ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឲ្យ​ដឹងថា រហូត​មក​ដល់​ពេលនេះ​រថយន្ត​ប្រហែល ៦០ ​ភាគរយ ​ពុំទាន់​បាន​មក​ត្រួតពិនិត្យ​បច្ចេកទេស​ (​ឆៀក​) ​នៅ​ឡើយ ខណៈ​ចាប់ពី​ថ្ងៃទី​ ១ ខែ​កក្កដា​ខាងមុខ​តទៅ ក្រសួង​នឹង​ចាប់ផ្ដើម​ផាក​ពិន័យ​រថយន្ត​ហួស​សុពលភាព​ឆៀក​ក្នុង​ ១ ​ថ្ងៃ ២ ០០០ ​រៀល​។

លោក ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា យានយន្ត​ដែល​បាន​ចុះបញ្ជី​ទាំងអស់​នៅ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​គឺ​មាន​ជិត ៦ ​លាន​គ្រឿង​ក្នុង​នោះ​ ៨០ ​ភាគរយ ​គឺជា​ទោចក្រយានយន្ត​។

លោក​បន្តថា ក្នុង​ចំណោម​យានយន្ត​ទាំងនោះ​គឺ​មាន​រថយន្ត​ជិត ១ ​លាន​គ្រឿង​ ហើយ​ក្នុង​នោះ​មាន​ប្រមាណ​ ៦០ ​ភាគរយ​ ពុំទាន់​បាន​មក​ត្រួតពិនិត្យ​បច្ចេកទេស​នៅឡើយ​។ លោក​ថា​៖ «​នៅពេល​ខ្ញុំ​ឱ្យ​មន្ត្រី​ស្រង់​ទិន្នន័យ​ជាក់ស្ដែង គឺ​រថយន្ត​ខ្លះ​មិនដឹង​ហួស​សុពលភាព​ប៉ុន្មាន​ឆ្នាំ​ហើយ​មក​ទេ ហើយ​ឡាន​ខ្លះ​គឺ​អត់​ដែល​មក​ឆៀក​តែម្ដង​។ ដូច្នេះ​ទើប​មាន​ការជជែក​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា ប្រសិនបើ​យើង​មិន​ផាកពិន័យ​រថយន្ត​ហួស​សុពលភាព​ឆៀក​ទេ​ពេល​អនុវត្ត​ច្បាប់​ម្ដងៗ​ច្បាស់​ជា​ប្រឈម​នឹង​បញ្ហា​ហ្នឹង​ទៀតហើយ​»​។

អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រកាស​ថា សមត្ថកិច្ច​បាន​ពន្យារ​ពេល​ផាកពិន័យ ចំពោះ​រថយន្ត​ហួស​សុពលភាព​ក្នុង​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ដោយ​មិនទាន់​បាន​កំណត់ពេល ក្រោយពី​សង្កេត​ឃើញ​មាន​ពលរដ្ឋ​នាំគ្នា​យក​រថយន្ត​សម្រុក​ទៅ​ធ្វើ​ឆៀក​ធ្វើឱ្យ​កកស្ទះ​នៅ​តាម​ច្រកចូល​កន្លែង​ឆៀក​នានា ស្របពេល​នគរបាល​ចរាចរណ៍​បាន​ចាប់ផ្ដើម​រឹតបន្តឹង​ច្បាប់​តាម​អនុក្រឹត្យ​ថ្មី​ដោយ​ផាកពិន័យ​កើន​ទៅដល់​ ៣ ​ឬ​ ៤ ​ដង​នៃ​អនុក្រឹត្យ​ចាស់​ចាប់ពី​ថ្ងៃទី​ ១ ​ខែ​ឧសភា​មក​។

លោក ឈួន វ៉ន់ បញ្ជាក់​ថា​ចាប់តាំងពី​មាន​ការរឹតបន្តឹង​ច្បាប់​នេះ​មក​គឺ​ក្នុង​ ១ ​ថ្ងៃ​សង្កេតឃើញ​ពលរដ្ឋ​យក​រថយន្ត​ទៅ​ឆៀក​បាន​កើនឡើង​រហូត​ទៅដល់​ ៤ ​ដង​ខណៈ​ក្នុង​ថ្ងៃ​ធម្មតា​នៅ​ទូទាំង​ប្រទេស​មាន​ពលរដ្ឋ​យក​រថយន្ត​ទៅ​ឆៀក​ប្រហែល ៨០០ ​គ្រឿង ប៉ុន្តែ​ពេលនេះ​បាន​កើន​ដល់​ ៤ ​ពាន់​គ្រឿង និង​បាន​តម្រូវ​ឱ្យ​មន្ត្រី​ធ្វើ​ការងារ​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ហើយ​ថ្ងៃ​ខ្លះ​ត្រូវ​ធ្វើ​ការបន្ថែម​ម៉ោង​រហូត​ដល់​ពាក់កណ្ដាល​យប់​។

លោក​បាន​ស្នើឱ្យ​ពលរដ្ឋ​ត្រូវ​ភ្ញាក់រឭក​យក​រថយន្ត​មក​ឆៀក​ឱ្យ​បាន​មុនពេល​កំណត់​គឺ​នៅមុន​ថ្ងៃទី​ ១ ខែ​កក្កដា ព្រោះ​បន្ទាប់ពី​ថ្ងៃនោះ​ទៅ​រថយន្ត​ដែល​ហួស​សុពលភាព​ឆៀក​ក្នុង​ ១ ​ថ្ងៃ​នឹង​ត្រូវ​ផាកពិន័យ​ចំនួន​ ២ ​ពាន់​រៀល​។

លោក​ថា​៖ «​ហើយ​ការពិន័យ​នៅ​កន្លែង​យើង​នេះ​គឺ​យើង​គិត​ចំនួន​ថ្ងៃ​នៃ​ការ​ហួស​សុពលភាព​ឆៀក​គឺ​ក្នុង​ ១ ​ថ្ងៃ​ ២ ​ពាន់​រៀល ប៉ុន្តែ​ឥឡូវ​យើង​ទុកពេល​ជូន​ដោយ​យើង​មិន​ចង់​នៅពេល​ចាប់​រឹតបន្តឹង​ភ្លាម អនុវត្ត​ភ្លាម​នោះទេ​គឺ​ទុកពេល​ដល់​បងប្អូន​យើង​រហូត​ដល់​ថ្ងៃ​ ១ ខែ​ ៧ ដើម្បី​ទុក​ឱកាស​ក្នុង​អំឡុងពេល​ហ្នឹង​ត្រូវ​មក​ឆៀក​ឱ្យ​ហើយ​ទៅ​»​។

ចំណែក​លោក ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​នៅក្នុង​សន្និសីទ​នេះដែរ​ថា ក្នុង​ការរឹតបន្តឹង​ច្បាប់​រយៈពេល​ ១១ ​ថ្ងៃ​ ក្នុង​ខែឧសភា​នេះ​គឺ​នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​មាន​ចំនួន​ ១៩ ០០៤ ​ករណី​ ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន​ ១៤ ២៧១ ករណី​ ស្មើ​ ៧៥ ​ភាគរយ និង​រថយន្ត​គ្រប់​ប្រភេទ​មាន​ចំនួន​ ៤ ៧៣៣ ​ករណី​ ស្មើ​ ២៥ ​ភាគរយ​។

លោក​បន្តថា ការបើកបរ​ម៉ូតូ​គ្មាន​មួកសុវត្ថិភាព​គឺ​កើតឡើង​ច្រើន​ជាងគេ​បំផុត ក្នុង​ចំណោម​បទល្មើស​ផ្សេងៗ​ខណៈ​ការបើកបរ​មិន​ពាក់មួក​សុវត្ថិភាព ងាយ​ធ្វើឱ្យ​ប្រឈម​នឹង​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​បញ្ជាក់ថា ការបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​មាន​រហូត​ទៅដល់​ ៧៩ ​ភាគរយ​ ស្របពេល​ការល្មើស​អត់​ស្លាក​លេខ​មាន​ចំនួន​ ១០ ​ភាគរយ ល្មើស​ភ្លើង​សញ្ញា និង​ស្លាក​សញ្ញា​មាន​ ៨ ​ភាគរយ ​ប្រើ​ទូរស័ព្ទ ដឹក​លើស​ចំណុះ និង​បញ្ហា​គ្រឿង​ស្រវឹង​មាន​ ២ ​ភាគរយ​។

លោក​បន្ថែមថា ចំពោះ​រថយន្ត​វិញ បញ្ហា​ល្មើស​ដែលមាន​ច្រើន​ជាងគេ គឺ​មិន​ពាក់​ខ្សែក្រវាត់​មាន​ ៤៨ ​ភាគរយ​ ល្មើស​ល្បឿន​ ២៦ ​ភាគរយ ល្មើស​សញ្ញា​ចរាចរណ៍ ៦ ​ភាគរយ ល្មើស​ដោយ​ដឹក​លើស​ចំណុះ​៦​ភាគរយ ប្រើ​ទូរស័ព្ទ​ ៦ ​ភាគរយ​គ្មាន​បណ្ណ​បើកបរ​ ៤ ​ភាគរយ និង​អត់​ស្លាក​លេខ និង​ស្រវឹង​ចំនួន​ ៣ ​ភាគរយ​។

លោក​ ហ៊ឹម យ៉ាន ​ថ្លែង​ថា រដ្ឋាភិបាល​បាន​ទុកពេល​ ៤ ​ខែ​ហើយ ដើម្បី​ឱ្យ​ពលរដ្ឋ​ដែលជា​ម្ចាស់​យានយន្ត​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​ឱ្យបាន​សមស្រប​តាមច្បាប់ ប៉ុន្តែ​លោក​សោកស្ដាយ​ចំពោះ​ពលរដ្ឋ​មួយចំនួន​ដែល​ធ្វេសប្រហែស និង​ទើបតែ​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​បច្ចេកទេស​ ឬ​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ នៅពេល​មន្ត្រី​បាន​ចាប់ផ្ដើម​រឹតបន្តឹង​។

លោក​ថា​៖ «​សូមជម្រាបថា ការរឹតបន្តឹង​នេះ​គឺ​មាន​ជា​បន្ត​ជា​រៀងរហូត ព្រោះ​ថា​ខាង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​រាជរដ្ឋាភិបាល បាន​កំណត់​ថា ឆ្នាំ​ ២០២០ ​នេះ​ជា​ឆ្នាំ​នៃ​ការរឹតបន្តឹង​ច្បាប់ ហើយ​ការប្រកាស​រឹតបន្តឹង​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​តាំងពី​ដើម​ឆ្នាំ​ ២០២០ ដើម្បីឱ្យ​ពលរដ្ឋ​បាន​ជ្រាប​ជា​ដំណឹង​ដើម្បី​ត្រៀមខ្លួន​ជាមុន​ដើម្បី​បំពេញ​ទៅតាម​កាតព្វកិច្ច​ច្បាប់ ដូចជា​ទៅធ្វើ​ប័ណ្ណបើកបរ និង​កាតព្វកិច្ច​ផ្សេងៗ​ទៀត​ឱ្យបាន​សមស្រប​ឱ្យ​ហើយ​»៕