ភ្នំពេញៈ មន្ត្រី​ជំនាញ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បាន​ដាក់​ការសង្ស័យ​ករណី​បាក់​ដី​ច្រាំងទន្លេ​នៅ​វត្ត​ក្តីតាកុយ​ក្នុង​សង្កាត់​វាលស្បូវ​ដែល​ធ្វើឲ្យ​រំលំ​ចេតិយ​អស់​ ២ ​ថា​អាច​មកពី​គ្រោះ​ធម្មជាតិ ខណៈ​មិន​ទាន់​វាយតម្លៃ​ច្បាស់​នៅ​ឡើយ តែ​កំពុង​ចាក់ដី និង​ដាក់​ប៉ាវ​ខ្សាច់​លុប​ទីតាំង​ដែល​ស្រុត​នោះ​កាលពី​ម្សិលមិញ​។

លោក ប៊ូ វឌ្ឍនា មន្ត្រី​ផ្នែក​សំណង់​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​បាក់​ដី​ច្រាំង​ទន្លេ​នៅ​វត្ត​ក្នុង​ឃុំ​វាលស្បូវ​នោះ​ខាង​ជំនាញ​មិន​ទាន់​វាយតម្លៃ​ថា​មកពី​អ្វី​ប្រាកដ​ទេ​?

ប៉ុន្តែ​លោក​ថា​អាច​មកពី​គ្រោះ​ធម្មជាតិ ហើយ​អាជ្ញាធរ​ខណ្ឌ​កំពុង​ចាក់ដី​បំពេញ និង​ដាក់​បាវខ្សាច់​ទប់​ការបាក់​បន្ត​ទៀត​។

លោក​ថា​៖ «​ឥឡូវ​នៅ​ចំពោះ​មុខ​អាជ្ញាធរ​កំពុង​ចាក់ដី​ និង​ដាក់​​បាវ​ខ្សាច់​ទប់​ដីបាក់​នៅ​ទី​នោះ​»​។

លោក ស៊ូ ចន គណៈកម្មការ​វត្ត​ឈើទាល​ខ្ពស់​ហៅ​វត្ត​ក្តីតាកុយ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ចំពោះ​ការដួលរលំ​ចេតិយ​ក្នុង​វត្ត​នោះ​លោក​ពិបាក​សន្និដ្ឋាន​ថា​មកពី​មូលហេតុ​អ្វី​ណាស់ តែ​មុន​ពេល​បាក់​ដី​នេះ​គឺ​ជាង​ ១០ ​ឆ្នាំ​ហើយ​មិន​ដែល​មាន​ករណី​ដូច​នេះ​ទេ​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​មុន​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ធ្វើ​ឱ្យ​មាន​ទឹក​ហូរ​ច្រោះ​ក្រោម​ដី​ហើយ​ដោយសារ​ទម្ងន់​ចេតិយ​ធ្ងន់​ផង​ក៏​ដួលរលំ​តែ​ម្តង​ទៅ​។

លោក​បញ្ជាក់​ថា​៖ «​កាលពី​​ថ្ងៃទី ២០ ខែ​តុលា​មាន​ចេតិយ​ ១ ​ទ្រេត លុះ​ដល់​ថ្ងៃទី​ ២១ ខែ​តុលា មាន​ចេតិយ​ ១ ​ទៀត​បាក់​រលំ​ចូល​ក្នុង​ទន្លេ​តែ​ម្តង​ហើយ​ចេតិយ​នីមួយៗ​សង់​អស់​ជិត​ ២ ​ម៉ឺន​ដុល្លារ​ឯណោះ​។ រឿង​បូម​ខ្សាច់​នៅ​ក្បែរ​នោះ បើ​តាម​ខ្ញុំ​ពិនិត្យ​មើល​ទៅ​ដូចជា​គ្មាន​សកម្មភាព​ទេ​មាន​តែ​បូម​នៅ​កណ្តាល​ទន្លេ​»​។

ទោះ​យ៉ាង​ណា​លោកស្រី យុន សុផល ចៅសង្កាត់​វាលស្បូវ​បាន​ប្រាប់​ដែរ​ថា ករណី​នេះ​លោកស្រី​ក៏​មិន​ដឹង​ថា​បណ្តាល​មកពី​អ្វី​ដែរ​ទេ ប៉ុន្តែ​បើ​តាម​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ក្តីតាកុយ និង​បន្ទាប់ពី​មន្ត្រី​ជំនាញ​ខណ្ឌ​ច្បារអំពៅ​ចុះ​ពិនិត្យ​បឋម​ឃើញ​ថា ដី​ដែល​បាក់​នោះ​ជា​ដី​ទើប​ចាក់​ថ្មី​ប្រមាណ​ជាង​ ៣ ​ឆ្នាំ រីឯ​សំណង់​​ចេតិយ​នោះ​ក៏​ថ្មី​ដែរ​។ លុះ​ដល់​យប់​ថ្ងៃទី​ ១៩ ខែ​តុលា​ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ដល់​ថ្ងៃទី​ ២០ ខែ​តុលា​ក៏​កើត​មាន​ការ​រអិល​បាក់​ចេតិយ​ដោយ​​មាន​ផ្លូវទឹក​ជ្រាប​ចេញ​ពី​ខាង​ក្រោម​ដែល​ទឹក​នោះ​ធ្លាក់​មកពី​អតីត​បឹងស្នោ​ដែល​ត្រូវ​ទឹក​​ភ្លៀង​ហូរ​ជ្រាប​ពី​ក្រោម​ដី​។

លោកស្រី​ចៅសង្កាត់​ថា​៖ «​ទឹក​នោះ​ធ្លាក់​មកពី​បឹង​វិញ​ដែល​ពេល​ភ្លៀង​ធ្លាក់​មក ទឹក​វាដក់​នៅ​ផ្នែក​ខាងលើៗ​ដល់​ពេល​ទន្លេ​នោះ​ទាប​ជាង​ទឹក​នោះ វា​ហូរ​ចុះ​ទៅ​រក​ទី​ទំនាប អ៊ីចឹង​ហើយ​ទើប​ធ្វើឲ្យ​ដីខ្សាច់​ហ្នឹង​វា​ច្រោះ​» ៕