បាត់ដំបងៈ ព្រះសង្ឃ ១ អង្គគង់នៅវត្តកណ្តាលស្ថិតក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបងបានធ្វើអត្តឃាតដោយដុតសម្លាប់ខ្លួនឯងកាលពីវេលាម៉ោង ១១ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២១ ខែកញ្ញា ដោយមន្ត្រីនគរបាលសង្ស័យថា អាចបណ្តាលមកពីព្រះសង្ឃអង្គនេះមានវិបត្តិផ្លូវចិត្ត គឺមិនមានពាក់ព័ន្ធនឹងរឿងអ្វីផ្សេងនោះទេ។
លោក ឆាង វ៉ាន់ឆៃ អធិការក្រុងបាត់ដំបងបានថ្លែងពីម្សិលមិញថា៖ «ករណីរឿងហ្នឹង យើងបានធ្វើការស្រាវជ្រាវ ហើយសង្កេតឃើញថា ពិតជាគាត់បានធ្វើអត្តឃាតដោយខ្លួនគាត់ពិតប្រាកដមែន»។ លោក វ៉ាន់ឆៃ បានជំរុញឱ្យសួរបញ្ហានេះទៅមន្ត្រីការិយាល័យបច្ចេកទេសនៃស្នងការនគរបាលខេត្តបាត់ដំបង ដែលបានចូលរួមពិនិត្យក្នុងករណីធ្វើអត្តឃាតនេះ។
លោកបញ្ជាក់ថា៖ «សូមសួរបញ្ជាក់បន្ថែមទៅការិយាល័យបច្ចេកទេសខេត្តទើបច្បាស់លាស់ ព្រោះខ្ញុំជាអធិការក្រុងទេ អ៊ីចឹងការឆ្លើយរបស់ខ្ញុំមានកម្រិត ប៉ុន្តែឯកទេសខេត្តជំនាញខ្លាំងជាងក្រុង តែយ៉ាងណាការសន្និដ្ឋានគឺបែបហ្នឹងហើយ»។
ប្រធានការិយាល័យបច្ចេកទេស និងកោសល្យវិច័យ ខេត្តបាត់ដំបង លោក ជាម ជម្ពូរ័ត្ន ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ករណីព្រះសង្ឃធ្វើអត្តឃាតខ្លួនឯងនេះ ដោយមើលទៅលើអង្គហេតុ អាចសន្និដ្ឋានថា ព្រះសង្ឃអង្គនេះសុគតដោយធ្វើអត្តឃាតដោយដុតសម្លាប់ខ្លួនឯង។
លោកបានថ្លែងថា៖ «យើងមើលលើអង្គហេតុទៅឃើញថា ចង្ក្រានដែលតខ្សែភ្លើងហ្នឹង តចូលទៅកន្លែងក្រោមគ្រែ ដោយចង្ក្រានដាំទឹកអគ្គិសនី ហើយមិនមែនជាការដាំទឹកយូរៗទៅវាឡើងកម្តៅបណ្តាលឱ្យឆេះក្រដាស និងស្បង់ជីវរដែលគររៀបចំទុកជាស្រេចនោះទេ គឺជនរងគ្រោះបានយកស្បង់ជីវរចងខ្លួន ចងភ្ជាប់ទៅនឹងគ្រែ (ហើយដុតឱ្យឆេះ)»។
បើតាមលោក ជម្ពូរ័ត្ន ដែលបានសួរព័ត៌មានពីព្រះសង្ឃនៅខេត្តសៀមរាប ដែលត្រូវជាបងបង្កើតរបស់ព្រះសង្ឃរងគ្រោះឱ្យដឹងថា កាលពីមុនបុណ្យភ្ជុំ ព្រះសង្ឃរងគ្រោះតែងត្អូញត្អែរពីការលំបាកចិត្តមិនចង់រស់នៅបន្តទៀតប្រាប់ទៅបងប្រុសរបស់ខ្លួនជាហូរហែតាមទូរស័ព្ទ ហើយបងក៏បានធ្វើការអប់រំណែនាំប្អូនកុំឱ្យពិបាកចិត្ត ជាពិសេសកុំគិតខ្លីរកតែសម្លាប់ខ្លួន។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា លោកសង្ឃធ្វើអត្តឃាតខ្លួនបណ្តាលឱ្យស្លាប់នៅក្នុងកុដិលេខ ២ ជាន់ទី ២ ឈ្មោះ ហ៊ាត ហាក់ ព្រះជន្ម ២១ ឆ្នាំមកពីឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែលោកទៅគង់កាន់បិណ្ឌនៅវត្តកណ្តាល ដែលគិតមកដល់ពេលព្រះអង្គធ្វើអត្តឃាតនោះមានរយៈពេល ៥ ខែហើយ។
បើតាមព្រះគ្រូចៅអធិកាវត្តកណ្តាលព្រះនាម កែវ សំពង់ ដែលបានទៅទាន់ហេតុការណ៍នោះឱ្យដឹងថា នៅពេលកើតហេតុព្រះអង្គបានឃើញផ្សែងហុយយ៉ាងខ្លាំងចេញពីក្នុងបន្ទប់ព្រះសង្ឃរងគ្រោះ ហើយព្រះអង្គក៏ឡើងទៅបើកទ្វារមើល ប៉ុន្តែបន្ទប់នោះបានដាក់គន្លឹះខាងក្នុង ហើយឃើញបែបនោះព្រះអង្គក៏ស្រែកហៅគ្នាមកជួយគាស់ទ្វារដើម្បីចូលពន្លត់ភ្លើង។ «អាត្មាជាមួយសាមណេរ ១ អង្គទៀតនាម ហេង ហ៊ីនវ៉ា នៅពេលឃើញផ្សែងភ្លើងបានហុយយ៉ាងខ្លាំងចេញពីក្នុងបន្ទប់ ដោយបន្ទប់នោះបានដាក់គន្លឹះពីខាងក្នុង អាត្មាស្រែកហៅគ្នាមកជួយពន្លត់ភ្លើង។ យើងនាំគ្នាទាញទ្វារ បើកចូលទៅក៏ឃើញលោកត្រូវបានភ្លើងឆេះពេញបន្ទប់ និងពេញខ្លួនប្រាណអស់។ ពេលភ្លើងកំពុងឆេះ អាត្មាបានឮសំឡេងសូត្រធម៌ថា ពុទ្ធំ សរណំ គច្ឆាមិ។ យើងនាំគ្នាយកទឹកចាក់ពន្លត់ភ្លើងអស់ទៅហើយ លោកក៏ផុតដង្ហើមនៅម៉ោង ១២ និង ១៥ នាទី អាត្មាភាពបានខលទៅឱ្យសមត្ថកិច្ចមកពិនិត្យ»៕
វីដេអូ៖