ភ្នំពេញ៖ មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​អះអាង​ថា រូប​ចម្លាក់​ព្រះនរាយណ៍​ឈរ​លើ​ស្តេច​គ្រុឌ ដែល​រដ្ឋបាល​ខេត្ត​កែប​ទទួល​បាន​ពី​ប្រជានេសាទ​នាពេល​កន្លង​មក មិនមែន​ជា​វត្ថុ​បុរាណ និង​មាន​តម្លៃ​ថ្លៃ​ដូច​អ្វី​ដែល​មាន​ការ​ផ្សព្វផ្សាយ​នោះ​ទេ។

លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី ១៦ ឧសភា​នេះ​ថា មន្ត្រី​ជំនាញ​របស់​ក្រសួង​បាន​ចុះ​ទៅ​ពិនិត្យ​រួច​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ ហើយ​ជា​លទ្ធផល​ឃើញ​ថា រូប​ចម្លាក់​នេះ គឺ​ជា​របស់​ដែល​គេ​កសាង​ថ្មី​ និង​ផលិត​ឡើង​ពី​ស្ពាន់ មិនមែន​ជា​វត្ថុ​បុរាណ ឬ​របស់​មាន​តម្លៃ​អ្វី​នោះ​ទេ។

លោក​បាន​​បន្ត​ថា បើ​ទោះបី​មាន​រូប​គ្រុឌ និង​ព្រះនរាយ​ក៏​ដោយ ក៏​រូប​ចម្លាក់​នេះ ត្រូវ​បាន​ជាង​ធ្វើ​ឡើង​តាម​ការ​នឹក​ឃើញ​ប៉ុណ្ណោះ ព្រោះ​តាម​ការ​ពិនិត្យ​ជាក់​ស្តែង​របស់​មន្ត្រី​ជំនាញ វា​មិនមាន​បែបបទ​ត្រឹម​ត្រូវ​ទេ។

ទោះ​ជា​យ៉ាងណា លោក ឡុង ប៉ុណ្ណាសិរីវត្ថ បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​នឹង​ធ្វើ​របាយការណ៍​ជូន​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដើម្បី​ឯកភាព​នូវ​អ្វី​ដែល​បាន​រក​ឃើញ​នេះ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ថា គាត់ (មន្ត្រី​ជំនាញ) បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​មាន​ន័យថា របស់​នេះ​គឺ​ថ្មី តាម​ពិត​នៅ​ទីនោះ​ក៏​មាន​អ្នក​ជំនាញ​បុរាណវិទ្យា​គេ​បញ្ជាក់​រួច​ហើយ ប៉ុន្តែ​ខាង​មន្ទីរ​គេ​មិន​អស់​ចិត្ត កុំ​ឱ្យ​អ្នក​សារព័ត៌មាន ឬ​អ្នក​ផ្សេង​ទៀត​មាន​ការ​សង្ស័យ​ទៅ​ជា​រឿង​វែង​ឆ្ងាយ ក៏​តម្រូវ​ឱ្យ​ខាង​អ្នក​ជំនាញ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់»។

លោក តុង ភោ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ដែរ​ថា លោក អ៊ុក សុខា អគ្គនាយក​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ប្រាប់​លោក​ថា រូប​ចម្លាក់​នេះ មិនមែន​ជា​វត្ថុបុរាណ​អ្វី​ទេ នៅ​ពេល​ដែល​លោក​បាន​មក​ពិនិត្យ​ជាក់​ស្តែង។

ទោះ​ជា​យ៉ាង​ណា លោក​បាន​ឱ្យ​ដឹង​ថា មន្ទីរ​បាន​បញ្ជូន​របាយការណ៍​ទៅ​ក្រសួង​តាម​តេឡេក្រាម​តាំង​ពី​ថ្ងៃទី ១៣ ឧសភា ម្តង​រួច​ហើយ និង​កាល​ពី​ថ្ងៃទី ១៥ ខែ​ឧសភា ក៏​បាន​បញ្ជូន​របាយការណ៍​បន្ថែម​តាម លោក អ៊ុក សុខា ទៅ​ជូន​លោក ស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដើម្បី​ពិនិត្យ និង​ផ្តល់​យោបល់​រួច​ហើយ​ដែរ។

លោក តុ ភោ បញ្ជាក់​ថា៖ «យើង​គ្រាន់​តែ​ស្នើសុំ​អនុសាសន៍ ឬ​មន្ត្រី​ជំនាញ​មក​ពិនិត្យ​បញ្ជាក់​បន្ថែម ហើយ​យ៉ាង​យូរ​នៅ​សប្តាហ៍​នេះ នឹង​ទទួល​បាន​លទ្ធផល។ នៅ​ពេល​ដែល​ទទួល​លទ្ធផល​រួច​ហើយ មន្ទីរ​នឹង​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ផ្សព្វផ្សាយ​កុំ​ឱ្យ​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ​ទៀត»។

បើ​តាម​លោក តុង ភោ រូប​ចម្លាក់​ដែល​មាន​ព្រះនរាយណ៍ ឬ​ព្រះវិស្ណុ​ឈរ​ពី​លើ​ស្តេច​គ្រុឌ​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​អះអាង​ថា ត្រូវ​បាន​កសាង​នៅ​ក្នុង​អំឡុង​ពេល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​គេ​ផលិត​ឡើង​មិន​មាន​ក្បួន​ខ្នាត​អ្វី​ទេ និង​មាន​ឥទ្ធិពល​មក​ពី​ប្រទេស​ថៃ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​លើក​ជា​ឧទាហរណ៍​តែ​មួយ​ទេ គឺ​ព្រះវិស្ណុ ឬ​ព្រះនរាយណ៍​មិន​ដែល​កាន់​ត្រីសូរ្យ​នោះ​ទេ ព្រោះ​នៅ​ក្នុង​រឿង​ព្រេង​កថា ឬ​នៅ​ក្នុង​រូប​ចម្លាក់​មិន​មាន​រូប​អ៊ីចឹង​ទេ»។

ប្រជានេសាទ​ឈ្មោះ កាន់ ថា ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្នោត ឃុំ​កូនសត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត គឺ​ជា​អ្នក​ដែល​រើស​បាន​រូប​ចម្លាក់​នេះ​ពី​ក្នុង​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ និង​បាន​ប្រគល់​រូប​ចម្លាក់​នេះ​ទៅ​ឱ្យ​អភិបាល​ខេត្ត​កែប ដើម្បី​រក្សា​ទុក​ជា​សម្បត្តិ​រដ្ឋកាល​ពី​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ ខណៈ​ពេល​ដែល​លោក​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​របស់​លោក​វិញ៕