ភ្នំពេញៈ ប្រជាពលរដ្ឋ​ចំនួន​ ៣៣ ​គ្រួសារ​ដែល​មាន​តំណាង​ប្រមាណ​ ៤០ ​នាក់​កាលពី​ថ្ងៃទី​ ២៧ ​កក្កដា បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ដាក់ញត្តិ​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី ដែល​ពលរដ្ឋ​បានរស់នៅ​ជាង​ ១៦ ​ឆ្នាំ​មក​ហើយ បែរ​ជា​មាន​អ្នកមាន​ទ្រព្យធន​ម្នាក់​ឈ្មោះ​ សុខ ហេង មក​អះអាង​ថា​ជា​ដី​របស់ខ្លួន និង​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លើដី​។

តាម​ញត្តិ​ពលរដ្ឋ​ដែល​បាន​ដាក់ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អះអាង​ថា​កាលពី​ឆ្នាំ ២០០៤ មាន​ពលរដ្ឋ​ចំនួន​ ៣៣៩ គ្រួសារ​បាន​ផ្លាស់ប្តូរ​មកពី​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​ឫស្សីកែវ ដោយ​មាន​ការសម្របសម្រួល​ដោះស្រាយ​ពី​អាជ្ញាធរ​មក​រស់នៅ​លើ​ទីតាំង​ថ្មី​ស្ថិត​ក្នុង​ភូមិ​ស្វាយចេក​ថ្មី សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ​។

ញត្តិ​ដដែល​បាន​បន្ត​ថា ដោយ​ក្នុង​ពេល​នោះ​តាមរយៈ​គោលនយោបាយ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ដោះស្រាយ​ចែកជូន​ពលរដ្ឋ​បាន​តែ​ ២៣៧ ​គ្រួសារ ឯ​ពលរដ្ឋ​នៅ​សេសសល់ សាលា​រាជធានី-ភ្នំពេញ​បាន​សន្យាថា នឹង​ដោះស្រាយ​ជូន​បន្តទៀត ហើយ​រហូតដល់​ពេលបច្ចុប្បន្ន នៅតែ​មិនមាន​ដំណោះស្រាយ​។

ញត្តិ​នោះ​បញ្ជាក់ថា​៖ «​ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ដែល​មាន​ទំហំ​ ១ ៦០០ ​ម៉ែត្រការ៉េ គឺជា​ដី​របស់​សាលា​រាជធានី​ភ្នំពេញ​ទុក​សម្រាប់​ចែកជូន​សហគមន៍​ស្វាយចេក​ថ្មី​ចុះ​ថ្ងៃទី​ ២១ កញ្ញា ឆ្នាំ ២០០៤ មាន​ឯកសារ​ទទួល​ស្គាល់​។ តែ​មួយរយៈ​ក្រោយមក ស្រាប់តែ​មាន​បុគ្គល​ឈ្មោះ សុខ ហេង ចេញ​មុខមក​ធ្វើការ​ទាមទារ ដោយ​អះអាង​ថា ដី​ដែល​ពលរដ្ឋ ៣៣ ​គ្រួសារ​កំពុង​រស់នៅ​ជា​កម្មសិទ្ធិ​របស់ខ្លួន​ទៅវិញ​»​។

លោក​ ខៀវ ផល្លី តំណាង​ឲ្យ​ប្រជាពលរដ្ឋ ៣៣ ​គ្រួសារ និង​ជា​ប្រធាន​សហគមន៍​ស្វាយចេក​ថ្មី​ផង​នោះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ពលរដ្ឋ​ទាំង​ ៣៣ ​គ្រួសារ​បាន​រស់នៅ​លើ​ដី​នេះ​រយៈពេល ១៦ ​ឆ្នាំ​មកហើយ​។ លោក​បន្តថា ករណី​ដែល​បុគ្គល​ឈ្មោះ​ សុខ ហេង បាន​អះអាង និង​ថែមទាំង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​បណ្តេញ​ពលរដ្ឋ​ចេញពី​លើដី​គឺ​រឿង​អយុត្តិធម៌​បំផុត​។

លោក​បញ្ជាក់ថា​៖ «​យើង​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​សម្តេច [​ហ៊ុន សែន​] ​នៅពេល​នេះ​ព្រោះតែ​គ្មាន​ដំណោះស្រាយ ហើយ​យើង​បារម្ភ​ថា តុលាការ​នឹង​រឹបអូស​ផ្ទះសម្បែង និង​ចាប់​ពួកយើង​ដាក់គុក​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ សុខ ហេង ​នេះ​។ យើង​សុំ​ឲ្យ​សម្តេច​ជួយ​រក​យុត្តិធម៌​ដល់​ពួកយើង​»​។

បើ​តាម​លោក ខៀវ ផល្លី ក្រោយ​​ពេល​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មន្ត្រី​នៃ​ស្ថាប័ន​នេះ​ក៏​បាន​បញ្ជា​ឲ្យ​សាលាខណ្ឌ និង​សាលា​រាជធានី-ភ្នំពេញ​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​នឹង​មូលដ្ឋាន​។

លោក​រៀបរាប់​ថា​៖ «​ពេល​យើង​ដាក់​ញត្តិ​ហើយ មន្ត្រី​ខណ្ឌ​ព្រែកព្នៅ​បាន​ដឹក​ពួកយើង មក​ខណ្ឌ​ដើម្បី​សម្របសម្រួល ដោយ​ក្នុងនោះ​មន្ត្រី​ខណ្ឌ​បាន​អះអាង​ថា ដី​ដែល​យើង​បាន​រស់នៅ​គឺជា​ដី​របស់​រដ្ឋ​។ ដូច្នេះ​គ្មាន​អ្នកណា​មាន​សិទ្ធិ កាន់កាប់​ទេ ហើយ​ចំពោះ​ឯកសារ ដែល​ឈ្មោះ​ សុខ ហេង កាន់កាប់​ក៏​មិន​ត្រឹមត្រូវ​ដែរ​។ ដូច្នេះ​ករណី​នេះ​រង់ចាំ​ការដោះស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ​»​។

លោក​ សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែកព្នៅ​កាលពី​ថ្ងៃ​ចន្ទ មិនបាន​បកស្រាយ​ពី​ករណី​នេះ​ទេ ដោយ​បញ្ជាក់​ថា ជា​រឿង​ចាស់​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​​ (​អាដហុក​)​មិនអាច​ធ្វើការ​សន្និដ្ឋាន​ថា​ភាគី​ណា​ត្រូវ​ ឬ​ខុស​នោះ​ទេ​ព្រោះ​គ្មាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​លោក​លើក​ទឹកចិត្ត​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច គួរតែ​បើក​ការស៊ើបអង្កេត​ឲ្យ​បានត្រឹមត្រូវ និង​ផ្តល់​ដំណោះស្រាយ​សមរម្យ​ជូន​ដល់​ប្រជាពលរដ្ឋ​។

លោក​ថា​៖ «​ជាធម្មតា​ចំពោះ​ការដាក់​ទៅ​ប្រមុខ​រដ្ឋាភិបាល​នៃ​ថ្នាក់ដឹកនាំ​រដ្ឋ​នេះ នៅពេល​ដែល​គាត់​ជួប​រឿង​អយុត្តិធម៌​ពី​ថ្នាក់ក្រោម ឬ​ស្ថាប័ន​ផ្សេងៗ​ដែល​មិនអាច​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​គាត់​បាន​។ ការដាក់​ប្តឹង​ទៅ​តុលាការ​តែង​ឃើញ​អ្នក​មាន​លុយ មាន​អំណាច ដោយ​ការដាក់​សម្ពាធ​មកលើ​ប្រជាពលរដ្ឋ​នៅក្នុង​នីតិវិធី​តុលាការ​។ បើ​ករណីនេះ​ពលរដ្ឋ​ដាក់​បណ្តឹង​ទៅ​ថ្នាក់ជាតិ​ហើយ គួរតែ​ចុះ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​នៅក្នុង​រឿងនេះ ហើយ​បើ​យល់ថា ដី​ក្នុង​តំបន់​នោះ​អាច​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការអាស្រ័យផល​នោះ គួរតែ​ពិចារណា ព្រោះ​ពលរដ្ឋ​ពួកគាត់​មាន​ការលំបាក​ណាស់​»​។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ពី​ម្សិលមិញ​ខ្លី​ថា​សាលា​រាជធានី​នឹង​ពិនិត្យ​ករណី​នេះ​៕