ភ្នំពេញៈ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​បរិស្ថាន និង​សិទ្ធិមនុស្ស បារម្ភ​ពី​ការ​លុប​បឹង​តា​មោក​ជា​បន្តបន្ទាប់ ដោយ​ពួកគេ​អះអាងថា អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន ការរស់នៅ​របស់​ពលរដ្ឋ​ និង​ទឹក​ជន់លិច​រាជធានី​ភ្នំពេញ ប៉ុន្ដែ​មន្ត្រី​រដ្ឋាភិបាល​ថា​មុនពេល​សម្រេច​កាត់​ដី​បឹង​នេះ ក្រសួង​ជំនាញ​បាន​សិក្សា​ពី​ផលប៉ះពាល់​ត្រឹមត្រូវ​រួចរាល់​ហើយ​។

ការលើកឡើង​នេះ​បន្ទាប់ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ២៤ ធ្នូ បានចេញ ស.ជ.ណ. ឬ​សេចក្ដី​ជូនដំណឹង​ដោយ​យល់ព្រម​កាត់​ផ្ទៃដី​បឹងតាមោក​ចំនួន​ ២០ ​ហិកតា​ទៅឱ្យ​លោក​ លន់ ហាក់ និង​អ្នកស្រី​ ឈុន ចាន់ធី ដែល​ជា​ម្ចាស់​ដី​ ១ ​កន្លែង​ស្ថិតនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដើម្បី​ដោះដូរ​សម្រាប់​សាងសង់​អគារ​ទីបញ្ជាការ​ស្រាល​ក្នុង​ការការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​នៅ​ចំណុច​គោលដៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

លោក​ អំ សំអាត នាយករង​អង្គការ​លីកាដូ​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការលុប​បឹង​ធម្មជាតិ ជា​បន្តបន្ទាប់​ដូចជា​បឹង​ជើងឯក បឹងទំពុន បឹងកក់ ជាពិសេស​បឹងតាមោក​ដែលជា​បឹង​ធំជាងគេ​នៅ​ភ្នំពេញ​អាច​នឹង​ធ្វើឱ្យ​ទីក្រុង​ភ្នំពេញ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​លិចលង់​។ លើសពីនេះ​អាច​ជា​ការព្រួយបារម្ភ​ចំពោះ​ការប៉ះពាល់​បរិស្ថាន​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​គួរតែ​សិក្សា​ឱ្យបាន​ច្បាស់លាស់​មុននឹង​សម្រេច​លុប​បឹង​ណាមួយ ព្រោះ​យើង​មានការ​បារម្ភ​ពី​ផលប៉ះពាល់​បរិស្ថាន​ និង​ជំនន់​ទឹកភ្លៀង​នៅក្នុង​រាជធានី​ភ្នំពេញ​»​។

មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​បន្តថា​៖ «​យើង​បានកត់សម្គាល់​ឃើញថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​នៅក្នុង​ក្រុងភ្នំពេញ​យើង​។ ការលុប​បឹង​ធម្មជាតិ បើសិន​ចៀសបាន​គឺ​គួរតែ​ចៀស ព្រោះ​បឹង​ធម្មជាតិ​អាចជួយ​រំដោះ​ទឹកភ្លៀង និង​បរិស្ថាន​»​។

លោក​ តឹក វណ្ណារ៉ា នាយកប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ថ្លែង​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​គួរតែ​បង្ហាញ​គម្រោង​អភិវឌ្ឍន៍ និង​ការវាយតម្លៃ​ផលប៉ះពាល់​នៅ​តំបន់​បឹងតាមោក​ឱ្យបាន​លម្អិត​ជាង​នេះ ដើម្បីឱ្យ​អង្គការ​សង្គម​ស៊ីវិល និង​សាធារណជន​បាន​យល់​ពី​គោលបំណង​របស់​រដ្ឋាភិបាល​។ ពិសេស​ពលរដ្ឋ​អាច​ដឹង​ពី​ទំហំ​នៃ​ការអភិវឌ្ឍ​ថា​តើ​នៅសល់ ផ្ទៃដី​បឹង​ប៉ុន្មាន ឬ​ត្រូវ​អភិវឌ្ឍ​ទំហំ​ប៉ុន្មាន ហើយ​អាច​នឹងមាន​ផលប៉ះពាល់​អ្វីខ្លះ​?

លោក​និយាយថា​៖ «​ក្នុងនាម​យើង​ជា​សង្គម​ស៊ីវិល គឺ​ចង់ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន បន្ទាប់មក​បើកទូលាយ ឬ​ទទួលយក​មតិយោបល់​របស់​សង្គម​ស៊ីវិល ដើម្បី​ធ្វើការ​កែប្រែ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​មួយចំនួន​ដែលមាន​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ការដោះស្រាយ​បញ្ហា​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ​»​។

បើតាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ផ្សាយ​លិខិត​ដែល​ចុះហត្ថលេខា ដោយ​លោក​ កែន សត្ថា រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​ ២៣ ​ខែធ្នូ គឺ​រាជរដ្ឋាភិបាល​បានសម្រេច​ធ្វើ​ប្រទានកម្ម​ជូន​លោក​ លន់ ហាក់ និង​អ្នកស្រី ​ឈុន ចាន់ធី នូវ​ផ្ទៃដី​បឹងតាមោក​ (​កប់​ស្រូវ​) ​ទំហំ​ ២០ ​ហិកតា ស្ថិតនៅ​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ​ដូច​មាន​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ភ្ជាប់​ជាមួយ​។

លិខិត​បន្តថា អ្នក​ទាំង​ ២ ​ត្រូវប្រគល់​ដី​កម្មសិទ្ធិ​ទំហំ​ ១ ៥៧១, ១៨៩ ​ម៉ែត្រក្រឡា​ ស្ថិត​នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ចំណាយ​ថវិកា​បន្ថែម ដើម្បី​សាងសង់​អគារ​ទីបញ្ជាការ​ស្រាល​ទំហំ ២១,៧ ​ម៉ែត្រ គុណ​នឹង​ ៤២ ​ម៉ែត្រ កម្ពស់​ ៣ ​ជាន់​ និង​បំពាក់​សម្ភារ​បរិក្ខារ​ចាំបាច់​នានា​នៅលើ​ទីតាំង​ខាងលើ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យបាន​រួចរាល់​ជា​ស្ថាពរ​ក្នុង​រយៈពេល​ ១៨ ​ខែ​ក្រោយពី​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​។ ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ទាំងអស់​ខាងលើ​ពន្ធអាករ និង​សេវា​អន្តរក្រសួង​នានា​ជា​បន្ទុក​របស់​រដ្ឋ​។

លោក​ សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត មាសភក្តី ពី​ម្សិលមិញ​មិន​អាចទាក់ទង​តាម​ទូរស័ព្ទ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បានទេ​។

ប៉ុន្តែ​លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថ្លែង​ពី​ម្សិលមិញ​ថា មុន​សម្រេច​បែបនេះ​គណៈកម្មការ​ដែល​មានការ​ចូលរួម​ពី​អន្តរក្រសួង​បាន​ប្រជុំ​ជាច្រើនលើក ហើយ​បានសម្រេច​ជា​សមូហភាព​។ ដូច្នេះ​ដី​បឹង​ដែល​បាន​កាត់​បង្វិល​ទៅឱ្យ​ឯកជន​នេះ​គឺជា​ផលប្រយោជន៍​សាធារណៈ​របស់​រដ្ឋ​។

បើតាម​លោក​​ ផៃ ស៊ីផាន ការសម្រេច​នេះ​មិនមែន​ជា​ការចាត់ចែង​ដោយ​បុគ្គល ឬ​ឯកជន​ណាម្នាក់​ទេ​ពោលគឺ​ការសម្រេច​ដោយ​សមូហភាព​តាមរយៈ​អន្តរក្រសួង​ដែលមាន​ក្រសួងសាមី ដូចជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អ្នក​ផ្ទៀងផ្ទាត់​តម្លៃ​។ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ឃ្លាំមើល​ទាក់ទង​នឹង​ច្បាប់ និង​ក្រសួងបរិស្ថាន ត្រួតពិនិត្យ​ទាក់ទង​នឹង​ផលប៉ះពាល់​បរិស្ថាន​។ ដូច្នេះ​ក្រសួង​ជំនាញ​ទាំង​ ៣ ​បាន​សិក្សា​ពី​ផលប៉ះពាល់​រួចហើយ​។

លោក​ថា​៖ «​ចំពោះ​អ្នក​រិះគន់ គឺ​យើង​ស្វាគមន៍​អ្នក​រិះគន់​ទាំងអស់ វា​អាស្រ័យ​ដោយ​គាត់​មិនមែន​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​បម្រើ​ជាតិ​។ បើសិនជា​រាជរដ្ឋាភិបាល​មាន​ចំណុច​កង្វះខាត​ណាមួយ អ្នក​រិះគន់​ហ្នឹង មិនដែល​បាន​ចូលរួម​ដោះស្រាយ​ជាមួយ​រាជរដ្ឋាភិបាល​ទេ គឺ​ក្រៅតែពី​រិះគន់​។ ដូច្នេះ​ការរិះគន់​នេះ​ខ្ញុំ​សូម​អរគុណ ប៉ុន្ដែ​អ្នក​រិះគន់​គួរតែ​សិក្សា​ស្វែងយល់​ពី​ការឆ្លើយតប​របស់​រាជរដ្ឋាភិបាល​»​។

គួររំឭកថា បឹងតាមោក គឺជា​បឹង​ធំ​មួយ​នៅ​ភ្នំពេញ​ដែលមាន​ផ្ទៃ​ក្រឡា​ជាង ៣ ០០០ ​ហិកតា​។ រយៈពេល​ចុង​ក្រោយនេះ​ត្រូវបាន​រដ្ឋាភិបាល​សម្រេច​លុប​ផ្ទៃ​បឹង​នេះ​ជាច្រើន​ហិកតា ដើម្បី​ប្រគល់​ជូនទៅ​សាលា​រាជធានី​ភ្នំពេញ​ធ្វើជា​សួនច្បារ ឧទ្យាន​ធម្មជាតិ​សាធារណៈ កាត់​ឱ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អគារ​ការិយាល័យ​របស់​ក្រសួងយុត្តិធម៌​ជាដើម​៕

វីដេអូ៖