ភ្នំពេញ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​បក​ស្រាយ​ពី​ការ​កំណត់​តំបន់​ណា​មួយ ជា​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង ដោយ​ឈរ​លើ​មូលដ្ឋាន ៣ ដែល​មាន​ការ​សិក្សា​គ្រប់​ជ្រុងជ្រោយ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ការ​អះអាង​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​បន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី ២៨ មេសា បន្ទាប់​ពី​មាន​ចម្ងល់​កើត​ឡើង​ពី​ពលរដ្ឋ ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​តំបន់​របស់​ពួក​គេ​ក្នុង​តំបន់​ពណ៌​នីមួយៗ។

លោក នួន ផារ័ត្ន អភិបាល​រង​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​គណៈកម្មការ គបខ បាន​ថ្លែង​ថា ការ​កំណត់​តំបន់​ក្រហម មាន​ន័យ​ថា ជា​តំបន់​មាន​ការ​រីក​រាលដាល​ធ្ងន់ធ្ងរ។ តំបន់​លឿង​ទុំ មាន​ន័យ​ថា ជា​តំបន់​មាន​ការ​ឆ្លង​រីក​រាលដាល​មធ្យម ហើយ​តំបន់​លឿង គឺ​ជា​តំបន់​ដែល​មាន​ការ​ឆ្លង​រីក​រាលដាល​ក្នុង​កម្រិត​ស្រាល ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ អាច​ធ្វើ​សកម្មភាព​ទៅ​តាម​ការ​កំណត់​ណា​មួយ​របស់​រាជរដ្ឋាភិបាល។

លោក​អះអាង​ថា ការ​កំណត់​តំបន់​ណា​មួយ​ជា​តំបន់​លឿង មិនមែន​មាន​ន័យ​ថា តំបន់​នោះ មិន​មាន​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នោះ​ទេ ព្រោះ​ការ​វាយ​តម្លៃ​ទាំង​នេះ គឺ​ឈរ​លើ​មូលដ្ឋាន ៣ ដើម្បី​អាច​បញ្ជាក់​បាន​ថា មូលដ្ឋាន​នីមួយៗ ត្រូវ​ស្ថិត​ក្នុង​ការ​ពិចារណា​គ្រប់​ជ្រុងជ្រោយ។

លោក នួន ផារ័ត្ន បាន​ពន្យល់​ថា មូលដ្ឋាន​ទី១ គឺ​មើល​លើ​ចំនួន​ជាក់​ស្តែង​នៃ​អ្នក​ជំងឺ​កូវីដ ១៩ បូក​រួម​ប្រភព​នៃ​ការ​ចម្លង ដែល​មិន​អាច​គ្រប់គ្រង​បាន ខណៈ​តំបន់​ដែល​បាន​កំណត់​ជា​តំបន់​ក្រហម​ទាំង​នេះ បាន​បង្ហាញ​ថា ចំនួន​អ្នក​ឆ្លង​នៅ​តែ​បន្ត​កើន​ឡើង និង​មិន​មាន​ប្រភព​ឆ្លង​ច្បាស់​លាស់ ដែល​អាច​គ្រប់គ្រង​បាន។

សម្រាប់​មូលដ្ឋាន​ទី២ លោក​បាន​អះអាង​ថា ក្រុម​ការងារ​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ស្ថានភាព​រស់នៅ​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ ដែល​វា​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​មន្ត្រី​ជំនាញ​ពិនិត្យ​មើល​ពី​លទ្ធភាព​នៃ​ការ​ចម្លង​ជំងឺ​កូវីដ ១៩ បាន​កម្រិត​ណា ព្រោះ​ស្ថានភាព​នៃ​ការ​រស់នៅ​របស់​ពលរដ្ឋ គឺ​មាន​សារៈសំខាន់​ណាស់។

លោក​បញ្ជាក់​ថា៖ «ការ​វាយ​តម្លៃ​លើ​មូលដ្ឋាន​នេះ​ហើយ ដែល​បង​ប្អូន​យើង​មួយ​ចំនួន​មាន​ការ​ងឿង​ឆ្ងល់​ថា មាន​តំបន់​ខ្លះ​មាន​ការ​ផ្ទុះ​កូវីដ ១៩ គាត់​ឆ្លង​មិន​លឿន ឬ​ឆ្លង​ក្នុង​បរិមាណ​មួយ​តិច​តួច ប៉ុន្តែ​តំបន់​ខ្លះ​ទៀត គ្រាន់​តែ​ផ្ទុះ​ភ្លាម​ក៏​មាន​ការ​ឆ្លង​រីក​រាលដាល​លឿន»។

ចំពោះ​មូលដ្ឋាន​ទី៣ សម្រាប់​វាយ​តម្លៃ​ក្នុង​ការ​បែងចែង​តំបន់​នេះ លោក នួន ផារ័ត្ន បាន​អះអាង​បន្ត​ថា ក្រុម​ការងារ​ក៏​បាន​សិក្សា​អំពី​កត្តា​ភូមិសាស្ត្រ​នៃ​តំបន់​នីមួយៗ​ជា​រួម​ផង​ដែរ ព្រោះ​ភាគ​ច្រើន​នៃ​តំបន់​ដែល​ក្រុម​ការងារ​បាន​កំណត់​ជា​តំបន់​លឿងទុំ គឺ​ជា​តំបន់​ដែល​នៅ​ជុំវិញ​តំបន់​ពណ៌​ក្រហម ព្រោះ​កត្តា​នេះ គឺ​នឹង​បង្កើត​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​តគ្នា​បាន​ខ្ពស់។

មន្ត្រី​ជំនាញ​រូប​នេះ ក៏​បាន​បដិសេធ​ថា៖ «សាលា​រាជធានី មិនមាន​ចេតនា​ដាក់​ឲ្យ​ច្រើន​ជា​តំបន់​ក្រហម​នោះ​ទេ។ យើង​ព្យាយាម​បង្រួម និង​គិត​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​នេះ ក៏​ដូចជា​ការ​គ្រប់គ្រង​នៃ​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​ផង​ដែរ»។

កាល​ពី​ថ្ងៃទី ២៧ មេសា រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ​នៃ​ខេត្ត​កណ្តាល​រយៈពេល ១ សប្តាហ៍​បន្ថែម​ទៀត ក្នុង​នោះ​ក៏​បាន​បែងចែក​តំបន់​ទាំង​នោះ ជា «តំបន់​ក្រហម» «តំបន់​លឿង​ទុំ» និង «តំបន់​លឿង» សម្រាប់​ធ្វើ​ការ​រឹតត្បិត​សេរីភាព​ណា​មួយ​របស់​ពលរដ្ឋ ដើម្បី​បញ្ចៀស​នូវ​ការ​ឆ្លង​រាលដាល​ផង​ដែរ៕