សៀមរាបៈ អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណ​វិទ្យា​រកឃើញ​ឡដុត​កុលាលភាជន៍​មួយ​កន្លែង​នៅ​ខាង​ជើង​ខ្លោង​ទ្វារ​ដី​ឆ្នាំង​នៃ​ក្រុង​អង្គរធំ ដោយ​ការសន្និ​ដ្ឋាន​បឋមថា កន្លែងនេះ​ត្រូវបាន​សាងសង់​ក្នុង​សម័យ​អង្គរ ខណៈ​ការស្រាវជ្រាវ​កំពុងបន្ត តែគ្រោង​បញ្ចប់​នៅ​ពាក់​កណ្តាល​ខែធ្នូ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ពី​ថ្ងៃទី ២៧ វិច្ឆិកា​ថា ឡដុត​កុលាលភាជន៍​នេះត្រូវ​បាន​ធ្វើ​​​កំណាយ​ឃើញ​នៅ​ទួលត្រពាំងបុស្ស ក្នុង​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង/ខេត្ត​សៀមរាប ខាង​ជើង​ខ្លោង​ទ្វារ​ដី​ឆ្នាំង​នៃ​ក្រុង​អង្គរ​ធំ។ អាជ្ញាធរ​នេះបញ្ជាក់​ថា តាម​ការសន្និដ្ឋាន​បឋម ឡ​ដុត​កុលាលភានជ៍​នេះ​ប្រហែល​សង់​ក្នុង​សម័យ​អង្គរ ឬ​ក្រោយ​អង្គរ។

លោក ទិន ទីណា អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរ​ជាតិ​ និង​តម្កល់​ឯកសារ​អង្គរ​ដែល​ជា​ប្រធាន​ក្រុម​កំណាយ​នេះ​បាន​ឲ្យ​ដឹង​ថា ការជ្រើសរើស​ទីតាំង​​នេះ​ធ្វើកំណាយ​គឺ​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា ទីនេះ​ជា​កន្លែង​ផលិត​កុលាលភាជន៍​សម័យ​បុរាណ​មែនឬ​អត់?លោក​បន្តថា​ កន្លង​មក​មាន​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ប្រទះ​ឃើញ​សំណល់​បំណែក​កុលាលភាជន៍​ជាច្រើន​រាយប៉ាយ​លើ​ទួល​នៅលើ​ខ្នង​ទំនប់ ដែល​មាន​ទីតាំង​នៅ​ខាង​លិច​ខ្លោង​ទ្វារ​ដី​ឆ្នាំង​នៃ​រាជធានី​អង្គរធំ។

លោក​បញ្ជាក់​ថា៖ «​រហូត​មក​ទល់​ពេល​នេះ​​ពុំទាន់​មាន​ការធ្វើ​កំណាយ​ស្រាវជ្រាវ ដើម្បី​បញ្ជាក់ថា​ ទីតាំង​នេះ​ជា​ឡ​ដុត​កុលាលភាជន៍​សម័យ​បុរាណ​នៅ​ឡើយ​ទេ? ដូច្នេះ​តាមរយៈ​បំណែក​កុលាលភាជន៍​ និង​បំណែក​ដី​ដុត​ដែល​បន្សល់ទុក​លើ​ទួល​ធំ​វែង​ដល់​សព្វ​ថ្ងៃ អ្នកស្រាវជ្រាវ​មួយ​ចំនួន​យល់​ស្រប​គ្នា​ថា​​ទីតាំង​នេះ​មាន​ភាគរយ​ខ្ពស់​អាច​ជា​ឡ​ដុត​ភាជន៍​សម័យ​បុរាណ​»។

លោក ទិន ទីណា បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​ស្រាវជ្រាវ​នៅ​ទីតាំង​ខាង​លើ​នឹង​បញ្ចប់​នៅ​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​នេះ បន្ទាប់ពី​ចាប់ផ្ដើម​ពី​ថ្ងៃ​​ ១៦ វិច្ឆិកា ហើយ​តាមរយៈ​កំណាយ​នេះ ក្រុម​ការងារ​ក៏​បាន​ឃើញ​ជញ្ជាំង​ឡ និង​ភាជន៍​ភាគច្រើន​ជា​របស់​ប្រើ​ប្រចាំ​ថ្ងៃ​មាន​ឆ្នាំងដី ក្បឿង ចង្ក្រាន និង ខួច ជាដើម​។

លោក​ថា៖ «បន្ទាប់ពី​ធ្វើ​កំណាយ​រួច យើង​នឹង​សុំ​គោលការណ៍​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​នេះ​បន្ត​ទៀត ដោយ​ចុះបញ្ជី​សារពើភណ្ឌ​ទួល​ទាំងអស់ គូសផែនទី​ដាក់​ទីនេះ​ជា​តំបន់​ការពារ​សម្រាប់​ឱ្យ​ភ្ញៀវទេសចរ​មក​ទស្សនា​ និង​ការសិក្សា​...»។

លោក វិទូ ភិរម្យ បុរាណវិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងថា ក្រុម​ការងារ​បាន​យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​បច្ចេកទេស​កំណាយ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដល់​សំណង់​បុរាណ និង​វត្ថុ​បុរាណ​ដែល​ប្រទះឃើញ​នៅក្នុង​រណ្តៅ។

លោក​បញ្ជាក់​ថា​៖ «លក្ខណៈ​រចនាសម្ព័ន្ធ​ឡ​ដែល​រក​ឃើញ​ពេល​នេះ គឺ​ពិសេស​ណាស់ ​ព្រោះ​រូបរាង រចនា​សម្ព័ន្ធ​ឡ​នេះ​ខុស​ពី​ឡ​ភាគច្រើន​នៅ​តំបន់​អង្គរ ដែលធំៗ វែង។ តាមរយៈ​វត្ថុ​ដែល​ប្រទះ​ឃើញ​នៅទី​នេះ ក៏​ធ្លាប់​ឃើញ​នៅតាម​ការដ្ឋាន​កំណាយ​លើ​ទីតាំង​មនុស្ស​រស់នៅ​ដែរ តែ​យើង​មិន​ដឹង​ថា​វា​មាន​ប្រភព​ពី​ឡ​ណា​ទេ?»។

លោក ឆាយ រចនា ប្រធាន​ការិយាល័យ​អង្គភាព​កុលាលភាជន៍​អង្គរ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​ និង​តម្កល់​ឯកសារ​អង្គរ​ក៏បាន​បញ្ជាក់​ដែរ​ថា ក្រុម​ការងារ​មិន​ទាន់​ដឹង​រូបរាង​ឡ​ពេញ​លេញ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​​ឃើញ​មាន​ជញ្ជាំង​ឡ ទំហំ​ឡ​តូច រាង​មូល មាន​កន្លែង​ដាក់​ឧស មាន​អង្កត់​ផ្ចិត​ត្រឹម​ ៣ ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​ថា ឡ​ដី​ឆ្នាំង​នេះ​គឺ​មាន​លក្ខណពិ​សេស​អស្ចារ្យ ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​​ទេ។

លោក​បញ្ជាក់ថា​៖ «តាមរយៈ​បំណែក​ក្បឿង យើង​អាច​សន្និដ្ឋាន​ថា ឡ​ដុត​ភាជន៍​នេះ​ប្រហែល​កើតឡើង​នៅ​ចុង​សម័យអង្គរ ព្រោះ​ក្បឿង​ប្រភេទ​នេះ​មិនសូវ​ឃើញ​ប្រើប្រាស់​នៅក្នុង​សម័យ​អង្គរ​ទេ។...ប្រហែល​ជា​ជាប់​ពាក់ព័ន្ធ​នឹង​ការហៅ​ឈ្មោះ​ខ្លោង​ទ្វារ​ដី​ឆ្នាំង​ដែរ ព្រោះ​ជា​កន្លែង​មាន​ឡ​ផលិត​ឆ្នាំងដី​ជាច្រើន»។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ប្រកាស​ពី​ការបញ្ចប់​ការជួសជុល​ព្រះពុទ្ធ​បដិមា​ ១ អង្គ​នៅ​រួត​បាកាណ​កំពូល​ប្រាសាទ​អង្គរវត្ត​ផង​ដែរ បន្ទាប់ពី​មាន​បញ្ហា​ចុះខ្សោយ​គុណភាព​សំណង់ ដោយសារ​តែ​ជើង​ក្រោម​ប្រេះ​បែកបាក់ ព្រោះ​ទ្រ​ទម្ងន់​ធ្ងន់​ពេក។

លោក សយ សុភារិន្ទ មន្ត្រី​ជំនាញ​អភិរក្ស​ចម្លាក់​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យានអង្គរ​ និង​បុរាណវិទ្យា​បង្ការ និង​ជា​អ្នក​ជួសជុល​បាន​ឲ្យ​ដឹងថា​ ព្រះពុទ្ធ​បដិមា​អង្គ​នេះ​មាន​បញ្ហា​មួយ​ចំនួន​ត្រង់​ព្រះសិរ ព្រះភក្ត្រ ជើង​​ផ្នែក​ខាង​ក្រោម និង​ជើង​ទម្រ​ទប់​លំនឹង។

បើ​តាម​លោក សុភារិន្ទ ដើម្បី​សង្គ្រោះ​បដិមា​ឱ្យ​ល្អប្រសើរ​ឡើង​វិញ​ក្រុម​អ្នក​​អភិរក្ស​ត្រូវ​តាមដាន​​អង្កេត​មើល​ពី​ស្ថានភាព​ខូចខាត​ជា​ប្រចាំ ហើយ​សិក្សា​ស្រាវជ្រាវ​ចង​ក្រង និង​ជួសជុល​ឱ្យបាន​ទាន់​ពេលវេលា បង្ការ​កុំឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​បដិមា​ទាំងមូល។

តាម​អាជ្ញាធរ​ជាតិ​អប្សរា ព្រះពុទ្ធអង្គ​នេះ ដើមឡើយ​គឺ​នៅជាប់​នឹង​ជញ្ជាំង​បិទ​សន្ធប់​ទ្វារ​បន្ទប់​នៅ​រួត​បាកាណ តែ​ត្រូវ​បាន​ដាប់​ចេញពី​ជញ្ជាំង​ក្នុង​សម័យ​​បារាំង​ប្រហែល​​ឆ្នាំ ១៩៤៣ ដើម្បី​ជីក​កំណាយ​អណ្តូង​កណ្តាល​តួ​បាកាណ​ចុះទៅ​ក្រោម​ក្នុង​បំណង​ស្រាវជ្រាវ​បុរាណវិទ្យា»៕