កំពង់ស្ពឺ: មន្ត្រីសង្គមស៊ីវិលម្នាក់បានចោទប្រកាន់លោកឧត្តមសេនីយ៍ទោ ជា យោធិន ថាបានដាក់ពាក្យប្ដឹងលោក និងពលរដ្ឋ ២ នាក់ទៀតទៅតុលាការខេត្តកំពង់ស្ពឺដោយពីបទចោទបរិហារកេរ្តិ៍សាធារណៈ និងប៉ុនប៉ងមនុស្សឃាតជុំវិញទំនាស់ដីព្រៃចម្ការស្រល់នៅឧទ្យានជាតិគិរីរម្យនៅភូមិថ្មី ឃុំចំបក់ស្រុកភ្នំស្រួច ប៉ុន្ដែលោក ជា យោធិន បានបដិសេធពីការប្ដឹងគ្នានេះ។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (AC-NCIPO) បានថ្លែងពីម្សិលមិញថា ពលរដ្ឋ ២ គ្រួសារមានទំនាស់ជាមួយលោក ជា យោធិន ជាជំនួយការអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផ្នែកភ័ស្ដភារជុំវិញបញ្ហាដីធ្លី ១៥ ម៉ែត្រ x៧ ម៉ែត្រក្នុងដែនព្រះរាជក្រឹត្យនៃឧទ្យានជាតិគិរីរម្យដោយលោក ជា យោធិន បានចោទពលរដ្ឋថា ទៅបោះបង្គោលរំលោភយកដីគាត់។
លោកបន្តថា បន្ទាប់មកពលរដ្ឋបានមកស្នើសុំឲ្យលោក (ជាហ៊ាន) ជួយស្រាវជ្រាវ និងរកដំណោះស្រាយ ហើយលោកបានចុះទៅពិនិត្យទីតាំងដីជាក់ស្ដែងក៏ឃើញថា ដីនោះស្ថិតក្នុងដីចម្ការស្រល់នៃឧទ្យានជាតិគិរីរម្យដែលមានព្រះរាជក្រឹត្យទុកជាសម្បត្តិរដ្ឋ ប៉ុន្ដែត្រូវបានលោក ជា យោធិន រំលោភកាន់កាប់ជាកម្មសិទ្ធិ។
លោក ជា ហ៊ាន បញ្ជាក់ថា៖ «បន្ទាប់ពីនោះមកទៀតខ្ញុំក៏បានបង្ហោះសារលើហ្វេសប៊ុកខ្ញុំថា ខ្ញុំបាទ ជា ហ៊ាន នឹងចុះអង្កេតទីតាំងដីនោះម្ដងទៀតដែលជាដីរបស់លោក ជា យោធិន រំលោភយកជាកម្មសិទ្ធិ។ អ៊ីចឹងទើបបានជាលោក ជា យោធិន ប្ដឹងខ្ញុំទៅតុលាការកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ពីបទបរិហារកេរ្ដិ៍សាធារណៈ។ ក្រៅពីប្ដឹងខ្ញុំនេះលោក ជា យោធិន បានចាប់ពលរដ្ឋម្នាក់ដាក់គុកចោទពីបទប៉ុនប៉ងមនុស្សឃាត ហើយក៏គ្រោងប្ដឹងពលរដ្ឋម្នាក់ទៀតដែរ តែខ្ញុំមិនទាន់ដឹងចោទពីបទអ្វីទេ»។
លោកបានបន្ថែមថា បន្ទាប់មកលោកបានត្រៀមខ្លួនជាមួយមេធាវីដើម្បីរង់ចាំដីកាតុលាការខេត្តកំពង់ស្ពឺឲ្យចូលបំភ្លឺ ហើយក៏ជាឱកាសលោកសម្រាប់ទម្លាយរឿងដែលលោក ជា យោធិន បានរំលោភយកដីរដ្ឋនៅតំបន់ទឹកឈូទី ២ ខេត្តកំពង់ស្ពឺជាង ៧០០ ហិកតាក្រោមរូបភាពទិញពីពលរដ្ឋកាប់រានដីព្រៃរបស់រដ្ឋ និងដី ១ កន្លែងទៀតនៅសាលាដូងនៃឧទ្យានជាតិគិរីរម្យខេត្តកំពង់ស្ពឺដែលជាដីការពារដោយព្រះរាជក្រឹត្យ។
លោក ជ័យ ហ៊ីម មេឃុំចំបក់បានថ្លែងថា លោកមិនពេញចិត្តទង្វើរបស់លោក ជា យោធិន ទេចំពោះការចាប់ពលរដ្ឋឈ្មោះ សឿង រុន ដាក់ពន្ធនាគារ និងគំរាមមន្ត្រីមូលដ្ឋានដើម្បីចុះហត្ថលេខាកាត់ដីតំបន់ឧទ្យានជាតិគិរីរម្យឲ្យទៅគាត់ និងបន្តប្ដឹងពលរដ្ឋផ្សេងៗទៀតទៅតុលាការ។
លោកបន្តថា ដីដែលកំពុងមានទំនាស់នេះជាដីរបស់រដ្ឋ (មិនមានប័ណ្ណកម្មសិទ្ធិ) ហើយពលរដ្ឋអាស្រ័យផល និងធ្លាប់រស់នៅមូលដ្ឋាននេះតាំងពីដូនតារបស់គាត់ម្ល៉េះ ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះស្រាប់តែលេចឈ្មោះ ជា យោធិន មកអះអាងថា ជាដីរបស់ក្មួយគាត់ដោយបានប្ដឹង និងគំរាមពលរដ្ឋឲ្យចាកចេញពីដីនោះ។
លោកថា៖ «លោក ជា យោធិន បានគំរាមខ្ញុំឲ្យចុះហត្ថលេខាកាត់ដីឧទ្យានជាតិឲ្យគាត់ គំរាមទាំងស្មៀនទៀត ហើយខ្ញុំបានឆ្លើយប្រាប់គាត់ថា ទេ! ខ្ញុំមិនហ៊ានទេ ព្រោះដីតំបន់នេះជាដីការពារដោយព្រះរាជក្រឹត្យ និងជាដីរដ្ឋ ខ្ញុំនៅទីនេះរាប់សិបឆ្នាំមកហើយ ឃើញដីទំនេរច្រើនណាស់ តែខ្ញុំមិនអាចប៉ះពាល់ដីនេះទេ ហើយខ្ញុំក៏មិនអាចកាត់ចែកបុគ្គលណាម្នាក់ដែរ លុះត្រាតែមានការសម្រេចពីថ្នាក់ដឹកនាំកំពូលៗបានខ្ញុំហ៊ានចាត់ចែង»។
មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺម្នាក់សុំមិនបញ្ចេញឈ្មោះបានថ្លែងថា លោក មិនហ៊ានបកស្រាយអ្វីលម្អិតជុំវិញករណីនេះទេដោយគ្រាន់តែដឹងថា ពលរដ្ឋម្នាក់ឈ្មោះ សឿង រុន ត្រូវបានគេឃាត់ខ្លួន ហើយសម្រេចឲ្យជាប់ពន្ធនាគារទាំងអយុត្តិធម៌ ហើយការចោទប្រកាន់នេះគ្មានមូលដ្ឋានច្បាស់លាស់ដែរ។
លោកបន្តថា ពលរដ្ឋម្នាក់នេះលោកធ្លាប់ស្គាល់ជាច្រើនឆ្នាំមកហើយគាត់មិនដែលបង្កទំនាស់ជាមួយនរណាទេ។
ដោយគាត់បានរស់នៅទីនេះតាំងពីដូនតាមកម្ល៉េះ មិនដែលទៅរំលោភយកដីរដ្ឋ ឬដីបុគ្គលណាទេ។
លោកថា៖ «ខ្ញុំមិនអាចបកស្រាយអ្វីច្រើនជុំវិញទំនាស់នេះទេ តែយ៉ាងណាជួយរកយុត្តិធម៌ឲ្យគាត់ផង ហើយពលរដ្ឋនៅតំបន់នេះមិនពេញចិត្តបុគ្គលដូចមន្ត្រីជាន់ខ្ពស់រូបនេះទេ»។
លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួចបានថ្លែងពីម្សិលមិញថា លោកមិនទាន់បានដឹងច្បាស់ពីទីតាំងដីកំពុងមានទំនាស់នោះទេ តែយ៉ាងណាដីនេះជាការគ្រប់គ្រងដោយការិយាល័យឧទ្យានជាតិគីរីរម្យ ហើយត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺបានចេញដីកាដកហូតទាំងអស់រួចរាល់ហើយ។
លោកបញ្ជាក់ថា៖ «ទីតាំងនៅទីនោះមានភូមិ ២ គឺភូមិចម្ការតែ និងភូមិថ្មីជាឧបសម្ព័ន្ធចំណុះឲ្យឃុំចំបក់ (ភូមិអត់ទទួលស្គាល់ផ្លូវការទេ) ចំណែកបណ្តឹងគាត់ដែលប្ដឹងគ្នានេះ គឺគាត់អត់ដាក់មករដ្ឋបាលស្រុកភ្នំស្រួចទេគឺសំដៅទៅសាលាដំបូងខេត្តកំពង់ស្ពឺតែម្តង...»។
យ៉ាងណាក្ដីលោក ជា យោធិន ដែលសុំមិនបញ្ចេញពីតួនាទីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា លោកមិនបានប្ដឹងពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលនោះទេ ហើយក៏គ្មានដីនៅតំបន់នោះដែរ ប៉ុន្ដែដីដែលមានក្បាលជិត ៤០ ម៉ែត្រនេះជាដីក្មួយខាងប្រពន្ធលោកប៉ុណ្ណោះ។
ដោយកាលពីពេលថ្មីៗនេះមានពលរដ្ឋ ២ នាក់ឈ្មោះ សឿង រុន និង ទិត្យ សំអុល បានទៅបោះបង្គោល និងសង់ខ្ទមនៅលើដីនោះ។
លោកបន្តថា ក្មួយរបស់លោកបានប្រាប់ឲ្យពួកគាត់ចាកចេញពីដីនោះ ប៉ុន្ដែគាត់មិនព្រមចេញទេ ក្រោយមកលោកបានទៅមើលទីតាំងដីនោះផ្ទាល់ ស្រាប់តែឈ្មោះ សឿង រុន ជិះម៉ូតូពីក្រោយរថយន្តលោក ហើយមកបុករថយន្តលោកឲ្យខូចទ្វារម្ខាង រួចយកម៉ូតូមកបាំងផ្លូវលោកទៀតផង។
លោកបន្ថែមថា បន្ទាប់មកទៀតនៅថ្ងៃទី ២៤ ខែកុម្ភៈឈ្មោះ សឿង រុន បានប្រើហិង្សាលើបុរសម្នាក់ឈ្មោះ ប៊ូ សាំង ដែលជាអ្នកចាំដីឲ្យក្មួយលោក។ ក្រោយមកឈ្មោះ ប៊ូ សាំង បានប្ដឹងទៅតុលាការឃាត់ខ្លួនតែម្ដង ប៉ុន្ដែរហូតមកទល់ពេលនេះលោកទទួលដំណឹងថា តុលាការបានដោះលែងឈ្មោះ សឿង រុន នោះឲ្យត្រឡប់មកផ្ទះវិញហើយ។
លោក ជា យោធិន បញ្ជាក់ថា៖ «ខ្ញុំមិនបានប្ដឹងអ្វីពួកគាត់ទេ ហើយខ្ញុំក៏គ្មានដីនៅទីនោះដែរ ពួកគាត់ចេះតែមួលបង្កាច់ខ្ញុំ តែខ្ញុំមិនដែលទៅចាប់ដី ឬរំលោភយកដីរបស់នរណាទេខ្ញុំមានលុយប៉ុនណា ខ្ញុំចាយប៉ុណ្ណឹង ខ្ញុំមិនដែលទៅបៀតបៀននរណាទេ»៕