
ទាហាន ២ នាក់ដែលបានបង្កហិង្សាលើជនពិការរឿងការបង់ថ្លៃអគ្គិសនី។ រូបថត សហការី
ប៉ៃលិនៈ មន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីតុលាការបានសម្របសម្រួលឲ្យបុរសជាជនពិការម្នាក់ដកពាក្យបណ្ដឹង ក្រោយបានប្ដឹងទាហានការពារព្រំដែនលេខ ៥០៤ នៃយោធពលភូមិភាគទី ៥ ពីបទបង្កហិង្សា។
លោក សុខ ទិត្យា បុរសជនពិការជាបុគ្គលិកបម្រើការខាងគណនេយ្យក្នុងក្រុមហ៊ុនអគ្គិសនីនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានឲ្យដឹងថា ការសម្រេចដកពាក្យបណ្ដឹងរបស់លោកបានធ្វើឡើងក្រោយពីអភិបាលខេត្តប៉ៃលិនលោក ផាន់ ចាន់ធុល រួមទាំងមន្ត្រីកងរាជអាវុធហត្ថខេត្ត មេបញ្ជាការកងយោធពលភូមិភាគទី ៥ និងព្រះរាជអាជ្ញាតុលាការខេត្តប៉ៃលិនបានចេញមកជួយសម្របសម្រួល។ លោក ទិត្យា បានប្ដឹងទាហានឈ្មោះ ឈិន ណុប និងឈ្មោះ អ៊ិន ខ្លឹង កាលពីថ្ងៃទី ២៩ ខែមីនា ពីការបង្កហិង្សាដោយរឿងការបង់សេវាអគ្គិសនី។
លោក ទិត្យា ថ្លែងថា៖ «និយាយរួមទៅយើងជាពលរដ្ឋខ្មែរ អ៊ីចឹង!យើងត្រូវមានការយោគយល់ និងសម្របសម្រួលគ្នាទៅ ហើយអភិបាលខេត្តប៉ៃលិន កងរាជអាវុធ និងព្រះរាជអាជ្ញាបានជួយសម្របសម្រួល។ ណាមួយប្រទេសយើងកំពុងជួបបញ្ហាជំងឺ (កូវីដ ១៩) យើងត្រូវការកងទ័ពបម្រើការ ហើយខ្ញុំក៏បើកចិត្តទូលាយទៅសម្របសម្រួល ហើយសម្រេចអត់យកសំណងអីពីពួកគាត់ទេ»។
កាលពីថ្ងៃទី ២៥ មីនា ទាហានទាំង ២ នាក់ ក្នុងចំណោមទាហានប្រហែល ១០ នាក់ មកពីកងការពារព្រំដែនគោកលេខ ៥០៤ ដែលនាំគ្នាធ្វើដំណើរទៅបង់ថ្លៃភ្លើងនៅក្រុមហ៊ុនអគ្គិសនីនៅស្រុកសាលាក្រៅ បានប្រើហិង្សាទៅលើលោក សុខ ទិត្យា ខណៈកំពុងបំពេញកិច្ចការ។ ការប្រើប្រាស់ហិង្សានេះ ដោយសារទាហានទាំង ២ នាក់នោះបានខឹងលោក ទិត្យា ដែលបានបញ្ជាឱ្យក្រុមជាងរបស់ក្រុមហ៊ុនទៅដកកុងទ័រភ្លើងនៅអង្គភាពកងទ័ព បន្ទាប់ពីមិនបានបង់ថ្លៃភ្លើងអស់រយៈពេល ៦ ខែ។
លោក ទិត្យា បានឲ្យដឹងថា ខាងក្រុមហ៊ុនអគ្គិសនីរបស់លោកបានសម្រេចផ្ដល់ប្រាក់ចំនួន ១៥ លានរៀល ដើម្បីសម្រាប់ឱ្យលោកយកទៅប្រើប្រាស់ក្នុងការពិនិត្យព្យាបាលលើស្នាមរបួសលើក្បាលដែលត្រូវរងការវាយពីសំណាក់ទាហាន។
លោក ទិត្យា ថ្លែងថា៖ «និយាយរួមទៅការវ៉ៃហ្នឹង មិនបណ្ដាលឱ្យបែកក្បាលអីទេ គ្រាន់តែវានៅឈឺក្បាល ហើយខ្ញុំមិនទាន់បានទៅពិនិត្យមើលនៅឡើយ។ ខ្ញុំត្រូវឱ្យគេពិនិត្យមើលសិន ចៀសវាងជាំ ឬឈាមកកអីជាដើម។ កុងទ័រភ្លើងដែលគាត់ (ទាហាន) យកមកវ៉ៃក្បាលខ្ញុំហ្នឹង គឺមានទម្ងន់ប្រហែល ១ គីឡូកន្លះដែរ ហើយគ្រាន់តែយក (កុងទ័រភ្លើង) មកអុកៗ ៤-៥ ដង ហើយបើជ្រុលខ្លាំង បែកក្បាលអីដែរហ្នឹង»។
លោក ប៉ូលី ឧត្តម មន្ត្រីនាំពាក្យតុលាការខេត្តប៉ៃលិនមិនអាចទាក់ទងតាមទូរស័ព្ទបានទេក្នុងការសុំអត្ថាធិប្បាយ។
លោក យិន ម៉េងលី មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តបាត់ដំបងបានអះអាងថា ក្នុងសំណុំរឿងព្រហ្មទណ្ ឌគឺតុលាការនៅតែបន្តនីតិវិធីដើម្បីរកឱ្យឃើញនូវជនដែលប្រព្រឹត្តបទល្មើស ថ្វីដ្បិតជនរងគ្រោះបានសម្រេចដកពាក្យបណ្ដឹង និងទទួលបានសំណងក្ដី។
លោក ម៉េងលី ថ្លែងថា៖ «ត្រូវរកឱ្យឃើញសិន តើជនហ្នឹងមានប្រព្រឹត្តបទល្មើសអត់ ហើយបើរកឃើញបទល្មើសណាមួយ គឺជននោះត្រូវទទួលរងទណ្ឌកម្ម ហើយសំណងទើបកើតមានតាមក្រោយ ហើយប្រសិនបើជនហ្នឹងអត់មានប្រព្រឹត្តបទល្មើសអីទេ សំណងក៏អត់ត្រូវកើតមានដែរ។ ក្រមនីតិវិធីព្រហ្មទណ្ឌបាននិយាយថា នៅពេលណាបណ្ដឹងអាជ្ញាអាចចប់បានគឺទាល់តែជនល្មើសទទួលទណ្ឌកម្មចប់»។
លោកថា បណ្ដឹងអាជ្ញាមិនអាចបិទបញ្ចប់ត្រឹមតែបង់លុយឱ្យជនរងគ្រោះឡើយ ព្រោះការធ្វើបែបនេះគឺមិនអាចឱ្យបុគ្គលដែលធ្លាប់បានប្រព្រឹត្តបទល្មើស ជាពិសេសអ្នកមានអំណាច និងលុយកាក់ រាងចាលឡើយ ហើយក៏មិនមែនជាប្រទេសដែលមាននីតិរដ្ឋ ដែលច្បាប់ត្រូវតែអនុវត្តដោយស្មើភាពគ្នាចំពោះបុគ្គលគ្រប់រូបនោះដែរ៕