ភ្នំពេញៈ លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹងថា លោក ជិនគួក ជុង សមាជិក​គណៈកម្មាធិការ​​មជ្ឈិមបក្ស និង​ជា​លេខា​បក្ស​ក្រុង​កឹនថឺ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​កាលពី​សប្ដាហ៍​មុន​បានធ្វើ​ដំណើរ​ទៅពិនិត្យ​មើល​ស្ថានភាព​រស់នៅ​របស់​អន្តោប្រវេសន៍​វៀតណាម​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ផ្លាស់ប្ដូរ​កន្លែង​រស់នៅ​របស់​ពួកគេ​ពី​ក្នុង​ទន្លេសាប​ទៅ​រស់នៅ​ទីទួល​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។

លោក​ សុខ ផល បានទទួល​ជួប​សមភាគី​វៀតណាម​កាលពី​រសៀល​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​ ២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​បាន​ពិភាក្សា​អំពី​ការងារ​មួយចំនួន ពាក់ព័ន្ធ​សន្តិសុខ​ជនបរទេស​អន្តោប្រវេសន៍ ការផ្តល់​អាហារូបករណ៍​ដល់​សាកលវិទ្យាល័យ​បាត់ដំបង​ និង​កិច្ចសហការ​ការងារ​មួយចំនួន​ផ្សេងទៀត​។

ដំណើរ​ទស្សនកិច្ច​របស់​សមភាគី​​វៀតណាម​បានធ្វើ​ឡើង​ស្រប​ពេលដែល​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​បាននិង​កំពុង​រៀបចំ​ផ្លាស់ប្ដូរ​ទីតាំង​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ក្នុងភូមិ​សាស្ត្រ​ឃុំ-សង្កាត់​ចំនួន​ ៩ ដែល​សរុប​ទាំងអស់​មាន​ ៤ ៥៦៣ ​គ្រួសារ​ក្នុង​នោះ​មាន​ទាំង​ខ្មែរ ខ្មែរ-អ៊ិស្លាម និង​វៀតណាម​ឲ្យ​ឡើងមក​រស់នៅ​លើ​គោក​វិញ​ក្នុង​គោលបំណង​ថែរក្សា​បរិស្ថាន​ទន្លេសាប ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ដើម្បី​ពង្រឹង​ការថែរក្សា​សន្តិសុខ និង​សុវត្ថិភាព​សាធារណៈ និង​ដើម្បី​ចូលរួម​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ ជាពិសេស​ធនធាន​ជលផល​។

លោក សុខ ផល បាន​ថ្លែងថា​៖ «​គាត់ (​លោក ជិនគួក ជុង​) មក​ហ្នឹង​ដោយសារ​ទី​ ១ ​គាត់​ចង់ទៅ​មើល​នៅ​កំពង់ឆ្នាំង​អំពី​ការ​បំផ្លាស់ទី​ប្រជាពលរដ្ឋ​រស់នៅលើ​ផ្ទះ​បណ្តែត​ទឹក​ទៅ​កន្លែង​គោក​ដោយសារ​តែ​នៅក្នុង​ហ្នឹង​មាន​ប្រជាពលរដ្ឋ​ដែល​មកពី​ខេត្ត​របស់​គាត់ ហើយ​គាត់​ចង់​ជួយ​ពីព្រោះ​ឥឡូវនេះ​អ្នក​ទាំងអស់​ហ្នឹង​គឺជា​ជនអន្តោប្រវេសន៍​នៅឡើយ​ទេ​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​គាត់​មកជួយ​នៅពេល​ដែល​យើង​ចល័ត​លើក​ពី​ក្នុង​ទឹក​មកលើ​គោក គាត់​អាច​ជួយ​ជា​ជីវភាព​រស់នៅ ហើយ​អ្វី​ដែល​គាត់​អាចជួយ​បាន​គាត់​ជួយ ដោយសារ​តែ​ជា​សាច់ឈាម​គាត់ ដូច្នេះ​រឿង​ធំ​គឺ​គាត់​សុំ​ការអនុញ្ញាត​ទៅ​ជួប​សួរសុខទុក្ខ​ និង​ជួយឧបត្ថម្ភ​។ គាត់​បាន​ឯកភាព​ទាំងស្រុង​ចំពោះ​ការ​បំផ្លាស់ទី​ចេញពី​ក្នុង​ទឹក​ហ្នឹង​។ ធម្មតា​ទេ គាត់​សុំ​ឲ្យ​យើង​ជួយ​យកចិត្ត​ទុកដាក់​ការលំបាក​របស់​ប្រជាជន​ហ្នឹងហើយ​គាត់​ក៏​រួមចំណែក​ជួយ​ដែរ​»​។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា​លោក ជិនគួកជុង បាន​ទស្សនកិច្ច​ទៅ​ខេត្ត​កំពង់ឆ្នាំង​ហើយ​បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី ខេត្ត​កំពង់ឆ្នាំង​ផងដែរ និង​បាន​ចុះទៅ​សួរសុខទុក្ខ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ផងដែរ​។

លោក សុវណ្ណារិទ្ធ បាន​ឲ្យ​ដឹងថា​៖ «​គាត់​មក​ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​យើង ហើយ​គាត់​បាន​ជួប​ជាមួយ​បងប្អូន​គាត់​ដើម្បី​សួរសុខទុក្ខ​»​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ជាថ្មី​ថា អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​បាននិង​កំពុង​រៀបចំ​បណ្តើរ​ក្នុង​ការបំផ្លាស់ទី​​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ទៅ​លើ​គោក ដែល​ជា​ដី​របស់​ជនជាតិខ្មែរ​ឯកជន​មិនមែន​ជា​ការកាត់ដី​ឲ្យ​ពួកគេ​នោះទេ តែ​ពួកគេ​អាច​ជួល​ស្នាក់នៅ តែ​មិនមាន​សិទ្ធិ​កាន់កាប់​ដី​ទាំងនោះ​ជា​កម្មសិទ្ធិ​ឡើយ​។

របាយការណ៍​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា ​ប្រជាជន​ខ្មែរ និង​ខ្មែរ-អ៊ិស្លាម​ដែល​ស្ម័គ្រចិត្ត​រើ​ផ្ទះ​បណ្តែត​ទឹក​ទៅ​រស់នៅ​លើគោក​នោះ​គឺ​មាន​សិទ្ធិ​ទទួល​បាន​ដី​នោះ​ក្នុង ១ ​គ្រួសារ ៥ ម៉ែត្រ​គុណ​ ២០ ​ម៉ែត្រ​។ ឯ​ក្រុមហ៊ុន​ឯកជន​ទទួល​បាន​ប្រាក់ចំណេញ​ស្របច្បាប់ ចំណែក​ពលរដ្ឋ​ដែល​ត្រូវ​បំផ្លាស់ទី​ពី​ដង​ទន្លេ​ទៅ​រស់នៅ​ក្នុង​តំបន់​នោះ អាច​ទិញ​ ឬ​ជួល​ដី​ក្នុង​តម្លៃ​សមរម្យ​។

យោងតាម​របាយការណ៍​ខេត្ត​កំពង់ឆ្នាំង​ដដែល​នោះបាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​លើ​ដង​ទន្លេសាប​សរុប​ទាំងអស់​មាន ៤៥៦៣ ​គ្រួសារ​ក្នុង​នោះ​មាន​ទាំង​ខ្មែរ ខ្មែរ-អ៊ិស្លាម និង វៀតណាម​។ ពលរដ្ឋ​ខ្មែរ​មាន ២ ០១០ គ្រួសារ​ស្មើនឹង ៩១៦៨ នាក់ ខ្មែរ-អ៊ិស្លាម​មាន ៧៣ គ្រួសារ​ស្មើនឹង​ ២៤២ ​នាក់​។ ឯ​វៀតណាម​មាន​ដល់​ទៅ ២ ៤៨០ គ្រួសារ​ស្មើនឹង ១០ ៣១១ ​នាក់​៕