បន្ត​តាមដាន​ការរស់នៅ​របស់​វា​មួយរយៈ​សិន​ថា តើ​វា​អាច​ចាប់​ចំណី​ ឬ​រក​ចំណី​បាន​ដែរឬទេ​? ​ឬ​វា​អាច​រស់នៅ​ជាមួយ​សត្វ​ផ្សេងៗ​ទៀត​បាន​ដែរឬទេ​? ​បើ​វា​មិនអាច​រក​ចំណី​ ឬ​រស់នៅ​ជាមួយ​គេ​បានទេ គឺ​យើង​នឹង​ចាប់​វា​មក​ដាក់​នៅ​ភ្នំ​តាម៉ៅ​វិញ តែបើ​វា​អាច​រស់នៅ​ខ្លួន​វា​បាន យើង​ទុក​វា​កន្លែង​ហ្នឹង​តែម្ដង​»​។

លោក​ ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​​នេសាទ​ខេត្ត​ពោធិ៍សាត់​បាន​​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បានទទួល​ព័ត៌មាន​ពី​ការលែង​សត្វ​នេះដែរ ដែល​ការងារ​នេះ​ធ្វើ​​ឡើង​ដោយ​មន្ត្រី​ឧទ្យាន​សួន​សត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​​សត្វព្រៃ​ភ្នំ​តាម៉ៅ សហការ​ជាមួយ​រដ្ឋបាល​ជលផល​មូលដ្ឋាន​ខេត្តពោធិ៍សាត់ ប៉ុន្ដែ​លោក​មិន​ចាំ​ច្បាស់​ពី​ចំនួន​សត្វព្រៃ​ទាំងអស់​នោះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​​មើល​របាយការណ៍​មន្ត្រី​ជំនាញ​​ខាង​ជលផល​គាត់​ផ្ញើមក​ខ្ញុំ​ដែរ តែ​ខ្ញុំ​មិន​ចាំ​ចំនួន​សត្វព្រៃ​ហ្នឹង ដឹង​តែ​គេ​លែង​នៅ​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​លេខ​ ៦ ​ហ្នឹង​។

អត់​មាន​បញ្ហា​អ្វី​ទេ​កន្លែង​ហ្នឹង​​សុវត្ថិភាព​បំផុត​ហើយ​គ្មាន​អ្នកបរបាញ់​ទេ ព្រោះ​យើង​មាន​មន្ត្រី​​ចម្រុះ និង​ប្រជានេសាទ សហការ​គ្នា​យ៉ាង​ល្អ​ការពារ​សត្វព្រៃ​នៅ​តំបន់​ហ្នឹង​»៕