ព្រះសីហនុៈ មន្ត្រី​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​បាន​ចុះ​ធ្វើ​អធិការកិច្ច​នៅតាម​សាលាដំបូង​ខេត្ត​កោះកុង ខេត្តកំពត​ និង​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​នឹង​ការងារ​ស៊ើបសួរ និង​ការអនុវត្ត​ច្បាប់​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ទាំង​ ៣ ​នេះ ខណៈ​ប្រធាន​សាលាឧទ្ធរណ៍​ទទូច​ឲ្យ​មន្ត្រី​យុត្តិធម៌ បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បានល្អ​ចៀសវាង​ការរំលោភ​សិទ្ធិមនុស្ស​។

ការចុះ​អធិការកិច្ច​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា នៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​ក្រោម​ឱវាទ មន្ត្រី​តុលាការ និង​មាន​ការចូលរួម​គ្រប់​ស្ថាប័ន​ជំនាញ​ដែល​ពាក់ព័ន្ធ​ជាច្រើនរូប​។ ការចុះ​អធិការកិច្ច​នេះ គឺជា​ការចុះ​ជួប​ដោយផ្ទាល់​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌ និង​មន្ត្រី​ពន្ធនាគារ មន្ត្រី​តុលាការ​ក្នុង​តំបន់​សាលាឧទ្ធរណ៍​ព្រះសីហនុ​ប្រចាំឆ្នាំ​ ២០២០​។

លោក​ លឹម ស៊ីណាត អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋបាល​សាលាឧទ្ធរណ៍​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការចុះ​អធិការកិច្ច​នេះ គឺជា​ការចុះ​អនុវត្ត​ការងារ​ដំបូងៗ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ បន្ទាប់ពី​សាលាឧទ្ធរណ៍​តំបន់​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ពី​ខែកញ្ញា​។

លោក​បន្តថា ការធ្វើ​អធិការកិច្ច​នេះ​ក៏​ដើម្បី​ពិនិត្យមើល​ទៅលើ​ការអនុវត្ត​ការងារ​នានា​របស់​មន្ត្រី​នៅក្នុង​ខេត្ត​ទាំង​ ៣ ​ក្នុង​វិស័យ​យុត្តិធម៌​ផងដែរ​។ «​ការចុះ​អធិការកិច្ច​នេះ គឺ​យើង​ចុះទៅ​ណែនាំ​ជាដំបូងៗ ហើយ​ដោយសារតែ​បញ្ហា​កូវីដ​១៩ វា​បាន​ពន្យារ​ និង​បង្អាក់ការងារ​របស់​យើង​មួយចំនួន​។ ប៉ុន្តែ​ពេលនេះ​គឺ​យើង​បាន​ធ្វើ​វា និង​បន្ត​ដំណើរការ​ការងារ​របស់​យើង​បន្តទៀត​»​។

លោក សុខ កល្យាណ ​ប្រធាន​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ក្នុង​នាម​ជា​អយ្យការ​សាលាដំបូង មន្ត្រី​នគរបាល​យុត្តិធម៌ និង​មន្ត្រី​ពន្ធនាគារ​ខេត្ត​ទាំង​ ៣ ត្រូវតែ​ធ្វើការ​រួមគ្នា និង​រក្សា​ទំនាក់ទំនង​សាមគ្គី​គ្នា​ក្នុង​ការដោះស្រាយ​រាល់​បញ្ហា និង​អនុវត្ត​សាលក្រម​តុលាការ​ដោយ​ធ្វើយ៉ាងណា ឱ្យ​ប្រាកដ​ថា ជន​ដែល​ត្រូវ​ចោទ និង​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌​ទៅ​តាម​ការអនុវត្ត​ច្បាប់​។

បន្ថែម​ពីនេះ​លោក​ក៏​បាន​ណែនាំ​ដល់​ចៅក្រម​ស៊ើបសួរ និង​នគរបាល​យុត្តិធម៌ ត្រូវ​ស៊ើប​សង្កេត​ដោយ​យកចិត្ត​ទុកដាក់​ទៅលើ​ពាក្យបណ្ដឹង​ដែល​ត្រូវ​ចោទ​ឱ្យបាន​ល្អិតល្អន់ និង​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​ទៅតាម​នីតិវិធី ដើម្បី​ឱ្យ​បាន​ច្បាស់​ថា ការយក​ជនណា​ម្នាក់​ទៅ​កាត់ទោស​ដាក់​ពន្ធនាគារ​គឺមាន​ភ័ស្តុតាង​ត្រឹមត្រូវ​។

ការណែនាំ​យ៉ាង​ដូច្នេះ ដោយសារ​តែ​កន្លង​ទៅ​លោក​មើល​ឃើញ​ពី​កំហុស​ដែល​កើតមាន​ឡើង​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នីតិវិធីរ​បស់​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ដែល​ត្រូវបាន​ការពារ​របស់​មនុស្ស ហើយ​វា​ក៏​ជា​បញ្ហា​នាំឱ្យ​មាន​ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ និង​ការចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​ស្នើ​សុំឱ្យ​គាត់ ធ្វើឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី​ព្រហ្មទណ្ឌ​ហ្នឹង​ណា​! ទោះ​ធ្វើយ៉ាងណា​ក៏​មិន​បាន​ល្អ​ ១០០ ភាគរយ​ដែរ ដោយសារ​តែ​យើង​មើលឃើញ​នូវ​ភាពខ្វះខាត​ទាំងអស់​នេះ​បាន​ជា​យើង​ចង់​ពង្រឹង​ឱ្យ​ចៅក្រម​ស៊ើបសួរ​ហ្នឹង បំពេញ​នីតិវិធី និង​កាតព្វកិច្ច​របស់ខ្លួន​ឯង​ឱ្យបាន​ល្អ​»​។

កាលពី​ខែ​សីហា ឆ្នាំ​ ២០១៩ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​ឱ្យ​មាន​សាលាឧទ្ធរណ៍​នៅ​តាម​តំបន់​ចំនួន​ ៣ ​ផ្សេង​ទៀត​គឺ​តំបន់​ត្បូងឃ្មុំ តំបន់​បាត់ដំបង និង​តំបន់​ព្រះសីហនុ​ដើម្បី​សម្រួល​ដល់​រឿងក្តី​របស់​ប្រជាពលរដ្ឋ​តាម​ខេត្ត​នីមួយៗ​។

បើ​តាម​លោក សុខ កល្យាណ ចាប់តាំងពី​សាលាឧទ្ធរណ៍​ព្រះសីហនុ​ប្រកាស​ដំណើរការ​មក​ស្ថាប័ន​នេះ​ទទួលបាន​សំណុំរឿង​ពី​សាលាដំបូង​ក្នុង​តំបន់​របស់ខ្លួន​ជាង ៣០ ​ករណី ​ដែល​ភាគច្រើន​ពាក់ព័ន្ធ​បទល្មើស​ដីធ្លី គ្រឿងញៀន អំពើហិង្សា និង​ការបង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ជាដើម​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​លើកឡើង​ថា តាម​ប្រព័ន្ធ​ច្បាប់​កម្ពុជា​ការស៊ើបអង្កេត​រក​ការពិត​នៃ​ហេតុការណ៍​គឺជា​តួនាទី​របស់​ព្រះរាជអាជ្ញា ចៅក្រម​ស៊ើបសួរ និង​នគរបាល​យុត្តិធម៌​ទៅតាម​ដំណាក់កាល ហើយ​ការស៊ើបអង្កេត​ត្រូវ​ធ្វើឱ្យ​បាន​សព្វគ្រប់​ដើម្បី​ឱ្យមាន​ភ័ស្តុតាង​គ្រប់គ្រាន់ សម្រាប់​កសាង​សំណុំរឿង​ចោទប្រកាន់​ដាក់​ទៅ​ជំនុំ​ជម្រះក្តី​។

លោក​បាន​បន្ថែមថា ការស្វែងរក​ការពិត​នេះ​ក៏​ត្រូវការ​តួអង្គ​ជាច្រើន​រួមគ្នា​ដើម្បី​បង្កើត​បាន​ជា​នីតិវិធី​តុលាការ​មួយ​ដែល​ខុស​ទៅនឹង​ប្រព័ន្ធ​ច្បាប់​នៃ​ប្រទេស​មួយ​ចំនួន ខណៈ​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ប្រធាន​សាលាឧទ្ធរណ៍​បាន​ណែនាំ​ឱ្យ​មន្ត្រី​ស៊ើបអង្កេត​បទល្មើស​ដោយ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ល្អិតល្អន់​សព្វគ្រប់​ឱ្យឃើញ​ការពិត ដើម្បី​ឱ្យ​ចៅក្រម​បាន​ដឹង​អំពី​ការពិត​ទាំងអស់​សម្រាប់​ធ្វើ​សេចក្តី​សម្រេច​ប្រកប​ដោយ​យុត្តិធម៌​។

ទោះយ៉ាងណា​លោក​ ម៉ុងហៃ យល់ថា​៖ «​អាចធ្វើការ​ស៊ើបអង្កេត​ត្រឹមត្រូវ​បាន មន្ត្រី​ស៊ើបអង្កេត​ត្រូវមាន​ជំនាញ ការប៉ិនប្រសប់ និង​មធ្យោបាយ ជំហរ ឯករាជ្យ ឥតលម្អៀង ស្អាតស្អំ ដែល​ទាំងអស់​នេះ​នៅមាន​ការខ្វះខាត​ច្រើន​។ ដូច្នេះ​ដើម្បី​បំពេញ​បេសកកម្ម​តាម​បញ្ជា​របស់​ប្រធាន​សាលាឧទ្ធរណ៍​នោះ រដ្ឋ​ត្រូវ​បំពេញ​ការខ្វះខាត​ទាំងអស់​នោះ​ហើយ​មន្ត្រី​ទាំងនោះ​ខ្លួនឯង​ក៏ត្រូវ​បំពេញ​ចំណែក​នៃ​ការខ្វះខាត​របស់​ខ្លួន​ផ្ទាល់​ដែរ​»៕